បន្ទាយមានជ័យៈ សិស្សសាលា ២០ នាក់ នៃវិទ្យាល័យភ្នំធំក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យមានអាការថប់ដង្ហើមហើយបានសន្លប់តគ្នាជាបន្តបន្ទាប់ ខណៈអាកាសធាតុនៅក្នុងតំបន់នោះកាលពីព្រឹកថ្ងៃពុធម្សិលមិញមានភាពស្អុះស្អាប់ និងហប់ខ្យល់ខ្លាំង។ នេះបើតាមលោក ឆែម ម៉ូដែល នាយកវិទ្យាល័យភ្នំធំ។
លោក ម៉ូដែល បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅវេលាម៉ោង ១០:០៥ នាទីព្រឹកថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២១ សិស្សទាំងអស់ត្រូវបានអនុញ្ញាតឱ្យចេញលេង ពេលនោះសិស្សស្រីថ្នាក់ទី ១០ ម្នាក់បានដើរមកអង្គុយលេងនៅលើបង់ ក្រោមម្លប់ដើមឈើនៅមុខថ្នាក់រៀនរបស់គាត់។
ប្រមាណជា ៣ នាទីក្រោយមកសិស្សស្រីនោះក៏ស្រែកប្រាប់ឱ្យមិត្តភក្ដិជួយគក់ខ្នង និងច្របាច់ញីក្បាលរបស់នាង ដោយនាងបានប្រាប់ទៅមិត្តភក្តិរបស់នាងថានាង «ថប់ដង្ហើមខ្លាំងណាស់»។
លោកបានបញ្ជាក់ថា៖ «បន្ទាប់មកនាងក៏បានទន់ដៃទន់ជើង ហើយដួលសន្លប់តែម្ដង។ ឃើញដូច្នោះ មិត្តភក្តិរបស់នាងមួយចំនួនមានអាការភ័យតក់ស្លុត ហើយក៏បានដួលសន្លប់តាមគ្នាជាបន្តបន្ទាប់រហូតកើនដល់ ២០ នាក់»។
បើតាមលោក ម៉ូដែល ក្រោយមានករណីនេះកើតឡើង រូបលោក និងលោកគ្រូអ្នកគ្រូ ព្រមទាំងអាជ្ញាធរមូលដ្ឋានបានជួយអន្តរាគមន៍ ហៅរថយន្តសង្គ្រោះ ដឹកសិស្សទាំងនោះទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មណ្ឌលសុខាភិបាលភ្នំតូច មណ្ឌលសុខភាពអូរប្រាសាទ និងតាមគ្លីនិកមួយចំនួនទៀត ក្នុងស្រុកមង្គលបុរី ដើម្បីពិនិត្យព្យាបាល។
លោកបានបន្ថែមថា៖ «គិតត្រឹមម៉ោង ៣ រសៀលថ្ងៃពុធ [ម្សិលមិញ] នេះ សិស្សទាំងនោះបានធូរស្រាល និងត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញអស់ហើយមិនមានបញ្ហាអ្វីនោះទេ»។
ទោះយ៉ាងណាកាលពីម្សិលមិញ សិស្សដែលត្រូវចូលរៀនវេនថ្ងៃត្រូវបានអនុញ្ញាតឱ្យឈប់សម្រាក ដើម្បីការពារមានករណីដួលសន្លប់បែបនេះកើតឡើងជាថ្មីម្ដងទៀត។ នេះបើតាមលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី។
លោកបានថ្លែងថា៖ «យោងតាមការចុះពិនិត្យជាក់ស្ដែង បន្ទប់រៀនមានលក្ខណៈតូចចង្អៀត បើធៀបទៅនឹងចំនួនសិស្ស ដែលមានរហូតដល់ ៥៥ នាក់ក្នុង ១ បន្ទប់។ អាកាសធាតុនៅម៉ោង ១០ ព្រឹក ក្នុងតំបន់នោះបានកើនកម្តៅដល់ ៣៥ អង្សាសេ ហើយហប់ខ្យល់ ទើបជាហេតុធ្វើឱ្យសិស្សដួលសន្លប់។ ក្នុងស្ថានភាពនេះខ្ញុំបានស្នើឱ្យលោកនាយកសាលាផ្អាកការសិក្សាសម្រាប់សិស្សវេនថ្ងៃ ១ ពេលសិន ដើម្បីសម្រួលស្ថានការណ៍កុំឱ្យកើតមានជាបន្តទៀត»។
លោកបានបន្តថា ក្នុងចំណោមសិស្សទាំង ២០ នាក់ មាន ៥ នាក់មានអាការធ្ងន់ធ្ងរ ក្រៅពីនោះ គឺមានអាការតិចតួចប៉ុណ្ណោះ៕