ស្វាយរៀងៈ ​សិលា​ចារឹក​មួយ​ផ្ទាំង ​ដែល​ត្រូវ​បាន​ក​សាង​ឡើង​នៅ​ក្នុង​រាជ្ជកាល​របស់​ ព្រះ​បាទ​ជ័យ​វរ្ម័​ន​ទី ៤ នា​អំឡុង​គ្រិស្ត​សក​រាជ​ឆ្នាំ ៩២៤​-​៩៤១ ​ដែល​មាន​អាយុ​កាល​ជាង​ ១ ០០០​ ឆ្នាំ​ មក​ហើយ​នោះ ​ត្រូវ​បាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​​សិល្បៈខេត្ត​ស្វា​យ​រៀង​នាំ​យក​ពី​​វត្ត​អា​រាម​ក្នុង​តំបន់​ដាច់​ស្រ​យាល​មួយ មក​រក្សា​ទុក​ក្នុង​សារ​មន្ទីរ​វប្បធម៌​ខេត្ត​ ដើម្បី​សុវត្ថិភាព។​

​លោក ​ពុត ​សុផា​នី​ អនុ​ប្រធាន​មន្ទីរ​វប្ប​ធម៌ ​និង​វិចិត្រ​សិល្បៈ​ខេត្ត​ស្វាយ​រៀង​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ​ផ្ទាំង​សិលា​ចារឹក​នោះ ត្រូវ​បាន​ស្ត្រី​ម្នាក់​ ដែល​មាន​ស្រុក​កំណើត​នៅ​ឃុំ​ប្រសូត្រ ​ស្រុក​ស្វាយទាប​ ប្រគល់​ជូន​អតីត​ព្រះ​ចៅអធិការ​វត្ត​ពោធិ​មុនី​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​-​ឃុំ ​ស្វាយ​ចេក​ ខេត្ត​ស្វាយ​រៀង​ កាល​ពី​អំឡុង​ឆ្នាំ ​២០១១ ​ដើម្បី​រក្សា​ទុក ដោយ​គិត​ថា ​ផ្ទាំង​សិលា​ចារឹក​នោះ​ ជា «​វត្ថុ​ស័ក្តិសិទ្ធិ​ និង​មាន​បារមី​កាន់»។ ​

លោក​បញ្ជាក់​ថា៖​ «កន្លង​មក​គ្មាន​នរណាម្នាក់​ដឹង​ថា​ ផ្ទាំង​សិលា​ចារឹក​នោះ ​មាន​អាយុ​កាល​ពាន់​ឆ្នាំ​បែប​នេះ​ទេ​ ដោយ​គ្មាន​នរណា​ម្នាក់​អាច​អាន​ និង​ ប្រែ​សម្រួល​ភាសា ដែល​ត្រូវ​បាន​គេ​សរសេរ​លើ​ផ្ទាំង​សិលា​នោះ​ឡើយ ​ហើយ​វាត្រូវ​បាន​អតីត​ព្រះចៅ​អធិកា​រវត្ត​ព្រះ​នាម​ កើត​ សុភី​ ទុក​វា​ចោ​ល​នៅ​ហាល​ភ្លៀង​ ហាល​ខ្យល់ ​ក្បែរ​ខ្ទម​អ្នកតា​មួយ​នៅ​ក្នុង​វត្ត»។

លោក​ សុផា​នី​ បន្ត​ថា​ កាលពី​ពេល​ថ្មីៗ​នេះ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ពី​សិ​លា​ចារឹក​ នៃ​រាជ​បណ្ឌិ​ត្យ​សភា​កម្ពុជា ​បាន​ចុះ​​ទៅ​​ពិនិត្យ និង​សិក្សា​ស្រាវ​ជ្រាវ​ដោយ​ផ្ទាល់​ពី​ផ្ទាំង​សិលា​ចា​រឹក​នេះ​ ហើយ​បាន​ប្រកាស​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​ចន្ទ​ថា ​វា​មាន​អាយុ​កាល​ជាង​ ១ ០០០​ ឆ្នាំ​ និង​ជំរុ​ញ​ឲ្យ​ខាង​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ​រៀប​ចំ​ចង​ក្រង​ឯក​សារ​​និង​ស្នើ​សុំ​យក​សិលា​ចា​រឹក​នោះ​ មក​រក្សា​ទុក​ក្នុង​សារ​មន្ទីរ​ជាតិ ​សម្រាប់​ជា​ការ​សិក្សា​ស្រាវជ្រាវ​បន្ត​ទៀត​នោះ ​ទើប​ខាង​មន្ទីរ​របស់​លោក​ ​នាំ​យក​ផ្ទាំង​សិលា​ចារឹក​នោះ​ទៅ​រក្សា​ទុក​ជា​បណ្ដោះ​​​អាសន្ន​នៅ​សារ​មន្ទីរ​វប្ប​ម៌​ខេត្ត​ស្វាយរៀង។​

លោក​ មាឃ​ បូរ៉ា​ ប្រធាន​ផ្នែក​សិលា​ចារឹក​វិទ្យានៃ​វិទ្យា​ស្ថាន​ភាសា​ជាតិ​ នៃ​រាជ​បណ្ឌិត្យ​​សភា​កម្ពុជា​ ​កាល​ពី​​ម្សិល​មិញ​បាន​អំពាវ​នាវ​ផង​ដែរ​ថា ក្នុង​ករណី​ប្រទះ​ឃើញ​ផ្ទាំង​សិលា ​ដែល​មាន​សរសេរ​ជា​អក្សរ​បុរាណ​ សូម​ជួយ​រក្សា​ទុកឲ្យ​បាន​ត្រឹម​ត្រូវ​ ឬ​ផ្ដល់​ជូន​ទៅ​ខាង​មន្ត្រី​ជំនាញ​ ​ដើម្បី​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​៕