ភ្នំពេញៈ មន្ត្រី​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹងថា សៀវភៅ​ និង​ផ្ទាំង​រូបភាព​អប់រំ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​សម្រាប់​មធ្យម​សិក្សា​បឋមភូមិ​នឹង​ត្រូវ​ចែកចាយ​ទៅគ្រប់​សាលា​អនុវិទ្យាល័យ​ទាំងអស់​នៅ​ទូទាំង​ប្រទេស បន្ទាប់ពី​សៀវភៅ និង​ផ្ទាំង​រូបនេះ​ត្រូវ​បាន​ក្រសួងបរិស្ថាន និង​ក្រសួង​អប់រំ​ប្រកាស​ដាក់ឱ្យ​ប្រើ​កាលពី​ថ្ងៃទី​ ២៦ ខែសីហា​នេះ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ការ​ចែកចាយ​សៀវភៅ និង​ផ្ទាំង​រូបភាព​ទាំងនោះ​គឺ​ចាប់ផ្ដើម​ពី​សប្ដាហ៍​នេះ​ទៅ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់ថា កិច្ច​ចែកចាយ​នោះ​នឹង​បញ្ចប់​នៅពេលណា​ឡើយ​។

លោក ភក្ត្រា បាន​ថ្លែង​ថា​៖ «​គម្រោង​ដំបូង (​ក្រសួង​) ​បោះពុម្ព​ផ្ទាំង​រូបភាព​ចំនួន ៥០០ ​ផ្ទាំង និង​សៀវភៅ​ចំនួន ៥ ​ពាន់​ក្បាល​ដើម្បី​ចែកចាយ​តាម​សាលារៀន​នានា​ (​សម្រាប់​សាលា​មធ្យមសិក្សា​បឋមភូមិ​) ​នៅក្នុង​ប្រទេស​កម្ពុជា​។ ការចែកចាយ​នឹង​ចាប់ផ្តើម​ធ្វើ​ចាប់ពី​សបា្តហ៍​នេះ​។ យើង​នឹង​កៀរគរ​ថវិកា​ដើម្បី​បោះពុម្ព​សៀវភៅ​ និង​ផ្ទាំង​រូបភាព​អប់រំ​ពី​ការប្រែប្រួល​អាកាសធាតុ​នេះ​បន្ថែម​ទៀត​ ដើម្បី​ចែកចាយ​ដល់​គ្រប់​សាលារៀន​ទាំងអស់​»​។

កាលពី​ថ្ងៃទី​ ២៦ ខែ​សីហា​នេះ​ក្រសួង​បរិស្ថាន និង​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​​ផ្លូវការ​ «​មេរៀន និង​ផ្ទាំង​រូបភាព​អប់រំ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​»​។

បើតាម​ទំព័រ​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន​បាន​ចុះផ្សាយ​ដោយ​ស្រង់​សម្ដី​លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹងថា មេរៀន និង​ផ្ទាំង​រូបភាព​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​នេះ​គឺ​រៀបចំ និង​ចងក្រង​ដោយ​ការសហការ​គ្នា​រវាង​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​នៃ​ក្រសួង​បរិស្ថាន​ជាមួយ​នាយកដ្ឋាន​អភិវឌ្ឍន៍​កម្មវិធីសិក្សា​នៃ​ក្រសួង​អប់រំ​ដែល​គាំទ្រ​ដោយ​គម្រោង​របស់​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​។ ការរៀបចំ និង​ចងក្រង​នេះ​មាន​បំណង​ចែករំលែក​ចំណេះដឹង​អំពី​ការប្រែប្រួល​អាកាសធាតុ និង​ការរួមចំណែក​ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​សហគមន៍ និង​សង្គម​កម្ពុជា​មាន​ភាពធន់​នឹង​អាកាសធាតុ​។

