
សកម្មភាពនៃអ្នកមានពិការភាពក្នុងពេលបំពេញការងារកាលពីកន្លងទៅ។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងអប់រំយុវជននិងកីឡា លោក ហង់ ជួនណារ៉ុន បានលើកឡើងថាសិស្សមានពិការភាពដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងទទួលបានអាហារូបករណ៍នៅថ្នាក់ឧត្ដមសិក្សា មហាវិទ្យាល័យដោយស្វ័យប្រវត្តិដែលស្របទៅនឹងគោលនយោបាយអប់រំប្រកបដោយបរិយាប័ន្ន។
ការថ្លែងរបស់លោក ហង់ ជួនណារ៉ុន ដូចនេះបានធ្វើឡើងនៅក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៧-២០១៨ និងលើកទិសដៅការងារឆ្នាំសិក្សា ២០១៨-២០១៩ កាលពីថ្ងៃចន្ទនៅវិទ្យាស្ថានបច្ចេកវិទ្យា (តិចណូ)។
លោកបានបញ្ជាក់ថា៖ «សម្រាប់សិស្សមានពិការភាពដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងទទួលបានអាហារូបករណ៍ដោយស្វ័យប្រវត្ដិនៅគ្រឹះស្ថានឧត្ដមសិក្សា»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ទាក់ទងនឹងការផ្ដល់អាហារូបករណ៍នេះគឺបានផ្សារភ្ជាប់ទៅនឹងគោលនយោបាយរបស់ក្រសួងក្នុងការអប់រំប្រកបដោយបរិយាប័ន្នដើម្បីលើកតម្កើង សិស្ស-និស្សិត នៅគ្រប់គ្រឹះស្ថានសិក្សាទាំងអស់នៅកម្ពុជា។
លោកបានបន្ដថា៖ «ការងារនេះគឺឆ្លើយតបទៅនឹងគោលនយោបាយធំ ២ របស់ក្រសួងអប់រំ ទី១ គឺធានាឲ្យការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាប័ន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នានិងគោលនយោបាយធំ ទី២ គឺធានានូវភាពស័ក្ដិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ដ្រីអប់រំគ្រប់លំដាប់ថ្នាក់»។
លោក រស់ សុវាចា បានឲ្យដឹងថា សិស្សមានពិការភាពដែលប្រឡងជាប់បាក់ឌុបអាចទៅដាក់ពាក្យស្នើសុំអាហារូបករណ៍នៅនាយកដ្ឋានឧត្ដមសិក្សាដែលស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្ដមទល់មុខសាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជារាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា៖ «នេះជាគោលការណ៍រួម នៅពេលដែលសិស្សទៅដាក់ពាក្យស្នើសុំអាហារូបករណ៍នៅនាយកដ្ឋានឧត្ដមសិក្សា ក្រុមការងារបច្ចេកទេសនឹងបន្ដធ្វើការងារលម្អិតផ្ទាល់ជាមួយសិស្ស»។
លោក រស់ សុវាចា បានបន្ថែមថា ការផ្ដល់អាហារូបករណ៍ដូចនេះបានធ្វើតាំងពីអាណត្ដិមុនម្ល៉េះ ប៉ុន្ដែពេលនេះ ក្រសួងអប់រំបានប្រកាសឲ្យបានទូលំទូលាយទាក់ទងនឹងការទទួលសិស្សមានពិការភាព។
