ភ្នំពេញៈ លោក Michael Falser សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​នៅ​វិទ្យាស្ថាន​ប្រវត្តិ​សិល្បៈ​អឺរ៉ុប​នៃ​សាកលវិទ្យាល័យ Heidelberg ប្រទេស​អាល្លឺម៉ង់​ នៅ​ដើម​ឆ្នាំនេះ​បាន​បោះពុម្ព​សៀវភៅ​ស្ដីពី​ប្រវត្តិសាស្ត្រ​អង្គរ​ដែល​មាន​ចំណងជើង​ថា​ «​ប្រាសាទអង្គរវត្ត​៖ ​ប្រវត្តិ​នៃ​មរតក​វប្បធម៌​ចម្រុះ​»​។ សៀវភៅ​នេះ​មាន​ ២ ​ផ្នែក ដោយ​ផ្នែក​ទី​ ១ ស្ដីអំពី​ប្រាសាទ​អង្គរវត្ត​ចម្លង​ដែល​ត្រូវបាន​តាំង​បង្ហាញ​នៅ​ប្រទេស​បារាំង រីឯ​ផ្នែក​ទី​ ២ ​គឺ​ប្រាសាទ​អង្គរវត្ត​នៅ​កម្ពុជា​ចាប់ពី​ពេល​រកឃើញ​រហូត​ដល់​ក្លាយជា​និមិត្តរូប​សកលលោក​។

លោក Michael Falser បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​អ៊ីមែល​កាលពី​ម្សិលមិញ​ថា សៀវភៅ​ប្រវត្តិសាស្ត្រ​ទាំង​ ២ ​ផ្នែក​នេះ​មានបំណង​វិភាគ​ទៅលើ​តួនាទី​នៃ​ប្រាសាទអង្គរវត្ត​នៅ​សម័យ​ទំនើប​ក្នុង​នាម​ជា​ «​និមិត្តរូប​នៃ​មរតក​វប្បធម៌​សកលលោក​» ​គឺ​ក្នុង​រយៈពេល​ ១៥០ ​ឆ្នាំ​ចាប់ពី​សតវត្សរ៍​ទី​ ១៩ ដល់​សតវត្សរ៍​ទី​ ២១​។ សៀវភៅ​នេះ​ក៏​លាតត្រដាង​អំពី​ប្រវត្តិសាស្ត្រ​ដែល​ជំពាក់​វាក់វិន​គ្នា​រវាង​អឺរ៉ុប និង​អាស៊ី​ផង​ដែរ​។

ផ្នែក​ទី​ ១ ​នៃ​សៀវភៅ​នេះ​គឺ​និយាយ​អំពី​ប្រាសាទអង្គរវត្ត​នៅ​បារាំង​គឺ​ការរកឃើញ​ប្រាសាទ​​នេះ​ក្នុង​សម័យ​អាណានិគម​បារាំង​កាលពី​សតវត្សរ៍​ទី​ ១៩ ​រហូត​ដល់​មាន​ការតាំង​បង្ហាញ​នានា​អំពី​ប្រាសាទ​នេះ​នៅ​បារាំង​ក្នុង​ទីក្រុង​ម៉ាកសីយ៍ និង​ប៉ារីស​ពី​ឆ្នាំ​ ១៨៦៧ ដល់​ ១៩៣៧​។ ​ចំណែក​ផ្នែក​ទី​ ២ ​និយាយ​អំពី​ប្រាសាទ​អង្គរវត្ត​នៅ​កម្ពុជា កិច្ចប្រឹងប្រែង​ជួសជុល​ឧទ្យាន​អង្គរ​ពី​ឆ្នាំ​ ១៩០៧ ដល់​ឆ្នាំ​ ១៩៧០ និង​ប្រវត្តិ​ប្រាសាទ​នេះ​ក្នុង​សម័យកាល​នានា​ជា​បន្តបន្ទាប់​​រហូត​ដល់​សព្វថ្ងៃនេះ​។

សៀវភៅ​នេះ​មាន​កម្រាស់​ ១ ២០០ ​ទំព័រ និង​មាន​អម​ដោយ​រូបភាព​ប្រវត្តិសាស្ត្រ​ជាង​ ១ ៤០០ ​រូប ​ដែល​បរិយាយ​អំពី​ជីវិត​នៃ​ប្រាសាទ​អង្គរ​រយៈពេល​ ១៥០ ​ឆ្នាំ​ពី​ទសវត្សរ៍ ១៨៦០ ដល់​ទសវត្សរ៍​ ២០១០​។

