កំពង់ចាមៈ ​សិស្ស​ស្រី​ អាយុ ​១៥ ​ឆ្នាំ​ ២ ​នាក់​បាន​ស្លាប់​នៅ​លើ​ដង​ផ្លូវ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​សុក្រ ដោយសារ​រថយន្ត​ធុន​ធំ​បើក​បុក​ពី​ក្រោយ​ទៅ​លើ​ក្រុម​សិស្ស​ដែល​កំពុង​ជិះ​កង់​ចេញ​ពី​សាលា​រៀន​ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ក្រឡា​ ​ស្រុក​កំពង់សៀម​ ខេត្ត​កំពង់ចាម​ ​ខណៈ​​អ្នក​បើកបរ​រថយន្ត​បង្ក​ហេតុ​ ​ត្រូវ​បាន​តុលាការ​ ខេត្ត​កំពង់ចាម​ ​សម្រេច​ឲ្យ​ឃុំ​ខ្លួន​ជា​បណ្ដោះសន្ន​នៅ​ពន្ធនាគារ​ខេត្ត ដោយ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​ដោយ​ធ្វេស​ប្រហែស​ ​បណ្ដាល​ឲ្យ​អ្នក​ដទៃ​ស្លាប់​ និង​របួស។​

លោក​ ​សោម​ ​រស់​ ​ប្រធាន​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ខេត្ត​កំពង់ចាម​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​នៅ​ថ្ងៃ​អាទិត្យ​ថា​ ​កាល​ពី​ថ្ងៃ​សុក្រ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​នៅ​ចំណុច​ក្បែរ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​ក្រឡា ​ស្រុក​កំពង់សៀម​ ​ដោយ​អ្នក​បើកបរ​រថយន្ត​ធុនធ្ងន់​ ១ គ្រឿង ពាក់​ស្លាក​លេខ​ ​កំពង់ចាម​ ​3A-4058​ បាន​បើក​បុក​រះ​ពី​ក្រោយ​ កង់​សិស្ស​សាលា ​១ ​ក្រុម ​មាន​គ្នា ​៥ ​​នាក់ ​ដែល​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ពី​សាលា​ទៅ​ផ្ទះ​វិញ​នា​ពេល​ថ្ងៃ​ត្រង់​។​ ​​

លោក​ ​រស់ ​បាន​បន្ត​ថា​ ​ក្នុង​ហេតុ​ការណ៍​នោះ​ ​បាន​បណ្ដាល​ឲ្យ​យុវតី​ម្នាក់​ឈ្មោះ ​រុន​ ធារ៉ា​ អាយុ ​១៥ ​ឆ្នាំ​ ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ ​និង​ប្អូន​ស្រី​ជីដូន​មួយ​របស់​នាង​ម្នាក់​ឈ្មោះ ​រុន​ សុខចាន់​ អាយុ ​១៥ ​ឆ្នាំ​ ​ស្លាប់​ពេល​ក្រុម​គ្រួសារ​ ​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​បាន​ពាក់​កណ្ដាល​ផ្លូវ ខណៈ​យុវតី ​៣ ​នាក់​ទៀត ​ដែល​រួម​មាន​ឈ្មោះ ​ផែង​ ​ម៉ារីយ៉ា​ ​អាយុ ​១៦ ​ឆ្នាំ,​ ផែង​ សុភ័ង​ អាយុ ​១៦ ​ឆ្នាំ ​និង​ឈ្មោះ នូ ​ពីន​ ​អាយុ ​១៧ ​ឆ្នាំ​ ​បាន​រង​របួស​ធ្ងន់​ ​ដែល​បច្ចុប្បន្ន​ ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​។​

ដោយ​​ឡែក​ ​អ្នក​បើកបរ​រថយន្ត​បង្ក​ហេតុ​ឈ្មោះ​ ​មាស​ ​ម៉ារ៉ុ​ន​ ​អាយុ ​២៤ ​ឆ្នាំ​ មាន​​លំនៅ​ភូមិ​ទួល​ពភ្លា​ ​ឃុំ​ស្រឡៅ ​ស្រុក​បារាយណ៍​ ​ខេត្ត​កំពង់ធំ​ បាន​ព្យាយាម​បើក​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​ប្រមាណ​ជាង ​១០ ​គីឡូ​ម៉ែត្រ​ ​ដើម្បី​គេច​វេះ​ពី​ការ​ទទួល​ខុស​ត្រូវ​ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​អ្នក​ភូមិ​ដែល​ឃើញ​ហេតុការណ៍​នោះ​ជិះ​ម៉ូតូ​​ប្រដេញ​តាម​ពី​ក្រោយ​ ​និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ស្ទាក់​ចាប់​បាន​នៅ​ស្រុក​ព្រៃឈរ​។​

លោក​ ​បាន​បញ្ជាក់​ថា​៖ ​«​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​យើង​ត្រួត​ពិនិត្យ​ជាតិ​អាកុល​ ​និង​រក​ឃើញ​មាន​កម្រិត​ជាតិ​អាល់កុល​ក្នុង​ខ្លួន​រហូត​ដល់​ ​០,៩៣ ​មិល្លីលីត្រ​ខ្យល់​។​ ​ក្រោយ​បញ្ចប់​ការ​សាកសួរ​ចម្លើយ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរិ៍​ ​សមត្ថកិច្ច​យើង​​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលាការ​ខេត្ត​កំពង់ចាម​ ​ហើយ​តុលាការ​បាន​សម្រេច​ចោទ​ប្រកាន់​ជន​សង្ស័យ​ពី​បទ​បើកបរ​ដោយ​ធ្វេស​ប្រហែស​ ​បណ្ដាល​ឲ្យ​អ្នក​ដទៃ​ស្លាប់​ តាម​បញ្ញត្តិ​មាត្រា ​៨៥ ​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​»​។​

