
លោក ឆាយ សុផល បង្ហាញសៀវភៅដែលបានបកប្រែជាអង់គ្លេស។ រូបថត សហការី
ភ្នំពេញៈ ក្រោយពីបានចេញផ្សាយសៀវភៅដែលមានចំណងជើង «ប៊ុន រ៉ានី-ភរិយាបុរសខ្លាំងនៃកម្ពុជា ជាភាសាខ្មែរកាលពីចុងឆ្នាំ ២០១៩ នោះពេលនេះត្រូវបានបកប្រែរួច ហើយបានបោះពុម្ពចេញផ្សាយជាភាសាអង់គ្លេសលើកទី ១ កាលពីថ្ងៃសៅរ៍ ទី ១៦ ខែឧសភាចំនួន ១ ម៉ឺនច្បាប់សម្រាប់ទីផ្សារសៀវភៅនៅកម្ពុជា។
លោក ឆាយ សុផល អ្នកកាសែតខ្មែរជើងចាស់តែម្នាក់គត់ដែលត្រូវបានមើលឃើញថា ទទួលបានសិទ្ធិអាទិភាពចងក្រងសៀវភៅស្ដីពីប្រវត្តិ ក្រុមគ្រួសាររបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយបានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃសៅរ៍ថា៖ «ខ្ញុំបានទទួលសារតាមអ៊ីមែលផង និងតាមហ្វេសប៊ុកផង ព្រមទាំងមានសំណើពីបណ្ណាគារខ្លះនៅរាជធានីភ្នំពេញថា ពួកគេចង់បានសៀវភៅពីប្រវត្តិរបស់ស្ត្រីទី ១ នៃកម្ពុជា ទើបខ្ញុំប្រឹងប្រែងធ្វើសៀវភៅនេះជាភាសាអង់គ្លេស។ ការធ្វើសៀវភៅ ១ ច្បាប់ៗគឺពិតជាមិនងាយស្រួលពេកទេតែធ្វើម៉េច បើខ្ញុំធ្លាក់ខ្លួនក្នុងអាជីពនេះទៅហើយ»។
លោក សុផល ថ្លែងឲ្យដឹងទៀតថា៖ «សៀវភៅដែលមានចំណងជើងជាភាសាអង់គ្លេសសរសេរថា «BUN-RANY THE WIFE OF CAMBODIA''S STRONG MAN» ត្រូវបានបកប្រែដោយក្រុមអ្នកជំនាញ និងមានការកែសម្រួលពីជនជាតិអាមេរិក។ សៀវភៅនេះក៏ជាការចូលរួមចំណែកអបអរចំពោះសម្ដេចទាំង ២ (ហ៊ុន សែន-ប៊ុន រ៉ានី) ដែលមានចៅទី ២១ នៅសប្ដាហ៍នេះដែរ»។
លោក ឆាយ សុផល បញ្ជាក់ថាលោកបានចំណាយពេលស្រាវជ្រាវ និងចងក្រងសៀវភៅនេះចាប់តាំងពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩ ហើយក្រៅពីការស្រាវជ្រាវតាមរយៈឯកសារនានា លោកក៏ត្រូវបានលោក ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី អនុញ្ញាតឱ្យជួបសម្ភាសផ្ទាល់ដើម្បីរំឭកអំពីប្រវត្តិទាំងនោះដែរ។
លោក ឆាយ សុផល ក៏បានបញ្ជាក់ទៀតថា សៀវភៅ «បងប្អូនប្រុសទាំង ៣» ដែលរៀបរាប់ពីសាវតារ កូនប្រុសរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងភរិយារបស់លោក លោកស្រី ប៊ុន រ៉ានី ក៏នឹងត្រូវចេញផ្សាយជាភាសាអង់គ្លេស និងភាសាចិននៅខែមិថុនានេះ ខណៈដែលសៀវភៅដែលមានចំណងជើងថា ហ៊ុន សែន នយោបាយ និងអំណាចក្នុងប្រវត្តិសាស្ត្រខ្មែរជាង ៤០ ឆ្នាំនឹងចេញផ្សាយជាភាសាអង់គ្លេសនៅក្នុងអំឡុងខែសីហាឆ្នាំនេះដែរ។
