ភ្នំពេញៈ សៀវភៅ​ជា​ភាសា​អង់គ្លេស​ដែល​មាន​ចំណងជើង​ថា «Hun Sen - War & Peace in Cambodia and Southeast Asia» មានន័យ​ជា​ភាសា​ខ្មែរ​ថា «​ហ៊ុន សែន ​សង្គ្រាម និង​សន្តិភាព​នៅ​កម្ពុជា និង​អាស៊ីអាគ្នេយ៍​» ដែលជា​ស្នាដៃ​និពន្ធ​របស់​លោក​ ឆាយ សុផល សាស្ត្រាចារ្យ​ព័ត៌មាន​ត្រូវ​បាន​ប្រកាស​ចេញផ្សាយ និង​ដាក់លក់​ជា​សាធារណៈ​កាលពី​ម្សិលមិញ​ចំពេល​ខួប​លើក​ទី​ ៣៦ ​ឆ្នាំ​នៃ​ការឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន​។

សៀវភៅ​នេះ​បានបង្ហាញ​ពី​ព្រឹត្តិការណ៍​នៅ​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ​ ១៩៧០ មក​ឆ្នាំ​ ២០២០ ដែល​ប្រទេស​កម្ពុជា​ឆ្លងកាត់​គ្រប់​រសជាតិ ពិសេស​ខណៈ​ដែល​មហាអំណាច​បស្ចិមប្រទេស និង​អាស៊ី​កំពុង​ប្រកួតប្រជែង​គ្នា​ទាំង​សព្វាវុធ បច្ចេកវិទ្យា សេដ្ឋកិច្ច ពាណិជ្ជកម្ម មនោគមន៍វិជ្ជា និង​ភូមិ​សាស្ត្រ​នយោបាយ​។ តួអង្គ​សំខាន់​នៅក្នុង​សៀវភៅ​នេះ​គឺ​លោក ហ៊ុន សែន ដែល​ជា​ស្ថាបនិក​សន្តិភាព​នៃ​កម្ពុជា​បាន​បញ្ចប់​សង្គ្រាម​ផ្ទៃក្នុង​នៅ​កម្ពុជា​ទាំង​ស្រុង​នា​ថ្ងៃទី​ ២៨ ខែធ្នូ ឆ្នាំ​ ១៩៩៨​។

លោក ឆាយ សុផល ​ថ្លែង​ថា​៖ «​ជា​ការពិត​ប្រជាជន​កម្ពុជា រួមទាំង​បរទេស​ផង​បាន​ស្គាល់​សម្តេច​តេជោ ហ៊ុន សែន ជា​នរណា ប៉ុន្តែ​ពួកគាត់​ទំនងជា​មិន​បាន​ដឹង​ពី​បញ្ហា​ប្រទាក់ក្រឡា​គ្នា​ជាច្រើន ដែល​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​កលិយុគ​បង្ហូរឈាម កាប់សម្លាប់​គ្នា​ក្នុង​ភ្លើងសង្គ្រាម រួមទាំង​ប្រល័យ​ពូជសាសន៍​ឯង​រហូតដល់​ប្រទេស​មាន​សន្តិភាព​មកដល់​ពេលនេះ​»​។

បើតាម​លោក ឆាយ សុផល គឺ​សង្គ្រាម​នៅ​កម្ពុជា​មិនមែន​ជា​បញ្ហា​តែមួយ​របស់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ជា​បញ្ហា​តំបន់ និង​ក៏ដូចជា​ការសាប​ព្រោះ​មនោគមន៍វិជ្ជា​របស់​ប្រទេស​មហាអំណាច​លើ​ពិភពលោក​ផងដែរ ក្នុង​នោះ​រួមមាន អាមេរិក ប្រទេសមួយ​ចំនួន​នៅ​អឺរ៉ុប អាស៊ី និង​អាស៊ី​ប៉ាស៊ីហ្វិក​។ លោក​ថា​៖ «​ការបញ្ចប់​សង្គ្រាម​​ដោយ​នាំមក​នូវ​សន្តិភាព​នៅ​កម្ពុជា​គឺជា​សេចក្តី​សុខ និង​ការអភិវឌ្ឍ​របស់​កម្ពុជា​ខ្លួនឯង​ផង និង​ជា​សេចក្តី​សុខសាន្ត​របស់​ប្រជាជាតិ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​»​។

