
អ្នកចូលរួមជាតិនិងអន្តរជាតិនៅក្នុងសិក្ខាសាលាម្សិលមិញ។ វ៉ន ដារ៉ា
ភ្នំពេញៈ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) សហការជាមួយកងយោធពលខេមរភូមិន្ទ បានរៀបចំសិក្ខាសាលាលើកទី៥ ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកស្ដីពី «ប្រតិបត្ដិការសន្ដិសុខរបស់យោធា» រយៈពេល ៣ ថ្ងៃ (ថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែ មិថុនា) នៅសណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញ ដោយមានការចូលរួមពីប្រតិភូយោធិន និងមន្រ្ដីអនុវត្ដច្បាប់ពីប្រទសចំនួន ២០ ដើម្បីសិក្សាពីភាពខុសគ្នារវាងជម្លោះប្រដាប់អាវុធ និងប្រតិបត្ដិការ អនុវត្ដច្បាប់យោធាជាដើម។
លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានថ្លែងក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្ដីពីប្រតិបត្ដិការសន្តិសុខរបស់យោធា (Military Security Operation) កាលពីថ្ងៃអង្គារម្សិលមិញថា សិក្ខាសាលានេះមានប្រតិភូមកពីបណ្ដាប្រទេសចំនួន ២០ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចូលរួម ដើម្បីសិក្សាពីភាពខុសគ្នារវាងជម្លោះប្រដាប់អាវុធ និងប្រតិបត្ដិការអនុវត្ដច្បាប់ ក៏ដូចជាការណែនាំកងកម្លាំងយោធាក្នុងការអនុវត្ដច្បាប់សង្រ្គាម។
លោក សារ៉ាត់ បានថ្លែងថា៖ «វាជាមោទនភាពណាស់ដែលកម្ពុជាបានរៀបចំសិក្ខាសាលានេះ ដោយបានសហការជាមួយគណៈកម្មាធិការអន្ដរជាតិកាកបាទក្រហម និងបណ្ដាប្រទេស យ៉ាងច្រើនមកចូលរួម។ សិក្ខាសាលានេះ មិនត្រឹមតែនាំមកនូវមេរៀនបទពិសោធ និងខ្លឹមសារល្អៗប៉ុណ្ណោះទេ គឺយើងអាចបន្តការស្វែងយល់ច្បាប់អន្ដរជាតិ ពាក់ព័ន្ធជម្លោះប្រដាប់អាវុធ សហប្រតិបត្ដិការអន្តរជាតិលើវិស័យមនុស្សធម៌ លើប្រធានបទប្រតិបត្ដិការ សន្តិសុខរបស់យោធា»។
លោក សារ៉ាត់ បានបន្ដថា តាមរយៈសិក្ខាសាលានេះ នឹងចែករំលែកបទពិសោធ ស្ដីពីការអនុវត្ដច្បាប់ ខ្លឹមសារច្បាប់ នឹងសិក្សាស្វែងយល់បន្ថែម អំពីខ្លឹមសារច្បាប់នេះ។ ICRC គាត់នឹងធ្វើបទឧទ្ទេសនាមបង្ហាញខ្លឹមសារទាំងអស់នៃច្បាប់នេះ ដល់បណ្ដាសមាជិកដែលបានចូលរួមក្នុងសិក្ខាសាលានេះ។ ក្រៅពីនេះ ក៏នឹងស្ដាប់បទពិសោធផ្សេងៗដែលបណ្ដាប្រទេសទាំងអស់លើកឡើង ហើយប្រទេសកម្ពុជា ក៏នឹងលើកយកបទពិសោធ ចែករំលែកទៅវិញផងដែរ។
លោក សារ៉ាត់ បានបញ្ជាក់ថា៖ «ច្បាប់ប្រដាប់អាវុធជួនកាលគេហៅថា ច្បាប់មនុស្សធម៌ អន្ដរជាតិ ខ្លះគេហៅ ច្បាប់សង្គ្រាម និងខ្លះទៀត គេហៅថា ច្បាប់ជម្លោះប្រដាប់អាវុធ។ គេមានពិធីសារ បន្ថែមរហូតមក ទើបមានការហៅបែបនេះ ប៉ុន្ដែខ្លឹមសារតែមួយទេ»។
