ភ្នំពេញៈ សុនខពូជ Malenor ១០ ក្បាលមានដើមកំណើតពីប្រទេស ប្នូនីស ត្រូវបានបញ្ជូនពីប្រទេសអាល្លឺម៉ង់មកកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីល្ងាចថ្ងៃសុក្រនេះ ដើម្បីទទួលការហ្វឹកហ្វឺន និងប្រើប្រាស់ក្នុងកិច្ចការបោសសំអាតមីននៅកម្ពុជា។
ប្រធានគម្រោងកម្មវិធីសុនខនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា លោក ប្រាក់ សុម៉ាធី បានថ្លែងថា សុនខពូជ Malenor ទាំង ១០ ក្បាលនេះត្រូវបានផ្តល់មកកម្ពុជាដោយអង្គការ NPA (Norwegian People Aid) មានអាយុពី ១ ឆ្នាំទៅ ២ ឆ្នាំ និងបានធ្លាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាលបានខ្លះហើយនៅប្រទេស ប្នូនីស ដែលជាប្រទេសកំណើតរបស់ពួកវា ប៉ុន្តែលោកថា ដើម្បីបង្កើតសមត្ថភាព និងតម្រង់ទិញរបស់សុនខទាំងនេះមន្ត្រីជំនាញកម្ពុជានឹងធ្វើការហ្វឹកហ្វឺនពួកគេទាំងនោះបន្ថែមទៀតមុននឹងប្រើប្រាស់។
លោក ប្រាក់ សុម៉ាធី បានបញ្ជាក់ថា៖ «តួនាទីរបស់សុនខមានបីប្រភេទៈ គឺសុនខហិតមីន សុនខ ហិតរកគ្រាប់ និងសុនខ ការពារសន្តិសុខ។ ចំពោះសុនខទាំង ១០ ក្បាលបន្ទាប់ពីការហ្វឹកហ្វឺនគឺមន្ត្រីជំនាញ និងតម្រង់ទិញរបស់ពួកគាត់តាមទេពកោសល្យទៅកាន់ផ្នែកនីមួយៗខាងលើនេះ»។
បើតាម លោក សុម៉ាធី បច្ចុប្បន្ននេះ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាមានសុនខ ១៤ ក្រុមដែលមាន ៣៤ ក្បាលហើយក្នុងនោះ ១២ ក្បាលនឹងចូលនិវត្តន៍ឆាប់ៗនេះដែលទាមទារឲ្យសុនខថ្មីទាំង ១០ ក្បាលនេះត្រូវចូលបំពេញការងារជំនួស។
លោកថា៖ «សុខនដែលចូលដល់អាយុ ៨ ឬ ៩ ច្រើនគឺនឹងត្រូវពិនិត្យពីសមត្ថភាពការងារថា អាចបន្តត្រូវដាក់ឲ្យចូលនិវត្តន៍។ តាមការអនុវត្តកន្លងមកគឺយើងប្រើប្រាស់សុនខហិតមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងកម្រិតដង់ស៊ីតេតំបន់ដែលមានមីនតិចតួចតែបើមានមីន ឬគ្រាប់ច្រើនគឺយើងប្រើប្រាស់ម៉ាស៊ីន»។
លោក ប្រាក់ សុម៉ាធី បានឲ្យដឹងដែរថា គិតចាប់ពីឆ្នាំ ១៩៩៦ រហូតមកទល់បច្ចុប្បន្ននេះ កម្ពុជាបានប្រើប្រាស់សុនខចំនួន ១៩៩ ក្បាលហើយក្នុងកិច្ចការបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ សុនខទាំងពីរមានកំណើតមកពីប្រទេសស៊ុយអែត ហូឡង់ អាល្លឺម៉ង់ ថៃ និង ប្នូនីស ជាដើម។