ភ្នំពេញៈ ក្រសួង​ព័ត៌មាន​កំពុង​រៀបចំ​បោះពុម្ព​សៀវភៅ​ «​កម្ពុជា ឆ្នាំ​ ២០២១» ​ចំនួន​ ៥ ​ពាន់​ក្បាល នៅមុន​កិច្ចប្រជុំ​កំពូល អាស៊ី-អឺរ៉ុប (ASEM) ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នា​ពាក់កណ្ដាល​ឆ្នាំនេះ ដើម្បី​ចែកជូន​ដល់​គណៈប្រតិភូ និង​អ្នកចូលរួម​កិច្ចប្រជុំ​កំពូល​នេះ​។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ថ្លែង​ក្នុងពេល​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​បោះពុម្ព​សៀវភៅ​ «​កម្ពុជា ឆ្នាំ​ ២០២១» នៅ​ទីស្តីការក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃទី​ ២៦ ខែកុម្ភៈ​ថា សៀវភៅ​នេះ​មាន​កម្រាស់​ប្រមាណ​ ១១០ ​ទំព័រ រៀបចំ​ឡើង​ដោយ​បាន​ផ្តោត​សំខាន់​លើ​រូបភាព និង​អត្ថបទ​ខ្លីៗ​ផ្តោត​លើ​ទិដ្ឋភាព​សំខាន់ៗ​នៃ​ប្រទេស​កម្ពុជា និង​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​សៀវភៅ​នេះ​ក៏​បាន​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការអនុវត្ដ​ការងារ​តាម​ច្រកព្រំដែន ការចាក់​វ៉ាក់សាំង ការពារ​កូវីដ ១៩ ការពិនិត្យ​ជនបរទេស​រក​មេរោគ​កូវីដ ​១៩ ការអនុញ្ញាត​ឱ្យ​នាវា​ទេសចរណ៍​ខ្នាត​អន្តរជាតិ Westerdam ដែលមាន​ផ្ទុក​អ្នកដំណើរ​ប្រមាណ​ជាង ១ ៤០០ ​នាក់ ចូល​ចត​នៅ​កំពង់ផែ​ខេត្ដ​ព្រះសីហនុ​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២០ ​ជាដើម​»​។

លោក ផុស សុវណ្ណ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ថ្លែង​ពី​ម្សិលមិញ​ថា សៀវភៅ​នេះ​ក្រុមការងារ​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា បោះពុម្ព​សៀវភៅ​នេះ ឱ្យបាន​មុន​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប ដើម្បី​ចែកជូន​ដល់​គណៈប្រតិភូ និង​អ្នកចូលរួម​ក្នុងការ​ស្វែងយល់​ពី​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​យើង​គ្រោង​បោះពុម្ព​សៀវភៅ​នេះ នៅក្នុង​ខែឧសភា ឬ​មិថុនា​ខាងមុខ​ឱ្យបាន​ទាន់​ព្រឹត្ដិការណ៍​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​។ ការបោះពុម្ព​ដំណាក់កាល​ដំបូង​ជា​ភាសា​ខ្មែរ ក្នុង​រង្វង់​​ ៥ ​ពាន់​ក្បាល ក្រៅពី​បោះពុម្ព​ជា​ភាសា​ខ្មែរ យើង​ក៏​គ្រោង​បោះ​ជា​ភាសាបរទេស ដូចជា ភាសា​អង់គ្លេស បារាំង និង​ភាសា​ចិន​ដែរ​»​។

លោក សុវណ្ណ បាន​បញ្ជាក់ថា សៀវភៅ​នេះ​គឺ​ក្រុមការងារ​ក្រសួង​ព័ត៌មាន​ជា​អ្នករៀបចំ​ខ្លឹមសារ និង​មាន​ការចូលរួម​ពី​ក្រុម​អ្នក​ថតរូប​អន្តរជាតិ​ផងដែរ​។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​លោក ប៉ា ចន្ទរឿន គាំទ្រ​ការរៀបចំ​ចងក្រង​សៀវភៅ​នេះ​ដោយ​ថ្លែងថា គឺជា​ការល្អ​ក្នុងការ​នាំសារ​ពី​កម្ពុជា​ទៅកាន់​អន្តរជាតិ​។ ប៉ុន្ដែ​ក្រៅពី​ការផ្ដល់ជូន​សៀវភៅ​នេះ​ទៅ​គណៈប្រតិភូ និង​អ្នកចូលរួម កម្ពុជា​គួរតែ​បង្ហាញ​អំពី​គោលជំហរ​របស់ខ្លួន​នៅក្នុង​ការលើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស និង​ដំណើរការ​ប្រជាធិបតេយ្យ​ដែលជា​ស្នូល​សំខាន់​ក្នុង​កិច្ចសហប្រតិបត្ដិការ​រវាង​អាស៊ី និង​អឺរ៉ុប​។

