ភ្នំពេញៈ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​បាន​អះអាង​ថា លោក​ សម រង្ស៊ី បាន​លួច​ទាក់ទង​សុំ​ចរចា​ជា​សម្ងាត់​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ចង់​ឲ្យ​មាន​ការ​លើកលែង​បម្រាម​នយោបាយ​ជា​កញ្ចប់​ចំពោះ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ១១៨ នាក់​ជា​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បដិសេធ​។

ការលើក​ឡើង​របស់​លោក សុខ ឥសាន ជាមួយ​នឹង​ការអំពាវនាវ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ចំពោះ​អ្នក​ដែល​បង្ហោះ​វីដេអូ​ឃ្លីប​គាំទ្រ​លោក សម រង្ស៊ី ជា​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ធ្វើ​ឡើង​ ១ ​ថ្ងៃ បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ថា​ច្បាប់​ស្តីពី​ការផ្តល់​សិទ្ធិ​ឲ្យ​នាយករដ្ឋមន្ត្រី​តាម​សំណើ​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ​ស្នើ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​បើកផ្លូវ​ដល់​អ្នកនយោបាយ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​ហាមឃាត់​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​មាន​ឱកាស​ធ្វើ​នយោបាយ​ឡើងវិញ​ធ្វើ​ឡើង​មិន​សម្រាប់​គណបក្ស​ណា​មួយ​នោះទេ ហើយ​ថា​អ្នក​ជាប់​បម្រាម​ទាំងនោះ​មិន​អាច​ធ្វើការ​ស្នើសុំ​ជា​កញ្ចប់​បាន​ឡើយ ដោយ​ពួកគេ​ត្រូវ​ស្នើសុំ​ជា​លក្ខណៈ​បុគ្គល​។

លោក​ ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពេល​ជួប​សំណេះសំណាល​ជាមួយ​កម្មករ-កម្មការិនី ក្នុង​ខេត្ត​កណ្តាល​កាលពី​ថ្ងៃទី​ ២៦ ខែ​ធ្នូ​ថា​៖ «​ខ្ញុំ​សូមបញ្ជាក់​សាជាថ្មី ចំពោះ​មនុស្ស​ល្ងង់​មួយ​ចំនួន​ដែល​មិន​យល់ (​ព្រោះ​) ច្បាប់​នេះ​គឺ​ធ្វើ​តម្រូវ​សម្រាប់​បណ្តា​បក្សនយោបាយ​ទាំងអស់ នៅពេល​ខាង​មុខ​មិនមែន​តម្រូវ​មនុស្ស​ ១ ​ក្រុម​ណា​នោះ​ជាក់លាក់​ទេ​។ ពិត​ហើយ​មនុស្ស​មួយ​ចំនួន​ដែល​កំពុង​ជាប់​បម្រាម​នេះ​មិនមែន​ច្បាប់​នេះ​ចេញ​ទៅ [​ហើយ​ពួកគេ​] រួច​ខ្លួន​ជា​ស្វ័យប្រវត្តិ​ទេ​។ អ្នកឯង​ត្រូវ​ធ្វើការ​សុំ​ម្តង​ម្នាក់ មិនមែន​សុំ​ ១ ​កញ្ចប់​ទេ​...​សូមកុំ​ភាន់​ច្រឡំ​ថា លើក​ ១ ​កញ្ចប់​តែ​ម្តង​គឺ​អត់​មាន​ទេ គឺ​ម្នាក់​ម្តង តាម​លក្ខណសម្បត្តិ​។ ឥឡូវ​នេះ​យើង​បើក​ច្រក​ហើយ អ្នក​ចង់​ចេញ​ក៏​ចេញ ហើយ​អ្នក​ចង់​ចូល​ក៏​ចូល​ខ្ញុំ​អត់​បង្ខំ​ទេ​»​។

