The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សួន សេរីរដ្ឋា ស្នើ​ក្រសួង​មហាផ្ទៃ​ផ្អាក​សកម្មភាព​បក្ស​អំណាច​ខ្មែរ

សួន សេរីរដ្ឋា ស្នើ​ក្រសួង​មហាផ្ទៃ​ផ្អាក​សកម្មភាព​បក្ស​អំណាច​ខ្មែរ

Content image - Phnom Penh Post
លោក សួន សេរីរដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​។ រូបថត ហ្វេសប៊ុក​សួន សេរីរដ្ឋា

សួន សេរីរដ្ឋា ស្នើ​ក្រសួង​មហាផ្ទៃ​ផ្អាក​សកម្មភាព​បក្ស​អំណាច​ខ្មែរ

ភ្នំពេញ: អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក សួន សេរីរដ្ឋា ដែល​ទើប​តែ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ដាក់​ជូន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដើម្បី​ឱ្យ​ក្រសួង​ផ្អាក​សកម្មភាព​របស់​គណបក្ស​នេះ​ជា​បណ្តោះអាសន្ន ដោយ​លើក​ឡើង​ថា​មាន​ការ​បន្លំ​ស្នាម​មេដៃ​របស់​លោក​។

តាម​លិខិត​របស់​លោក សួន សេរីរដ្ឋា ចុះ​ថ្ងៃ​ទី​ ១០ ខែ​កញ្ញា ឆ្នាំ​​ ២០១៨ ផ្ញើជូន​លោក ស ខេង បាន​ស្នើឲ្យ​ក្រសួង​មហាផ្ទៃ​ផ្អាក​សកម្មភាព​បក្ស​អំណាច​ខ្មែរ​ជា​បណ្ដោះអាសន្ន និង​ធ្វើ​កោសល្យវិច័យ​លើ​ឯកសារ​លិខិតស្នាម សមាជ​វិសាមញ្ញ​ទី ១ ទី​ ២ ដែល​លោក សួង សុភ័ណ្ឌ ប្រធាន​ស្តីទី​គណបក្ស​អំណាច​ខ្មែរ បាន​ដាក់​ជូន​ក្រសួង​មហាផ្ទៃ​កន្លង​មក​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​បាទ​ សួន សេរីរដ្ឋា មិនដែល​បាន​ចុះហត្ថលេខា​លើ​លិខិត​លាលែង​ពី​ប្រធាន​គណបក្ស​ទេ តែ​ខ្ញុំ​បាន​ចុះហត្ថលេខា​តែងតាំង​លោក សួង សុភ័ណ្ឌ ជា​ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ ដើម្បី​ដឹកនាំ​ការងារ​ប្រចាំថ្ងៃ​តែ​ប៉ុណ្ណោះ​»​។

លោក សេរីរដ្ឋា បាន​បន្ត​ថា​៖ «​លោក សួង សុភ័ណ្ឌ ​បាន​បន្លំ​ហត្ថលេខា​របស់​ខ្ញុំ ធ្វើ​លិខិត​លាលែង​ក្លែងក្លាយ​កុហក​សមាជិក​ស្ថាបនិក សមាជិក​ក្រុមប្រឹក្សា​នយោបាយ (​អចិន្ត្រៃយ៍​) សមាជិក​ក្រុមប្រឹក្សា​តំណាង​​រាជធានី​/​ខេត្ត និង​សមាជិក​ក្រុមប្រឹក្សា​មូលដ្ឋាន​ព្រម​ទាំង​បន្លំ​ឯកសារ​ដាក់​ជូន​ក្រសួង​មហាផ្ទៃ​ធ្វើ​សមាជ​វិសាមញ្ញ​ចំនួន ២ ​លើក​ដើម្បី​គ្រប់គ្រង​គណបក្ស​អំណាច​ខ្មែរ​»​។

លោក​ សេរីរដ្ឋា បន្ថែម​ថា​៖ «​មិន​តែ​ប៉ុណ្ណោះ​លោក​ សួង សុភ័ណ្ឌ បាន​តែងតាំង​អនុប្រធាន​គណបក្ស​ចំនួន​ ២ ​រូប​ជំនួស​អនុប្រធាន​គណបក្ស​ដែល​នៅក្នុង​តំណែង ប្តូរ​រូប​សញ្ញា​គណបក្ស និង​ធ្វើ​វិសោធនកម្ម​ច្បាប់ លក្ខន្តិកៈ​គណបក្ស​ទាំង​រំលោភបំពាន​ច្បាប់​លក្ខន្តិកៈ​ជាដើម​»​។

