ភ្នំពេញៈ អ្នកជំនាញ​សិលាចារឹក​បញ្ជាក់ថា គិត​មកដល់​បច្ចុប្បន្ន​មាន​សិលាចារឹក​របស់​បុព្វបុរស​ខ្មែរ​ប្រមាណ​ជាង ១៤០០ ​ផ្ទាំង​ត្រូវ​បាន​ស្រាវជ្រាវ​រកឃើញ​ និង​បាន​ចុះបញ្ជី​ដោយ​ក្នុង​នោះ​សិលាចារឹក​ជាង ១០០០ ត្រូវ​បាន​បកប្រែ​ចប់​ និង​ខ្លះទៀត​កំពុង​បន្ត​បកប្រែ​មក​ជា​ភាសា​ខ្មែរ​នា​សម័យ​បច្ចុប្បន្ន​។

ការបង្ហាញ​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​បាឋកថា​ស្ដីពី​ការ«​សាកល្បង​ពិនិត្យមើល​សិលាចារឹក​កម្ពុជា​តាម​ក្រសែភ្នែក​មនុស្ស​សម័យ​មុន​» ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ពាក់កណ្តាល​ខែ​សីហា​។ នេះ​បើតាម​គេហទំព័រ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​ចុះផ្សាយ​កាលពី​ថ្ងៃ​ពុធ​។

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ថា​រឿងរ៉ាវ​ប្រវត្តិសាស្ដ្រ​ខ្មែរ​ជាច្រើន​សន្ធឹក​ត្រូវបាន​អ្នក​ស្រាវជ្រាវ​សិក្សា​តាមរយៈ​វត្ថុតាង​ជាច្រើន​ក្នុង​នោះ​សិលាចារឹក​ក៏​ជា​ភ័ស្ដុតាង​ដ៏សំខាន់​មួយ​ដែរ​។ សិលាចារឹក​ដែល​ចារ​ដោយ​បុព្វបុរស​ខ្មែរ​បាន​រៀបរាប់​នូវ​រឿងរ៉ាវ​ជាច្រើន​ដែល​អាច​ឱ្យ​មនុស្ស​សម័យថ្មី​ដឹង​ពី​សាច់រឿង​ និង​របៀប​រស់នៅ​របស់​មនុស្ស​បុរាណ​។

កញ្ញា ឆោម គន្ធា អ្នកជំនាញ​សិលាចារឹក​នៃ​មជ្ឈមណ្ឌល​អន្ដរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​ពន្យល់​ថា មាន​ភ័ស្ដុតាង​មួយ​ចំនួន​បង្ហាញ​ថា មនុស្ស​សម័យ​ដើម​ចាត់ទុក​សិលាចារឹក​ជា​វត្ថុ​សក្ការបូជា ប្រៀប​ដូចជា​ព្រះបដិមា​ដូច្នោះ​ដែរ​តួយ៉ាង​ផ្ទាំង​ចម្លាក់​នៅ​ប្រាសាទ​បាយ័ន​ដែល​ក្នុង​នោះ​គេ​ឃើញ​មាន​កិច្ចពិធី​មួយ​ដោយ​មាន​ផ្ទាំងសិលា​ចារឹក​តម្កល់​នៅ​កន្លែង​ខ្ពស់​មួយ​ និង​មាន​មនុស្សម្នា​រៀបចំ​កិច្ចពិធី​អបអរ​ និង​លើកតម្កើង​។

កញ្ញា​បន្ត​ថា​អក្សរ​ថ្ម​ ឬ​សិលាចារឹក​គឺជា​វត្ថុ​ដែល​គេ​ការពារ​យ៉ាង​យក​ចិត្ត​ទុកដាក់​។ លើសពី​នេះ​ទៅ​ទៀត​មាន​ភ័ស្តុតាង​ខ្លះ​បញ្ជាក់​ថា​អ្នកស្រុក​សម័យ​ដើម​ចារ​សិលាចារឹក​ទុក​សម្រាប់​ជា​ការបង្រៀន​មនុស្ស​ទូទៅ​ឲ្យ​ស្គាល់​ «​ធម៌​» ​ពោល​គឺ​ធ្វើ​តែ​បុណ្យ មិន​ធ្វើបាប​។

អ្នកជំនាញ​រូប​នេះ​បន្ត​ថា​៖ «​សិលាចារឹក​បើ​និយាយ​សង្ខេប​ទៅ​គឺ​ទាក់ទង​នឹង​ព្រះ​ និង​ព្រះរាជា​គឺ​សុទ្ធ​តែ​ជា​អ្នក​គួរ​គោរពបូជា​មិន​មាន​ចារ​អំពី​ប្រធានបទ​ផ្សេង ដូចជា​ការ​បូកលេខ​នព្វន្ដ​ខាង​គណិតសាស្ដ្រ​អ្វី​ទេ​។ មែនទែន​ទៅ​មនុស្ស​សម័យ​បុរាណ​ស្ទើរ​ទាំងអស់ មិន​ថា​តែ​ជនជាតិ​ខ្មែរ​ទេ តែង​គោរព​អក្សរ ឬ​អត្ថបទ​សំណេរ​ព្រោះ​អក្សរ​នេះ​ប្រហែល​ជា​បច្ចេកវិទ្យា​ទី​ ១ ​ដែល​មនុស្សជាតិ​បាន​បង្កើត​ឡើង​។ ហេតុនេះ​មិន​មាន​អ្វី​គួរ​ឆ្ងល់​ទេ​ថា មនុស្ស​នាំគ្នា​គោរព​កោតខ្លាច​អក្សរ​ ឬ​សំណេរ​»​។