លោក ឥសាន បាន​សរសេរ​សារ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេឡេក្រាម​កាលពី​ម្សិលមិញ​ថា៖ «​ឥឡូវ​ច្បាស់លាស់​ហើយ សម្តេច​តេជោ​បាន​បញ្ជាក់​ហើយ​ថា អត់​មាន​ការ​ផ្តល់​នីតិសម្បទា​នយោបាយ​ឲ្យ​មន្ត្រី​ជាប់​បម្រាម​ធ្វើ​នយោបាយ​ជា​កញ្ចប់​ជា​ដាច់ខាត​គឺ​ធ្វើ​ម្នាក់​ម្តងៗ​តាម​លក្ខណសម្បត្តិ​របស់​ម្នាក់ៗ​។ ការផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​របៀប​នេះ​គឺជា​ការ​បំផ្លាញ​ចោល​ឧបាយកល​នៅ​ចង់​កាង និង​ត្រួតត្រា​មន្ត្រី ១១៨ រូប​តទៅ​ទៀត​របស់​ទណ្ឌិត​ សម រង្ស៊ី​»​។

ដោយ​លើក​ឡើង​ពី​អតីត​គណបក្សប្រឆាំង​ត្រូវ​បាន​តុលាការ​កំពូល​រំលាយចោល​តាំងពី​ថ្ងៃទី ១៦ ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៧ លោក​ ឥសាន ​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​ចំពោះ​អ្នក​បង្ហោះ​វីដេអូ​ឃ្លីប​គាំទ្រ​លោក សម រង្ស៊ី​។

លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អាជ្ញាធរ​បាន​ចាត់​វិធានការ​ទប់ស្កាត់​សកម្មភាព​ណា​ដែល​បាន​រំលោភបំពាន​ច្បាប់​។

លោក​បញ្ជាក់​ថា​៖​ «​តែ​ថា ចាត់​វិធានការ​កម្រិត​ណា​ពេលណា វា​អាស្រ័យ​ទៅ​លើ​សមត្ថកិច្ច​ធ្វើការ​ពិចារណា និង​រៀបចំ​ការងារ​នេះ​តាម​នីតិវិធី​តាម​ផ្លូវ​ច្បាប់​។ ទង្វើ​របស់​គាត់​ពាក់ព័ន្ធ​នឹង​ច្បាប់ យើង​ត្រូវ​ហៅ​គាត់​ទៅ​សាកសួរ តែ​យើង​ក៏​មិន​ដាក់​ទោស​គាត់​ដែរ​។ យើង​អប់រំ​គាត់​ឲ្យ​គាត់​យល់ ហើយ​គាត់​ត្រូវ​ធ្វើ​កិច្ចសន្យា​មួយ​បញ្ជាក់​ថា គាត់​ឈប់​ប្រព្រឹត្ត​អំពើ​ដែល​ប៉ះពាល់​នឹង​ច្បាប់​តទៅ​ទៀត​»​។

ទាំង​លោក សម រង្ស៊ី និង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​បម្រាម​នយោបាយ​ដូចជា​លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ លោក តុ វ៉ាន់ចាន់ និង​លោក ម៉ៅ មុនីវណ្ណ មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

ប៉ុន្តែ​សកម្មជន​មូលដ្ឋាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ដែល​ជា​អតីត​ចៅសង្កាត់​អូរចារ​ក្នុង​ក្រុង​បាត់ដំបង​បាន​លើក​ឡើង​ថា សម្តី​របស់​លោក សុខ ឥសាន មិន​បាន​ឆ្លុះបញ្ចាំង​ពី​ការពិត​នោះ​ទេ​។

កញ្ញា​បញ្ជាក់​ដូច្នេះ​ថា​៖ «​នេះ​គ្រាន់តែ​ជា​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​លោក​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​នៅលើ​ហ្វេសប៊ុក​របស់​គាត់​ហើយ គាត់​នឹង​មិន​ចរចា​ជាមួយ​គណបក្ស​កាន់អំណាច​ទេ តែ​ឲ្យ​គណបក្ស​កាន់​អំណាច​ទៅ​ចរចា​ជាមួយ​អន្តរជាតិ​ទៅ​»​។

ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​ធ្វើការ​សាកសួរ និង​ឲ្យ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការបង្ហោះ​វីដេអូឃ្លីប​គាំទ្រ​អតីត​បក្សប្រឆាំង កញ្ញា​ ចាន់ ពៅរ៉ូហ្សេត ថ្លែង​ថា​គឺជា​ការគំរាមកំហែង​ដល់​សិទ្ធិ​សេរីភាព​របស់​មន្ត្រី​ទាំង​នោះ​។

លោក ឱក សេរីសោភក្ដិ៍ អ្នកវិភាគ​បញ្ហា​សង្គម​បាន​បដិសេធ​ធ្វើ​អធិប្បាយ​ទាក់ទង​នឹង​ការសុំ​ចរចា​របស់​លោក សម រង្ស៊ី ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ប៉ុន្តែ​លោក​ថា​សកម្មជន​អតីត​បក្សប្រឆាំង​ដែល​បាន​បង្ហោះ​វីដេអូ​ឃ្លីប​គាំទ្រ​មេដឹកនាំ​របស់​ខ្លួន​មិនមែន​ជា​ការប្រព្រឹត្ត​ខុស​ច្បាប់​នោះ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​អ្នក​ដែល​ធ្វើ​ហ្នឹង​សុទ្ធ​តែ​ជា​សកម្មជន​របស់​អតីតបក្ស​សង្គ្រោះជាតិ ហើយ​វា​មិន​មាន​អ្វី​ដែល​ខុសច្បាប់​នោះ​ទេ ដោយសារ​នេះ​គឺជា​សិទ្ធិ​សេរីភាព​របស់​ពួកគាត់​។ គាត់​គ្រាន់​តែ​និយាយ​ថា គាត់​គាំទ្រ​នេះ​គឺជា​សិទ្ធិ​របស់​គាត់​»​។

ប៉ុន្តែ​ទោះ​យ៉ាង​ណា​លោក សោភក្តិ៍ បាន​គូសបញ្ជាក់​ថា​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ ពួកគេ​អាច​បង្ហោះ​សារ​គាំទ្រ​លោក សម រង្ស៊ី បាន​តែ​ពួកគេ​មិនអាច​បង្ហោះ​សារ​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ ដោយសារ​តែ​គណបក្ស​ប្រឆាំង​មួយ​នេះ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​រួច​ហើយ​។

ក្នុង​ករណី​បង្ហោះ​សារ​គាំទ្រ​លោក​ សម រង្ស៊ី ​ជា​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​លោក​ សុខ ឥសាន ​បាន​បកស្រាយ​ថា ជា​រឿង​ខុស​ច្បាប់​ព្រោះ​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ​តាម​ច្បាប់​រួច​មក​ហើយ ការគាំទ្រ​ដល់​ប្រធាន​ស្តីទី​គណបក្ស​ដែល​ត្រូវ​រំលាយ​ជា​រឿង​ខុស​ច្បាប់​ដូច​គ្នា​។

ទោះ​ជា​ដូច្នេះ​ក៏ដោយ​គេ​មិន​ទាន់​ឃើញ​មាន​ការ​ចាត់​វិធានការ​តាម​ផ្លូវ​តុលាការ​លើ​អ្នក​បង្ហោះ​សារ​គាំទ្រ​លោក​ សម រង្ស៊ី ជា​ប្រធាន​ស្តីទី​នៅ​ឡើយ​គឺ​មាន​ត្រឹមតែ​ការអប់រំ​ណែនាំ​ប៉ុណ្ណោះ ដែល​នេះ​ត្រូវ​បាន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​ចាត់​ទុក​ថា​ជា​ការ​គំរាមកំហែង​៕