ភ្នំពេញៈ លោក វិទិត ម៉ុនតារបន សាស្ត្រាចារ្យ​ជនជាតិ​ថៃ​ទទួល​បាន​ការគាំទ្រ​ដើម្បី​កាន់តំណែង​ជា​អ្នករាយការណ៍​ពិសេស​ស្ដីពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជំនួស​លោកស្រី រ៉ូណា ស្ម៊ីត ដែល​នឹង​បញ្ចប់​អាណត្តិ​របស់ខ្លួន​នៅក្នុង​ខែមីនា​ខាងមុខ​។ នេះ​បើ​តាម​លិខិត​របស់​ប្រធាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​។

នៅក្នុង​លិខិត​ចុះ​ថ្ងៃទី​ ៨ ខែកុម្ភៈ លោកស្រី ណាហ្សាត ហ្សាមីន ខាន ប្រធាន​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ថ្លែងថា តាម​ការពិភាក្សា​យ៉ាង​ល្អិតល្អន់​ជាមួយ​រដ្ឋ​ភាគី និង​ភាគី​ពាក់ព័ន្ធ លោកស្រី​បាន​សម្រេច​ចិត្ត​ធ្វើតាម​អនុសាសន៍​ទី​ ១ ​របស់​ក្រុមប្រឹក្សា​ពិគ្រោះយោបល់​អំពី​ការជ្រើសរើស​បេក្ខភាព​ចំនួន​ ៦ ​រូប​សម្រាប់​តំណែង​នៅ​ទំនេរ​ចំនួន​ ៦ រួមទាំង​តំណែង​ជា​អ្នករាយការណ៍​ពិសេស​ស្ដីពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

លោកស្រី​ថ្លែងថា​៖ «​សម្រាប់​តំណែង​អ្នករាយការណ៍​ពិសេស​ស្ដីពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា ខ្ញុំ​ស្នើឱ្យ​តែងតាំង​លោក វិទិត ម៉ុនតារបន​ (​ថៃ​)»​។

លោកស្រី ស្ម៊ីត បាន​កាន់តំណែង​នេះ​ចាប់ពី​ខែមីនា ឆ្នាំ ២០១៥ ហើយ​ការតែងតាំង​លោក វិទិត ម៉ុនតារបន នឹងត្រូវ​ប្រកាស​ក្នុង​សន្និបាត​លើក​ទី​ ៤៦ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅក្នុង​ខែមីនា​ខាងមុខ​។

បើតាម​ពាក្យសុំ​បំពេញ​មុខតំណែង​នេះ លោក វិទិត ម៉ុនតារបន និយាយថា លោក​កំពុង​កាន់តំណែង​នៅក្នុង​ស្ថាប័ន​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​មួយចំនួន ដូចជា ជា​សមាជិក​គណៈកម្មាធិការ​ជំនាញ​អំពី​ការអនុវត្ត​អនុសញ្ញា និង​អនុសាសន៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ សមាជិក​ក្រុមប្រឹក្សាភិបាល​សង្គម​ស៊ីវិល​ស្ដីពី​ការទប់ស្កាត់​ការកេងប្រវ័ញ្ច​ផ្លូវភេទ និង​មុខតំណែង​មួយចំនួន​ទៀត​។

លោក​បាននិង​កំពុង​បង្រៀនច្បាប់​អន្តរជាតិ សិទ្ធិមនុស្ស និង​ប្រធានបទ​ជាច្រើន​ទៀត​អស់​រយៈពេល​ប្រមាណ​ ៤ ​ទសវត្សរ៍​មកហើយ​នៅ​ប្រទេស​ថៃ បន្ថែម​លើ​បទពិសោធ​បង្រៀន​នៅ​ប្រទេស​លោកខាងលិច និង​នៅ​អាស៊ី​មួយចំនួន​ទៀត​។ លោក​ធ្លាប់​ទទួលបាន​ពានរង្វាន់​ «​ការអប់រំ​សិទ្ធិមនុស្ស​» ពី​អង្គការ​យូណេស្កូ​នៅ​ឆ្នាំ​ ២០០៤ និង​ត្រូវបាន​ទទួលស្គាល់​ថា ជា​ឥស្សរជន​ឆ្នើម​នៅ​ឆ្នាំ​ ២០១៨ សម្រាប់​ការលះបង់​របស់​លោក​លើ​វិស័យ​សិទ្ធិមនុស្ស​អន្តរជាតិ​។

លោក​ថ្លែងថា កម្ពុជា​មាន​ការរីកចម្រើន​គួរឱ្យភ្ញាក់ផ្អើល​នៅលើ​វិស័យ​ជាច្រើន​ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ ដែល​បញ្ចប់​សង្គ្រាមស៊ីវិល ហើយ​ប្រទេស​នេះ​បាន​ចុះហត្ថលេខា​ទទួលយក​នូវ​សន្ធិសញ្ញា​សំខាន់ៗ​ជាច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​។ ប្រទេស​នេះ​ក៏មាន​ការរីកចម្រើន​យ៉ាងខ្លាំង​ផ្នែក​សង្គម​វប្បធម៌ និង​សេដ្ឋកិច្ច ដោយ​មាន​កំណើន​សេដ្ឋកិច្ច​ ៧ ​ភាគរយ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ អ្វីដែល​គួរ​កោតសរសើរ​ដែរនោះ​គឺ​ការរីកចម្រើន​លើ​ការទទួល​បាន​ការអប់រំ​របស់​កុមារ និង​ការកាត់បន្ថយ​ភាពក្រីក្រ​។

