ភ្នំពេញ៖ កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​កាល​ពី​ថ្ងៃទី ​៣ ​ខែ​កក្កដា ​បាន​អនុម័ត​​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ចំនួន ​២ គឺ «សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង ការ​ប្រើប្រាស់ និង​ការ​ចាត់ចែង​លើ​ទ្រព្យ​សម្បតិ្ត​រដ្ឋ» ​និង ​«សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម»។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​​ការ​គ្រប់គ្រង​ការ​ប្រើប្រាស់ និង​ការ​ចាត់​ចែង​លើ​ទ្រព្យ​សម្បតិ្ត​រដ្ឋ ធ្វើ​ឡើង​ស្រប​តាម​មាត្រា ​៥៨ នៃ​រដ្ឋ​ធម្មនុញ្ញ​ដែល​ចែង​ថា ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​មាន​ ដីធ្លី ក្រោម​ដី ភ្នំ សមុទ្រ បាត​សមុទ្រ ក្រោម​បាត​សមុទ្រ ឆ្នេរ​សមុទ្រ អាកាស កោះ ទន្លេ​ ព្រែក បឹង ព្រៃ​ឈើ ធនធាន​ធម្មជាតិ​ មជ្ឈមណ្ឌល​សេដ្ឋកិច្ច​វប្បធម៌ ​មូលដ្ឋាន​ការពារ​ប្រទេស សំណង់​​ផ្សេងៗ​ដែល​បាន​កំណត់​ថា ​ជា​របស់​រដ្ឋ។ ការ​គ្រប់គ្រង​ការ​ប្រើប្រាស់​ និង​ការ​ចាត់ចែង​លើ​ទ្រព្យ​សម្បត្តិ​ទាំង​នេះ​នឹង​​ត្រូវ​កំណត់​​ក្នុង​ច្បាប់។

សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន​ ១២ ​ជំពូក និង ​៩០ មាត្រា រៀបចំ​ឡើង​ដើម្បី​ពង្រឹង​ក្របខ័ណ្ឌ​ច្បាប់ រចនា​សម្ព័ន្ធស្ថាប័ន និង​លើក​កម្ពស់​សមត្ថភាព​ស្ថាប័ន​ក្នុង​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ។ ច្បាប់​នេះ​កំណត់​ពី​ប្រភេទ​ទ្រព្យ​សម្បត្តិ​រដ្ឋ​ របប​គតិយុត្ត​គ្រប់គ្រង និង​ចាត់​ចែង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ឲ្យ​បាន​ច្បាស់លាស់​ជាក់​លាក់។ ការ​​រៀបចំ​បញ្ជី​សារពើភណ្ឌ​​ទ្រព្យ​សម្បត្តិ​រដ្ឋ ការ​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ការ​អភិរក្ស និង​អភិវឌ្ឍ ការ​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​រដ្ឋ​ កា​ធ្វើ​អធិការ​កិច្ច ​និង​សវនកម្ម ការ​កំណត់​អំពី​ការ​លើក​ទឹក​ចិត្ត ការ​ដាក់​ទណ្ឌកម្ម លើ​បទ​ល្មើស​នានា ក៏​មាន​ចែង​លម្អិត​នៅ​ក្នុង​ច្បាប់​នេះ​ដែរ។

សេចក្ដី​ប្រកាស​ថា៖ «សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន​គោល​បំណង​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ត្រូវ​ការ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​អភិបាល​កិច្ច​ល្អ បង្កើត​ប្រសិទ្ធភាព តម្លាភាព ស័ក្ដិសិទ្ធភាព និង​គណនេយ្យភាព​នៃ​ការ​គ្រប់គ្រង ប្រើប្រាស់​ និង​ការ​ចាត់ចែង​លើ​ទ្រព្យ​សម្បត្តិ​រដ្ឋ ស្រប​តាម​កម្មវិធី​កែ​ទម្រង់​ការ​​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​ រួម​ចំណែក​ឈាន​ទៅ​សម្រេច​គោលដៅ​នៃ​ចក្ខុវិស័យ​ ២០៣០ ក្នុង​ការ​ប្រែ​ក្លាយ​ប្រទេស​កម្ពុជា ​ឲ្យ​ទៅ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​»​។

