The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សាស្ត្រាចារ្យ និង ​បុគ្គលិក​ នៃសាកល​វិទ្យាល័យន័រតុន ៤ នាក់ រងការ​ចោទប្រកាន់ ឆបោកលុយ

សាស្ត្រាចារ្យ និង ​បុគ្គលិក​ នៃសាកល​វិទ្យាល័យន័រតុន ៤ នាក់ រងការ​ចោទប្រកាន់ ឆបោកលុយ

Content image - Phnom Penh Post
សាកលវិទ្យាល័យន័រតុន។ រូបថត ហ្វេសប៊ុកសាកលវិទ្យាល័យ

សាស្ត្រាចារ្យ និង ​បុគ្គលិក​ នៃសាកល​វិទ្យាល័យន័រតុន ៤ នាក់ រងការ​ចោទប្រកាន់ ឆបោកលុយ

ភ្នំពេញៈ សា​ស្ត្រា​ចារ្យ និង បុគ្គ​លិក​ផ្នែក​​គណ​នេយ្យ ​និង ​ហិ​រញ្ញ​វត្ថុ​ នៃ​សា​កល​វិទ្យា​ល័យ​ន័រ​តុន​ ៤​ នាក់​​កំពុង​​រង​ការ​ចោទ​​ប្រកាន់​​ពី​បទ​ឆ​បោក​​លុយ​ពី​ក្រុម​និស្សិត​របស់​ខ្លួន​ប្រមាណ​ជាង​ ១៣០ ​នាក់​។ ​នេះ​បើ​យោង​តាម​ខិត្តប័ណ្ណ​​ផ្សព្វ​ផ្សាយ​ព័ត៌​មាន ​របស់​សា​កល​វិទ្យា​ល័យ​នេះ​ ចុះ​ថ្ងៃ ​០១ ខែវិច្ឆិកា ឆ្នាំ​ ២០១៨ ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ម្សិល​មិញ។

ខិត្តប័ណ្ណ​​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ ដែល​មាន​ចំណង​ជើង​ថា«​ដំណឹង​អាហា​រូប​ករណ៍​បោក​ប្រាស់​» ដែល​ត្រូវ​បាន​គេ​បិទ​ផ្សាយ​នៅ​ពីមុខ​បន្ទប់​ការិ​យា​ល័យ​បេឡា​ធិការ នៃ សាក​ល​វិទ្យ​ន័រ​តុន​នោះ បាន​បង្ហាញ​ថា ឈ្មោះ​ ឡេង ​ម៉ាឡែន,​ ចំរើន ​ស្រីនាថ, ភឿក ​កោវិទ្ធ​ និង ឈ្មោះ ភី ស្រីវួច បាន​បង្កើត​«វិក្ក័យ​បត្រ និង​ហត្ថ​លេខា​ក្លែង​ក្លាយ ​ព្រមទាំង​បាន​លួច​កែប្រែ​ប្រព័ន្ធ ​គ្រប់គ្រង​ទិន្ន​ន័យ​» ​របស់​សាកល​វិទ្យា​ល័យ ដើម្បី​បោក​ប្រាស់​យក​លុយ​ពីសិស្ស​របស់​ខ្លួន សរុប ១៣៥​ នាក់​​ ដែល​បាន​បង់​លុយ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ ២០១៨-២០១៩​។

​ទន្ទឹម​នឹង​នេះ សា​កល​វិទ្យាល័យ​នេះ ក៏​បាន​អំពាវ​នាវ ដល់​ក្រុម​និស្សិត​រង​គ្រោះ​ទាំង​នោះ ​ឲ្យ​ប្រញាប់​ប្រញាល់​ទៅទារលុយ​ដែល​ខ្លួន​បង់​តាម​រយៈ​ជន​សង្ស័យ​ខាង​លើ​នេះ​ ត្រឡប់​មកវិញ ​និង​ ​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា​​ទៅការិ​យា​ល័យ​​រ​ដ្ឋ​បាល និង​បុគ្គ​លិក ដើម្បី​ឲ្យ​សាកល​វិទ្យា​ល័យ​ជួយ​ដោះ​ស្រាយ​ និងចាត់​ចែង​រៀប​ចំពាក្យ​បណ្ដឹង​ប្រឆាំង​ជន​សង្ស័យ​ទាំង​បួន​ខាង​លើ​​នេះ​​ទៅ​តាម​នីតិ​វិធី​ច្បាប់។

ខិត្តប័ណ្ណ​​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ដដែល​នោះ ​បាន​គូស​បញ្ជាក់​ថា៖ «សា​កល​វិទ្យា​ល័យ មិន​​ទទួល​ស្គាល់​ និង​ មិន​ទទួល​ខុស​ត្រូវ ចំពោះការ​បង់​ប្រាក់​ដែល​ខុសពី​ការិយា​ល័យ​បេឡា​នោះ​ឡើយ»។

