ភ្នំពេញៈ អតីត​អ្នកកាសែត​លោក ឆាយសុផល បាន​សម្ពោធ​សៀវភៅ​ទើប​ចេញ​ថ្មី​មួយ​ដែល​មាន​កម្រាស់​ ៣០៥ ​ទំព័រ​ ដោយ​បាន​រៀបរាប់​អំពី​ជីវប្រវត្តិ​របស់លោក​ស្រី ប៊ុន រ៉ានី ជា​ភរិយា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយសារ​លោកស្រី​គឺជា​ភរិយា​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​ដែល​ធ្លាប់​ឆ្លងកាត់​ការលំបាក​ច្រើន ដែល​ភរិយា​ថ្នាក់ដឹកនាំ​កំពូល​ប្រទេស​ផ្សេងទៀត​​មិន​ធ្លាប់​ឆ្លងកាត់​។

លោក ឆាយ សុផល បានរៀបចំ​ធ្វើ​សន្និសីទ​ដើម្បី​សម្ពោធ​ជា​ផ្លូវការ​នូវ​សៀវភៅ​មាន​ចំណងជើង​ថា​ «​ប៊ុន រ៉ានី ភរិយា​បុរស​ខ្លាំង​នៃ​កម្ពុជា​» ​នៅឯ​បណ្ណាល័យ​របស់លោក​​ក្នុង​បុរី​សែនសុខ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​។

លោក​ ឆាយ សុផល បាន​អះអាង​ថា​សៀវភៅ​នេះ គឺ​បាន​រៀបរាប់​ពី​ជីវិត​លោកស្រី ប៊ុន រ៉ានី តាំងពី​នៅ​ជា​កុមារភាព រួមទាំង​ប្រវត្តិ​ការសិក្សា ការ​ក្លាយ​ជា​កងទ័ព​ព្រៃ ការបែកបាក់​ពី​ស្វាមី ការបាត់បង់​កូន និង​ការ​ស្ថិតក្រោម​ការ​តាម​សម្លាប់​ផ្ដាច់​ពូជ​ជាដើម​។ សៀវភៅ​នេះ​ក៏​បង្ហាញ​អំពី​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​លោកស្រី ប៊ុន រ៉ានី ដែល​ត្រូវ​បំពេញ​តួនាទី​ជា​ម្ដាយ ជា​ភរិយា​របស់​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ហើយ​ពិសេស​គឺ​អារម្មណ៍​ក្នុង​នាម​ជា​ភរិយា​ថ្នាក់ដឹកនាំ​កំពូល​ដែល​ត្រូវបាន​គេ​ប្រមាថ​កន្លងមក​។

លោក ឆាយ សុផល បន្តថា​៖ «​ជាទូទៅ​នរណា​ក៏​ស្គាល់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែរ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ស្គាល់​អំពី​ដំណើរ​ជីវិត​របស់គាត់​តាំងពី​កុមារភាព​មកដល់​បច្ចុប្បន្ន​នេះ​ដូចជា រឿង​ស្នេហា​ ឬ​រឿង​អតីតកាល​អី គឺ​សម្ដេច​តេជោ​ជា​អ្នក​រំឭក ប៉ុន្តែ​យើង​កម្រ​បានឮ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​រៀបរាប់​ណាស់ អ៊ីចឹង​! សៀវភៅ​នេះ​គឺ​បាន​រៀបរាប់​ជីវិត​ផ្ទាល់​របស់​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត​»​។

លោក​ ឆាយ សផល បន្តថា លោកស្រី​ ប៊ុន រ៉ានី បាន​បាត់បង់​ឪពុក​នៅក្នុង​ហេតុការណ៍​បាញ់សម្លាប់​ដោយ​ទាហាន​ខ្មែរ​​ក្រហម​នៅ​ឆ្នាំ​ ១៩៨០ ហើយ​ក្រោយមក លោកស្រី​បាន​ដើរតួនាទី​ជា​អ្នកមើល​ម្ដាយ និង​មើល​ថែកូនៗ​ជាច្រើន​នាក់ ហើយ​ស្ថិត​ក្នុង​នាម​ជា​ជំទាវ​របស់​រដ្ឋមន្ត្រីការបរទេស​លោក ហ៊ុន សែន ប៉ុន្តែ​លោកស្រី​បែរជា​រលូត​កូន​ដោយសារ​តែ​ខំប្រឹង​ធ្វើ​ការងារ​ធ្ងន់ៗ​ដូចជា រែកទឹក និង​យួរ​ទឹក​ទៅវិញ​។

