សៀមរាបៈ កម្ពុជាបានរៀបចំសិក្ខាសាលាថ្នាក់ជាតិមួយមានរយៈពេលពីរថ្ងៃដោយផ្តោតទៅលើការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ និងការចុះបញ្ជីដីសមូហភាពសម្រាប់សហគមន៍ជនជាតិដើមភាគតិចខណៈដែលបញ្ហាជម្លោះដីធ្លីដែលភាគច្រើនកើតឡើងដោយសារការផ្តល់ដីសម្បទានសេដ្ឋកិច្ចនៅតែបន្តញាំញីប្រទេសក្រីក្រមួយនេះនៅឡើយ។
សិក្ខាសាលានេះបានចាប់ផ្តើមធ្វើឡើងកាលពីម្សិលមិញនៅក្នុងខេត្តសៀមរាបដែលជាផ្នែកមួយដើម្បីពង្រឹងយន្ដការដែលមានស្រាប់។ នេះបើតាមលោក សៀក វណ្ណា អនុរដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សិក្ខាសាលានេះមានគោលបំណងផ្ដល់ឱកាសដល់អ្នកចូលរួមទាំងអស់ជួប និងពិភាក្សាអំពីបញ្ហាប្រឈមនានានាពេលបច្ចុប្បន្ននៅក្នុងសហគមន៍ជនជាតិដើមភាគតិច។
លោក សៀក វណ្ណា ថ្លែងថា៖ «វាពិតជាចាំបាច់ណាស់ក្នុងការកំណត់ព្រំដីសហគមន៍របស់ជនជាតិដើមភាគតិចព្រោះដីរបស់ពួកគេអត់មានព្រំទេ។ ការកំណត់ព្រំប្រទល់ដីនេះនឹងជួយធានាសុវត្ថិភាពដល់ដីរបស់ពួកគេប៉ុន្តែទោះជាយ៉ាងនេះក៏ដោយយើងត្រូវការពេលវេលា និងថវិកាច្រើនក្នុងការធ្វើការងារនេះ»។
បើតាមលោក វណ្ណា រដ្ឋាភិបាលមានគោលបំណងធ្វើការចុះបញ្ជីដីសហគមន៍ឲ្យបានចំនួន ៥៨ កន្លែងនៅត្រឹមឆ្នាំ ២០១៨ ប៉ុន្តែរហូតមកដល់ពេលនេះជនជាតិដើមភាគតិចដែលបានស្នើសុំចុះឈ្មោះចុះបញ្ជីដីសហគមន៍មានត្រឹមតែ ៣០ ប៉ុណ្ណោះ។
លោកថ្លែងថា៖ «យើងគួរតែសហការរួមគ្នាផ្លាស់ប្តូរយោបល់ហើយខ្ញុំសង្ឃឹមថាសិក្ខាសាលានេះនឹងជួយយើងក្នុងការពិភាក្សាស្វែងរកដំណោះស្រាយល្អមួយដើម្បីឱ្យប្រាកដថាការងារនេះនឹងប្រព្រឹត្តទៅយ៉ាងរលូន»។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងជាតំណាងគណៈកម្មការរៀបចំសិក្ខាសាលានេះបានស្នើឱ្យរដ្ឋាភិបាលក្រសួងពាក់ព័ន្ធដែលមានក្រសួងអភិវឌ្ឍន៍ជនបទក្រសួងមហាផ្ទៃ និង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ពន្លឿនដំណើរការចុះបញ្ជីដីធ្លី និងទទួលស្គាល់ទាក់ទងនឹងការចុះបញ្ជីដីសមូហភាពរបស់ជនជាតិដើមភាគតិច។
លោកនិយាយថា យោងតាមរបាយការណ៍បានបង្ហាញថាក្នុងប្រទេសកម្ពុជាមានអម្បូរជនជាតិភាគតិចចំនួន ២៧ និង មាន ៥០១ សហគមន៍។
លោកបន្តថា៖ «ទោះយ៉ាងណាមកដល់ពេលនេះមានតែសហគមន៍ជនជាតិដើមភាគតិចចំនួន ១១ ប៉ុណ្ណោះដែលបានទទួលប័ណ្ណកម្មសិទ្ធិដីសមូហភាពពីរដ្ឋាភិបាលហើយនឹងមានសហគមន៍ចំនួន ៥០ ទៀតនឹងត្រូវបានទទួលស្គាល់ជាបន្តបន្ទាប់ទៀតប៉ុន្តែចំនួននេះគឺនៅតិចតួចនៅឡើយ»។
លោកបន្តថាប្រសិនបើរាជរដ្ឋាភិបាលអាចពន្លឿនការចុះបញ្ជីដីសមូលហភាពនេះវានឹងល្អសម្រាប់ជនជាតិដើមភាគតិច។
លោកបន្ថែមថា គម្រោងអភិវឌ្ឍន៍មួយចំនួនកំពុងមានជម្លោះដីធ្លីជាមួយជនជាតិដើមភាគតិចដូចជានៅក្នុងខេត្តព្រះវិហារ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និង ខេត្តកោះកុង។
លោកថ្លែងថា៖«ការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចត្រឹមត្រូវមានន័យថានឹងរួមចំណែកក្នុងការកាត់បន្ថយជម្លោះដីធ្លីនៅកម្ពុជា»។
លោក ឡូត សាំង ជាជនជាតិកួយរស់នៅខេត្តព្រះវិហារបានថ្លែងថាជនជាតិភាគតិចពួកលោកមានការហត់នឿយក្នុងការរង់ចាំដំណើរការនៃការចុះបញ្ជីសហគមន៍ដែលនៅតែបន្តអូសបន្លាយជាច្រើនឆ្នាំមកហើយ។
លោកបានថ្លែងថា៖ «ដំណើរការនៃការចុះបញ្ជីដីសមូហភាពហាក់ដូចជាត្រូវការពេលវេលាយូរខណៈពេលដែលយើងរង់ចាំដើម្បីទទួលបានការចុះបញ្ជីនេះយើងក៏កំពុងប្រឈមមុខនឹងការបាត់បង់ដីរបស់យើងទៅគម្រោងរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចផងដែរ»។
លោកសាំងតែងកត់សម្គាល់ឃើញថាតំបន់ណាដែលមានជនជាតិដើមភាគតិចរស់នៅតំបន់នោះតែងតែត្រូវបានរដ្ឋាភិបាលផ្តល់ជាដីសម្បទានដីសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន៕