
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រទី ១៥ ខែឧសភា។ រូបថត SPM
ភ្នំពេញៈ គណៈរដ្ឋមន្ដ្រីកាលពីថ្ងៃសុក្របានសម្រេចអនុម័តនូវសេចក្ដីព្រាងច្បាប់ចំនួន ៦ ក្នុងនោះក៏មានសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលអ្នកនាំពាក្យរដ្ឋាភិបាលបញ្ជាក់ថា ច្បាប់ទាំងនេះត្រូវបានចាត់ទុកជាការប្រញាប់ដែលអាចនឹងបញ្ជូនទៅស្ថាប័នរដ្ឋសភាមិនឲ្យលើសពី ១ សប្តាហ៍ឡើយ។
តាមសេចក្តីប្រកាសព័ត៌មានផ្លូវការពីលទ្ធផលនៃសម័យប្រជុំពេញអង្គកាលពីថ្ងៃទី ១៥ ខែឧសភាបានឲ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មព្រមទាំងសេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។
សេចក្តីប្រកាសដដែលបន្តថា ក្រៅពីនេះកិច្ចប្រជុំពេញអង្គក៏បានអនុម័តសេចក្តីព្រាងច្បាប់ចំនួន ៣ ផ្សេងទៀតដែលមានដូចជា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងម៉ាឡេស៊ី។
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈឆ្នាំ ១៨៨៦ និងវិសោធនកម្មឆ្នាំ ១៩៧៩។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពរបស់លោក ហ៊ុន សែន បានសម្រេចអនុម័តទាំងស្រុងដោយគ្មានការកែប្រែលើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ចំណែកសេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌលោកឲ្យដឹងថា គណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តនិងកែសម្រួលពាក្យពេចន៍ ៣ ចំណុចលើច្បាប់នេះ។
លោកបញ្ជាក់ថា៖ «កិច្ចការប្រឹងប្រែងធ្វើច្បាប់ទាំងនេះគឺមិនមែនបំពេញចិត្តអង្គភាពណានោះទេ គឺជាការប្រឹងប្រែងរបស់រដ្ឋាភិបាល និងធនាគារជាតិ ដែលត្រូវកែលម្អច្បាប់ទាំង ២ នេះដែលកម្ពុជាបានអនុវត្តទៅលើលក្ខខណ្ឌជាសមាជិករបស់ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ (Asia Pacific Group on Money Laundering-APG)»។
លោក ស៊ីផាន បន្តថា ដោយសារតែច្បាប់ទាំងនេះត្រូវគណៈរដ្ឋមន្ត្រីចារថា ជាការប្រញាប់ ដូច្នេះបន្ទាប់ពីគណៈរដ្ឋមន្ត្រីបានអនុម័តរួចហើយយ៉ាងយូរក្នុងរយៈពេល ៧ ថ្ងៃត្រូវបញ្ជូនទៅស្ថាប័នរដ្ឋសភា ហើយតាមនីតិវិធី នៅពេលស្ថាប័នព្រះមហាក្សត្រប្រកាសឲ្យប្រើប្រាស់យ៉ាងយូរ ១ ខែនឹងចូលជាធរមាន។ លោកបញ្ជាក់ថា៖ «តាមនីតិវិធីរដ្ឋបាលច្បាប់នេះត្រូវតែបញ្ជូនទៅដល់រដ្ឋសភាមិនហួសពី ១ សប្តាហ៍ ហើយក្នុង ១ សប្តាហ៍ហ្នឹងគឺគេកែពាក្យពេចន៍មួយចំនួន»។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងករណីដែលរដ្ឋាភិបាលចាត់ទុកសេចក្តីព្រាងច្បាប់ទាំងនេះជាការប្រញាប់ នោះរដ្ឋសភានឹងសម្រេចបើកកិច្ចប្រជុំផ្ទៃក្នុងជាបន្ទាន់ នៅពេលណាមួយ បន្ទាប់ពីទទួលបានសេចក្តីព្រាងច្បាប់ទាំងនេះពីគណៈរដ្ឋមន្ត្រី។
លោកបន្តថា៖ «យើងធ្វើឲ្យលឿន ព្រោះស្ថាប័នរដ្ឋយើងមិនដែលយឺតយ៉ាវទេ ចំពោះការពិនិត្យច្បាប់ឲ្យតែច្បាប់ទាំងនោះចែងថា ជាការប្រញាប់ យើងនឹងបើកប្រជុំភ្លាម ដើម្បីពិនិត្យមើលខ្លឹមសារច្បាប់ទាំងនេះ ហើយចាត់ឲ្យគណៈកម្មការតាមជំនាញនីមួយៗពិនិត្យ»៕