ភ្នំពេញៈ សាលារាជធានីភ្នំពេញ បានណែនាំឲ្យប្រជាពលរដ្ឋបង្ការនិងទប់ស្កាត់កុំឲ្យកើតមានអគ្គិភ័យក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ ទី៥ ដល់ ទី៧ ខែវិច្ឆិកា។
តាមសេចក្តីជូនដំណឹងចុះថ្ងៃ ទី៣ ខែវិច្ឆិកា សាលាក្រុងបានអំពាវនាវដល់ពលរដ្ឋក្នុងរាជធានីឲ្យបង្កើនការប្រុងប្រយ័ត្ន ចៀសវាងបង្កឲ្យមានអគ្គិភ័យ កើតឡើងជាយថាហេតុនាំឲ្យខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិតដើម្បីរក្សាសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់សង្គម។
ក្នុងសន្និសីទកាសែតពីថ្ងៃ ទី២ វិច្ឆិកា អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធិ ថ្លែងថា ក្រោយលទ្ធផលនៃការប្រជុំជាង ១០ លើកជាមួយនឹងកងរាជអាវុធហត្ថបញ្ជាការដ្ឋានអង្គរក្ស ក្រសួងសុខាភិបាល ស៊ីម៉ាក់ និងអាជ្ញាធរដែនដី តំបន់គោលដៅត្រូវកំណត់ជាបី។ តំបន់ការពារ A គឺនៅជុំវិញបរិវេណវត្តភ្នំ រហូតដល់កោះពេជ្រ មានសមត្ថកិច្ច ៩ ពាន់នាក់ ដោយមិនរាប់តំបន់ការពារ B និង C ឡើយ។
លោកបន្តថា ចំណុច A នេះ គឺត្រូវបិទចរាចណ៍ចាប់ពីម៉ោង ១០ ព្រឹកដល់ម៉ោង ១១ ឬ ១២ យប់។ ទីបញ្ជាការសម្រាប់ពលរដ្ឋស្នើអន្តរាគមន៍មាន ៨ កន្លែងរួមមាន ក្បែរវាលព្រះមេរុ ព្រះអង្គដងកើ វត្តបទុម ប៉ុស្តិ៍នគរបាលចតុមុខ កែងមជ្ឈមណ្ឌលភ្នំពេញ ស្ពានភ្លោះកោះពេជ្រ ជិតព្រះគម្លង់ និងខាងលិចសាលាសាគូរ៉ា។ រថយន្តសង្គ្រោះ ២៧ គ្រឿង និងតង់គិលានសង្គ្រោះ ៩ ក៏ត្រៀមទុកដែរ៕