យោង​តាម​មាត្រា​ច្បាប់​ខាង​លើ​នេះ ​ជន​សង្ស័យ​នឹង​ប្រឈម​ការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី ​៣ ​ឆ្នាំ ​ទៅ ​៥ ​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី ​១០ ​លាន​រៀល​ ​ដល់ ​២៥ ​លាន​រៀល​។​

កាល​ពី​ម្សិលមិញ​ ​ម្ដាយ​សិស្ស​ស្រី​រងគ្រោះ​ឈ្មោះ ​រុន ​សុខចាន់​ ​គឺ​អ្នកស្រី ​គី​ ទីន​ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ គាត់ ​និង​បង​ថ្លៃ​ស្រី​របស់​គាត់​ឈ្មោះ ​នូវ​ ​ចិន្តា​ ​ដែល​ជា​ម្ដាយ​របស់​សិស្ស​​ឈ្មោះ ​រុន ធារ៉ា​ ​បាន​ដាក់​ពាក្យ​ប្ដឹង​​រួច​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​បាន​ទាមទារ​​​​​​សំណង ​ [រដ្ឋប្បវេណី]​ ១៥ ០០០ ​ដុល្លារ​ ​ក្នុង​ម្នាក់ៗ​ ​និង​សុំ​ឲ្យ​ផ្តន្ទាទោស​អ្នក​បើកបរ​នោះ​ទៅ​តាម​ច្បាប់​តែ​ឲ្យ​ធ្ងន់ធ្ងរ​បំផុត​។​

ចំណែក​អ្នកស្រី​ ​សេង​ ​ផល្លា​ ​ដែល​ត្រូវ​ជា​ម្ដាយ​យុវតី​រងគ្រោះ​ឈ្មោះ ​ផែង​ ម៉ារីយ៉ា​ ​ដែល​ឥឡូវ​នេះ នាង​កំពុង​ស្ថិត​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ក្នុង​ទីក្រុង​ភ្នំពេញ​ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ​អ្នកស្រី​នៅ​មិន​ទាន់​សម្រេច​ថា ​នឹង​ត្រូវ​ទាមទារ​សំណង​ជំងឺ​ចិត្ត​បែប​ណា​នៅ​ឡើយ​ទេ ​ប៉ុន្តែ​អ្នកស្រី​​សង្ឃឹម​ថា​ ​បង​ប្អូន​សាច់​ញាតិ​អ្នក​បើកបរ​រថយន្ត​​ និង​​ម្ចាស់​រថយន្ត​ គប្បី​ចុះ​មក​សួរ​សុខ​ទុក្ខ​កូន​ស្រី​របស់​គាត់​​នៅ​មន្ទីរពេទ្យ​ ​ដើម្បី​ពិនិត្យ​អំពី​ស្ថានភាព​ជំងឺ​កូន​ស្រី​គាត់​ និង​សូមទោស​ចំពោះ​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​។​

អ្នក​ស្រី ​ផល្លា​ ថ្លែង​ថា​៖ ​«​គ្រូ​ពេទ្យ​ប្រាប់​ថា ​កូន​ខ្ញុំ​បាក់​ឆ្អឹង​ថ្គាម​ ២ ​កំណាត់​ ​ដែល​ត្រូវ​ចំណាយ​ពេល​យូរ​នៅ​ក្នុង​ការ​ព្យាបាល​ដោយ​វះ​កាត់​​ ដើម្បី​ត​អប​ឆ្អឹង​ឡើង​វិញ​ ​ប៉ុន្តែ​វា​អាច​បាត់បង់​ទ្រង់ទ្រាយ​ដើម​នៃ​ទម្រង់​មុខ​។​ ​ចំណែក​របួស​ជើង​ដៃ​ គឺ​ ​មិន​សូវ​ជា​ធ្ងន់ធ្ងរ​ទេ​ ​ដូច្នេះ​អ្វី​ដែល​ខ្ញុំ​ចង់​បាន​គឺ​សូម​ឲ្យ​ភាគី​ជន​បង្ក​ទទួល​ខុស​ត្រូវ​ព្យាបាល​កូន​ស្រី​ខ្ញុំ​ឲ្យ​ជា​ ​ដើម្បី​នាង​បាន​ចូល​រៀន​បន្ត​ទៀត​»​។​

លោក​ ​មៀច​ ​ស៊ាង​រ៉េត​ ​នាយក​​វិទ្យាល័យ​សម្ដេច​ជួន​ណាត​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹង​ថា​ ​សិស្ស​ស្រី​រងគ្រោះ​ទាំង ​៥ ​នាក់​នោះ​ ​សុទ្ធ​តែ​រៀន​ថ្នាក់​ទី​៩ ​ដែល​នឹង​ត្រូវ​ប្រឡង​យក​សញ្ញាបត្រ​មធ្យម​សិក្សា​បឋមភូមិ​ ​នៅ​ថ្ងៃ​ទី ​៥​ ​ខែ ​សីហា​ ​ឆ្នាំ​ ​២០១៩ ​ខាង​មុខ​នេះ​។ ​តែ​ពួក​គេ​​ត្រូវ​បាត់បង់​​ឱកាស​ទាំង​ស្រុង​ក្នុង​ការ​ចូលរួម​ប្រឡង៕