បាត់ដំបង/បន្ទាយមានជ័យៈ សិស្ស​រាប់ម៉ឺន​នាក់​នៅក្នុង​ខេត្តបាត់ដំបង​ខកខាន​មិនបាន​សិក្សា​ និង​អ្នក​ជាប់ពន្ធនាគារ​ជាង​ ១ ​ពាន់​នាក់​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ត្រូវបាន​ជម្លៀសចេញ​ និង​កំពុង​រក​ទីតាំង​ជម្លៀសចេញ ព្រោះតែ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ដែល​ចាប់ផ្ដើម​តាំងពី​ដើម​ខែ​តុលា ប៉ះពាល់​ទាំងអស់​​ចំនួន​ ១៥ ​ខេត្ត​នៅ​ទូទាំង​ប្រទេស​។

លោក យី សុងគី ​ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត​បាត់ដំបង បានឱ្យ​ដឹងថា គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ ម្សិលមិញ​នេះ​ជំនន់​ទឹកភ្លៀង​បាន​បង្ក​ផលប៉ះពាល់​សាលារៀន​ចំនួន ៣១៦ សាលា​ទូទាំង​ខេត្ត​ដោយ​ក្នុងនោះ​មាន​សាលារៀន​ជាង ២០០ បាន​ផ្អាក​ការសិក្សា​បណ្តោះអាសន្ន ព្រោះតែ​ទឹក​លិច​សាលារៀន​ក្នុង​ជម្រៅ​ជ្រៅ ដែល​មិន​អាច​ឱ្យ​សិស្សានុសិស្ស​បន្ត​ការសិក្សា​បាន​។

លោក សុងគី ថ្លែងថា​៖ «​តាម​ការប្រមាណ​របស់​ខ្ញុំ សិស្ស​មិនអាច​សិក្សា​បាន​ចូល​ខ្ទង់​ម៉ឺន​នាក់​ហើយ ហើយ​ភាគច្រើន​ប៉ះពាល់​សាលាបឋមសិក្សា​ទេ ព្រោះ​សាលា​បឋមសិក្សា​នៅ​តាម​ភូមិ កន្លែង​ឆ្ងាយៗ​។ ចំណែក​វិទ្យាល័យ​មាន​ប៉ះពាល់​ដែរ តែ​មិន​ច្រើន​ទេ ព្រោះ​វា​ភាគច្រើន​នៅ​ទីប្រជុំជន​នៅ​កន្លែង​ខ្ពស់ៗ​»​។

លោក យី សុងគី បាន​អះអាងថា ជំនន់​ទឹកភ្លៀង​នឹងមិន​ធ្វើឱ្យប៉ះពាល់​ដល់​ការសិក្សា​របស់​សិស្ស​ថ្នាក់​ទី​ ៩ និង​ទី​ ១២ ដែល​គ្រោង​នឹង​ប្រឡង​បញ្ចប់​ឆ្នាំ​នៅ​ខែធ្នូ​ខាងមុខ​នេះ​នោះទេ​។ យ៉ាងណា​ក៏ដោយ​ស្ថានភាព​ទឹក​នៅ​នឹង​កាលពី​ថ្ងៃទី​ ១៣ ​តុលា ហើយ​ក៏​មិនទាន់​ប៉ះពាល់​ដល់​សាលារៀន​ថែមទៀត​ដែរ​។

លោក​បញ្ជាក់ថា​៖ «​កន្លែង​ខ្លះ​ក៏​មាន​ការគោក​ទឹក​វិញ​ប្រហែល​ជា​ ៤ ទៅ​ ៥ ​សាលា​ (​ដែរ​)​។ ប្រសិនជា​ភ្លៀង​មិនមាន​ការបន្ត​ធ្លាក់​ទៀត​ទេ គឺ​សាលា​យើង​អាច​គោក​លឿន ហើយ​សិស្សានុសិស្ស​យើង​នឹង​បាន​ត្រឡប់​ចូល​សាលា​វិញ​លឿន​»​។