លោក ឥត សារ៉ាត់ បានរំឭកថា កម្ពុជាជាប្រទេសមួយទទួលរងការបំផ្លិចបំផ្លាញពីសង្គ្រាមឥតឈប់ឈរ តាំងពីឆ្នាំ ១៩៧០ រហូតមក ធ្វើឱ្យប្រជាពលរដ្ឋរងទុក្ខវេទនា និងស្លាប់ជាច្រើននាក់ រួមនឹងហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចជាតិ ត្រូវធ្លាក់ចុះក្នុងគ្រោះមហន្ដរាយយ៉ាងធ្ងន់ធ្ងរ។
លោក សារ៉ាត់ ក៏បានបន្ដចែករំលែកបទពិសោធនៃការអនុវត្ដបញ្ជាដោយគោររពតាមច្បាប់សង្រ្គាមផងដែរថា ការដាក់បញ្ជារបស់ថ្នាក់ដឹកនាំយោធា គឺត្រូវធ្វើការស្វែងយល់ពីគោលដៅយោធា និងគោលដៅជនស៊ីវិល ពីព្រោះសង្រ្គាមអាចកើតឡើងគ្រប់ពេល គ្រប់ ទីកន្លែង ។
ពេលខ្លះសង្រ្គាមកើតឡើងនៅកន្លែងស៊ីវិល តំបន់វប្បធម៌ និងវត្ដអារាមជាដើម ដែលជា ហេតុនាំឱ្យមេបញ្ជាការ និងយោធិនទាំងអស់លំបាកក្នុងការធ្វើប្រតិបត្ដិការឱ្យទទួលបានជោគជ័យ និងចៀសផុតពីគោលដៅស៊ីវិល និងវប្បធម៌ទាំងនោះ។
លោក សារ៉ាត់ បញ្ជាក់ថា៖ «ប្រការនេះ ទាមទារឱ្យមានការស្វែងយល់ និងរិះរកវិធីរបស់មេបញ្ជាការគ្រប់ជាន់ថ្នាក់ក្នុងការសម្រេចចិត្ដដើម្បីវាយតបជាមួយ សត្រូវ និងស្របតាមខ្លឹមសារនៃច្បាប់សង្គ្រាម។ បញ្ហានេះមេបញ្ជាការត្រូវមានទេពកោសល្យ ក្នុងការដឹកនាំ និងក្តាប់ជាប់អំពីគោលការណ៍ច្បាប់។ រាល់ប្រតបត្ដិការមេបញ្ជាការ ត្រូវដាក់បញ្ចូលអំពីខ្លឹមសារច្បាប់សង្គ្រាម និងណែនាំឱ្យយោធិនក្រោមឱវាទ ក្តាប់ជាប់គោលដៅដែលត្រូវវាយ ឬបាញ់ និងគោលដៅណា ដែលត្រូវចៀសវាងតាមច្បាប់សង្រ្គាមកំណត់»។
លោក រ៉ូម៉ាន់ ផារ៉ាម៉ូនូវ (Roman Paramonov) ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមប្រចាំកម្ពុជា (ICRC) បានថ្លែងថា ICRC បានដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវ និងផ្សព្វផ្សាយច្បាប់មនុស្សធម៌អន្តរជាតិ ឬក៏ច្បាប់ជម្លោះប្រដាប់អាវុធ។ ដូច្នេះវាមានសារ:សំខាន់ណាស់សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ យល់ច្បាស់ពីសកម្មភាពដែលគ្របដណ្ដប់ដោយច្បាប់មនុស្សធម៌អន្ដរជាតិ និងគោលការណ៍គោរពច្បាប់មនុស្សធម៌រាល់ពេលចុះបំពេញការងារ។
លោក រ៉ូម៉ាន់ ផារ៉ាម៉ូនូវ បានថ្លែងឲ្យដឹងផងដែរថា៖ «រាល់ការខិតខំប្រឹងប្រែងទាំងអស់នឹងធ្វើឡើងដើម្បីបញ្ជ្រាបគោលការណ៍មនុស្សធម៌ នៅពេលដែលកងកម្លាំងសន្តិសុខយោធារៀបចំចុះប្រតិបត្ដិការបេសកកម្ម»។
លោក រ៉ូម៉ាន់ ផារ៉ាម៉ូនូវ បានបន្ថែមថា កត្ដាដែលប្រទសកម្ពុជាត្រូវបានជ្រើសរើសដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសិក្ខាសាលានេះ ពីព្រោះ ប្រទេស កម្ពុជា ជាប្រទេសមួយដែលមានបទពិសោធឈឺចាប់ក្នុងរបបសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ៕