ភ្នំពេញៈ លោក វិទិត ម៉ុនតារបន (Vitit Muntarbhorn) សាស្ត្រាចារ្យ​ជនជាតិ​ថៃ ត្រូវបាន​តែងតាំង​ជា​ផ្លូវការ​ជា​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជំនួស​លោកស្រី Rhona Smith ដែល​ត្រូវបាន​ចប់​អាណត្តិ​កាលពី​ពេល​ថ្មីៗ​នេះ​។ មន្ត្រី​កម្ពុជា​បាន​ស្វាគមន៍ ដោយ​រំពឹង​ថា សាស្ត្រាចារ្យ​រូបនេះ​នឹង​បំពេញ​​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ភាពស្មោះត្រង់​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

អតីត​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លោកស្រី Rhona Smith បាន​បង្ហោះ​សារ​នៅលើ​ហ្វេសប៊ុក​របស់​លោកស្រី​កាលពី​ម្សិលមិញ​ថា​៖ «​សូម​អបអរសាទរ​ដល់​សាស្ត្រាចារ្យ Vitit Muntarbhorn នៃ​ប្រទេស​ថៃ ដែល​ត្រូវ​បាន​តែងតាំង​ជា​អ្នករាយការណ៍​ពិសេស អ.ស.ប ទី​ ៧ ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​»​។

លោក​សាស្ត្រាចារ្យ​នឹង​ចាប់ផ្តើម​បម្រើ​តួនាទី​របស់លោក​នៅ​ថ្ងៃទី​ ១ ខែ ឧសភា ឆ្នាំ ២០២១​។ លោកស្រី Rhona Smith ថ្លែងថា លោកស្រី​មាន​កិត្តិយស​ដែល​បាន​ជួប​លោក​ វិទិត ម៉ុនតារបន ជាច្រើន​លើក​ជាច្រើន​ឆ្នាំ​កន្លងមក​ហើយ​នឹង​ជួបពិភាក្សា​គ្នា​អំពី​ការប្រគល់​អាណត្តិ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​។ លោកស្រី​បានបញ្ជាក់​​ថា​៖ «​លោក (​វិទិត ម៉ុនតារបន) គឺជា​មេធាវី​អន្តរជាតិ​ដែលមាន​បទពិសោធ​ខ្ពស់​ ១ ​រូប និង​ជា​អតីត​អ្នករាយការណ៍​ពិសេស អ.ស.ប និង​ជា​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​នៅ​អាស៊ី​អាគ្នេយ៍​»​។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក ជិន ម៉ាលីន បាន​សម្តែង​ការស្វាគមន៍​ចំពោះ​លោក វិទិត ម៉ុនតារបន ដោយ​រំពឹងថា អ្នក​រាយការណ៍​ពិសេស​រូបនេះ​នឹង​អាចធ្វើ​កិច្ចសហការ​បាន​ល្អ​ប្រកប​ដោយ​ភាពស្មោះត្រង់​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​កម្ពុជា​រួមមាន​រដ្ឋាភិបាល គណបក្ស​នយោបាយ អង្គការ​សង្គមស៊ីវីល ព្រមទាំង​ក្រុម​ដែលមាន​និន្នាការ​ប្រឆាំង​ផងដែរ​។

លោក​សង្ឃឹមថា​៖ «​លោក វិទិត នឹងធ្វើ​ការសិក្សា ស្រាវជ្រាវ វិភាគ វាយតម្លៃ ធ្វើ​របាយការណ៍ និង​ផ្តល់​អនុសាសន៍​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ប្រកបដោយ​វិជ្ជាជីវៈ​ក្នុង​នាម​ជា​អ្នកស្រាវជ្រាវ និង​ជំនាញ​ការឯករាជ្យ​ជា​ជាង​ជា​អ្នក​នយោបាយ និង​ត្រូវ​ផ្អែក​ទៅលើ​ទិដ្ឋភាព​បច្ចេកទេស​នៃ​សិទ្ធិមនុស្ស ស្ថានភាព​ជាក់ស្តែង និង​បរិបទ​របស់​កម្ពុជា​ផងដែរ ជាជាង​ផ្អែកលើ​របៀបវារៈ និង​និន្នាការ​នយោបាយ​ផ្ទាល់ខ្លួន​»​។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​លោក គិន ភា ​លើក​ឡើង​ថា​ទោះ​ជា​បុគ្គល​នោះ​ជា​ជនជាតិ​ណាក៏ដោយ ក្នុង​ឋានៈ​ជា​មន្ត្រី​អង្គការ​សហប្រជាជាតិ គួរតែ​បំពេញ​តួនាទី​ដោយ​ផ្អែក​ទៅលើ​អព្យាក្រឹត និង​ប្រកប​ដោយ​តម្លាភាព​។

