ភ្នំពេញៈ ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បាន​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​និង​ការ​ធ្វើ​អាជីវកម្ម​ធនធានរ៉ែ ដែល​មាន​ចន្លោះ​ប្រហោង​ក្នុង​ការ​ដាក់​ទោស​ទណ្ឌ​អស់​រយៈពេល​ប្រមាណ ១៧ ឆ្នាំ​មក​ហើយ។

ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​និង​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះ​រាជក្រម​លេខ នស/រកម/០៧០១/០៩ ចុះ​ថ្ងៃ​ទី ១៣ ខែ​កក្កដា ឆ្នាំ ២០០១។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ឲ្យ​ដឹង​ថា បទ​ពិសោធ​បាន​បង្ហាញ​ថា ច្បាប់​នេះ​នៅ​មាន​ចំណុច​ខ្វះខាត​ដែល​មិន​ទាន់​ឆ្លើយតប នឹង​ការ​វិវត្ត​នៃ​វិស័យ​រ៉ែ​ក្នុង​បរិបទ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​បរិស្ថាន​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្ត​ថា៖ «សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បំពេញ​ចន្លោះ​ខ្វះខាត​ដូចជា៖ ការ​នាំ​ផលិតផល​រ៉ែ ចេញ​ក្រៅ​ប្រទេស ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ទទួល​បន្ទុក​រ៉ែ បែរ​ជា​ពុំ​មាន​ទោស​ទណ្ឌ​អ្វី​ទាំង​អស់, គ្រប់​បទល្មើស​ធនធាន រ៉ែ តម្រូវ​ឲ្យ​ប្រើប្រាស់​នីតិវិធី​តុលាការ ទោះ​បី​បទល្មើស​នោះ​តូច​តាច​ក៏​ដោយ ដូច​ជា ការ​ធ្វើ​អាជីវកម្ម​ជីក​រណ្តៅ​ដី​ជាដើម ដោយ​មិន​មាន​ការ​បើក​ផ្លូវ​ឲ្យ​មាន​ការ​ពិន័យ​រដ្ឋបាល​ឡើយ, ច្បាប់​បច្ចុប្បន្ន​ពុំ​មាន​មាត្រា​ណា​មួយ​អនុញ្ញាត​ឲ្យ​មន្រ្តី​ជំនាញ​វិស័យរ៉ែ នៃ​ក្រសួង រ៉ែ និង ថាមពល មាន​នីតិសម្បទា ជាមន្រ្តី​នគរបាល​យុត្តិធម៌​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ធនធាន​រ៉ែ ឲ្យ​មាន​ប្រសិទ្ធ​ភាព»។

អ្នកនាំពាក្យ​ក្រសួង រ៉ែ និង ថាមពល លោក ឌិត ទីណា នៅ​ពេល​ទាក់ទង​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃអាទិត្យ ខណៈ​នៅ​ក្នុង​បញ្ជី​ក្រសួង រ៉ែ និង​ថាមពល ថា ជា​អ្នក​នាំពាក្យ ប៉ុន្តែ​លោក​បាន​បដិសេធ​ថា​មិន​មែន​ជា​ទូរស័ព្ទ​លោក​ទេ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា បទល្មើស​ធនធានរ៉ែ មាន​ច្រើន​ប្រភេទ និង ច្រើន​ស្ថាន​ទម្ងន់​ទោស ដែល​តម្រូវ​ឲ្យ​ចាត់​វិធានការ​ឆ្លើយតប​ឲ្យ​ទាន់​ពេល​វេលា​ដូចជា ការ​ផាក​ពិន័យ ឬ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​នៅ​កន្លែង​ប្រព្រឹត្ត​បទ​ល្មើស ទើប​ការ​ទប់​ស្កាត់​បទ​ល្មើស​ធនធានរ៉ែ មាន​ប្រសិទ្ធ​ភាព​និង​ទទួល​បាន​នូវ​ទំនុក​ចិត្ត​ពី​សាធារណជន។

លោក​បន្តថា៖ «មាត្រា ៣០ ហាម​ឃាត់​ការ​ដឹក​នាំ​ចេញ​ធនធាន​រ៉ែ​ផលិត​ផល​រ៉ែ ចេញ​ពី​ការដ្ឋាន និង ការ​នាំ​ចេញ​ធនធាន រ៉ែ និង​ផលិតផល រ៉ែ ទៅ​ក្រៅ​ប្រទេស​ដោយ​គ្មាន​ការ​អនុញ្ញាត»។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ខែ កញ្ញា ឆ្នាំ ២០១៦ ក្រុម​អង្គការ​តម្លា​ភាព និង​បរិស្ថាន​បាន​អំពាវនាវ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស៊ើប​ករណី​រត់ពន្ធ​ខ្សាច់ បន្ទាប់​ពី​មាន​គម្លាត​ទឹក​ប្រាក់ ៧៥០ លាន​ដុល្លារ​ដែល​ត្រូវ​បាន​រក​ឃើញ​រវាង​ការ​នាំ​ចេញ​ខ្សាច់​ពី​ កម្ពុជា និង​ការ​នាំ​ចូល​ខ្សាច់​របស់​ប្រទេស សិង្ហបុរី។

ក្នុង​ទិន្នន័យ​ស្ថិតិ​របស់ UN Comtrade បាន​បង្ហាញ​ថា កម្ពុជា ត្រូវ​បាន​រាយ​ការណ៍​ថា នាំ​ចេញ​ខ្សាច់​តម្លៃ ៥,៥ លាន​ដុល្លារ​ប្រហែល ២,៨ លាន​តោន ទៅ​សិង្ហបុរី ពី​ឆ្នាំ ២០០៧ និង ២០១៧។ ប៉ុន្តែ ទិន្នន័យ​នេះ​បង្ហាញ​ថា ក្នុង​រយៈពេល​ដដែល​នេះ សិង្ហបុរី បាន​នាំ​ចូល​ខ្សាច់​តម្លៃ ៧៥២ លាន​ដុល្លារ​ពី​ កម្ពុជា ស្មើ​នឹង ៧២,៧ លាន​តោន៕PS