បើតាមលោក សុវាចា នៅវិទ្យាល័យសិស្សមានពិការភាពដែលបានទទួលអាហារូបករណ៍ ក្នុងឆ្នាំ ២០១៧-២០១៨ មានចំនួន ៧០៥ នាក់ និងឆ្នាំ ២០១៨-២០១៩ មានចំនួន ៧០២ នាក់។
បើតាមលោក ហង់ ជួនណារ៉ុន គ្រឹះស្ថានឧត្ដមសិក្សាទូទាំងប្រទេសមាន ១២៥ ក្នុងនោះចំនួន ៤៨ ជារបស់រដ្ឋ និង ចំនួន ៧៧ ជារបស់ឯកជន។ និស្សិតកំពុងសិក្សានៅឧត្ដមសិក្សាមាន ២១១ ៤៨៤ នាក់ ស្រី ៩៨ ៦៣០ នាក់ ដែលស្នើនឹង ៤៦,៦៣ ភាគរយ ក្នុងនោះនិស្សិតបរទេសជាប់អាហារូបករណ៍មានចំនួន ១៥៨ នាក់ ស្រី ៦០ នាក់ ស្នើនឹង ៣៣,៩៧ ភាគរយ។
ទាកទងនឹងការងារអប់រំ លោករដ្ឋមន្ត្រីបានឲ្យដឹងថា ក្រសួងអប់រំក៏បានពង្រីកកម្មវិធីសាកល្បងការអប់រំសហគ្រិនភាពនៅតាម ២៥ រាជធានី-ខេត្ដ បញ្ចប់ការរៀបចំសន្ទស្សន៍ ការអភិវឌ្ឍយុវជនកម្ពុជា អនុវត្ដគម្រោងសាកល្បងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត ដំណើរការមជ្ឈមណ្ឌល ណែនាំពីអាជីពនិងការងារបំប៉នសមត្ថភាពស្ដីពីការអភិវឌ្ឍសហគ្រាសតាមសហគមន៍ដល់យុវជន បណ្ដុះបណ្ដាលវគ្គមូលដ្ឋានគ្រឹះមេដឹកនាំកាយរឹទ្ធិ និងបំប៉នជំនាញខ្លីៗដោយបានបណ្ដុះបណ្ដាលយុវជន ១ ៥៤៤ នាក់ ក្នុងនោះមានស្រី ៩៥៩ នាក់។
លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានស្វាគមន៍ចំពោះការផ្ដល់ឱកាសអាហារូបករណ៍ដល់សិស្សមានពិការភាពដោយលោកថានេះជាការលើកទឹកចិត្ដមួយដ៏ធំធេងសម្រាប់បងប្អូនដែលមានពិការភាពនៅកម្ពុជា។
លោកថា៖ «នេះជាឱកាសដែលល្អជាទីបំផុតដែលក្រសួងបានអនុវត្ដស្របគ្នាជាមួយនឹងផែនការយុទ្ធសាស្ដ្រជាតិស្ដីពីពិការភាពរបស់រាជរដ្ឋាភិបាលក៏ដូចជាច្បាប់ស្ដីពីកិច្ចការពារនិងលើកកម្ពស់ជនពិការដែលនេះជាការលើកទឹកចិត្ដមួយបន្ថែមទៀត»។
លោកបន្ថែមថា៖ «កន្លងមកបងប្អូនដែលមានពិការភាពតែងតែយល់ឃើញថា ខ្លួនឯងត្រូវបានដាក់នៅថ្នាក់ដាច់ដោយឡែកមិនមែនជាថ្នាក់សមាហរណកម្មឬមួយក៏ត្រូវរៀនតែជាមួយជនដែលមានពិការភាពគ្នាឯង ប៉ុន្ដែការលើកទឹកចិត្ដតាមរយៈអាហារូបករណ៍នេះ បានឆ្លុះបញ្ចាំងពីការដាក់បញ្ចូលគ្នារវាងសិស្សដែលមានពិការភាព និងសិស្សដែលមិនមានពិការភាពឲ្យបានចូលរៀនជាមួយគ្នា»។
លោក ឯម ច័ន្ទមករា បានឲ្យដឹងដែរ ក្នុងឆ្នាំសិក្សា ២០១៧-២០១៨ កុមារពិការក៏ទទួលបានការសិក្សានៅតាមគ្រឹះស្ថានសាធារណៈនិងឯកជនទូទាំងប្រទេសដូចកុមារដទៃដោយស្មើភាពនិងមិនមានការរើសអើងផងដែរ ។ ក្នុងនោះកុមារមានពិការភាពនៅកម្រិតមត្ដេយ្យសិក្សាមានចំនួន ២ ៥៤៦ នាក់ កម្រិតបឋមសិក្សា ៤៣ ៣៤៤ នាក់ កម្រិតអនុវិទ្យាល័យមាន ៨ ៩៤៨ នាក់ កម្រិតវិទ្យាល័យ ៥ ៤១៩ នាក់ និងកម្រិតឧត្ដមសិក្សា ៣៥៣ នាក់ ដែលសរុបមាន ៦០ ៦១០ នាក់៕