
សកម្មភាពសិក្សារបស់សិស្សនៅភ្នំពេញកន្លងមក។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័ត «សេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីសុខភាពសិក្សា» ក្រោយពីស្ដាប់របាយការណ៍និងមតិពិភាក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពីថ្ងៃសុក្រសប្ដាហ៍មុននៅវិមានសន្តិភាព។
នៅក្នុងកិច្ចពិភាក្សាលើសេចក្ដីព្រាងគោលនយោបាយនេះ លោកនាយករដ្ឋមន្ត្រី និងលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានបន្ថែមនូវចំណុចមួយចំនួនផងដែរដើម្បីធានាបាននូវសុវត្ថិភាពនិងសន្តិសុខពេញលេញរបស់សិស្សដែលត្រូវឱ្យចាកឆ្ងាយពីអាវុធជាតិផ្ទុះ និងការជួញដូរគ្រឿងញៀន។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្រ្ដី លទ្ធផលនៃសម័យប្រជុំពេញ អង្គរបស់គណៈរដ្ឋមន្រ្ដីនេះបានបង្ហាញថា សេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីសុខភាពសិក្សាមានចក្ខុវិស័យអភិវឌ្ឍន៍ធនធានមនុស្សឱ្យមានលក្ខណសម្បត្ដិពេញលេញ និងមានសុខភាពល្អ ទាំងកាយសម្បទា បញ្ញា ស្មារតី ដើម្បីអភិវឌ្ឍសង្គមកម្ពុជាប្រកបដោយចីរភាព ។
សេចក្ដីប្រកាសដដែលថា៖ «សេចក្ដីព្រាងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងរួម ចំណែកលើកកម្ពស់គុណភាពអប់រំ និងផ្ដល់ឱ្យអ្នកសិក្សា និងបុគ្គលិកអប់រំនូវលទ្ធផលក្នុងការទទួលបាននូវសុខភាពល្អនិងសុខុមាលភាពដើម្បីក្លាយជាធនធានមនុស្សប្រកបដោយសក្ដានុពល»។
ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះបានបង្ហាញថា គោលនយោបាយជាតិស្ដីពីសុខភាពសិក្សា ជាទស្សនវិស័យថ្មីតម្រង់ទិសអ្នកសិក្សា បុគ្គលិកអប់រំ និងភាគីពាក់ព័ន្ធឈានទៅរកការថែរក្សាសុខភាពផ្ទាល់ខ្លួនដើម្បីក្លាយជាធនធានមនុស្សដែលមានទាំងប្រាជ្ញា ទាំងស្មារតី និងមានសុខភាពមាំមួន សម្រាប់រួមចំណែកអភិវឌ្ឍជាតិ។
បើតាមក្រសួងអប់រំ ការអនុវត្តគោលនយោបាយជាតិនេះ គឺសំដៅកែប្រែទម្លាប់ និងបណ្ដុះស្មារតីស្អាតដល់អ្នកសិក្សា និងបុគ្គលិកអប់រំឱ្យមានគុណភាពនិងប្រសិទ្ធភាពខ្ពស់។
ក្រសួងបញ្ជាក់ថា៖ «សុខភាពល្អគឺជាគន្លឹះសំខាន់មួយក្នុងការរួមចំណែកអភិវឌ្ឍសង្គម។ អ្នកសិក្សា និងបុគ្គលិកអប់រំមានសុខភាពល្អនឹងក្លាយជាធនធានមនុស្សដ៏សកម្មសម្រាប់កសាងមាតុភូមិ»។
ទាក់ទងនឹងការអនុវត្តគោលនយោបាយជាតិស្ដីពីសុខភាពសិក្សាឱ្យបានជោគជ័យ ក្រសួងអប់រំបានដាក់ចេញនូវយុទ្ធសាស្ត្រ ៨ ចំណុចដែលក្នុងនោះរួមមាន ១-អភិវឌ្ឍក្របខ័ណ្ឌច្បាប់ និងយន្តការ ២-លើកកម្ពស់សុខភាពចាំបាច់ដល់អ្នកសិក្សា និងបុគ្គលិកអប់រំ ៣-លើកកម្ពស់ការផ្តល់អាហារូបត្ថម្ភ ៤-លើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ៥-លើកកម្ពស់បរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាប័ន្ន ផាសុកភាព និងមេត្រីភាព ៦-លើកកម្ពស់ការអប់រំសុខភាព ៧-លើកកម្ពស់ការអនុវត្តបំណិនសុខភាព និង ៨-លើកកម្ពស់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់សុខភាពសិក្សា។
លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យថាក្រោយទទួលបានការអនុម័តពីរាជរដ្ឋាភិបាលនេះ ក្រសួងកំពុងរៀបចំផែនការសកម្មភាពដើម្បីប្រតិបត្ដិទៅលើគោលនយោបាយនេះជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនានា។
លោកបន្ដថា៖ «ផែនការសកម្មភាពនេះ មានគោលបំណងសម្រេចនូវផែនការធានាបាននូវការសិក្សាប្រកបដោយគុណភាព និងបង្កើនអត្រាបញ្ចប់ការសិក្សា និងអត្រាគង់វង្សរបស់សិស្សក្នុងការសិក្សា។ ចូលរួមពង្រឹង និងពង្រីកសេវាលើសេវាលើកកម្ពស់សុខភាពជូនដល់អ្នកសិក្សាបុគ្គលិកអប់រំ និងប្រជាពលរដ្ឋទូទៅដោយផ្ដើមចេញពីសាលារៀន និងកាត់បន្ថយចំណាយសេវាសុខាភិបាល និងបង្កើនប្រាក់សន្សំដើម្បីសម្រេចចក្ខុវិស័យឆ្នាំ ២០៣០ ដែលរាជរដ្ឋាភិបាលចង់ប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រែក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៥០ ខាងមុខ»៕