គិត​មកដល់​បច្ចុប្បន្ន​នេះ​សិលាចារឹក​ប្រមាណ​ជាង​ ១៤០០ ផ្ទាំង​ត្រូវ​បាន​ស្រាវជ្រាវ​រកឃើញ​ និង​ចុះបញ្ជី​រួច​ក្នុង​នោះ​មាន​ទាំង​ជា​ភាសា​ខ្មែរ​ និង​សំស្ក្រឹត​ដោយ​យ៉ាង​ហោច​ណាស់​មាន​សិលាចារឹក​ជាង ១០០០ បាន​បកប្រែ​រួច​ និង​ខ្លះទៀត​កំពុង​បន្ត​បកប្រែ​ស្រប​ពេល​ដែល​សិលាចារឹក​ជា​ភាសាសំស្ក្រឹត​និពន្ធ​នៅ​ប្រទេស​កម្ពុជា​មាន​ភាពល្បីល្បាញ​ជាង​សិលាចារឹក​ជា​ភាសាសំស្ក្រឹត ដូចគ្នា​នៅ​ប្រទេស​ឥណ្ឌា​ជា​ស្រុក​ដើម​នៃ​ភាសា​នេះ​ទៅទៀត​។ នេះ​បើ​តាម​កញ្ញា ឆោម គន្ធា​។

លោក ហាប់ ទូច អគ្គនាយក​បច្ចេកទេស​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា រាល់​សិលាចារឹក​ទាំងអស់​ដែល​ត្រូវបាន​រកឃើញ និង​បន្ទាប់ពី​ធ្វើការ​បកប្រែ​រួចរាល់​នឹង​ត្រូវ​យក​ទៅ​តម្កល់ទុក​នៅក្នុង​កន្លែង​សំខាន់​ចំនួន​ ៣ កន្លែង​គឺ​សារមន្ទីរ​ជាតិ​នៅ​ភ្នំពេញ​ដែល​មាន​សិលាចារឹក​មួយ​ចំនួន​ធំ​ត្រូវ​បាន​រក្សាទុក​នៅ​ទីនោះ និង​មួយ​ចំនួន​ត្រូវ​បាន​រក្សាទុក​នៅ​ទីតាំង​មួយ​កន្លែង​នា​ខេត្ត​សៀមរាប ហើយ​ខ្លះ​ទៀត​គឺ​រក្សាទុក​នៅក្នុង​សារមន្ទីរ​បុរាណ​មួយ​នៅ​ខេត្ត​បាត់ដំបង​។

លោក​បញ្ជាក់​ថា​៖ «​សិលាចារឹក​នេះ​គឺជា​ប្រភព​ឯកសារ​ដែល​សំខាន់​ដើម្បី​យល់ដឹង​អំពី​ប្រវត្ដិសាស្ត្រ​អំពី​ការរស់នៅ​របស់​ប្រជាជន​អំពី​ទិដ្ឋភាព​ទូទៅ​ផ្សេងៗ​ក្នុង​អតីតកាល​។ ដូច​ថ្មីៗ​នេះ​យើង​បាន​រកឃើញ​សិលាចារឹក​មួយ​ដែលមាន​សរសេរ​ពាក្យ​សុវណ្ណ​ភូមិ ដែល​សព្វថ្ងៃ​សិលាចារឹក​នេះ​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​។ អ៊ីចឹង​សំខាន់​យើង​ដឹង​ថា យើង​ធ្លាប់​ប្រើពាក្យ​ហ្នឹង​ស្របពេល​ប្រទេស​ដទៃ​ដូចជា​ថៃ ភូមា​អី​អ៊ីចឹង​គេ​ក៏​ប្រើ​។ ប៉ុន្តែ​យើង​មាន​អ្វី​ជា​តឹកតាង​គឺ​មាន​តែ​សិលាចារឹក​ហ្នឹង​ហើយ​ដែល​ជា​ភ័ស្តុតាង​ថា ពាក្យ​នេះ​បាន​ប្រើ​នៅ​កម្ពុជា​យើង​យូរហើយ​»​។

លោក ហាប់ ទូច និយាយ​ថា​បច្ចុប្បន្ន​ដោយសារ​តែ​សម័យកាល​ជឿនលឿន មនុស្ស​ស្ទើរតែ​លែង​ប្រើប្រាស់​សិលាចារឹក ដើម្បី​ចារ​ជា​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ ទីតាំង ឬ​ក្នុង​សាសនា​ទៅ​ហើយ​ដោយ​មាន​តិចតួច​ណាស់​ដែល​បាន​ប្រើប្រាស់​សិលាចារឹក​ដូចជា​ទីតាំង​សំខាន់ និង​នៅតាម​ទី​វត្ត​អារាម​មួយចំនួន​ប៉ុណ្ណោះ ព្រោះ​មនុស្ស​បាន​ងាក​មក​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ជំនួស​វិញ​៕