The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សិង្ហបុរី​រង្កៀស​ចិត្ត​នឹង​ការ​បញ្ជូន​ពលករ​យឺត​យ៉ាវ​ពី​កម្ពុជា

សិង្ហបុរី​រង្កៀស​ចិត្ត​នឹង​ការ​បញ្ជូន​ពលករ​យឺត​យ៉ាវ​ពី​កម្ពុជា

សិង្ហបុរី​រង្កៀស​ចិត្ត​នឹង​ការ​បញ្ជូន​ពលករ​យឺត​យ៉ាវ​ពី​កម្ពុជា

131209_5a
ពលការិនីបម្រើតាមផ្ទះនៅម៉ាឡេសីុ ដែលរងការរំលោភបំពាន ត្រូវបានសង្គ្រោះមកស្រុកវិញ ហេង ជីវ័ន

ភ្នំពេញៈ យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សិង្ហបុរី​ថា គម្រោង​សាក​ល្បង​បញ្ជូន​ពលករ​បម្រើ​តាម​ផ្ទះ​ពី​កម្ពុជា​៤០០​នាក់​ដែល​ចាប់ ​ផ្តើម​ដោយ​ទីភ្នាក់ងារ​នៅ​សិង្ហបុរី​ កាន់តែ​ធ្វើ​ឲ្យ​រង្កៀស​ចិត្ត​ចំពោះ​ការ​ទៅ​ដល់​យឺតយ៉ាវ ហើយ​​កាន់​តែ​ធ្វើ​ឲ្យ​មន្ទិល​លើ​ភាព​អាច​ជឿ​ទុក​ចិត្ត ថា​កម្ពុជា​អាច​ជា​ប្រភព​បញ្ជូន​ពលករ​លើ​ការងារ​នេះ។

កាសែត​នៅ សិង្ហបុរី Straits Times បាន​រាយការណ៍​កាល​ពី​ម្សិលមិញ​ថា ​អ្នក​បម្រើ​កម្ពុជា​ប្រមាណ​ជា​១០០នាក់​ប៉ុណ្ណោះ បាន​ទៅ​ដល់​សិង្ហបុរី ​ចាប់​តាំង​ពី​ខែ​កញ្ញា ដោយ​សារ​ភ្នាក់​ងារ​បដិសេធ​ចំពោះ​និយោជក ពី​ព្រោះ​តែ​គេ​មិន​អាច​ធានា​ថា កម្មករ​នឹង​ទៅ​ដល់​នៅ​ពេល​ណា​បាន។

កម្មវិធី​សាក​ល្បង​រយៈពេល ២ ឆ្នាំ​នេះ មាន​គោល​បំណង​សាក​ល្បង​ថា ​តើ​អ្នក​បម្រើ​តាម​ផ្ទះ​កម្ពុជា​ស័ក្តិសម​ចំពោះ​ទីផ្សារ​អ្នក​បម្រើ​តាម ​ផ្ទះ​ដ៏​ធំ​នៅ​សិង្ហបុរី​ឬ​យ៉ាង​ណា។ ប្រសិន​បើ​ជោគ​ជ័យ ​កម្ពុជា ​អាច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ប្រភព​ផ្តល់​ពលករ​ជា​ផ្លូវ​ការ។

លោក ឡៅ លីហុក នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Philimore  ​កម្ពុជា ជា​ភ្នាក់ងារ ក្នុង​ចំណោម​ទីភ្នាក់ងារ​ ៣ ​ដែល​ចូល​រួម​ក្នុង​កម្មវិធី​សាក​ល្បង​នេះ បាន​ថ្លែង​ថា ទីភ្នាក់ងារ​លោក​បាន​បញ្ជូន​ពលករ ៣០ នាក់ ដោយ​ពល​ករ​ ៤០នាក់​ទៀត​ កំពុង​តែ​ទទួល​ការ​បណ្តុះ​បណ្តាល។

លោក​ទទួល​ស្គាល់​ថា ភ្នាក់​ងារ​សិង្ហបុរី​បាន​ដាក់​សម្ពាធ​ឲ្យ​ពន្លឿន​ការ​ផ្គត់​ផ្គង់ ដោយ​សារ​តម្រូវ​ការ​ខ្ពស់ ប៉ុន្តែ លោក​បញ្ជាក់​ថា វា​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ដោយ​សារ​កង្វះ​នៃ​ការ​យល់​ដឹង​អំពី​គម្រោង និង​ភាព​ចាំបាច់​ត្រូវ​ធ្វើ​ការ​បណ្តុះ​បណ្តាល​ឲ្យ​បាន​ច្រើន។

