កំពង់ធំៈ ក្រសួង​អប់រំ​បាន​ឲ្យ​ដឹង​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ (​បាក់ឌុប​) ​ឆ្នាំ​នេះ​ដំណើរការ​ទៅ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន បើ​ទោះបី​ជា​មាន​បេក្ខជន​រហូត​ដល់ ១៨៩៩ នាក់​បាន​អវត្តមាន​ពី​ការប្រឡង និង​យុវជន​ម្នាក់​នៅ​ខេត្ដ​កំពង់ធំ​ដែល​បាត់​ឈ្មោះ​មិន​បាន​ប្រឡង​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ក៏ដោយ​។

លោក រស់ សាលីន អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​តាម​សារ​តេឡេក្រាម​កាលពី​ម្សិលមិញ​ថា​៖ «​ដំណើរការ​សំណេរ​ទាំង​ ២ ថ្ងៃ មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ គណៈមេប្រយោគ​គ្រប់​លំដាប់​ថ្នាក់​មានការ​ទទួល​ខុសត្រូវ​ខ្ពស់​លើ​ភារកិច្ច ទោះបី​បណ្ដា​ខេត្ដ​មួយ​ចំនួន​ធ្លាក់​ភ្លៀង​ខ្លាំង​ក៏ដោយ​»​។

លោក​បន្ថែម​ថា​ការប្រឡង​រយៈពេល​ ២ ​ថ្ងៃ​នេះ បេក្ខជន​អវត្ដមាន​សរុប​មាន​ចំនួន ១៨៩៩ នាក់ ស្រី ៧៤៤ នាក់​នៃ​ចំនួន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​។

លោក​បញ្ជាក់​៖ «​បេក្ខជន​គោរព​បទប្បញ្ញត្ដិ​នៃ​ការប្រឡង​បាន​យ៉ាង​ល្អ ស្ទើរ​តែ​មិន​មាន​នាំ​ជាប់​ខ្លួន​នូវ​សំណៅ​ឯកសារ និង​ឧបករណ៍​ហាមឃាត់​ទាល់​តែ​សោះ​»​។ លោក​បង្ហាញ​ថា​ប្រឡង​ឆ្នាំ​នេះ​បេក្ខជន​ប្រព្រឹត្ដ​កំហុស​ឆ្គង​មាន ៧ ករណី​ក្នុង​នោះ​ដកហូត​ទូរស័ព្ទ ៥ ​ករណី និង​នាំ​សំណៅ​ចូល​ ២ ​ករណី​។

លោក ​សាលីន បញ្ជាក់​ថា​៖ «​បេក្ខជន​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មាន​ចំនួន ៦៤ ករណី តែ​បន្ទាប់ពី​បាន​ការសង្គ្រោះ​បឋម​អាច​បន្ដ​ការប្រឡង​ទៀត​បាន លើកលែង​តែ​ ៥ ​ករណី​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិន​អាច​ត្រឡប់​មក​ប្រឡង​វិញ​បាន​»​។

យុវជន សុំ រស្មី ជា​សិស្ស​នៃ​វិទ្យាល័យ​ស្ទឹងសែន​ក្នុង​ខេត្ដ​កំពង់ធំ​ដែល​ត្រូវ​ប្រឡង​បាន​បាត់​ឈ្មោះ​ប្រឡង ដោយសារ​តែ​សាលា​លុប​ឈ្មោះ​ច្រឡំ​ហើយ​គិត​មក​ដល់​ថ្ងៃ​ម្សិលមិញ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ ឬ​វិធានការ​ណា​មួយ​នៅ​ឡើយ​ទេ​។ នេះ​បើ​តាម​លោក​ សឿង ភា ឪពុក យុវជន​រូប​នេះ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​។

លោក សឿង ភា បច្ចុប្បន្ន​ជា​នាយប៉ុស្តិ៍​រដ្ឋបាល ឃុំ ប្រាសាទ ស្រុក​សន្ទុក​បាន​ថ្លែង​ថា កូន​លោក​បាន​ទៅ​រៀន​ទៀងទាត់ សូម្បី​គ្រូ និង​នាយក​សាលា​ក៏​ទទួល​ស្គាល់​ដែរ ប៉ុន្ដែ​ព្រោះ​តែ​បច្ចេកទេស​របស់​សាលា​ដែល​បាន​លុប​ឈ្មោះ​កូន​លោក​ខុស​ធ្វើឲ្យ​គាត់​អត់​មាន​ឈ្មោះ​ប្រឡង​នឹង​គេ​។

