ភ្នំពេញៈ ​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក សុខ ទូច ​​លើក​ឡើងថា​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នឹង​ក្លាយជា​ជន​ក្បត់​អធិបតេយ្យ​ភាព​កម្ពុជា​និង​ធ្វើ​ខុសពី​រដ្ឋធម្មនុញ្ញ ​ប្រសិនបើ​លោក​ប្ដូរ​ចិត្ត​ធ្វើតាម​ការចង់បាន​រប​ស់​សហភាព​អឺរ៉ុប​ជុំវិញ​រឿង ​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA ​ពី​កម្ពុជា​នោះ ​ប៉ុន្តែ​ផ្ទុយទៅវិញ​ ​បើ​នៅតែ​រក្សា​ជំហរ​ដដែល ​លោក​ ហ៊ុន សែន ​នឹង​ទទួល​បាន​​ឱកាស​ធ្វើឱ្យ​កម្ពុជា​រឹតតែ​រឹងមាំ​ជាង​មុន។

ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុមូល​ដែល​រៀបចំឡើង​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ពី​ថ្ងៃទី ១៥ ​កុម្ភៈ ​លោក​ សុខ ទូច ​​អះអាង​ថា ​ប្រសិនបើ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ធ្វើតាម​ការគូសបញ្ជាក់​ពី​ក្រុមអ្នកវិភាគ ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក ​ដោយសារតែ​រឿង​នីតិ​វិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខ​ទំនិញ ​លើកលែងតែ​អាវុធ​ Everything But Arms (EBA) ពី​កម្ពុជា​នោះ ​ហើយ​ធ្វើការ​ដោះ​លែង​លោក កឹម សុខា​ អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​គឺ​មានន័យ​ស្មើ​នឹង​លក់​អធិបតេយ្យភាព​និង​ធ្វើឱ្យ​រដ្ឋធម្មនុញ្ញ​លែងមាន​តម្លៃ​ជា​ច្បាប់​កំពូល​របស់​ជាតិ។

បើតាម​លោក ​សុខ ទូច ​បើ​និយាយ​អំពី​ទិដ្ឋភាព​ច្បាប់​ លោក​ ហ៊ុន សែន ​មិន​អាច​មាន​សិទ្ធិ​ដោះលែង​លោក​ កឹម សុខា ​តាម​ការស្នើសុំ​របស់​សហភាព​អឺរ៉ុប​នោះទេ ​ព្រោះ​លោក ​កឹម សុខា ​មិនមែន​ជា​អ្នកទោស​នយោបាយ​ដូច​ការអះអាង​ពី​សហគមន៍​អន្តរជាតិ​ឡើយ​ព្រោះ​ការ​ចោទ​ប្រកាន់​លោក​ កឹម សុខា ​គឺ​ធ្វើឡើង​ស្របតាម​អង្គច្បាប់​ អង្គហេតុ ​និង​មាន​ភ័ស្ដុតាង​ដាក់បន្ទុក​គ្រប់គ្រាន់​ ដែលជា​អ្វី​មាននៅ​ក្នុង​ខ្សែ​វីដេអូ​ដែល​លោក​ កឹម សុខា ​បាន​ថ្លែង​យ៉ាងច្បាស់​នៅក្នុង​ប្រទេស ​អូស្ដ្រាលី។

លោក ​សុខ ទូច​ បញ្ជាក់​ថា​៖ «រក​អធិបតេយ្យ​អី​ទៀត​ បើ​ច្បាប់​មិន​អនុវត្ត ​ព្រោះ​សម្ដេចនាយក​រដ្ឋមន្ត្រី​ជា​អង្គនីតិ​ប្រតិបត្តិ ​មិនមែន​អង្គ​នីតិ​តុលាការ​ទេ ​ហើយ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ក៏មាន​សភា ​ហើយ​គេ​ថា​សភា​ឯក​បក្ស ​អ្នកណា​ឱ្យ​ឯក​បក្ស ​យួន ​ឡាវ ​គឺ​អត់​ទេ​ តែ​ជា​ប្រជាជន​កម្ពុជា​ដែល​បោះឆ្នោត​ឱ្យ​ ៨៣,២% ​ក្រែង​ជា​ប្រជាធិប​តេយ្យ»។

លោក​ថា ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ​គឺជា​ឱកាស​សម្រាប់​កម្ពុជា​ទៅវិញ​ទេ ​ប្រសិន​បើ​កម្ពុជា​ប្រឹង​ពង្រឹង​ខ្លួន​ធ្វើកំណែ​ទម្រង់​បន្ថែម​ទៀត​តាមរយៈ​កម្ចាត់​អំពើ​ពុករលួយ ​ដូច​ដែលរដ្ឋាភិបាល​ទើប​អនុវត្ត​កំណែ​ទម្រង់​នាពេល​ថ្មីៗនេះ ​ដើម្បី​លុប​បំបាត់​កាំកុងត្រូល​នៅតាម​ព្រំដែន ​និង​ការលុបបំបាត់​ការិយាល័យ​ក្រសួង​តាម​ខេត្ត​ខ្លះ​ជាដើម។

