ភ្នំពេញ: សិស្សស្រី​ ២ ​នាក់​ អាយុប្រមាណ​ជា​ ១៥ ​ឆ្នាំ​ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ១៣ ខែ​មេសា​ នៅ​ពន្ធនាគារ ខណៈ​ពេល​ដែល​ពួកគេ​កំពុង​ព្យាយាម​យក​គ្រឿង​បរិភោគ​ ដើម្បី​ទំនុកបម្រុង​ដល់​ញាតិ​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ​ដោយ​បង្កប់​នូវ​សារធាតុ​គ្រឿងញៀន​ខុសច្បាប់​។

លោក ជីម ស៊ីថា អធិការនគរបាល​ខណ្ឌ​ដង្កោ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ក្មេងស្រី​ទាំង​ ២ ​នាក់​នោះ​ជា​សិស្សសាលា​មាន​អាយុ​ ១៥ ​ឆ្នាំ​ដូចគ្នា​ជា​ជនជាតិខ្មែរ​។ ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ និង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ​។

លោក ស៊ីថា ថ្លែង​ថា​៖ «​ជនសង្ស័យ​ទាំង​ ២ ​នាក់​នោះ​មន្ត្រី​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ជា​អ្នក​ឃាត់ខ្លួន ហើយ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខ្ញុំ​ចាត់​ការបន្ត ហើយ​ក្រុមការងារ​ខ្ញុំ​កំពុង​សាកសួរ និង​គ្រោង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃទី​ ១៥ ខែមេសា​ នេះ ដើម្បី​តុលាការ​ចាត់ចែង​បន្តទៀត​។ ករណីនេះ​មន្ត្រី​ពន្ធនាគារ​ជា​អ្នក​ឃាត់ខ្លួន​ជនសង្ស័យ ហើយ​រឿង​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ខ្ញុំ​អត់​ដឹង​ទេ​»​។

លោក ម៉ាក គន្ធា នាយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​សង្កាត់​ព្រៃវែង​ក្នុង​ខណ្ឌដង្កោ បាន​ថ្លែង​ពី​ម្សិលមិញ​ថា ក្មេងស្រី​សិស្សសាលា ២ ​នាក់​ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​កាលពី​យប់​ថ្ងៃទី ១៣ ខែ​មេសា បន្ទាប់ពី​ទទួល​សំណុំរឿង​ពី​កម្លាំង​មន្ត្រី​អនុរក្ស​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ខណៈ​ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ការយក​គ្រឿងញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​ ៩ ​កញ្ចប់ (​ច្រក​ថង់​តូច​) ដាក់​បង្កប់​ក្នុង​ផ្លែ​ត្រប់​យក​ទៅ​ឲ្យ​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ)​។

លោក គន្ធា បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា​៖ «​សំណុំ​រឿងនេះ​ខ្ញុំ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​កាលពី​យប់​ថ្ងៃទី​ ១៣ ខែ​មេសា បន្ទាប់ពី​ទទួល​សំណុំរឿង​ពី​កម្លាំង​មន្ត្រី​អនុរក្ស​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ហើយ​រឿង​អ្វី​លើស​ពី​នេះ ខ្ញុំ​អត់​អាច​និយាយ​បាន​ទេ ទុក​ឲ្យ​ថ្នាក់លើ​ចាត់ចែង​តាមច្បាប់​»​។

លោក នុត សវនា អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ​ដោយ​បាន​អះអាង​ថា មិនទាន់​បាន​ទទួល​​ដំណឹង​នេះ​នៅឡើយ ប៉ុន្ដែ​ប្រហែល​សមត្ថកិច្ច​ជំនាញ​កំពុង​រៀបចំ​សំណុំ​រឿងនេះ​បញ្ជូនទៅ​តុលាការ​។

លោក សវនា បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា​៖ «​ប្រសិនបើ​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ឬ​សាច់ញាតិ​អ្នក​ជាប់ពន្ធនាគារ​ដែល​ក្លែងបន្លំ​យក​វត្ថុ​ហាមឃាត់​ចូលក្នុង​ពន្ធនាគារ​គឺ​យើង​ប្រគល់​សំណុំរឿង​ឲ្យ​ទៅ​សមត្ថកិច្ច​មូលដ្ឋាន បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន គាត់​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​បន្តទៀត​ទៅ​តុលាការ ហើយ​ពេល​តុលាការ​សម្រេច​យ៉ាងម៉េច​ទៀត​ទើប​បញ្ជូន​មក​ខាង​ពន្ធនាគារ​គ្រប់គ្រង​វិញ​»​។

តាម​គេហទំព័រ​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ក្មេងស្រី​សិស្សសាលា​ ២ ​នាក់​ត្រូវ​បាន​កម្លាំង​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ឃាត់​ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃវែង​ពាក់ព័ន្ធ​ការយក​គ្រឿងញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​ ៩ ​កញ្ចប់​តូច​ដាក់​បង្កប់​ក្នុង​ផ្លែ​ត្រប់ បម្រុង​យក​ទៅ​ឲ្យ​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ស្ថិត​នៅ​ភូមិ​​កំរៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ កាលពី​រសៀល​ថ្ងៃទី ​១៣ ខែមេសា​។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បន្តថា កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃវែង​បាន​ទទួល​ដំណឹង​ពី​មន្ត្រី​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ដោយ​មាន​ជនសង្ស័យ​ចំនួន​ ២ ​នាក់​ភេទ​ស្រី​អាយុ​ ១៥ ​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​ជា​សិស្ស រស់នៅ​សងា្កត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ​ជាមួយ​នឹង​វត្ថុតាង​ដូចជា គ្រឿងញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​ ៩ ​កញ្ចប់​តូច ទូរស័ព្ទ​ ២ ​គ្រឿង ផ្លែ​ត្រប់​ប្រហែល ៣ ​គីឡូក្រាម និង​សម្ភារ​មួយ​ចំនួន​ទៀត​។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ថា ពួកគេ​បម្រុង​យក​ទៅ​ឲ្យ​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​​រាជធានី​ភ្នំពេញ (PJ) ក៏ត្រូវ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​បាន​ធ្វើការ​ឆែកឆេរ​រកឃើញ គ្រឿង​ញៀន​ប្រភេទ​ក្រាម​ពណ៌ស​ថ្លា​ចំនួន ៩ ​កញ្ចប់​ថង់​តូច ហើយ​ក៏​បាន​ឃាត់​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃវែង​សាកសួរ និង​បញ្ជូនមក​​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​តាម​នីតិវិធី​ច្បាប់​៕