ដោយ​ឡែក​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​វិញ​មាន ១២ ​ជំពូក និង​ ៩៧ មាត្រា។ សេចក្ដី​ព្រាង​ច្បាប់​នេះ​តាក់តែង​ឡើង ​ក្នុង​គោល​បំណង​ធានា​ដល់​ការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​សមាហរណកម្ម និង​ល្បែង​ពាណិជ្ជកម្ម ដើម្បី​រួម​​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ លើក​កម្ពស់​វិស័យ​ទេសចរណ៍​បង្កើត​ការងារ​ប្រមូល​ចំណូល រក្សា​សុវត្ថិភាព​ និង​សន្តិសុខ​សង្គម​ដែល​ជា​ទស្សនទាន​មួយ​ថ្មី​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​​អនុញ្ញាត​ឲ្យ​មាន​ការ​គ្រប់គ្រង​លើ​វិស័យ​កាស៊ីណូ​ និង​​ល្បែង​ពាណិជ្ជកម្ម ដទៃ​ទៀត​យ៉ាង​តឹង​រ៉ឹង​​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​តាមរយៈ​ការ​កំណត់​ចំនួន​ទុន​វិនិយោគ​អប្បបរមា​សម្រាប់​អាជីវកម្ម​កាស៊ីណូ ការ​កំណត់​តំបន់​​​ដែល​គួរ​អនុញ្ញាត ឬ​មិន​អនុញ្ញាត​​ឲ្យ​មាន​ល្បែង​ពាណិជ្ជកម្ម ការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ការ​បំពាក់​នូវ​បច្ចេកទេស​សម​ស្រប​ក្នុង​ការ​ត្រួត​ពិនិត្យ​ជា​ប្រចាំ​ លើ​កិច្ច​ដំណើរការ​របស់​ប្រតិបត្តិករ​ល្បែង​ពាណិជ្ជកម្ម។

ច្បាប់​នេះ​ ក៏​នឹង​មាន​វិធានការ​តឹង​រ៉ឹង​ចំពោះ​ការ​លាង​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ផង​ដែរ។ ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា វិស័យ​កាស៊ីណូ​បាន​ចូលរួម​ជំរុញ​ការ​អភិវឌ្ឍ​នៅ​តំបន់​ព្រំដែន ការពារ​ខ្សែ​ក្រវាត់​ព្រំដែន​ តាមរយៈ​ការ​សាងសង់​អគារ​រឹងមាំ​យូរ​អង្វែង គាំទ្រ​ដល់​វិស័យ​ទេសចរណ៍ បង្កើត​ការងារ​ដល់​ពលរដ្ឋ និង​ចំណូល​ថវិកា​ជាតិ។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​​ថ្លែង​ពី​ម្សិល​មិញ​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ការ​ប្រើប្រាស់​ និង​ការ​ចាត់ចែង​លើ​ទ្រព្យ​សម្បតិ្ត​រដ្ឋ ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​ នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៤ ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ សេចក្ដី​ព្រាង​ច្បាប់​នេះ​ តាក់តែង​ឡើង​ក៏​ផ្អែក​លើ​កិច្ច​ប្រតិបតិ្ត​ជាក់​ស្ដែង ព្រម​ទាំង​ក្របខ័ណ្ឌ​គតិយុត្ត​ជា​ធរមាន​ពាក់ព័ន្ធ​នឹង​ទ្រព្យ​សម្បតិ្ត​រដ្ឋ ក៏​ដូចជា​ធាតុ​ចូល​ពី​​​ការ​អនុវត្ត​​ល្អៗ ​នៅ​ក្នុង​​ប្រទេស​អភិវឌ្ឍន៍​ដូច​ជា​ប្រទេស​បារាំង​ ជា​ដើម។​