ប៉ុន្តែ​លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​បាន​ថ្លែង​ថា​ក្នុង​នាម​លោក​ជា​ប្រធាន​គណបក្ស​តាមច្បាប់​ត្រឹមត្រូវ​ដោយ​មាន​ការឯកភាព​ពី​សមាជិក​ទាំងអស់ និង​អ្នក​គាំទ្រ​គណបក្ស​នៅ​ក្រុង​ភ្នំពេញ និង​បណ្ដា​ខេត្ត​លោក​សូម​ច្រានចោល​រាល់​ការចោទប្រកាន់​របស់​លោក​ សេរីរដ្ឋា​។

លោក​បន្ត​ថា ខណៈ​ដែល​លោក​ សេរីរដ្ឋា ក្លាយ​ជា​អ្នកទោស ក្រសួង​មហាផ្ទៃ​បាន​បង្ខំ​ឲ្យ​គណបក្ស​រៀបចំ​ក្បាល​ម៉ាស៊ីន​ថ្មី​ដោយ​គណបក្ស​បានរៀបចំ​ប្រជុំ​ធ្វើ​សមាជ​ដែល​មាន​ការចូលរួម​​ពី​សមាជិក​គ្រប់​ខេត្ត-ក្រុង និង​មាន​អ្នក​សារព័ត៌មាន​ចូលរួម​ជាច្រើន ដើម្បី​ធ្វើ​ជា​សាក្សី​ក្នុង​ការ​ឯកភាព​គ្នា​ជ្រើសរើស​យក​លោក​ធ្វើ​ជា​ប្រធាន​គណបក្ស​ថ្មី​ពេញសិទ្ធិ និង​តាម​ច្បាប់​ត្រឹមត្រូវ​ដោយ​គ្មាន​ការបន្លំ​អ្វី​ទាំងអស់​។

លោក សុភ័ណ្ឌ បញ្ជាក់​ថា​៖ «​លោក​ សេរីរដ្ឋា បាន​ចោទប្រកាន់​មក​លើ​ខ្ញុំ​ថា ក្លែងបន្លំ​ស្នាម​មេដៃ ឬ​ស៊ីញ៉េ​របស់​គាត់​ពាក់ព័ន្ធ​នឹង​ការលាលែង​ពី​គណបក្ស​។ ត្រង់​ចំណុច​នេះ​បើ​ខ្ញុំ​បាន​ជួប​មុខ​គាត់ ខ្ញុំ​ចង់​សួរ​គាត់​ថា លិខិត​ក្លែងបន្លំ​ហ្នឹង​នៅ​ទី​ណា​? ហើយ​មាន​ភ័ស្ដុតាង​អ្វី​ដែល​ថា​ខ្ញុំ​ក្លែង​? បើ​មាន​មែន ខ្ញុំ​សុខចិត្ត​ចុះ​ចេញ​ពី​តំណែង​នេះ​»​។

លោក ឈឹម កាន ប្រធាន​នាយកដ្ឋាន​សមាគម និង​គណបក្ស​នយោបាយ​នៃ​ក្រសួង​មហាផ្ទៃ​ថ្លែង​ថា​លោក​មិន​ទាន់​បាន​ទទួល​លិខិត​ផ្លូវការ​របស់​លោក សួន សេរីរដ្ឋា នៅ​ឡើយ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​បើ​សិន​ខ្ញុំ​បាន​ទទួល​លិខិត​ហ្នឹង ក្រុម​ការងារ​ខ្ញុំ​នឹង​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្ដែង​ ប៉ុន្ដែ​ពេល​នេះ​ខ្ញុំ​មិន​មាន​អ្វី​ឆ្លើយតប​ទេ ហើយ​ក៏​អត់​ទាន់​ដឹង​លោក សួន សេរីរដ្ឋា ចង់​ស្នើសុំ​អ្វី​ពី​ក្រសួង​ដែរ​»​។

លោក​ សេរីរដ្ឋា ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​កាលពី​ថ្ងៃទី ២៣ ខែ​សីហា ឆ្នាំ​ ២០១៨ ទៅ​តាម​ព្រះរាជក្រឹត្យ​លើកលែង​ទោស​របស់​ព្រះមហាក្សត្រ បន្ទាប់ពី​លោក​បាន​ជាប់​ពន្ធនាគារ​ជាង​ ១ ​ឆ្នាំ​ក្នុង​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ការប្រមាថ និង​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព​ដែល​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៥ ឆ្នាំ​។

លោក សេរីរដ្ឋា ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ១២ សីហា​ឆ្នាំ​ ២០១៧ បន្ទាប់ពី​លោក​បាន​សរសេរ​សារ​រិះគន់​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ខណៈ​ដែល​កម្ពុជា​បាន​បញ្ជូន​កងទ័ព​ឱ្យ​ទៅ​ត្រៀមប្រយុទ្ធ​នឹង​ការប៉ុនប៉ង​ឈ្លានពាន​ទឹកដី​ពី​សំណាក់​ប្រទេស​ឡាវ​៕

អត្ថបទគួរចាប់អារម្មណ៍