យោធា​សង្គ្រោះ​កុមារា​ចេញពី​តំបន់​ទឹកជំនន់​នៅក្នុង​ខេត្តបាត់ដំបង​។ រូបថត សហការី

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា សាលារៀន​មួយចំនួន​តូច​នៅ​តាម​បណ្ដា​ខេត្ត​ដែល​បាន​លិច​ដោយសារ​ទឹកភ្លៀង​នោះ​ត្រូវ​បាន​បិទទ្វារ និង​ផ្អាក​ការសិក្សា​ជា​បណ្តោះអាសន្ន​។ ខណៈ​មន្ត្រី​នៃ​ក្រសួង​អប់រំ កំពុង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​រក្សា​សុវត្ថិភាព​។

លោក សុវាចា បាន​ថ្លែងថា​៖ «​ក្រសួង​បាន​ធ្វើ​កិច្ចសហការ​​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ផ្ទាល់ ដើម្បី​ត្រៀមលក្ខណៈ​ក្នុង​កត្តា​ចាំបាច់ ដើម្បី​ជួយ​ដល់​ពួកគាត់ តាម​ទិដ្ឋភាព​ជាក់ស្តែង​។ ក្រសួង​បន្ត​ស្វាគមន៍​កិច្ចសហការ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។ យើង​សូម​អំពាវនាវ​ដល់​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ បុគ្គលិក​អប់រំ មេត្តា​បង្កើន​ការប្រុងប្រយ័ត្ន​នាពេល​រដូវភ្លៀង​នេះ ដើម្បី​បន្ត​ថែទាំ​សុខភាព និង​បន្ត​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​ទាំងអស់​គ្នា​»​។

លោក​ក៏​បាន​អះអាង​ផងដែរ​ថា បញ្ហា​គ្រោះទឹកជំនន់​នេះ​គឺ​មិន​បណ្តាល​ឱ្យ​មាន​ការប៉ះពាល់​ដល់​ការសិក្សា​របស់​សិស្ស​ថ្នាក់​ទី​ ៩ និង​ថ្នាក់​ទី​ ១២ ​ដែល​នឹងត្រូវ​ត្រៀមប្រឡង​នាពេល​ខាងមុខ​នេះ​ទេ ខណៈ​ផលប៉ះពាល់​នេះ គឺ​ប៉ះពាល់​សាលារៀន​នៅ​កម្រិត​បឋមសិក្សា​ប៉ុណ្ណោះ​។

គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ឱ្យ​ដឹង​នៅក្នុង​របាយការណ៍​សរុប​នៃ​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ​បាន​ឱ្យ​ដឹងថា សាលារៀន​នៅ​ខេត្ត​បាត់ដំបង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ ចំណែក​ខេត្ត​ដទៃទៀត​ប៉ះពាល់​បន្តិចបន្តួច​ដូចជា​ខេត្ត​បន្ទាយមានជ័យ ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្ត​ប៉ៃលិន និង​ខេត្តសៀមរាប​។

លោក អ៊ុង ស៊ីផាន ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​អង្គារ​ថា ស្ថានភាព​ទឹកជំនន់​ក៏បាន​​ប៉ះពាល់​ពន្ធនាគារ​នៅក្នុង​ខេត្ត​នេះដែរ​ក្នុង​ជម្រៅ​ ១៥ ​សង់ទីម៉ែត្រ​ដែល​មិនអាច​ស្នាក់​នៅបាន និង​តម្រូវ​ចាំបាច់​ត្រូវ​ជម្លៀស​ពួកគេ​ចេញ​ទៅ​កាន់​ពន្ធនាគារ​ខេត្ត​ផ្សេងទៀត​ដែល​នៅជាប់​​ព្រំប្រទល់​ខេត្ត​បន្ទាយមានជ័យ និង​ដែល​មិន​រង​ការវាយប្រហារ​ដោយ​ទឹកជំនន់​។