លោក​បញ្ជាក់​ថា ច្បាប់​នេះ​មាន​គោល​បំណង​ចូលរួម​ចំណែក​បម្រើ​ឧត្តម​ប្រយោជន៍​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម បរិស្ថាន និង​វប្បធម៍ នៃព្រះ​រាជាណា​ចក្រ​កម្ពុជា។ ប៉ុន្តែ​ការ​​គ្រប់គ្រង ការ​ការពារ ការ​ប្រើប្រាស់ ការ​អភិរក្ស និង​ការ​អភិវឌ្ឍ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា ត្រូវ​អនុវត្ត​តាម​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ដោយ​ឡែក ហើយ​ការ​​​គ្រប់គ្រង ការ​ប្រើប្រាស់ និង​ការ​ចាត់ចែង​លើ​ទ្រព្យ​សម្បត្តិ​រដ្ឋ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ត្រូវ​ស្ថិត​នៅ​ក្រោម​វិសាលភាព​នៃ​ច្បាប់​ស្ដីពី​ការ​រៀបចំ​នឹង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា។

ដោយ​ឡែក​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អនុលោម​តាម​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​​ល្បែង​ស៊ីសង​នៅ​ឆ្នាំ ​១៩៩៨ ដែល​​រាជ​រដ្ឋាភិបាល​បាន​កំណត់​ឲ្យ​មាន​អាជីវកម្ម​កាស៊ីណូ​នៅ​កម្ពុជា​ ក្រៅ​រង្វង់ ២០០ ​គីឡូ​ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ដោយ​យក​ផ្ចិត​នៅ​វត្ត​ភ្នំ លើកលែង​តែ​តំបន់​ព្រំដែន តំបន់​ភ្នំ​បូក​គោ និង​រមណីយដ្ឋាន​គិរីរម្យ។ ​ច្បាប់​នេះ​​មិន​អនុញ្ញាត​ឲ្យ​​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​ឡើយ។

លោក ស៊ីផាន​ ពន្យល់​​ថា ករណី​បង្កើត​​កាស៊ីណូ​ណាហ្គាវើល​ភ្នំពេញ គឺ​ជា​ករណី​ដោយ​ឡែក ដោយសារ​តែ​រដ្ឋាភិបាល​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​នេះ​រួច​មក​ហើយ​។ ដោយ​បញ្ជាក់​ពី​កង្វល់​នៃ​ការ​លាង​សម្អាត​​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម លោក ស៊ីផាន ថ្លែង​ថា៖ «នៅ​ក្នុង​ក្របខ័ណ្ឌ​នេះ រាជ​រដ្ឋាភិបាល​ក៏​អាច​រៀបចំ​នូវ​យន្តការ​សហ​ប្រតិបត្តិការ​ជាមួយ​​​ដៃគូ​ពាក់ព័ន្ធ​ទាំង​ទ្វេភាគី និង​ពហុភាគី ដើម្បី​គ្រប់គ្រង និង​ដោះស្រាយ​កង្វល់​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​កាស៊ីណូ និង​ល្បែង​ពាណិជ្ជកម្ម​ផ្សេងៗ​ផង​ដែរ»។

លោក សន ជ័យ ប្រធាន​​អង្គការ​​សម្ព័ន្ធ​​គណនេយ្យភាព​​សង្គម​​កម្ពុជា​ យល់​ឃើញ​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​សម្បត្តិ​រដ្ឋ វា​ហាក់​ដូច​ជា​បង្កើត​ឡើង​យឺត​បន្តិច ខណៈ​ដែល​ទ្រព្យ​សម្បត្តិ​រដ្ឋ​មិន​ត្រូវ​បាន​គ្រប់គ្រង​ឲ្យ​បាន​ល្អ ឬ​មាន​ការ​ដោះដូរ​ដោយ​អន្លើ​ក្នុង​ហេតុផល​ផ្សេងៗ។​ «ដូច្នេះ​វា​ទៅ​ជា​ការ​ដោះដូ រ​ដើម្បី​ផលប្រយោជន៍ ជា​ជាង​ដោះដូរ​​ដើម្បី​ភាព​ប្រសើរ​ឡើង​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ»។ ដោយ​ឡែក​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម លោក​ថា​ ច្បាប់​នេះ​ហាម​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​លេង​មែន ប៉ុន្តែ​ជាក់​ស្ដែង​លោក​សង្កេត​ឃើញ​មាន​ពលរដ្ឋ​ខ្មែរ​លេង​ល្បែង​ស៊ីសង​៕

វីដេអូ៖