លោក​ថ្លែងថា​៖ «​តួនាទី​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទោះ​នៅក្នុង​ប្រទេស​ណាក៏ដោយ​គាត់​ត្រូវតែ​បំពេញ​តួនាទី​របស់គាត់​ក្នុងនាម​ជា​មន្ត្រី​អង្គការ​សហប្រជាជាតិ ដោយ​ប្រកាន់​នូវ​ជំហរ​​អព្យាក្រឹត ត្រឹមត្រូវ ហើយ​គួរតែ​យក​ស្ថានការណ៍​ពិត​ជាក់ស្តែង​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជា​របាយការណ៍​មួយ​ដែល​មាន​តុល្យភាព ហើយ​មិនត្រូវ​មានគំនិត​លម្អៀង​ផ្ទុយ​ពី​ស្ថានភាព​ជាក់ស្តែង​នៅ​ប្រទេស​កម្ពុជា​នោះទេ​»​។

ទោះជា​យ៉ាងណា​លោក​សង្ឃឹម​ថា អ្នករាយការណ៍​សិទ្ធិមនុស្ស​ថ្មី​នឹង​រាយការណ៍​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដោយ​ផ្អែក​ទៅ​លើ​ស្ថានភាព​ជាក់ស្តែង​ចៀសវាង​ផ្អែក​តែ​ទៅលើ​របាយការណ៍​តែមួយ​ជ្រុង​តូច​។

លោក​បាន​បញ្ជាក់ថា​៖ ​ដូច​កន្លងមក​លោកស្រី រ៉ូណាស្ម៊ីត មិនសូវ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​រដ្ឋាភិបាល​ទេ ដោយសារ​របាយការណ៍​ភាគច្រើន​របស់គាត់​ហាក់ដូចជា​ឆ្លុះបញ្ចាំង​តែ​ទិដ្ឋភាព​តែ​ជ្រុងមួយ​មិន​ព្យាយាម​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​បញ្ហា​សិទ្ធិមនុស្ស​ជាដើម​»​។ លោក​បញ្ជាក់ថា ករណីនេះ​ជា​មេរៀន​សម្រាប់​អ្នកតំណាង​ទទួលបន្ទុក​អ្នករាយការណ៍​ពិសេស​ថ្មី ដែល​គួរតែ​រៀនសូត្រ និង​ស្វែងយល់​ពី​ស្ថានភាព​ពិត​នៅ​កម្ពុជា​។

អ្នកវិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ ធ្លាប់​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ដោយសារ​លោក វិទិត ម៉ុនតារបន ជា​ជនជាតិ​ថៃ ដែល​មាន​ចំណេះដឹង​ច្រើន អំពី​វប្បធម៌​ខ្មែរ ដែល​ស្រដៀង​ទៅនឹង​វប្បធម៌​ថៃ ជាពិសេស​វប្បធម៌​នយោបាយ​ខ្មែរ លោក​អាចនឹង​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ពិចារណា​ និង​កិច្ចសហការ​ល្អប្រសើរ​ពី​រដ្ឋាភិបាល​កម្ពុជា​។

លោក វិទិត ម៉ុនតារបន បាន​សរសេរ​លើ​ពាក្យសុំ​បំពេញ​មុខតំណែង​នេះ​ថា កម្ពុជា​មាន​ការរីកចម្រើន​គួរឱ្យ​ភ្ញាក់ផ្អើល​នៅ​លើ​វិស័យ​ជាច្រើន​ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ ដែល​បានបញ្ចប់​សង្គ្រាមស៊ីវិល ហើយ​ប្រទេស​នេះ​បាន​ចុះហត្ថលេខា​ទទួលយក​នូវ​សន្ធិសញ្ញា​សំខាន់ៗ​ជាច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​។

លោក​បញ្ជាក់ថា នៅពេល​លោក​កាន់តំណែង​នេះ​លោក​នឹង​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​បញ្ហា​ជាច្រើន ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​ក្នុងនោះ​រួមមាន​ផលប៉ះពាល់​បណ្ដាលមកពី​ជំងឺ​​កូវីដ​១៩​លើ​ទិដ្ឋភាព​សិទ្ធិមនុស្ស លម្ហ​ប្រជាធិបតេយ្យ ពហុបក្សនិយម និង​គោលការណ៍ តុល្យភាព​នៃ​អំណាច​៕