The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​បញ្ចូល​បញ្ញត្តិ​ដក​អាសនៈ​ពី​អ្នក​ធ្វើ​ពហិការ

សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​បញ្ចូល​បញ្ញត្តិ​ដក​អាសនៈ​ពី​អ្នក​ធ្វើ​ពហិការ

លោក ស ខេង និង​លោក សម រង្ស៊ី ក្រោយ​ពី​បញ្ចប់​ការ​ខ្វែង​គំនិត​គ្នា​លើ​សេចក្តី​ព្រាង​ច្បាប់ គ.ជ.ប។
លោក ស ខេង និង​លោក សម រង្ស៊ី ក្រោយ​ពី​បញ្ចប់​ការ​ខ្វែង​គំនិត​គ្នា​លើ​សេចក្តី​ព្រាង​ច្បាប់ គ.ជ.ប។ រូប អនឡាញ

សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​បញ្ចូល​បញ្ញត្តិ​ដក​អាសនៈ​ពី​អ្នក​ធ្វើ​ពហិការ

ភ្នំពេញៈ គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​បាន​បន្ថែម​បញ្ញតិ្ត​មួយ​ទៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​បោះឆ្នោត ដែល​នឹង​អនុម័ត​ក្នុង​ពេល​ឆាប់ៗ​នេះ ដែល​មាន​គោល​បំណង​បង្ការ​កុំ​ឲ្យ​គណបក្ស​ណា​មួយ​ដែល​ឈ្នះ​អាសនៈ​ក្នុង​រដ្ឋសភា អាច​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​ក្នុង​រដ្ឋសភា។

សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ចុង​ខែ​មុន​បាន​អំពាវនាវ​ដល់​ក្រុម​ការងារ​ដែល​ធ្វើ​សេចក្តី​ព្រាង​វិសោធនកម្ម​លើ​ច្បាប់​បោះឆ្នោត​បច្ចុប្បន្ន ឲ្យ​ដាក់​បញ្ចូល​បញ្ញតិ្ត​មួយ ដែល​នឹង​ដក​អាសនៈ​របស់​គណបក្ស​ដែល​ធ្វើ​ពហិការ។

ប៉ុន្តែ​អត្ថបទ​នៃ​ច្បាប់​នោះ ដែល​បាន​សម្រេច​ជា​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ពុធ ហាក់​ដូច​ជា​ទុក​ឱកាស​ជា​ចំហ​ក្នុង​ការ​ធ្វើ​ពហិការ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាប់​ផ្តើម​ធ្វើ​ក្រោយ​ការ​បោះ​ឆ្នោត ឆ្នាំ​២០១៣ បន្ទាប់​ពី​បាន​អះអាង​ថា ការ​បោះឆ្នោត​ត្រូវ​គេ​លួច​បន្លំ។

សេចក្តី​ព្រាង​ច្បាប់​ចែង​ថា គណបក្ស​អាច​បាត់​បង់​អាសនៈ ប្រសិន​បើ​គេ​ធ្វើ​ពហិការ មិន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​បើក​រដ្ឋសភា ក្រោម​ព្រះ​រាជា​អធិបតីភាព​របស់​ព្រះ​មហាក្សត្រ ការ​ស្បថ​របស់​តំណាង​រាស្រ្ត​ឬ​នៅ​ពេល​រដ្ឋសភា​បាន​ប្រកាស​សុពល​ភាព​ជា​ផ្លូវ​ការ តែ​ក្នុង​ករណី​ការ​បោះឆ្នោត «ជា​ការ​បោះ​ឆ្នោត​សេរី ត្រឹម​ត្រូវ​និង​យុតិ្តធម៌»។

សេចក្តី​ព្រាង​ច្បាប់​ចែង​ទៀត​ថា ចំណុច​នេះ​នឹង​ត្រូវ​សម្រេច​តាម​រដ្ឋ​ធម្មនុញ្ញ ច្បាប់​ស្តីពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ច្បាប់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ច្បាប់​បោះ​ឆ្នោត។