លោក​បន្ដ​ថា​៖ «​កាលពី​ថ្ងៃទី ១៩ ជា​ថ្ងៃ​មើល​ឈ្មោះ​ប្រឡង​ពេល​ដឹង​ថា​កូន​ខ្ញុំ​អត់​ឈ្មោះ​ខាង​នាយក​សាលា គាត់​បាន​មក​ប្រាប់​ខ្ញុំ​ថា ពួកគាត់​បាន​លុប​ឈ្មោះ​កូន​ខ្ញុំ​ខុស ហើយ​គាត់​បាន​សូមទោស​ខ្ញុំ ចំពោះ​រឿង​នេះ​ដែរ ប៉ុន្ដែ​ខ្ញុំ​ចង់​ឲ្យ​ខាង​សាលា និង​ក្រសួង​អប់រំ​មាន​វិធានការ​ណា​មួយ​ដើម្បី​ជួយ​ឲ្យ​កូន​ខ្ញុំ​បាន​ប្រឡង​នឹង​គេ តែ​មក​ដល់​ពេល​នេះ​ស្ងាត់​ឈឹង​មិន​មាន​ដំណោះស្រាយ​អ្វី​ទាល់​តែ​សោះ​»​។

លោក​ សឿង ភា ​បាន​សំណូមពរ​ស្នើសុំ​អន្តរាគមន៍​ពី​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ជួយ​ឲ្យ​កូនប្រុស​របស់​លោក​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ឈ្មោះ​ប្រឡង​នឹង​គេ​ផង ឬ​ក៏​រក​វិធានការ​យ៉ាងណា​ក៏​បាន​កុំ​ឲ្យ​ស្ងាត់ឈឹង​បែប​នេះ​។

លោក យិន ប៊ុនហ៊ួត ប្រធាន​ការិយាល័យ​អប់រំ​ក្រុង​ស្ទឹងសែន​បាន​ឲ្យ​ដឹងថា លោក​បាន​ទទួល​ព័ត៌មាន​ចំពោះ​ការបាត់​ឈ្មោះ​យុវជន សុំ រស្មី នេះ​ដែរ ប៉ុន្ដែ​លោក​មិន​ដឹង​ត្រូវ​មាន​វិធានការ​បែប​ណា​ទេ ព្រោះ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​។

លោក ធន ធុង នាយករង​វិទ្យាល័យ​ស្ទឹងសែន​បាន​ឲ្យ​ដឹង​ថា កំហុស​បាត់​ឈ្មោះ​នេះ​ជា​កំហុស​អចេតនា​ដោយសារ​បច្ចេកទេស​នៃ​អ្នក​កាត់​ឈ្មោះ​សិស្ស​មុន​ពេល​ប្រឡង​បាក់​ឌុប​។

លោក​បាន​បន្ដ​ថា​៖ «​ការបាត់​ឈ្មោះ​នេះ​កើតឡើង​ព្រោះ​បច្ចេកទេស​លុប​ឈ្មោះ​ច្រឡំ ដោយសារ​តែ​សិស្ស​នេះ​បាន​ដូរ​ថ្នាក់រៀន អ៊ីចឹង​មាន​ឈ្មោះ​ ២ ​នៅ​សាលា​ដល់​ពេល​កាត់​ឈ្មោះ​លុប​ចេញ​នៅ​តាម​ថ្នាក់ ក៏​មាន​ការច្រឡំ​ទៅ​»​។

លោក រស់ សាលីន មិន​បាន​ឆ្លើយតប​ចំពោះ​សំណើសុំ​អធិប្បាយ​ពី​បញ្ហា​លុប​ឈ្មោះ​សិស្ស​ពី​ការប្រឡង​នេះ​ទេ​កាលពី​ម្សិលមិញ​៕