កាលពី​ថ្ងៃ​ទី ១២ ​កុម្ភៈ ​សហភាព​អឺរ៉ុប​បានសម្រេច​ចាប់ផ្ដើម​នីតិវិធី​រយៈពេល ​១៨ ខែ​ដែល​អាចឈាន​ទៅដល់​ការ​ផ្អាក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ពី​កម្ពុជា ​ជា​បណ្តោះ​អាសន្ន ​លើ​គ្រប់​មុខ​ទំនិញ​លើកលែងតែ​អាវុធ​ហៅថា​ EBA​ ដែល​បើកឲ្យ​នាំ​ចូល​ទៅ​លក់​នៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ ដោយ​សារ​សង្កេត​ឃើញថា ​កម្ពុជា​ធ្លាក់ចុះ​កាន់តែ​ខ្លាំងនូវ​​លទ្ធិ​ប្រជា​ធិប​តេយ្យ ​ការគោ​រព​សិទ្ធិមនុស្ស និង​ការ​អនុវត្ត​ច្បាប់។

ចំណែក​លោក​ Arnaud Darc ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​​ថ្លែងថា ​ក្នុងនាម​លោក​​តំណាងឱ្យ​ក្រុមហ៊ុន​អឺរ៉ុប​ចំនួន​ ៣៥០ ​នៅ​កម្ពុជា ​មានការ​សោកស្ដាយ​ជុំវិញ​គម្រោង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA នេះ ​ព្រោះ​លោក​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ថា​ សេចក្ដីសម្រេច​នេះ​មិន​ត្រឹមតែ​អាច​បង្ក​ជា​គ្រោះហានិភ័យ​ដល់​សមិទ្ធផល​ភាពជា​ដៃគូ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា-អឺរ៉ុប​នាពេល​កន្ល​ងមក​ និង​ទៅ​អនាគត​ទេ ​ប៉ុន្តែ​ក៏​អាច​បង្កជា​គ្រោះ​ហានិភ័យ​ដល់​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗដែល​ទទួល​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប​ក្នុង​រយៈពេល​ជាង​ ២ ទសវត្សរ៍​មកនេះ​ដែរ ​ស្របពេល​គម្រោង​ទាំងនោះជួយ​ឱ្យ​ពលរដ្ឋ​កម្ពុជា​រាប់លាន​នាក់​មាន​ជីវភាព​កាន់តែ​ប្រសើរ។

លោកបន្តថា ​គម្រោង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​គឺជា​សញ្ញា​ដ៏​អវិជ្ជមាន​មួយ​ដែរ​សម្រាប់​អ្នក​ដែល​ចង់​មក​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៩ ​ហើយ​វា​ក៏​អាច​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ក្រុម​កម្មករ​ដែល​ភាគច្រើន​ជា​ស្ដ្រី ​ប្រសិនបើ​ការអនុគ្រោះ​ពន្ធ​នោះ​ត្រូវ​ផ្អាក​មែន។

ដើម្បី​​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប​នៅ​ដដែល ​លោក Arnaud Darc ថា ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ​សង្គម​ស៊ីវិល ​សហជីព ​ក្រុមហ៊ុន​ជាដើម ​រួមទាំង​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា ​មាន​ឱ​កាស​ចាប់ពី​ពេលនេះ​ដល់​ថ្ងៃ​ទី ១១ ​ខែក្រោយ ​ដើម្បី​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​អឺរ៉ុប​តាមរយៈការ​សរសេរ​សំបុត្រ ​ដើម្បី​​ប្រាប់​ពួកគេ​អំពី​បញ្ហា​ប្រឈម។

លោក​ថា​៖ «ក្នុង​រយៈពេល​ ១ ​ខែ​នេះ ​គឺ​យើង​មាន​សិទ្ធិ​តំណាង​សម្រាប់​ក្រុមហ៊ុន​ដើម្បី​សរសេរ​ជា​លិខិត​ទៅខាង​ EU ​ផ្ទាល់​អំពី​ផលប៉ះ​ពាល់​ និង​អ្វីដែល​អាច​កើត​នៅ​ប្រទេស​កម្ពុជា​ទាំងមូល​ ហើយ​និង​​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ផងដែរ។ ផ្ញើ​សំបុត្រ​ដើម្បីឱ្យ​ពួកគេ​ដឹង​អំពី​ការព្រួយបារម្ភ​ដើម្បី​ផ្ញើ​ទៅកាន់​ទីក្រុង​ប្រ៊ុ​ច​សែល​ផ្ទាល់ ​នេះ​គឺជា​ការ​ទទួល​​​ខុស​ត្រូវ​របស់​យើង​ទាំង​អស់​គ្នា ​ប្រសិនបើ​ EBA​ ត្រូវបាន​ដក​ គឺជា​ការទទួល​ខុសត្រូវ​របស់​ពួកយើង​ទាំង​អស់​គ្នា​ដែរ»៕