ភ្នំពេញៈ មេធាវីការពារសិទ្ធិលោក ហុង សុខហួរ ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងបានបម្រុងប្រាក់ ១០ លានរៀលដើម្បីដាក់តម្កល់ធានាឲ្យកូនក្តីរបស់ខ្លួនបាននៅក្រៅឃុំស្របពេលដែលសាលាឧទ្ធរណ៍គ្រោងបើកសវនាការលើការស្នើសុំនៅក្រៅឃុំនៅព្រឹកថ្ងៃពុធស្អែក។
ក្រោយពីទទួលបានលិខិតកោះអញ្ជើញចូលរួមសវនាការនៃពាក្យប្តឹងសុំនៅក្រៅឃុំរបស់កូនក្តីខ្លួនដែលគ្រោងធ្វើនៅវេលាម៉ោង ៨ ព្រឹកថ្ងៃពុធស្អែកនេះលោកមេធាវី ជូង ជូងី បានឲ្យដឹងថាក្រុមមេធាវីបានសម្រេចតាមនីតិវិធីតម្កល់ប្រាក់ចំនួន ១០ លានរៀលដែលប្រហែលនឹង ២៥០០ ដុល្លារដើម្បីធានាដល់កូនក្តីឲ្យបាននៅក្រៅឃុំ។
លោកថា៖ «រឿងថាអាចត្រូវដោះលែងក្រៅឃុំឬអត់នោះខ្ញុំមិននិយាយរឿងសង្ឃឹមឬមិនសង្ឃឹមទេក្នុងនាមជាមេធាវីគឺយើងធ្វើ (ការងារ) តាមបច្ចេកទេស និងនីតិវិធីតែប៉ុណ្ណោះ»។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងចៅក្រមសាលាឧទ្ធរណ៍លោកស្រី យ៉ិន សុគន្ធារី ដែលបានចេញលិខិតកោះអញ្ជើញនេះបានទេកាលពីម្សិលមិញ។
កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១៥ ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីបានសម្រេចពន្យារពេលសវនាការជំនុំជម្រះរឿងក្តីលោក ហុង សុខហួរ លើកទៅពេលក្រោយដោយមិនកំណត់ដែលករណីនេះត្រូវបានក្រុមមេធាវីចាត់ទុកថាជាចេតនាមួយមិនឲ្យលោកបង្ហាញនូវនីតិវិធីដោះបន្ទុកកូនក្តី។
បើតាមលោក ជូង ជូងី ក្រុមមេធាវីមានភ័ស្តុតាងជាក់លាក់ដែលទទួលបានពីអ៊ីនធឺណិតដើម្បីដោះបន្ទុក និងជួយលោក ហុង សុខហួរ ឲ្យរួចផុតពីការចោទប្រកាន់ប៉ុន្តែលោកបដិសេធបង្ហាញពីភ័ស្តុតាងមុនសវនាការដោយបារម្ភថានឹងមានជនទុច្ចរិតបំផ្លាញភ័ស្តុតាង។
បច្ចុប្បន្នលោក ហុង សុខហួរ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសដោយរងការចោទប្រកាន់បីបទល្មើសរួមមាន ការក្លែងឯកសារសាធារណៈ ការប្រើប្រាស់ឯកសារក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមពាក់ព័ន្ធនឹងការបកស្រាយសន្ធិសញ្ញាព្រំដែន កម្ពុជា-វៀតណាម ឆ្នាំ ១៩៧៩ ដែលត្រូវបានដាក់បង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។
លោក ហុង សុខហួរ ត្រូវបានចាប់ខ្លួននៅថ្ងៃទី ១៥ ខែសីហាប៉ុន្មានថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យនគរបាលតាមចាប់ខ្លួនដោយចោទថាក្បត់ជាតិចំពោះអ្វីដែលលោក ហ៊ុន សែន ថាបានក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម។ ប៉ុន្តែករណីនេះគណបក្សសង្គ្រោះជាតិ និងមជ្ឈដ្ឋានជាច្រើនទៀតបានចាត់ទុកថាជារឿងនយោបាយដើម្បីដាក់សម្ពាធទៅលើគណបក្សសង្គ្រោះជាតិដែលកំពុងតែមានភាពសកម្មយ៉ាងខ្លាំងក្នុងការបើកកកាយពីបញ្ហាការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមដែលតែងតែមានភាពរសើបខ្លាំង៕