លោក បន្ត​ថា៖«​នេះ​ជា​គម្រោង​សាក​ល្បង បើ​យើង​បញ្ជូន​អ្នក​ល្អ​បំផុត ​យើង​អាច​បង្ហាញ​រដ្ឋាភិបាល​ថា ​ពល​ករ​យើង​ល្អ និង​មាន​វិជ្ជាជីវៈ​»។ លោក​បន្ថែម​ថា ​ទឹក​ជំនន់ ថ្ងៃ​បុណ្យ​និង​ស្ថានការណ៍​ក្រោយ​បោះ​ឆ្នោត​បាន​ប៉ះ​ពាល់​​ដល់​ការ​ជ្រើសរើស​ពលករ។លោក​​ថា៖«​ឥឡូវ​នេះ ខ្ញុំ​គិត​ថា វា​ល្អ​ទេ។ ខែ​នេះនិង​ខែ​ក្រោយ គួរ​មាន​ការ​ជ្រើ​សរើស​បន្ថែម​ទៀត»។

ប៉ុន្តែ លោក មុំ សុខជា មន្រ្តី​កម្មវិធី​នៅ​អង្គ​ការ​ជំនួយ​ច្បាប់​សម្រាប់​កុមារ​និង​ស្រ្តី ​ថ្លែង​ថា ​ការ​តម្រូវ​ឲ្យ​បង់​ប្រាក់​១ម៉ឺន​៩ពាន់​ ដុល្លារ​ ដោយ​កាត់​ប្រាក់​ខែ​ពលករ​៦ខែ​ដំបូង​នោះ​ បាន​រារាំង​មិន​ឲ្យ​ប្រជាជន​ចូល​រួម​។

លោក​បន្ត​ថា៖ «កម្រៃ​នេះ​ពិត​ជា​ខ្ពស់...ប្រសិន​បើ​យើង​រៀន​ពី​បទពិសោធ​នៅ​ម៉ាឡេស៊ី កម្រៃ​ខ្ពស់​ធ្វើ​ឲ្យ​ពលករ​ចំណាក​ស្រុក​ស្រ្តី​ស្ថិត​ក្នុង​ស្ថានភាព មិន​ល្អ»។

លោក សុខជា បន្ត​ថា ការ​រំលោភ​បំពាន​ទៅ​លើ​ពលករ​បម្រើ​តាម​ផ្ទះ​កម្ពុជា​មួយ​ចំនួន​ ក្នុង​ប្រទេស​ម៉ាឡេស៊ី ធ្វើ​ឲ្យ​ប្រជាជន កាន់​តែ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទៅ​ក្រៅ​ប្រទេស​ធ្វើ​ជា​អ្នក​បម្រើ​តាម​ ផ្ទះ។

លោក លីហុក ទទួល​ស្គាល់​ថា កម្រៃ​រក​ការងារ​ជា​ឧបសគ្គ ប៉ុន្តែ​ប្រសិន​បើ​ការ​សាកល្បង​បាន​ល្អ ហើយ​កម្ពុជា​ត្រូវ​ទទួល​ស្គាល់​ជា​ប្រទេស​ប្រភព​ផ្តល់​ពលករ​នោះ ភ្នាក់ងារ​នឹង​រំពឹង​កាត់​បន្ថយ​កម្រៃ​នេះ​ឲ្យ​បាន​ច្រើន។

លោក​ថា៖ «អ្នក​រាល់​គ្នា​ចង់​បាន​ដោយ​ឥត​គិត​ថ្លៃ តែ​អាច​ឥត​គិត​ថ្លៃ​របៀប​ណា​...បើ​គម្រោង​សាក​ល្បង​យើង​ចំណាយ​ខ្ពស់​»។​

លោក ហូ វុទ្ធី អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ការ​ងារ ​ថ្លែង​ពី​ម្សិល​មិញ​ថា លោក​មិន​បាន​ដឹង​ពី​ការ​យឺតយ៉ាវ​នេះទេ ហើយ​បាន​បង្វែរ​ឲ្យ​សួរ​ទៅ​អ្នក​នាំ​ពាក្យ​ដែល​មិន​អាច​ទាក់ទង​បាន៕ TK

រាយការណ៍​បន្ថែម​ដោយ មុំ គន្ធា

អត្ថបទគួរចាប់អារម្មណ៍