លោក​បន្ថែមថា ការអប់រំ​អំពី​ការប្រែប្រួល​អាកាសធាតុ និង​បរិស្ថាន​ត្រូវ​ធ្វើ​ឡើង​ទាំង​នៅក្នុង​ប្រព័ន្ធ​អប់រំ និង​ក្រៅ​ប្រព័ន្ធ​អប់រំ ហើយ​លោក​ក៏​ចង់ឱ្យ​​គ្រឹះស្ថាន​អប់រំ​ឯកជន​ទាំងអស់​បញ្ចូល​ការអប់រំ​ថ្មី​នេះ​ដូច​សាលារៀន​រដ្ឋ​ដែរ​។

លោក ភក្ត្រា ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់​ថា សៀវភៅ​មេរៀន និង​ផ្ទាំង​រូបភាព​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​សម្រាប់​ថ្នាក់​មធ្យមសិក្សា​បឋមភូមិ​នឹង​ដើរតួនាទី​សំខាន់​ជា​ឯកសារយោង​សម្រាប់​ប្រើប្រាស់​សិក្សា​ស្រាវជ្រាវ​អំពី​ការប្រែប្រួល​អាកាសធាតុ វិធានការ បន្សំ និង​ការចូលរួម​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​តាមរយៈ​បុគ្គល និង​សហគមន៍​»​។

កម្ពុជា​មាន​សាលារៀន​ទាំងអស់​ចាប់ពី​ថ្នាក់​មត្តេយ្យសិក្សា​រហូត​ដល់​មធ្យមសិក្សា​ទុតិយភូមិ​ចំនួន​ ១៤៩០៥ ​សាលា​ក្នុង​នោះ​សាលាបង្រៀន​មធ្យមសិក្សា​បឋមភូមិ​មាន​ចំនួន​ ១៣២៤ ​សាលា​។

លោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើក​ឡើង​នៅក្នុង​កម្មវិធី​សម្ពោធ​នោះដែរ​ថា សៀវភៅ និង​ផ្ទាំង​រូបភាព​អប់រំ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​នេះ​នឹង​ចូលរួម​ចំណែក​ផ្ស៊ាំ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ចូលរួម​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។

លោកស្រី​ថា​៖ «​ព្រមទាំង​លើក​កម្ពស់​ការយល់ដឹង​អំពី​កិច្ច​គាំពារ​បរិស្ថាន ចូលរួម​ថែរក្សា​បរិស្ថាន​ស្អាត គ្មាន​សំរាម គ្មាន​ការបំពុល គ្មាន​សំណល់​ប្លាស្ទិក និង​បន្ត​ពង្រឹង និង​ពង្រីក​ចំណេះដឹង​ដល់​លោកគ្រូ អ្នកគ្រូ ពិសេស​សិស្សានុសិស្ស​ដែល​នឹង​ក្លាយ​ជា​អ្នកដឹកនាំ​នាពេល​អនាគត​ឱ្យ​យល់ដឹង​អំពី​ភាពចាំបាច់ និង​អត្ថប្រយោជន៍​បរិស្ថាន តុល្យភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ការអភិរក្ស​ជីវចម្រុះ​ និង​ការរស់នៅ​ដោយ​ចីរភាព​»​។

អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ​ (ODC) ធ្លាប់​បញ្ជាក់ថា កម្ពុជា​គឺជា​ប្រទេស​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​ងាយ​​រងគ្រោះ​បំផុត​ពី​ការប្រែប្រួល​អាកាសធាតុ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដោយសារ​តែ​មាន​ការបាត់បង់​គម្រប​ព្រៃឈើ និង​ព្រៃស្រោង​នៅ​ទូទាំង​ប្រទេស​ចាប់​តាំងពី​ឆ្នាំ​ ១៩៧៣ ​មក​។ អង្គការ USAID ក៏បាន​ព្យាករ​ថា​នៅក្នុង​ឆ្នាំ​ ២០៥០ ​ខាង​មុន ប្រជាជន​កម្ពុជា​ប្រកបមុខរបរ​ក្នុង​វ័ស័យ​កសិកម្ម​ប្រមាណ​ ៧ ​លាន​នាក់ និង​នៅក្នុង​វិស័យ​សំណង់​ប្រមាណ​ ២ ​សែន​ ៤ ​ម៉ឺន​នាក់​នឹង​ត្រូវ​រង​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​៕