លោក​បន្ថែមថា​ លោកស្រី ប៊ុន រ៉ានី ក៏​ចេះ​ក្បួនសឹក និង​ធ្លាប់​ធ្វើ​សង្គ្រាម​តតាំង​នឹង​សត្រូវ ដោយ​អាច​ប្រើ​កាំភ្លើង​ជាច្រើន​ប្រភេទ និង​ចេះ​គប់​គ្រាប់បែក​ជាដើម ហើយ​បើ​តាម​ការស្រាវជ្រាវ​គឺ​ប្រវត្តិ​ទាំងនេះ​កម្រ​មាន​ស្ដ្រី​របស់​ថ្នាក់ដឹកនាំ​កំពូល​ប្រទេស​​ណាមួយ​ធ្លាប់​ឆ្លងកាត់​ដូច​លោកស្រី ប៊ុនរ៉ានី ឡើយ​។

លោក​ថា​៖ «​ទី​ ១ ​ចង់​រំឭក​អំពី​អតីតកាល​នៃ​ភរិយា​របស់​ថ្នាក់ដឹកនាំ​។ នៅពេល​ខ្លះ​យើង​គិតថា ភរិយា​របស់​ថ្នាក់ដឹកនាំ​មើល​ទៅ​ដូចជា​សប្បាយ ប៉ុន្តែ​យើង​ចង់​ឆ្លុះបញ្ចាំង​អំពី​ជីវិត​របស់គាត់ តើ​គាត់​ឆ្លងកាត់​អី​ខ្លះ ហើយ​មិនមែន​ចង់ឱ្យ​ស្ដ្រី​ដទៃ​យក​គំរូ​តាម​គាត់​ទាំងអស់​ទេ​»​។

លោក​ ឆាយ សុផល បញ្ជាក់​ថា​លោក​បាន​ចំណាយពេល​ស្រាវជ្រាវ និង​ចងក្រង​សៀវភៅ​នេះ គឺ​ចាប់តាំងពី​ឆ្នាំ​ ២០១៥ ​ដល់​ឆ្នាំ​ ២០១៩ ហើយ​ក្រៅពី​ការស្រាវជ្រាវ​តាមរយៈ​ឯកសារ​នានា លោក​ក៏​ត្រូវបាន​លោក​ ហ៊ុន សែន និង​លោកស្រី ប៊ុន រ៉ានី អនុញ្ញាត​ឱ្យ​ជួប​សម្ភាស​ផ្ទាល់​ដើម្បី​រំឭក​អំពី​ប្រវត្តិ​ទាំងនេះ​ដែរ​។

លោក​បញ្ជាក់ថា សៀវភៅ​នេះ​គឺ​ត្រូវ​បាន​បោះពុម្ព​ចំនួន​ ៣ ​ម៉ឺន​ក្បាល ហើយ​ក៏​ត្រៀម​នឹង​បកប្រែ​ជា​ភាសា​អង់គ្លេស​នាពេល​ខាង​មុខ​។

នេះ​គឺជា​សៀវភៅ​លើក​ទី​ ៣ ​ដែល​លោក​ ឆាយ សុផល បាន​ស្រាវជ្រាវ និង​ចងក្រង​​ជា​សៀវភៅ​និយាយ​ពាក់ព័ន្ធ​នឹង​ក្រុមគ្រួសារ​របស់​លោក ហ៊ុន សែន​។ សៀវភៅ​ទី​ ១ គឺ​លោក ឆាយ សុផល បាន​រៀបរាប់​ពី​ជីវិត​នយោបាយ និង​អំណាច​របស់​លោក ហ៊ុន សែន ក្នុង​ប្រវត្តិសាស្ដ្រ​ខ្មែរ​ជាង​ ៤០ ​ឆ្នាំ សៀវភៅ​ទី​ ២ រៀបរាប់​អំពី​កូនប្រុស​ទាំង​ ៣ ​របស់​លោក​ ហ៊ុន សែន មុន​នឹង​ចេញផ្សាយ​សៀវភៅ​ទី​ ៣ និយាយ​ពី​ភរិយា​របស់​លោក​ ហ៊ុន សែន នេះ​៕