នៅក្នុង​សៀវភៅ​ដែល​មាន​កម្រាស់ ៦៥៦ ​ទំព័រ​នេះ​លោក ឆាយ សុផល បាន​រៀបរាប់​ពី​លក្ខណពិសេស​របស់​លោក ហ៊ុន សែន ថា ជា​បុគ្គល​ដែល «​ស្អប់​មនុស្ស​ក្រឡេចក្រឡុច ស្អប់​ការប្រមាថ និង​ស្អប់​ក្មេង​ព្រហើន ប៉ុន្តែ​ស្តាប់​ការពន្យល់ និង​ទទួល​យក​អ្វីដែល​សមហេតុផល​មាន​មនោសញ្ចេតនា​តែ​មិនទន់ជ្រាយ ពូកែ​ប្រើ​មនុស្ស និង​មិនចេះ​បិទ​សរសៃឈាម​គេ​»​។

តាម​ការពិពណ៌នា​ក្នុង​សៀវភៅ​នេះ​លោក ហ៊ុន សែន ជា​បុគ្គល​ដែល​ចេះ​បត់បែន​តាម​កាលៈទេសៈ ដើម្បី​ប្រយោជន៍​រួម តែ​មិន​ចូលចិត្ត​អ្នក​ក្រឡេចក្រឡុច និយាយ​មិន​ពិត បាតដៃ​ជា​ខ្នងដៃ ហើយ​ស្អប់​អ្នកប្រឆាំង​ផ្កាប់មុខ​ដោយ​មិន​ស្តាប់​ហេតុផល​។

មិន​តែ​ប៉ុណ្ណោះ​លោក ហ៊ុន សែន បាន​ជួយសង្គ្រោះ​ប្រជាជន​ចេញ​ពី​របប​ប្រល័យពូជសាសន៍​នា​ថ្ងៃ​ ៧ ខែ​មករា ឆ្នាំ​ ១៩៧៩ និង​បាន​នាំ​មេដឹកនាំ​កំពូល​នៃ​របប​នេះ​មករក​យុត្តិធម៌​នៅ​តុលាការ​ខ្មែរ-ក្រហម ព្រម​ទាំង​បាន​បញ្ចប់​សង្គ្រាម​ផ្ទៃក្នុង​នៅ​កម្ពុជា​នា​ចុង​ឆ្នាំ​ ១៩៩៨​។ លើសពីនេះ​លោក​បាន​នាំមក​នូវ​សន្តិភាព​ទាំងស្រុង​ជូន​ជាតិ និង​ជំរុញ​ការអភិវឌ្ឍ​ជាតិ​ប្រកាន់​យក​នយោបាយ​ការបរទេស​ប្រកប​ដោយ​ការប្រុងប្រយ័ត្ន​។

សៀវភៅ​នេះ​ក៏បាន​រំលេច​ផងដែរ​ថា លោក ហ៊ុន សែន មុនពេល​ឡើងកាន់​មុខតំណែង​ជា​នាយករដ្ឋមន្ត្រី​បាន​ឆ្លងកាត់​ជីវិត​ជា​អ្នកចម្ការ ជា​ក្មេង​វត្ត​ជា​អ្នក​រកស៊ី​ជួញដូរ​តិចតួច​នៅតាម​ភូមិ ជា​នាយទាហាន មេបញ្ជាការ​ឆ្លងកាត់​សមរភូមិ​ប្រយុទ្ធ ជា​អ្នកទោស ជា​អ្នក​សង្គ្រោះ ជា​រដ្ឋមន្ត្រី និង​ឧបនាយករដ្ឋមន្ត្រី ហើយ​បើទោះ​ជា​ត្រូវបាន​គេ​តាម​ធ្វើឃាត​ជាច្រើន​លើក​ក៏ដោយ ក៏​ក្រុម​ឃាតករ​មិនបាន​សម្រេច​ឡើយ​។

បើតាម​លោក​ សុផល ការសម្ពោធ​សៀវភៅ​នៅពេល​នេះ​ក៏​ចង់​ចូលរួម​រំឭក​ខួប​លើក​ទី​ ៣៦ ​នៃ​ការឡើង​កាន់តំណែង​នាយករដ្ឋមន្ត្រី​ជា​ផ្លូវការ​របស់លោក ហ៊ុន សែន​ (១៤ មករា​ ១៩៨៥) ​និង​ដើម្បី​ទុកជា​ឯកសារយោង​សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ​ទាំង​ជាតិ និង​អន្តរជាតិ​ដែល​ចង់ដឹង​ពី​ព្រឹត្តិការណ៍​ពិត​នៅ​កម្ពុជា​៕