ភ្នំពេញៈ ស្ទើរមួយភាគបីនៃសិស្សកម្ពុជាដែលមានអាយុពី ៧ ឆ្នាំដល់ ១៤ ឆ្នាំត្រូវបង្ខំចិត្តបោះបង់សាលា ដោយសារការងាររបស់ខ្លួនមកជ្រៀតជ្រែក។ នេះបើតាមការសិក្សាថ្មីមួយ ដោយអង្គការយូណេស្កូ ស្តីពីការបរាជ័យនៃការអប់រំជាសកល។
ការសិក្សាថ្មីនេះ កំពុងពិនិត្យមើលនូវអ្វីដែលធ្វើឲ្យកុមារបោះបង់ការសិក្សា បានរកឃើញការជាប់ពាក់ព័ន្ធខ្ពស់មួយ រវាងសិស្សដែលធ្វើការងារនិងសិស្សដែលបោះបង់ការសិក្សា។
របាយការណ៍ដែលមានចំណងជើងថា «ការជួសជុល ការសន្យាឲ្យមានការអប់រំសម្រាប់ទាំងអស់គ្នា» នេះបាននិយាយថា៖ «មានការជាប់ពាក់ព័ន្ធខ្លាំងរវាងកុមារ ដែលជាកម្មករកុមារនិងដែលកំពុងបោះបង់ការសិក្សា ហើយបញ្ហាប្រឈមទាំងពីរត្រូវតែដោះស្រាយជាមួយគ្នា»។
របាយការណ៍នេះបន្តថា៖ «ម្យ៉ាងវិញទៀត ការងារកុមារ ត្រូវតែកាត់បន្ថយដើម្បីបង្កើនការទៅសាលារៀន។ ការបង្កើនការទៅរៀន គឺជាវិធីមានប្រសិទ្ធភាពបំផុតដើម្បីកាត់បន្ថយការងារកុមារ»។
ជាមួយ១០ភាគរយនៃកុមារអាយុពី ៧ ទៅ ១៤ ឆ្នាំដែលត្រូវបានដាក់ចំណាត់ថា្នក់ថាជាកម្មករកុមារ ប្រទេសកម្ពុជាមានក្មេងដែលកំពុងធ្វើការច្រើនជាងប្រទេសសមាជិកអាស៊ានផ្សេងទៀតនិងខ្ពស់ជាងប្រទេស ដទៃៗទៀតនៅក្នុងតំបន់លើកលែងតែទីម័រខាងកើត។
ខណៈប្រទេសនេះមានភាពប្រសើរឡើងខ្លាំងនៃចំនួនកុមារអាយុបឋមសិក្សាចុះឈ្មោះចូលរៀនជិត ១០០ ភាគរយការចុះឈ្មោះសម្រាប់ថ្នាក់អនុវិទ្យាល័យស្ទើរតែមិនមានការកើនឡើងក្នុងទសវត្សរ៍ចុងក្រោយនេះ។ នៅក្នុងឆ្នាំសិក្សាចុងក្រោយនេះ ចំនួនភាគរយនៃសិស្សដែលចេញពីបឋមសិក្សាទៅអនុវិទ្យាល័យគឺមានការថយចុះ។ នេះបើតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានបង្ហាញ។
លោក ចឹម ចាន់វាសនា នាយកប្រតិបត្តិនៃអង្គការភាពជាដៃគូអប់រំ (NEP) បានថ្លែងថា សិស្សជាច្រើនដែលបានបោះបង់ការសិក្សាបានលើកឡើងថា ភាពក្រីក្រគឺជាកត្តាមួយ ជាពិសេសនៅថ្នាក់អនុវិទ្យាល័យដែលនៅឆ្ងាយពីផ្ទះរបស់ពួកគេ មិនស្ថិតនៅក្នុងភូមិផ្ទាល់ ដែលធ្វើឲ្យពួកគេចំណាយច្រើនក្នុងការធ្វើដំណើរទៅសាលារៀន ខណៈការចំណាយមិនផ្លូវការផ្សេងៗលើសម្ភារសិក្សានិងការរៀនគួរក៏កើនឡើងដែរ។
លោកបន្តថា៖ «សាលារៀនមានចម្ងាយពី ៣០ ទៅ ៤០ គីឡូម៉ែត្រ ឬ ឆ្ងាយជាងនេះពីផ្ទះរបស់ពួកគេ។ សិស្សមិនអាចទៅរៀនជារៀងរាល់ថ្ងៃបាន»។
ជាងនេះទៀត សិស្សជាច្រើនដែលបោះបង់ការសិក្សាគឺជាសិស្សដែលមានអាយុច្រើននៅពេលចូលរៀន ដូច្នេះនៅពេលពួកគេចប់បឋមសិក្សា ពួកគេមានអារម្មណ៍រងសម្ពាធត្រូវទៅធ្វើការ។ នៅក្នុងរបាយការណ៍មួយចេញផ្សាយកាលពីឆ្នាំមុន អង្គការ NEP រកឃើញថា ចំនួនពាក់កណ្តាលនៃការបោះបង់ការសិក្សាមុនចូលដល់អនុវិទ្យាល័យគឺជាសិស្សដែលមានអាយុ១៤ឆ្នាំឬច្រើនជាងនេះ។
លោក ចាន់វាសនា បានថ្លែងបន្តថា៖ «ការងារនៅតាមរោងចក្រទាក់ទាញសិស្សដែលមានអាយុ១៥ឬ១៦ឆ្នាំ។ មិនមានការអនុវត្តច្បាប់ការងារសមស្រប ដូច្នេះសិស្សត្រូវតែជ្រើសរើសយកជម្រើសជួយសេដ្ឋកិច្ចគ្រួសារឬអត់»។ ប៉ុន្តែ សូម្បីតែការចំណាយ លើការសិក្សាត្រូវបានផ្តល់ឲ្យដោយអាហារូបករណ៍ក៏ដោយ ក៏បន្ទុកហិរញ្ញវត្ថុនៃការបញ្ជូនកូនទៅសាលានៅតែបន្តជាបញ្ហាមួយទៀត។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានថ្លែងថា៖ «សម្រាប់គ្រួសារមួយចំនួនគឺមានការចំណាយពីរប្រភេទដែលត្រូវពិចារណា គឺការចំណាយលើការបញ្ជូនកូនទៅសាលារៀននិងការចំណាយដែលកូនមិនមានការងារធ្វើ»។
លោកបន្តថា ក្រសួងកំពុងផ្តោតទៅលើការផ្ដល់អាហារូបករណ៍បន្ថែមទៀត សង់សាលាបន្ថែមទៀត និងការលើកទឹកចិត្តបន្ថែមទៀត ដើម្បីឲ្យសិស្សចុះឈ្មោះចូលរៀនច្រើន ដូចជាការបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីផ្តល់ចំណីអាហារ។ ប៉ុន្តែ រហូតមកទល់ពេលនេះ ភាពជោគជ័យនៅមានលក្ខណៈយឺតនៅឡើយ។
លោកស្រីរស់ សុភាព នាយិកានៅអង្គការយេនឌ័រនិងអភិវឌ្ឍន៍កម្ពុជា បានថ្លែងឲ្យដឹងថា៖ «ជាការពិត នៅពេលគ្រួសាររបស់អ្នកត្រូវការអាហារ ការធ្វើការងារគឺសំខាន់ជាងការទៅរៀន»៕ PS