សេចក្តី​ព្រាង​ច្បាប់​នោះ​ចែង​ដែរ​ថា ក្នុង​ករណី​ការ​បោះ​ឆ្នោត​ពិត​ជា​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ ហើយ​គណបក្ស​ណា​មួយ​ធ្វើ​ពហិការ​នោះ រដ្ឋសភា​ត្រូវ​ជូន​ដំណឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ក្នុង​រយៈ​ពេល ២៤ ម៉ោង។ បន្ទាប់​មក គ.ជ.ប មាន​រយៈ​ពេល ៧២ ម៉ោង ដើម្បី​ធ្វើ​ការ​បែង​ចែក​អាសនៈ​ជូន​គណបក្ស​ឡើង​វិញ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​កាល​ពី​ម្សិល​មិញ បាន​ការពារ​បញ្ញតិ្ត​នេះ។ លោក​បាន​បញ្ជាក់​ថា ប្រសិន​បើ គ.ជ.ប ថ្មី​និង​ច្បាប់​បោះ​ឆ្នោត​ដែល​បាន​ធ្វើ​វិសោធនកម្ម ត្រូវ​បាន​អនុវត្ត​យ៉ាង​ពេញ​លេញ គ្មាន​គណបក្ស​ណា​មាន​មូល​ហេតុ​ជំទាស់​នឹង​លទ្ធផល​បោះ​ឆ្នោត​ទេ។

លោក​លើក​ឡើង​ថា៖ «ក្នុង ឆ្នាំ​២០១៣ និង​មុន ឆ្នាំ​២០១៣ យើង​គ្មាន​ច្បាប់​ដែល​ធានា​នូវ​ដំណើរ​ការ​បោះឆ្នោត​សេរី​និង​ត្រឹម​ត្រូវ​ទេ ដូច្នេះ យើង [មាន​សិទិ្ធ] ជំទាស់។ ប៉ុន្តែ​ឥឡូវ​នេះ យើង​បាន​ទទួល​យក​ច្បាប់​ទាក់​ទង​នឹង​ការ​បោះឆ្នោត ដូច្នេះ យើង​ត្រូវ [ទទួល​យក] លទ្ធផល​នៃ​ការ​បោះឆ្នោត»។

ទោះ​ជា​យ៉ាង​ណា លោក សម រង្ស៊ី បាន​បន្ថែម​ថា ប្រសិន​បើ​ក្នុង​ពាក់​កណ្តាល​នៃ​ដំណើរ​ការ​បោះ​ឆ្នោត ច្បាប់​មិន​ត្រូវ​បាន​អនុវត្ត​ត្រឹម​ត្រូវ​ទេ គណបក្ស​សង្គ្រោះ​ជាតិ​នឹង «បន្លឺ​ជួង​ប្រកាស​អាសន្ន»។ លោក​ទទួល​ស្គាល់​ថា ច្បាប់​នេះ​គឺ​ជា​ការ​សម្រុះ​សម្រួល ដូច្នេះ មាន​ចំណុច​មួយ​ចំនួន​ដែល​គណបក្ស​របស់​លោក​មិន​ពេញ​ចិត្ត​ទាំង​ស្រុង។ ប៉ុន្តែ លោក​ថា ជា​ទូទៅ​ច្បាប់​អនុញ្ញាត​ឲ្យ​សាធារណ​ជន​ជឿ​ជាក់​លើ​ដំណើរ​ការ​បោះឆ្នោត។

អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​និង​អ្នក​អង្កេត​ការណ៍​មួយ​ចំនួន បាន​រិះគន់​បញ្ញតិ្ត​ស្តីពី​ការ​ធ្វើ​ពហិការ​នេះ​ថា បាន​រៀបចំ​ឡើង ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់​គណបក្ស​នយោបាយ​ទាំង​ពីរ តាម​ការ​រំពឹង​ទុក​របស់​ពួក​គេ អំពី​អ្វី​ដែល​អាច​កើត​ឡើង​នៅ​ការ​បោះ​ឆ្នោត ឆ្នាំ​២០១៨។

លោក អ៊ូ វីរៈ អ្នក​វិភាគ​ឯករាជ្យ បាន​ថ្លែង​ថា វា​ហាក់​ដូច​ជា គណបក្ស​ប្រជាជន​ជឿ​ជាក់​ថា ខ្លួន​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​លើក​ក្រោយ ដូច្នេះ បាន​ជំរុញ​ឲ្យ​ដាក់​បញ្ចូល​នូវ​បញ្ញតិ្ត​ដែល​បង្ការ​កុំ​ឲ្យ​គណបក្ស​ប្រឆាំង​ធ្វើ​ពហិការ​ទៀត។ ផ្ទុយ​ទៅ​វិញ គណបក្ស​សង្គ្រោះ​ជាតិ​អាច​ដាក់ ខ លើក​លែង ដែល​ការ​បោះឆ្នោត​ត្រូវ​តែ​វិនិច្ឆ័យ​ថា ជា​ការ​បោះឆ្នោត​សេរី និង​យុតិ្តធម៌ ដើម្បី​ផ្តល់​ជម្រើស​ដល់​ពួក​គេ​ក្នុង​ការ​ជំទាស់ និង​ធ្វើ​ពហិការ​ម្តង​ទៀត ប្រសិន​បើ​ពួក​គេ​ចាញ់​ក្នុង ឆ្នាំ​២០១៨។

