
លោក George Edgar ក្នុងពិធីនៅវិទ្យាល័យកំពង់សំរោងកាលពីថ្ងៃទី ៧ ខែវិច្ឆិកា។ រូបថត វ៉ន ដារ៉ា
ស្វាយរៀងៈ ក្រោមជំនួយពីសហភាពអឺរ៉ុបសាលារៀនចំនួន ១០ នៅក្នុងខេត្តចំនួន ៤ ត្រូវបានជ្រើសរើសធ្វើជាសាលា «បញ្ជ្រាបការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំ (MCCE)» ខណៈការប្រែប្រួលអាកាសធាតុគឺជាកង្វល់ទូទាំងពិភពលោកក្នុងនោះកម្ពុជាក៏ជាប្រទេសមួយស្ថិតក្នុងចំណោមនោះដែរ។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានថ្លែងក្នុងពេលទស្សនកិច្ចសិក្សាលើគម្រោងសម្ព័ន្ធប្រែប្រួលអាកាសធាតុកម្ពុជា (CCCA) កាលពីថ្ងៃទី ៧ ខែវិច្ឆិកានេះថាការងារទប់ទល់ជាមួយការប្រែប្រួលអាកាសធាតុនេះគឺមានសារៈសំខាន់សម្រាប់សហភាពអឺរ៉ុបដែលកំពុងអនុវត្ដទូទាំងពិភពលោក។
លោកបន្ដថា៖ «មូលហេតុដែលយើងចាត់ទុកការងារឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុនេះជារឿងសំខាន់ ព្រោះថាសកម្មភាពរបស់មនុស្សឈានដល់កម្រិតមួយដែលបង្កផលប៉ះពាល់ដល់ធាតុអាកាស និងអាកាសធាតុមានន័យថាធាតុអាកាសមានការប្រែប្រួលខុសមុន ហើយប្រព័ន្ធធម្មជាតិក្នុងសកលលោកទាំងមូលក៏មានការប្រែប្រួលដែរ ដោយសារតែសកម្មភាពរបស់មនុស្ស»។
លោកឲ្យដឹងថាបញ្ហាសំខាន់គឺពាក់ព័ន្ធទៅនឹងវិស័យថាមពល និងការប្រើប្រាស់ថាមពលបានធ្វើឲ្យមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេ។ ចំណែកការប្រែប្រួលអាកាសធាតុគឺបណ្ដាលមកពីការបាត់បង់គម្របព្រៃឈើ។ ព្រៃឈើជាកន្លែងរក្សាទុកនូវសារធាតុកាបោន ហើយក៏ជាកន្លែងចាប់យកឧស្ម័នកាបូនិច។
លោកបន្ដថា៖ «នៅក្នុងកិច្ចព្រមព្រៀងនេះរដ្ឋាភិបាលដែលចូលរួមបានប្ដេជ្ញាចិត្ដក្នុងការចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅតាមប្រទេសរបស់ខ្លួនហើយក៏តាំងចិត្ដបន្សាំនូវសកម្មភាពនានាស្របទៅតាមការប្រែប្រួលអាកាសធាតុដែលកំពុងកើតមាននឹងអាចកើតមានទៅថ្ងៃអនាគត»។
ការប្រែប្រួលអាកាសធាតុនេះអាចបណ្ដាលឲ្យកើតមានគ្រោះរាំងស្ងួត គ្រោះរញ្ជួយដី និងការកើនឡើងកម្ពស់ទឹកសមុទ្រ។
ទាក់ទងនឹងគម្រោងទប់ទល់ការប្រែប្រួលអាកាសធាតុលោក George Edgar បញ្ជាក់ថា ៖«យើងចង់ឲ្យធនធានធម្មជាតិ និងធនធានបរិស្ថានដែលយើងកំពុងមានគឺនៅមានបន្ដដល់កូនចៅជំនាន់ក្រោយរបស់យើង ហើយដើម្បីធ្វើបែបនេះបានរដ្ឋាភិបាលគឺជាស្ថានប័នដែលទទួលខុសត្រូវ ហើយយើងក្នុងនាមជាបុគ្គលម្នាក់ៗក៏ត្រូវតែទទួលខុសត្រូវដែរ»។
លោកបានសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងអប់រំបានគាំទ្រគម្រោងទប់ស្កាត់ការប្រែប្រួលអាកាសធាតុនេះ ព្រោះគម្រោងនេះគឺជារឿងសំខាន់ដែលយុវជនត្រូវស្វែងយល់ចំពោះបញ្ហាធំៗនៃបម្រែបម្រួលបរិស្ថានដែលកំពុងបង្កផលប៉ះពាល់ដល់ពិភពលោកទាំងមូល។
លោក ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំបានថ្លែងក្នុងពេលចុះទស្សនកិច្ចសិក្សាកាលពីថ្ងៃទី ៧ ខែវិច្ឆិកាដែរថាក្រសួងអប់រំបានសាទរ និងរីករាយយ៉ាងខ្លាំងចំពោះគម្រោងការបញ្ជ្រាបចំណេះដឹងដល់សិស្ស ចំពោះការទប់ស្កាត់ការប្រែប្រួលអាកាសធាតុនេះ។
