ភ្នំពេញៈ សាស្រ្ដា​ចារ្យ​ចំនួន​ ​៥​០ រូប​មកពី​ ៥០​ សាក​ល​វិទ្យា​ល័យ​នៅ​កម្ពុជាត្រូវ​បា​នមជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា​សហ​ការ​ជាមួយ​ក្រសួង​អប់រំ ​យុវជន និង​កីឡាបណ្ដុះ​បណ្ដាល​រយៈ​ពេល​ ៣ ​ថ្ងៃចា​ប់​ពី​ថ្ងៃ​ទី ១ ​ដល់​ទី ៣​ ខែ​មេសា​​នៅ​វិទ្យា​ស្ថាន​ជាតិ​កម្ពុជា​ ទាក់​ទង​នឹង​ការ​បង្រៀន​ប្រវត្ដិ​សាស្រ្ដ​ខ្មែរ​ក្រហម (១៩៧៥-១៩៧៩)​ ដើម្បី​យក​ទៅ​បញ្ជ្រាប​ដល់​សិស្ស​ជំនាន់​ក្រោយ​បន្ដ​ទៀត។

លោកស្រី សូ ហ្វារីណា នាយក​រង​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​​ក្នុង​វគ្គបណ្ដុះ​បណ្ដាល​កាល​ពីម្សិល​មិញ​ថា នេះ​ជាវគ្គទី ៣ នៃ​ការបណ្ដុះ​បណ្ដាល​សាស្រ្ដា​ចារ្យ​ដោយផ្ដោត​សំខាន់​លើ​ការ​ពង្រឹង​និង​ពង្រីក​សមត្ថ​ភាព​ពួក​គាត់​បន្ថែម​ពី​របប​ប្រល័យ​ពូជ​សាសន៍ខ្មែរ​ក្រ​ហម ដើម្បី​យក​ចំណេះ​ដឹង​នេះ​ទៅ​បញ្ជ្រាប​ឲ្យ​សិស្ស​បន្ត​ទៀត។

លោក​ស្រីបាន​បញ្ជាក់​ថា​៖ «ការ​យល់​ពី​ប្រវត្ដិ​សាស្រ្ដ​ខ្លួន​ឯង អាច​ធ្វើ​ឲ្យ​យើង​ដឹង​ថា យើង​មាន​ដើម​កំណើត​មក​ពីណា ហើយ​យើង​ធ្លាប់​មាន​បញ្ហា​អ្វីខ្លះ​នៅ​ក្នុង​ប្រទេស ដូច​ជា​ របប​ប្រល័យ​ពូជ​សា​សន៍​នេះ។ យើង​ត្រូវ​ស្គាល់​ទាំង​ ២ ទាំង​ប្រវត្ដិសាស្រ្ដ​ល្អ​និង​ប្រវត្ដិ​សា​ស្រ្ដដែល​នាំ​ឲ្យ​មាន​អំពើ​ប្រ​ល័យ​ពូជ​សាសន៍​ និង​ការ​កាប់​សម្លាប់»។

លោក​ស្រី​បាន​បន្ថែម​ថា វគ្គ​បណ្ដុះ​បណ្ដាល​នេះ នឹង​ផ្ដល់​ការ​ពិភាក្សាស៊ីជម្រៅ​បន្ថែម​ទៀតដើម្បី​អាច​​យល់​បាន​ថា កម្ពុជាមិន​មែន​ជាប្រទេស​ដែល​រង​គ្រោះ​តែ​មួយ​នោះទេ តែ​ប្រទេស​ផ្សេង​ទៀត​ក៏​រងគ្រោះ​ដូច​កម្ពុជា​ដែរ។ ក្នុងន័យ​នេះ​បង្ហាញ​ថា ​កម្ពុជា​មិន​នៅ​ឯកោ​ដែល​អាច​ចូល​រួម​ក្នុង​ការ​ផ្សះផ្សា។