លោក​ថ្លែងថា​៖ «​កន្លងមក​នេះ​សហភាព​អឺរ៉ុប​បាន​ចាត់​វិធានការ​មកលើ​កម្ពុជា​យើង​តាមរយៈ​ការដក EBA ២០% កាលពី​ខែសីហា​ឆ្នាំមុន​។

ខ្ញុំ​គិតថា នៅក្នុង​វេទិកា​សន្ទនា​បែប​នយោបាយ ដូច​នៅក្នុង​កិច្ច​អាស៊ី-អឺរ៉ុប​នេះ កម្ពុជា​គួរតែ​ឆ្លៀតឱកាស​បង្ហាញ​ពី​ជំហរ​ និង​ការខិតខំ​ប្រឹងប្រែង​របស់ខ្លួន​ក្នុង​ការគោរព​សិទ្ធិមនុស្ស និង​ការលើកកម្ពស់​ដំណើរការ​ប្រជាធិបតេយ្យ​»​។

លោក ច័ន្ទរឿន លើកឡើង​ថា ការបង្ហាញ​អំពី​ការប្ដេជ្ញាចិត្ដ​អំពី​ការលើកកម្ពស់ ការគោរព​សិទ្ធិមនុស្ស និង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា គឺជា​កិច្ចការងារ​សំខាន់​ដែល​អាច​លើកកម្ពស់​ទំនាក់ទំនង កិច្ចសហប្រតិបត្ដិការ​ និង​កសាង​ជំនឿ​ចិត្ដ ទាំង​ក្នុង​នយោបាយ និង​សេដ្ឋកិច្ច​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់ ពិសេស​ប្រទេស​ដែល​ប្រកាន់​ជំហរ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ជា​គោល​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែងថា ការផ្ដល់​ព័ត៌មាន​ពិត​ពី​កម្ពុជា​តាមរយៈ​សៀវភៅ​នេះ ទៅកាន់​មជ្ឈដ្ឋាន​អន្តរជាតិ​នឹង​ធ្វើឱ្យ​អន្តរជាតិ យល់ដឹង​កាន់តែ​ច្បាស់​ពី​ប្រទេស​កម្ពុជា​ប្រជាជន​កម្ពុជា​នយោបាយ​ និង​ការអភិវឌ្ឍ​នានា​របស់​កម្ពុជា​។ ​«​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប មាន​សារៈសំខាន់ និង​សារប្រយោជន៍​សម្រាប់​កម្ពុជា​ក្នុង​នោះ​នឹង​បង្ហាញ​ពី​តួនាទី​កាន់តែ​មាន​សារៈសំខាន់​របស់​កម្ពុជា នៅក្នុង​កិច្ចការ​តំបន់ និង​អន្តរជាតិ​។ កិច្ចប្រជុំ​នេះ​ក៏​ជា​ឱកាស​សម្រាប់​កម្ពុជា​អាច​ចេញ​នូវ​គំនិត​ផ្គួចផ្ដើម​ចក្ខុវិស័យ​តំបន់​របស់ខ្លួន​ក្នុងឋានៈ ជា​ប្រធាន​អង្គប្រជុំ​»​។

កម្ពុជា​គ្រោង​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​ ១៣ នៅ​ខែឧសភា ឬ​ខែមិថុនា នា​ពាក់កណ្ដាល​ឆ្នាំនេះ​បន្ទាប់ពី​លើក​ពេល​កិច្ចប្រជុំ ដែល​គ្រោង​ធ្វើ​នៅ​ពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ​ ២០២០ កន្លងទៅ ដោយសារ​តែ​វិបត្តិ​នៃ​ជំងឺ​កូវីដ ​១៩​។ នេះ​បើតាម​លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួងការបរទេស ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍​ នាពេល​កន្លងមក​៕