លោក​សរសេរ​ថា​៖ «៣០ ​ឆ្នាំ​ក្រោយមក ពី​ឆ្នាំ​ ២០២០ ដល់​ឆ្នាំ​ ២០២១ មាន​បញ្ហា​ប្រឈម​ខ្លះ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គុណភាព​នៃ​ការអនុវត្ត​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​នេះ​ឱ្យ​ស្រប​តាម​ស្តង់ដា​អន្តរជាតិ​។ អ្វីដែល​គួរ​ចាប់អារម្មណ៍​គឺ​ដំណើរការ​ប្រជាធិបតេយ្យ និង​ការអំពាវនាវ​ឱ្យ​គោរព​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ពេញលេញ​ប្រកបដោយ​វិជ្ជមាន​។ ជាពិសេស​ទៅទៀត​នោះ គឺ​ការធានា និង​ការពង្រឹង​លម្ហ​ប្រជាធិបតេយ្យ ការចូលរួម​របស់​ពលរដ្ឋ និង​តុល្យភាព​នៃ​អំណាច​នៅក្នុង​ប្រទេស​នេះ​»​។

ផែនការ​របស់លោក វិទិត ម៉ុនតារបន ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា​លើ​បញ្ហា​សិទ្ធិមនុស្ស​នេះ​នឹង​ធ្វើឡើង​តាមបែប​ស្ថាបនា ស្របតាម​គោលការណ៍​នៃ​អាណត្តិ​របស់លោក និង​ប្រកប​ដោយ​ការគោរព​។ នេះ​បើតាម​អ្វីដែល​លោក​បាន​សរសេរ​។

នៅពេល​លោក​កាន់តំណែង​នេះ​លោក​នឹង​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​បញ្ហា​ជាច្រើន​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​ក្នុងនោះ​រួមមាន​ផលប៉ះពាល់​បណ្ដាល​ពី​ជំងឺ​កូវីដ​១៩​លើ​ទិដ្ឋភាព​សិទ្ធិមនុស្ស លម្ហ​ប្រជាធិបតេយ្យ ពហុបក្ស​និយម និង​គោលការណ៍ តុល្យភាព​នៃ​អំណាច​។

លោក​ក៏​ផ្ដោតលើ​ក្ដីបារម្ភ​នានា​ពាក់ព័ន្ធ​នឹង​ក្រុម​ងាយ​រងគ្រោះ បញ្ហាដីធ្លី បរិស្ថាន ការបែងចែក និង​ការអភិរក្ស​ធនធាន​នានា និង​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​។

លោក វិទិត ម៉ុនតារបន ក៏បាន​សរសេរ​ដែរ​ថា​៖ «​ក្ដីប្រាថ្នា​​ដ៏ធំ​មួយ​របស់ខ្ញុំ គឺ​ខ្ញុំ​ចង់ឃើញ​មាន​ដំណើរ​ការច្បាស់លាស់​នៃ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ សន្តិភាព និង​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ដែល​ធ្វើដំណើរ​ទៅ​ជាមួយ​គ្នា នៅក្នុង​ប្រទេស​ដែល​ពោរពេញ​ទៅ​ដោយ​ការធ្វើ​បដិសណ្ឋារកិច្ច និង​វប្បធម៌​ដ៏អស្ចារ្យ​»​។

លោក ជិន ម៉ាលីន អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ៩ កុម្ភៈ​ថា លោក​មិន​ធ្លាប់​បានដឹង​ពី​ប្រវត្តិ​របស់លោក វិទិត ម៉ុនតារបន ទេ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ជានិច្ចកាល​តែង​សហការ​ជាមួយ​គ្រប់​យន្តការ​អន្តរជាតិ​​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​។

លោក ជិន ម៉ាលីន មានប្រសាសន៍​ថា​៖ «​មិន​ថា​គាត់​ជា​អ្នកណា​ទេ យើង​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ធ្វើការ​ជាមួយ​គាត់​ដោយ​រីករាយ ដោយ​ផ្អែកលើ​គោលការណ៍ និង​ច្បាប់ បទប្បញ្ញត្តិ​អន្តរជាតិ ផ្អែកលើ​គោលការណ៍​គោរព​អធិបតេយ្យភាព​គ្នា​ទៅវិញ​ទៅមក គោលការណ៍​ស្មើភាព​គ្នា និង​គោលការណ៍​មិន​ជ្រៀតជ្រែក​ផ្ទៃក្នុង​គ្នា​ទៅវិញ​ទៅមក​»​។

អ្នកវិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ ថ្លែងថា លោក វិទិត ម៉ុនតារបន គឺជា​អ្នក​សិទ្ធិមនុស្ស​ទម្ងន់​ធ្ងន់​ដែល​លោក​ធ្លាប់​បាន​ជួប ហើយ​លោក​ទទួល​បាន​ភាពជោគជ័យ​ជាច្រើន​ក្នុង​កិច្ចការ​របស់លោក​។

លោក ឡៅ ម៉ុងហៃ ​មាន​ប្រសាសន៍​ថា​៖ «​ប្រហែលជា​លោក​ជា​ជនជាតិ​ថៃ​មានចំណេះដឹង​ច្រើន​អំពី​វប្បធម៌​ដែល​ស្រដៀង​ទៅនឹង​វប្បធម៌​ថៃ ជាពិសេស​វប្បធម៌​នយោបាយ​ខ្មែរ លោក​អាច​នឹង​ទទួល​បានការ​យកចិត្ត​ទុកដាក់​ពិចារណា និង​កិច្ចសហការ​ល្អ​ប្រសើរ​ពី​រដ្ឋាភិបាល​កម្ពុជា​។ ការពិចារណា និង​កិច្ចសហការ​នេះហើយ​ដែលមាន​សារៈសំខាន់​សម្រាប់​ជោគជ័យ​របស់​បេសកកម្ម​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​»៕