លោក Michael Falser បាន​ថ្លែងថា លោក​បាន​ហ្វឹកហាត់​ដើម្បី​ក្លាយ​ជា​ស្ថាបត្យករ​ផ្នែក​អភិរក្ស និង​អ្នក​ប្រវត្តិសាស្ត្រ​ស្ថាបត្យកម្ម​។ លោក​បាន​ចំណាយពេល​ ១០ ​ឆ្នាំ​ ដើម្បី​សិក្សា​ចងក្រង​សៀវភៅ​នេះ​ឡើង​ក្នុង​នាម​លោក​ជា​ប្រធាន​ក្រុម​នៃ​កម្មវិធី​ «​ចង្កោម​នៃ​ឧត្តមភាព ទ្វីបអាស៊ី និង​អឺរ៉ុប​ក្នុង​បរិបទ​សកល​ថាមវន្ដ​នៃ​វប្បធម៌​ចម្រុះ​» ​នៅ​សាកលវិទ្យាល័យ Heidelberg ក្នុង​ប្រទេស​អាល្លឺម៉ង់​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា នៅពេល​លោក​កំពុង​បំពេញ​ការសិក្សា​ផ្នែក​ប្រវត្តិ​សិល្បៈ និង​ស្ថាបត្យកម្ម លោក​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា និង​បាន​ទៅ​មើល​ប្រាសាទ​អង្គរវត្ត​កាលពី​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ដែល​ពេលនោះ​កម្ពុជា​ទើបតែ​​រើបម្រះ​ចេញ​ពី​ដំណាក់កាល​ដ៏តក់ស្លុត​បំផុត​របស់​ពួក​ខ្មែរក្រហម​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ចាប់ចិត្ត​ស្រឡាញ់​ប្រទេស​កម្ពុជា​ ភ្លាមៗ ប្រជាជន​ដែលមាន​មន្ត​ស្នេហ៍ និង​មរតក​វប្បធម៌​ដ៏អស្ចារ្យ​។

ក៏ប៉ុន្តែ​ខ្ញុំ​ក៏បាន​ឃើញ​នូវ​ប្រវត្តិសាស្ត្រ​ដ៏វិនាសកម្ម​ក្នុង​សតវត្សរ៍​ទី​ ១៩ និង​ ២០ ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រាសាទ​អង្គរវត្ត​ដែល​ជា​ទីកន្លែង​គោរពបូជា​ផ្នែក​សាសនា​។ នយោបាយ​ទៅលើ​មរតក​វប្បធម៌​នេះ​ត្រូវ​បាន​គេ​បំភ្លេចចោល ហើយ​មិន​ត្រូវ​បាន​គេ​និយាយ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​»​។

លោក​បាន​មានប្រសាសន៍​បន្តថា មនុស្ស​គ្រប់គ្នា​បានដឹង​ខ្លះ​ហើយ​អំពី​ប្រវត្តិ​នៃ​អាណានិគម​បារាំង​ដូចជា​ប្រវត្តិសាស្ត្រ​ដែល​មាន​ការបំផ្លើស​ថា ជនជាតិ​បារាំង​ជា​អ្នក​រកឃើញ​អង្គរវត្ត​នៅក្នុង​ព្រៃ​។ មនុស្ស​ក៏បាន​ដឹង​រួច​មក​ហើយ​ដែរ​អំពី​ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហនុ នៅ​សម័យ​ឆ្នាំ​ ១៩៦០ ក៏ដូចជា​នយោបាយ​របស់​អង្គការ​យូណេស្កូ​ថ្មីៗ​នេះ​។

លោក​បន្តថា​៖ «​ប៉ុន្តែ​វា​គួរ​ឲ្យ​​ចាប់អារម្មណ៍​ណាស់ ដែល​ប្រវត្តិសាស្ត្រ​រយៈពេល​ ១៥០ ​ឆ្នាំនេះ​បង្ហាញ​ពី​ការប្រែប្រួល​បន្តិច​ម្ដងៗ​នៃ​ប្រាសាទ​អង្គរវត្ត​នេះ​រហូត​ដល់​ក្លាយ​ជា​និមិត្តរូប​នៃ​មរតក​វប្បធម៌​សកលលោក​ពិតប្រាកដ ដែល​ទាំងនេះ​មិន​ត្រូវ​បាន​សរសេរ​ឡើង​ជា​ប្រព័ន្ធ​ទេ​ពីមុនមក​។ គឺ​សៀវភៅ​នេះហើយ​ដែល​បង្ហាញ​ប្រវត្តិសាស្ត្រ​នេះ​លើកដំបូង​យ៉ាង​ល្អិតល្អន់​»​។

លោក​បន្តថា​៖ «​ខ្ញុំ​សង្ឃឹមថា មនុស្ស ជាពិសេស​ពលរដ្ឋ​កម្ពុជា​ជំនាន់​ថ្មី​នេះ ក៏ដូចជា​ភ្ញៀវទេសចរ​អន្តរជាតិ​ពី​ទីក្រុង​តូក្យូ​ដល់​សាន ហ្វ្រានស៊ីស្កូ នឹង​មើលឃើញ​ប្រាសាទ​អង្គរវត្ត​ក្នុង​រូបភាព​ផ្សេង បន្ទាប់ពី​អាន​សៀវភៅ​របស់ខ្ញុំ​»៕