​ជុំវិញ​ព័ត៌​មាន​ខាង​លើ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​និស្សិត​រង​គ្រោះ ​និង ​អា​ណា​ព្យា​បាល​របស់​​ពួក​គេ​ភាគ​ច្រើន​មិន​សប្បាយ​ចិត្ត​នោះ​ទេ នឹង​ទាម​ទារ​ឲ្យ​សាកល​វិទ្យា​ល័យ​នេះ​ ទទួល​ខុស​ត្រូវ​​ទាំង​ស្រុង​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ ដោយ​ពួក​គាត់​អះអាង​ថា ជន​សង្ស័យ​ក្នុង​ការ​ប្រព្រឹត្តបទ​ល្មើស​ឆបោក​ខាង​លើ​នេះ ជា​សាស្ត្រា​ចារ្យ និង ជា​បុគ្គលិក​ ដែល​បម្រើ ​ការងារ​ផ្នែក​គណ​នេយ្យ​​និង​ហិរញ្ញ​វត្ថុ នៃសាកល​វិទ្យា​ល័យ​។

អ្នក​ស្រី កែវ​ ថា ​អាយុ​ ៥៤​ ឆ្នាំ​ ដែល​ជា​ម្ដាយ​របស់​និស្សិត​រងគ្រោះ​ឈ្មោះ ​តាន់ ស្រី​រ៉ា ​ដែល​សិក្សា​​ឆ្នាំ​ទី២​ផ្នែក​បដិ​សណ្ឋារ​កិច្ច​នៃ​សាកល​វិទ្យាល័យ​​នេះ បាន​និយាយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ម្សិល​មិញ​ថា គាត់​រីករាយ​ចំពោះ​ភាព​ឈឺ​ឆ្អាល​របស់​បុគ្គ​លិក​និង​ថ្នាក់​ដឹក​នាំ​នៃសា​ក​លវិទ្យា​ល័យ​​នេះ ដែល​បាន​ប្រកាសឲ្យ​ដឹង​អំពី​ទង្វើ​អាក្រក់​របស់​បុគ្គល​ទាំង​បួន​នាក់​នោះ​ ប៉ុន្តែ​គាត់​ទាម​ទារ​ឲ្យ​សាកល​វិទ្យាល័យ​ទទួល​ខុសត្រូវ​ទាំង​ស្រុង​ចំពោះ​អ្វីដែល​បាន​កើត​ឡើង។​

អ្នក​ស្រី​កែវ ​ថា​ ដែល​អះអាង​ថា​ជាស្ត្រី​មេម៉ាយ​កូន ៥​ និង​ ប្រកប​របរលក់​​បន្លែ​បង្កា​គ្រប់មុខ​ នៅក្នុង​ផ្សារ​គីឡូម៉ែត្រ​លេខ ៦​ ក្នុង​​ខណ្ឌ​ឫ​ស្សី​កែវ​ រាជ​ធានី​ភ្នំពេញ ​បាន​និយាយ​ទាំង​រលីង​រលោង​ទឹកភ្នែក​ថា​៖ «ដើម្បី​បង្គ្រប់​បង់​ថ្លៃ​សាលា​ឲ្យ​កូន​ស្រីក្នុ​ង​មួយ​ឆ្នាំ​​ជាង​ ៤០០ ​ដុល្លារ​ គឺ​ខ្ញុំ​ចាំ​បាច់​ត្រូវ​ខ្ចី​អ្នក​ជិត​ខាង​បន្ថែម​ ព្រោះ​ចំនួន​នេះ​វា​ច្រើន​ណាស់​សម្រាប់​អ្នក​ក្រីក្រ​ដូច​ខ្ញុំ ​ដូច្នេះកា​រ​សិក្សា​របស់​កូន​ស្រី​ខ្ញុំ​ត្រូវ​បន្ត​ទៅ​មុខ​ ឬ​ត្រូវ​បញ្ចប់​ នៅ​ពេល​នេះ ​គឺ​ អាស្រ័យ​លើ​ទំនួល​ខុស​ត្រូវរបស់​សាកល​វិទ្យាល័យ​»។

ជុំវិញ​បញ្ហា​នេះ ​កាល​ពី​ម្សិលមិញ បុគ្គលិក​ផ្នែក​រដ្ឋបាល​នៃ​សាកល​វិទ្យាល័យ​ន័រតុន​ម្នាក់​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ថា ក្រុម​គណៈ​ក​ម្មការ​នៃ​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សាកល​វិទ្យាល័យ​នេះ​ កំពុង​បើកកិច្ច​ប្រជុំ​ពិភាក្សា​ស្វែង​រកដំណោះ​ស្រាយ​​ដោយ​សន្តិវិធី​ លើ​ករណីនេះ​ហើយ ​និ​ង​សូម​ឲ្យ​ក្រុម​និស្សិត និង​អាណា​ព្យាបាល​របស់​ពួក​គេ ​មាន​ការ​អត់​ធ្មត់៕

អត្ថបទគួរចាប់អារម្មណ៍