«BUN RANY THE WIFE OF CAMBODIA''S STRONG MAN» គឺជាសៀវភៅលើកទី ៣ ដែលលោក ឆាយ សុផល បានស្រាវជ្រាវ និងចងក្រងជាសៀវភៅនិយាយពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់លោក ហ៊ុន សែន។ សៀវភៅទី ១ គឺលោក ឆាយ សុផល បានរៀបរាប់ពីជីវិតនយោបាយ និងអំណាចរបស់លោក ហ៊ុន សែន ក្នុងប្រវត្តិសាស្ដ្រខ្មែរជាង ៤០ ឆ្នាំសៀវភៅទី ២ រៀបរាប់អំពីកូនប្រុសទាំង ៣ របស់លោក ហ៊ុន សែន មុននឹងចេញផ្សាយសៀវភៅទី ៣ និយាយពីភរិយារបស់លោក ហ៊ុន សែន នេះ។
យោងតាមខ្លឹមសារខ្លះនៅក្នុងសៀវភៅមានចំណងជើងថា «ប៊ុន រ៉ានី ភរិយាបុរសខ្លាំងនៃកម្ពុជា» បានឲ្យដឹងដោយបានរៀបរាប់ពីជីវិតលោកស្រី ប៊ុន រ៉ានី តាំងពីនៅជាកុមារភាពរួមទាំងប្រវត្តិការសិក្សា ការក្លាយជាកងទ័ពព្រៃ ការបែកបាក់ពីស្វាមី ការបាត់បង់កូន និងការស្ថិតក្រោមការតាមសម្លាប់ផ្ដាច់ពូជជាដើម។ សៀវភៅនេះក៏បង្ហាញអំពីជីវិតរស់នៅប្រចាំថ្ងៃរបស់លោកស្រី ប៊ុន រ៉ានី ដែលត្រូវបំពេញតួនាទីជាម្ដាយ ជាភរិយារបស់នាយករដ្ឋមន្ត្រី និងជាប្រធានកាកបាទក្រហមកម្ពុជា ហើយពិសេសគឺអារម្មណ៍ក្នុងនាមជាភរិយាថ្នាក់ដឹកនាំកំពូលដែលត្រូវបានគេប្រមាថកន្លងមក។
ខ្លឹមសារខ្លះនៃសៀវភៅដដែលនេះបានឲ្យដឹងថា លោកស្រី ប៊ុន រ៉ានី បានបាត់បង់ឪពុកនៅក្នុងហេតុការណ៍បាញ់សម្លាប់ដោយទាហានខ្មែរក្រហមនៅឆ្នាំ ១៩៨០ ហើយក្រោយមកលោកស្រីបានដើរតួនាទីជាអ្នកមើលម្ដាយ និងមើលថែកូនៗជាច្រើននាក់ ហើយស្ថិតក្នុងនាមជាជំទាវរបស់រដ្ឋមន្ត្រីការបរទេសនាពេលនោះ ប៉ុន្តែលោកស្រីបែរជារលូតកូនដោយសារតែខំប្រឹងធ្វើការងារធ្ងន់ៗដូចជា រែកទឹក និងយួរទឹកទៅវិញ។
សៀវភៅដដែលនេះបានឲ្យដឹងថា លោកស្រី ប៊ុន រ៉ានី ក៏ចេះក្បួនសឹក និងធ្លាប់ធ្វើសង្គ្រាមតតាំងនឹងសត្រូវដោយអាចប្រើកាំភ្លើងជាច្រើនប្រភេទ និងចេះគប់គ្រាប់បែកជាដើម ហើយបើតាមការស្រាវជ្រាវគឺប្រវត្តិទាំងនេះកម្រមានស្ដ្រីរបស់ថ្នាក់ដឹកនាំកំពូលប្រទេសណាមួយធ្លាប់ឆ្លងកាត់ដូចលោកស្រី ប៊ុនរ៉ានី ឡើយ។
លោក សុផល ថ្លែងថា៖ «ជាសាស្ត្រាចារ្យព័ត៌មាន និងអ្នកជំនាញព័ត៌មានដែរ ខ្ញុំតែងតែឆ្លៀតពេលពីការងារស្នូល កត់ត្រាទុកពីសកម្មភាពប្រចាំថ្ងៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងទទួលបានព័ត៌មានខ្លះៗតាមរយៈការសាកសួរសម្ដេចកិត្តិដោយផ្ទាល់ ព្រមទាំងសន្សំឯកសារមួយចំនួនទៀតពីការស្រាវជ្រាវចេញពីប្រភពនានាធ្វើជាឯកសារយោងដែលអាចឲ្យខ្ញុំចងក្រងសៀវភៅ (ទាំងនោះបាន) សម្រាប់អ្នកជំនាន់ក្រោយ»៕