​លោក​ស្រី ហ្វារីណា បាន​ឲ្យដឹង​ថា ប្រ​ទេស​ទាំង​ ៤ ដែល​រងអំពើ​ប្រល័យពូជ​សា​សន៍​ដូច​កម្ពុជា​នោះ រួមមាន ប្រ​ទេស​ អាមេនី ប្រទេស ​អាល្លឺ​ម៉ង់ ប្រ​ទេស រ៉្វាន់ដា និង​ប្រទេស បូស្នុី​ ហើយ​ការ​បណ្ដុះ​បណ្ដាល​នេះ​មាន​វាគ្មិន​ជំនាញ​ប្រវត្ដិ​សាស្រ្ដ​នៅ​​អាស៊ីអាគ្មេយ៍​និង​នៅ​កម្ពុជា​នឹង​ចែក​រំលែក​បទពិសោធ​នេះ។

លោស្រី​បាន​បន្ដថា​៖ «យើង​ចង់​ជំរុញ​ឲ្យ​លោក​គ្រូ​អ្នកគ្រូ​ស្វែង​យល់​រឹត​តែ​សីុ​ជម្រៅ​ថែម​ទៀត​ពី​ប្រវត្ដិសាស្រ្ដ​របប​ប្រល័យ​ពូជ​សា​សន៍​ដើម្បី​យក​ចំណេះ​ដឹង​នេះ​ទៅ​បញ្ជ្រា​បបន្ដ​​ក្នុង​ការ​បង្រៀន​របស់​ពួក​គាត់​ទៅ​ដល់​សិស្ស»។

បើតាម​លោកស្រី ហ្វារី​ណា សាស្ត្រា​ចារ្យ​ដែល​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល​នេះ ជា​សាស្រ្ដា​ចារ្យ​ជំនាញ​ផ្នែក​ប្រវត្ដិសាស្រ្ដ អក្សរ​សាស្រ្ដ​ខ្មែរ និង​មុខ​វិជ្ជា​ភូមិ​វិទ្យា ដែល​ជា​ផ្នែក​សំខាន់​ក្នុង​ការ​បញ្ជ្រាប​ចំណេះ​ដឹង​ដល់​សិស្ស។

លោក​ស្រីបាន​បញ្ជាក់​ថា​៖ «ការ​យល់​ពី​ប្រវត្ដិ​សាស្រ្ដ​ខ្លួន​ឯង អាច​ធ្វើ​ឲ្យ​យើង​ដឹង​ថា យើង​មាន​ដើម​កំណើត​មក​ពីណា ហើយ​យើង​ធ្លាប់​មាន​បញ្ហា​អ្វីខ្លះ​នៅ​ក្នុង​ប្រទេស ដូច​ជា​ របប​ប្រល័យ​ពូជ​សា​សន៍​នេះ។ យើង​ត្រូវ​ស្គាល់​ទាំង​ ២ ទាំង​ប្រវត្ដិ​សាស្រ្ដ​ល្អ​និង​ប្រវត្ដិ​សា​ស្រ្ដដែល​នាំ​ឲ្យ​មាន​អំពើ​ប្រ​ល័យ​ពូជ​សាសន៍​ និង​ការ​កាប់​សម្លាប់»។

លោកស្រី​បន្ដថា៖​ «យើង​ធ្វើ​ម៉េច​ជំរុញ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​រៀនសូត្រ​ពី​ប្រវត្ដិ​សាស្រ្ដនៃ​របប​ប្រល័យពូជ​សាសន៍​នេះ​បន្ថែម​ទៀត ឲ្យ​ពួក​គាត់​យល់​ដឹង​ពីរបប​នេះ កុំ​ឲ្យ​ភ្លេច ដើម្បី​ចៀស​វាង ការ​កើត​ឡើង​របប​នេះ​នៅ​ថ្ងៃ​ក្រោយ​ទៀត និង​ដើម្បី​ឲ្យ​យើង​រួច​ចេញ​ពី​ភាព​ជា​ជន​រង​គ្រោះពី​ប្រវត្ដិ​នៃ​ការ​កាប់​សម្លាប់​នេះ»។