លោក ស៊ីផាន បាន​បញ្ជាក់ថា​៖ «​គិត​ត្រឹម​ម៉ោង ២:៣០ ​នាទី​រសៀល​ថ្ងៃ​អង្គារ​ [​ម្សិលមិញ​] ​នេះ​អ្នកទោស ៨១១ ​នាក់​ ក្នុង​ចំណោម​អ្នកទោស​សរុប ១ ៦១២ ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​យើង ជម្លៀសចេញ​ទៅ​កាន់​ពន្ធនាគារ​ខេត្តសៀមរាប​។ ចំណែក​អ្នកទោស​នៅ​សល់ សមត្ថកិច្ច​យើង​កំពុង​ទាក់ទង​ពន្ធនាគារ​ខេត្ត​មួយចំនួន​ទៀត ដើម្បី​នាំ​ពួកគេ​ទៅ​ដាក់​ផ្ញើ​ជា​បណ្ដោះអាសន្ន ដើម្បី​ការពារ​សុវត្ថិភាព​»​។

ក្រៅពី​ប៉ះពាល់​ដល់​អ្នក​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​នៅក្នុង​ខេត្ត​នេះ​ក៏​បាន​បណ្ដាល​ឱ្យមាន​មនុស្ស​ស្លាប់ និង​ជម្លៀស​ខ្លួន​ទៅកាន់​ទីទួល​សុវត្ថិភាព​រួមទាំង​​ប៉ះពាល់​ដំណាំ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផងដែរ​។

លោក លី សារី អភិបាលរង​ខេត្ត និង​អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជំនន់​នៅក្នុង​ខេត្ត​នេះ​បាន​បង្ក​ឱ្យ​មនុស្ស​ ៥ ​នាក់​ស្លាប់ និង​ជាង ១ ៣០០ ​នាក់​ទៀត​ក្នុង​ចំណោម​មនុស្ស ១៣ ២៧៦ ​នាក់​ត្រូវ​បាន​ជម្លៀសចេញ​ទៅកាន់​ទីទួល​សុវត្ថិភាព ដោយសារ​តែ​ផ្ទះ​របស់​ពួកគេ​ត្រូវបាន​លិច​ទាំងស្រុង​។

ប៉ះពាល់​ដំណាំ​ស្រូវ ៥ ៨៤១ ​ហិកតា ដំឡូងមី ១ ៨៩៣ ​ហិកតា និង​ដំណាំ​រួមផ្សំ​ ៣៦៦ ​ហិកតា ព្រមទាំង​ធ្វើឱ្យ​ប៉ះពាល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ២០១ ​កន្លែង​មាន​ប្រវែង​សរុប​ជាង​ ៧៩ ​គីឡូម៉ែត្រ និង​លិច​វត្ត​អារាម ២៣ ​កន្លែង សាលារៀន​ ២៥ ​កន្លែង និង​មណ្ឌល​សុខភាព​ចំនួន ៣ ​កន្លែង​ផងដែរ​។

លោក សារី បាន​ថ្លែងថា​៖ «​នៅពេល​នេះ​ទឹក​កំពុង​បន្ត​ជន់លិច​នៅក្នុង​តំបន់​មួយចំនួន​ទៀត​រួមទាំង​ពន្ធនាគារ​ក៏ត្រូវ​ជន់​លិច​ផងដែរ​»​។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​តាម​ការព្យាករ​ឱ្យដឹងថា កម្ពុជា​បន្ត​ទទួលរង​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​បណ្តាល​មកពី​ព្យុះ​ទី​ ១៦ ឈ្មោះ ណាកា នៅលើ​សមុទ្រ​ចិន​ខាងត្បូង និង​ព្យុះ សូដែល ដែល​មាន​កម្លាំង​ខ្លាំង​ចាប់ពី​ថ្ងៃទី​ ១៤ ដល់​ថ្ងៃទី​ ២០ តុលា​។ កម្ពុជា​ស្ថិតក្រោម​ឥទ្ធិពល​នេះ​នៅ​ចន្លោះ​ថ្ងៃទី​ ១៨ និង​១៩ នឹង​ធ្វើឱ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន និង​តំបន់​មាត់សមុទ្រ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពាវនាវ​សាជាថ្មី​ផងដែរ​ទៅ​ដល់​សាធារណជន​នៅ​ទូទាំង​ប្រទេស​ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ​រន្ទះ ខ្យល់​កន្ត្រាក់ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទី​ទំនាប ក្បែរ​ផ្លូវទឹក​ជាប់​តំបន់ភ្នំ និង​រលក​ដែល​អាច​កើតមាន​នៅក្នុង​សមុទ្រ​៕

វីដេអូ៖