លោក អ៊ូ វីរៈ បន្ថែម​ថា ដោយ​គិត​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​ជា​ស្ថាប័ន​ក្រោម​ឥទិ្ធពល​នយោបាយ ខ លើក​លែង​នោះ​នឹង​ជួយ​តែ​គណបក្ស​ប្រជាជន​ប៉ុណ្ណោះ។

ក្នុង​ករណី​នេះ គណបក្ស​ប្រជាជន​អាច «គ្រប់​គ្រង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដើម្បី​ធ្វើ​សេចក្តី​សម្រេច​ថា ការ​បោះឆ្នោត​មិន​យុតិ្តធម៌» ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​ដល់​ការ​ធ្វើ​ពហិការ។

ទោះ​ជា​យ៉ាង​ណា លោក សម រង្សី អះអាង​ថា ក្រុម​ប្រឹក្សា​នេះ​នឹង​គ្មាន​អំណាច​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ក្លាយ​ជា​មិន​ស្រប​ទេ បើ​គិត​ពី គ.ជ.ប ថ្មី នឹង​ការ​ចាត់​ចែង​លើ​ដំណើរ​ការ​ទាំង​មូល ហើយ​ប្រកាស​លទ្ធផល។

លោក គល់ បញ្ញា នាយក​ប្រតិបតិ្ត​នៃ​អង្គការ ខុម ហ្វ្រែល មាន​ប្រសាសន៍​ថា លោក​មិន​អាច​មើល​ឃើញ​មូល​ហេតុ​ត្រឹម​ត្រូវ​ថា​តើ​ហេតុ​អ្វី​រដ្ឋសភា​នឹង​ឲ្យ​អំណាច​ដល់ គ.ជ.ប ក្នុង​ការ​ដក​អាសនៈ​របស់​គណបក្ស​ប្រសិន​បើ​ពួក​គេ​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​ក្នុង​រដ្ឋសភា។

លោក​បន្ត​ថា៖ «នៅ​ពេល​យើង​រឹប​អូស​យក​អាសនៈ​ពី​គណបក្ស​ណា​មួយ វា​ប៉ះពាល់​ដល់​ឆន្ទៈ​អ្នក​បោះឆ្នោត»។

លោក ប៊ិន ឈិន ប្រធាន​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន មិន​អាច​ទាក់​ទង​បាន​ទេ កាល​ពី​ម្សិល​មិញ ចំណែក​ឯ​លោក កើត រិទ្ធ សមាជិក​ក្នុង​ក្រុម​ការងារ​គ្រាន់​តែ​និយាយ​ថា បញ្ញតិ្ត​នេះ​នឹង​ផ្តល់​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា មិន​មែន​សម្រាប់​គណបក្ស​ណា​មួយ​ទេ។

លោក សម រង្ស៊ី ក៏​បាន​ប្រកាស​កាល​ពី​ម្សិល​មិញ​ថា គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​បញ្ជូន​ច្បាប់​ទាក់​ទង​នឹង​ការ​បោះឆ្នោត​ទៅ​រដ្ឋសភា​នៅ​ដំណាច់​ខែ​នេះ។

លោក​បាន​បន្ថែម​ថា បន្ទាប់​ពី​អនុម័ត​រួច​រដ្ឋសភា​គ្រោង​នឹង​ជ្រើស​ឥស្សរជន ៩ រូប​សម្រាប់​សមាជិក គ.ជ.ប ថ្មី នៅ​មុន​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ខ្មែរ នៅ​ពាក់​កណ្តាល ខែ​មេសា។

ក្រោម​កិច្ច​ព្រម​ព្រៀង​កាល​ពី ខែ​កក្កដា ឆ្នាំ​មុន​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជ្រើស​តាំង​បេក្ខជន​ចំនួន ៤ រូប សម្រាប់​គណៈ​កម្មាធិការ ដោយ​បេក្ខជន​ម្នាក់​ត្រូវ​ជ្រើស​រើស​ដោយ​មតិ​រួម​គ្នា។

លោក​ស្រី ពុង ឈីវកេក ជា​សកម្ម​ជន​សិទិ្ធ​មនុស្ស​ឯករាជ្យ ដែល​គេ​ទទួល​ស្គាល់​នោះ​ត្រូវ​បាន​ព្រម​ព្រៀង​ថា ជា​បេក្ខជន ទី៩ ប៉ុន្តែ​ច្បាប់ គ.ជ.ប ថ្មី បាន​ហាម​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​សញ្ជាតិ​ពីរ​ដូច​លោក​ស្រី​កាន់​តំណែង គ.ជ.ប ដ៏​សំខាន់​នេះ​ទេ៕

អត្ថបទគួរចាប់អារម្មណ៍