
ភ្នំពេញៈ ក្រសួងបរិស្ថានដោយមានការគាំទ្រថវិកាពីសម្ព័ន្ធប្រែប្រួលអាកាសធាតុកម្ពុជា Climate Change Alliance (CCCA) បានជ្រើសរើសសាលារៀនចំនួន ៥ ដើម្បីអនុវត្តគម្រោងវិធីសាស្ត្រឆ្លើយតបទៅនឹងភាពធន់នៃ ការប្រែប្រួលអាកាសធាតុ ដោយមានការដាំដើមឈើ កសាងសួនជីវចម្រុះ និងធ្វើអាងត្រងទឹកភ្លៀងទុកប្រើប្រាស់។
គម្រោងនេះត្រូវបានហៅថា «រៀបចំបង្កើត និងអនុវត្តសាកល្បងវិធីសាស្ត្រ និងជម្រើសនានា ដែលបញ្ចេញកាបូនតិច និងធន់នឹងអាកាសធាតុក្នុងតំបន់ទីប្រជុំជន» ។
លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជានាយកគម្រោងនេះ កាលពីថ្ងៃទី ៦ ខែកុម្ភៈបានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើវឌ្ឍនភាពគម្រោង និងផ្តល់អនុសាសន៍ទៅលើបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ សាលារៀនទាំង ៥ នោះរួមមាន វិទ្យាល័យព្រះស៊ីសុវត្ថិ អនុវិទ្យាល័យចតុមុខ វិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី អរុណវតី វិទ្យាល័យសម្ដេច ហ៊ុនសែន ព្រៃវែង និងសាលាបឋមសិក្សាភ្លើងឆេះរទេះ ដោយអនុវត្ដ រយៈពេល ២ ឆ្នាំ។
លោកបន្ដថា៖ «អ្វីដែលយើងធ្វើនេះ គឺយើងរិះរកមធ្យោបាយ ដែលផ្ដល់ជម្រើសធ្វើឲ្យមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងវិធីសាស្រ្ដ ដែលបញ្ចេញកាបូនតិច ដោយដាំដើមឈើ រៀបចំសួនជីវចម្រុះឲ្យមានភាពបៃតងនៅក្នុងសាលាដើម្បីកាត់បន្ថយកម្ដៅ»។
លោក ហួរ លឹមឈុន អ្នកសម្របសម្រួលគម្រោងនេះបានឲ្យដឹងថា ចំពោះការអនុវត្តវិធីសាស្ត្រឆ្លើយតបទៅនឹងភាពធន់នៃការប្រែប្រួលអាកាសធាតុ និងការបញ្ចេញកាបូនតិច ដោយមានការបំពាក់ប្រព័ន្ធសូឡាចំនួន ៤ ផ្ទាំង មានកម្លាំង ១ ១០០ វ៉ាត់ ការសន្សំសំចៃទឹកដោយធ្វើអាងត្រងទឹកភ្លៀងចំណុះ ៥ ០០០ លីត្រ ចំនួន ២ និងម៉ូទ័របូមទឹក ១ បំពាក់អំពូល LED ចំនួន ២០ និងកង្ហា២០និងធុងសំរាមចំនួន ២០ សម្រាប់សាលានីមួយៗ ព្រមទាំងរៀបចំសួនជីវចម្រុះ និងដាំដើមឈើមធ្យម តូចចំនួន ១៣០ ដើម និងរុក្ខជាតិតូចៗចំនួន ៣៧៥ ដើមសម្រាប់សាលានីមួយៗ។
លោកបន្ដថា៖ «តាមរយៈគម្រោង យើងបានសាងសង់បង្គន់ និងកន្លែងលាងដៃសម្រាប់គ្រូ និងសិស្សានុសិស្សប្រើប្រាស់បន្ថែម ពីលើអ្វីដែលមាននាពេលបច្ចុប្បន្ន និងកសាងធនធានមនុស្សស្តីពីសាលាមេត្រីបរិស្ថាន»។
លោកបន្តថា ការសិក្សាបានធ្វើបញ្ចប់ទៅលើការប្រើប្រាស់ម៉ូតូអាគុយ ដើម្បីលើកកម្ពស់នូវ បច្ចេកវិទ្យាបញ្ចេញកាបូនតិច ក្នុងការធ្វើដំណើរនៅទីក្រុង។ បើតាមលោក លឹមឈុន ក្រសួងបានផលិត និងផ្សព្វផ្សាយនូវសកម្មភាព និងលទ្ធផលខាងលើ តាមរយៈស្ថានីយទូរទស្សន៍ និងវិទ្យុជាតិ អប្សរា និងបោះពុម្ពជាខិត្តប័ណ្ណសម្រាប់ផ្សព្វផ្សាយ៕