ភ្នំពេញៈ គណៈកម្មការបោះពុម្ពផ្សាយនៃសមាគមអ្នកនិពន្ធខ្មែរបាននិងកំពុងសើរើសៀវភៅ ដែលត្រូវបានបោះពុម្ពនៅក្នុងទសវត្សរ៍ ៦០ ដល់ ៧៥ ចំនួន ៤ ចំណងជើងធ្វើការបោះពុម្ពឡើងវិញ ដើម្បីចូលរួមលើកកម្ពស់អក្សរសាស្ត្រជាតិ និងជំរុញការអាន។
លោក ឡឹក ជំនោរ ប្រធានសមាគមអ្នកនិពន្ធខ្មែរប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៩ មីនាថា សម្រាប់ឆ្នាំនេះ សមាគមនឹងបោះពុម្ពសៀវភៅ ៤ ចំណងជើង គឺរឿង «នាងរ៉ែនណែន» ប្រលោមលោកពានរង្វាន់ឥន្ទ្រទេវី ឆ្នាំ ១៩៧២ និពន្ធដោយ អ៊ឹម ឆុំ បោះពុម្ពជាភាសាខ្មែរ និងរឿង «មាលាដួងចិត្ត» និពន្ធដោយ នូ ហាច (ជាភាសាខ្មែរ ថៃ)។ ក្រៅពីនេះក៏មានកម្រងកំណាព្យ «អនិច្ចាជីវិត» ជាពានរង្វាន់កវីនិពន្ធ អាស៊ីអាគ្នេយ៍ S.E.A. Write Award, 2019 និពន្ធដោយកវីនិពន្ធ វ៉ែន សុន និងប្រលោមលោកពាក្យកាព្យ រឿង «អប្សរា» ពានរង្វាន់ព្រះសីហនុរាជ ឆ្នាំ ២០០១ និពន្ធដោយ ប៉ុល ពិសី។ សមាគមក៏នឹងបន្តបោះពុម្ពសៀវភៅដែលទទួលបានពានរង្វាន់ និងស្នាដៃផ្សេងៗទៀតដែលបានជ្រើសរើសយកមកបោះពុម្ពបន្ថែមដើម្បីប្រយោជន៍រួមផងដែរ។
លោកថ្លែងថា៖ «គោលបំណងនៃការបោះពុមុ្ពនេះគឺដើម្បីផ្សព្វផ្សាយសា្នដៃឆ្នើមឱ្យសាធារណជនបានដឹង និងជ្រួតជ្រាប និងលើកស្ទួយចូលរួមជំរុញការអាននៅក្នុងប្រទេសកម្ពុជាឱ្យបានទូលំទូលាយជាមួយនឹងសៀវភៅដែលមានស្តង់ដាមួយសម្រាប់អ្នកអានទូទៅ»។
លោក ឡឹក ជំនោរ ថ្លែងបន្តថា មួយវិញទៀតការបោះពុម្ពសៀវភៅឡើងវិញនេះអាស្រ័យលើធនធានមនុស្សត្រូវការអានជាចាំបាច់ ហើយកន្លងមកនេះគ្រប់ស្ថាប័ន និងគ្រឹះស្ថានបោះពុម្ពបានជំរុញការបោះពុម្ពសៀវភៅដើម្បីលើកកម្ពស់ដល់ការអាននៅកម្ពុជាឱ្យបានច្រើន។
បើតាមលោក ឡឹក ជំនោរ សៀវភៅដែលបានបោះពុម្ពនេះនឹងត្រូវចែកចាយតាមរយៈការលក់នៅតាមបណ្ណាគារ និងចែកចាយនៅតាមបណ្ណាល័យសាធារណៈ និងស្ថាប័នជាតិឱ្យបានទូលំទូលាយ។
លោក ឡឹក ជំនោរ រំពឹងថាការបោះពុម្ពស្នាដៃសៀវភៅ ដែលធ្លាប់បោះពុម្ពពីទសវត្សរ៍ឆ្នាំ ៦០ មកដល់ ៧៥ និងស្នាដៃថ្មីៗដែលនឹងត្រូវបោះពុម្ពឡើងវិញនេះនឹងមានការគាំទ្រច្រើន ព្រោះស្នាដៃមួយចំនួនបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារួចហើយដែរ។ ក្រៅតែពីជំរុញការអាន សមាគមបានបំពេញភារកិច្ចមួយក្នុងការរៀបចំសៀវភៅដែលមានស្តង់ដា និងក្បួនខ្នាតត្រឹមត្រូវក្នុងគោលដៅលើកកម្ពស់អក្សរសាស្ត្រជាតិឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាថ្លែងថា ក្រសួងអប់រំ ស្វាគមន៍ និងថ្លែងអំណរគុណចំពោះកិច្ចសហការពីក្រសួងស្ថាប័នពាក់ព័ន្ធរួមមានគណៈកម្មការបោះពុម្ពផ្សាយនៃសមាគមអ្នកនិពន្ធខ្មែរក្នុងការចូលរួមចំណែកលើកកម្ពស់អក្សរសាស្ត្រជាតិ និងជំរុញការអានដែលស្របនឹងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ ២០-១៩-២០២៣ និងគោលបំណងនៃទិវាជាតិអំណាន។
លោកថ្លែងថា៖ «ការសើរើស្នាដៃដែលធ្លាប់បោះពុម្ពនៅទសវត្សរ៍ ៦០ ដល់ ឆ្នាំ ១៩៧៥ ដើម្បីបោះពុម្ពឡើងវិញជាការដាស់ព្រលឹងមួយដើម្បីចូលរួមជំរុញវប្បធម៌អំណាននៅកម្ពុជា»៕