លោកឲ្យដឹងថាក្នុងរយៈពេល ៣ ឆ្នាំនៃគម្រោងសាលាមេត្រីបរិស្ថាន សហភាពអឺរ៉ុបបានធ្វើជាអ្នកនាំផ្លូវដល់សាលារៀនចំនួន ១០ ក្នុងខេត្ដស្វាយរៀង ដើម្បីឲ្យធ្វើជាគំរូមុនគេក្នុងការថែទាំបរិស្ថាន និងចូលរួមទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។
លោកបន្ថែមថា៖ «គំនិតទាំងឡាយដែលមាននៅក្នុងគម្រោងទប់ស្កាត់ចំពោះការបម្រែបម្រួលបរិស្ថានរបស់សហភាពអឺរ៉ុបនេះ យើងបានបញ្ជ្រាបទៅក្នុងកម្មវិធីសិក្សារបស់ក្រសួងដែលហៅថា ផែនដី និងបរិស្ថានវិទ្យានៅកម្រិតថា្នក់ទី ១០-១១ និងថ្នាក់ទី ១២ សម្រាប់សិស្សសិក្សាស្វែងយល់»។
តាមរយៈការសហការជួយទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុនេះក្រសួងអប់រំបានតម្រូវឲ្យសិស្សសិក្សារៀនសូត្រនូវមុខវិជ្ជាផែនដី និងបរិស្ថានវិទ្យា ហើយក្រសួងបានបញ្ចូលកម្មវិធីសិក្សានេះទៅក្នុងការប្រឡងថ្នាក់ជាតិកម្រិតមធ្យមសិក្សាថែមទៀត ដើម្បីឲ្យសិស្សមានការស្វែងយល់ពីបញ្ហារឹតតែច្បាស់។ លោកបន្ដថា៖ «ការប្រែប្រួលអាកាសធាតុគឺបណ្ដាលមកពីកត្តាមនុស្សជាធំដូច្នេះយើងត្រូវឲ្យមនុស្សយល់ដឹងឲ្យច្បាស់ ដើម្បីកែប្រែផ្នត់គំនិតធ្វើយ៉ាងណាជួយភពផែនដីរបស់យើង»។
យុវតី ហែម ច័ន្ទសីហា ប្រធានក្លឹបមេត្រីបរិស្ថាននៃវិទ្យាល័យកំពង់សំរោង បានថ្លែងថាតាមរយៈគម្រោងរបស់សហភាពអឺរ៉ុប សិស្សានុសិស្សបានស្វែងយល់ចំពោះការថែទាំបរិស្ថានការដាំដើមឈើ និងបន្លែធម្មជាតិនៅក្នុងសាលារៀនជាដើម។
យុវតីរូបនេះបន្ដថា៖ «សិស្សបានទទួលចំណេះដឹងពីការបន្សាំងាយៗទៅនឹងការប្រែប្រួលអាកាសធាតុ និងការថែរក្សាបរិស្ថាន។ សិស្សខ្លះចេះបែងចែកសំរាម និងចេះផលិតជីកំប៉ុស សម្រាប់ធ្វើសួនជីវចម្រុះដែលអាចឲ្យពួកគេយកទៅប្រើប្រាស់សម្រាប់ការដាំដុះដំណាំ និងប្រើប្រាស់នៅក្នុងសាលារៀននាំឲ្យសាលារៀនមានភាពបៃតង និងសម្បូរបន្លែធម្មជាតិសម្រាប់បរិភោគ»។
ជាមួយនឹងការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុបគម្រោងសម្ព័ន្ធប្រែប្រួលអាកាសធាតុកម្ពុជា (CCCA) បានផ្តល់ធនធានសម្រាប់កសាងសមត្ថភាព និងអនុវត្តសកម្មភាពពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចាប់តាំងពីឆ្នាំ ២០១០ មក។
ដោយមានការគាំទ្រពីគម្រោង CCCA ក្រសួងអប់រំបានអនុវត្តគម្រោងមួយ ដែលមានឈ្មោះថា «បញ្ជ្រាបការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំ (MCCE)»។
ក្នុងគម្រោងនេះមានការរៀបចំកម្មវិធីសិក្សាស្តីពីការប្រែប្រួលអាកាសធាតុ (ថ្នាក់ទី ១០-១២) និងការសាកល្បងសាលារៀនអេកូចំនួន ១០ ក្នុងខេត្ត ៤ ដូចជា កំពត ស្វាយរៀង កំពង់ឆ្នាំង និងស្ទឹងត្រែង។ គោលបំណងរួមគឺបង្កើនសមត្ថភាពសាលាមធ្យមសិក្សា ដើម្បីអាចចូលរួមក្នុងការកាត់បន្ថយ និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ។
គម្រោងនេះ មានគោលបំណងបង្កើនចំណេះដឹងអំពីបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុតាមរយៈការបញ្ជ្រាបការប្រែប្រួលអាកាសធាតុក្នុងការបង្រៀន និងការអនុវត្តបង្ហាញផ្ទាល់ដូចជា ការបង្កើតច្បារជីវចម្រុះ និងរបៀបធ្វើកសិកម្មធន់នឹងអាកាសធាតុ៕