​លោក​ស្រី ហ្វារី​ណា បាន​បន្ថែម​ថា ការ​បង្កើត​គម្រោង​នៃ​ការ​បង្រៀន​ប្រវត្ដិសាស្រ្ដ​ខ្មែរ​នេះ​គឺមជ្ឈម​ណ្ឌល​ឯកសារ​កម្ពុជា​និង​ក្រសួង​អប់រំ យុ​វជន និង​កីឡា​បាន​សហ​កា​រគ្នា​ធ្វើតាំង​ពី​ឆ្នាំ ២០០៩ មក ដោយ​បាន​បោះ​ពុម្ពជា​សៀវ​ភៅ​ប្រវត្ដិ​សាស្រ្ដ និង​បាន​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​នៅ​កម្រិត​មូល​ដ្ឋាន (ថ្នាក់​ទី៧ ដ​ល់​ថ្នាក់​ទី១២​ ) រួច​ហើយ។ ដោយ​ឡែក​វគ្គ​បណ្ដុះបណ្ដាល​​រយៈពេល​ ៣ ថ្ងៃ​នេះ គឺ​ដើម្បី​បញ្ជ្រាប​ដល់​សាស្រ្ដាចារ្យ​នៅ​កម្រិត​មហា​វិទ្យាល័យ​បន្ថែម​ទៀត។

លោកស្រី ទន់ សាអុីម អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ​ថ្លែង​​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​កាល​ពី​ម្សិល​មិញដែរ​ថា ការ​បណ្ដុះ​បណ្ដាល​ចំណេះ​ដឹង​អំពី​ប្រវត្ដិ​សាស្រ្ដ​នៃ​របប​ប្រ​ល័យ​ពូជ​សា​សន៍​នេះ​ ដើម្បី​បញ្ជ្រាប​ពីប្រវត្ដិ​សាស្រ្ដ​ដ៏ជូរច​ត់​នេះ​ កុំ​ឲ្យ​កើត​មាន​ឡើង​ទៀត និង​បញ្ជ្រាប​ចំណេះដឹង​បន្ថែម​ឲ្យ​ដល់​យុវជន​កម្ពុជា។

លោក​ស្រី​បានបន្ដ​ថា​៖ «យើង​មាន​គោល​បំណង​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ការ​បង្រៀន​ប្រវត្ដិ​សាស្រ្ដ​កម្ពុជាប្រជា​ធិប​តេយ្យនេះ ជ្រួត​ជ្រាប​ទៅ​ដល់​គ្រប់ស្រ​​ទាប់ ជា​ពិសេស​យុវជ​ន​ជំនាន់​ក្រោយ​របស់​យើង​»។ «យើង​បាន​ដើរ​ចេញ​ឆ្ងាយ​ពី​ប្រវត្ដិ​សាស្រ្ដដែល​យើង​ជួប​​ប្រទះ​ក្នុង​ឆ្នាំ ១៩៧៥-១៩៧៩។ រយៈពេល​ដែល​វិវឌ្ឍ​ជឿន​លឿន​នៅ​កម្ពុជាដែ​ល​ជាការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង​រហូត​មក​ទល់​បច្ចុប្បន្ន»។

លោក​ស្រី​ សាអុីម បាន​រំឭក​ដល់​សាស្រ្ដា​ចារ្យ​ដែល​ចូល​រួមឲ្យ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ការ​បញ្ច្រាប​ចំណេះ​ដឹង​នេះ​ដល់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​បាន​ខ្លាំង​ក្លា​ឡើង​ថែម​ទៀត​ខណៈ​លោក​ស្រី​មើល​ឃើញ​ថាការ​​សិក្សា​ពី​ប្រវត្ដិសាស្រ្ដ​នៃ​ការ​កាប់​សម្លាប់​នេះ​នៅ​មាន​កម្រិត​ទាប​នៅ​កម្ពុជា៕