ភ្នំពេញៈ គណៈកម្មាធិការ​គោលនយោបាយ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ពិនិត្យ និង​សម្រេច​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដើម្បី​អនុម័ត​កាលពី​សប្តាហ៍​មុន ប៉ុន្តែ​មន្ត្រី​សហជីព​សម្ដែង​ការមិន​ពេញចិត្ត​ដោយ​អះអាង​ថា ច្បាប់​នេះ​ធ្វើ​ខាត​ផលប្រយោជន៍​កម្មករ​។

គណៈកម្មាធិការ​គោលនយោបាយ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ពីថ្ងៃ​ទី​ ២៤ ធ្នូ បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​ «​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ​» នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ​។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សេចក្ដីព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ ផ្ដោតលើ​ចំណុច​សំខាន់​ចំនួន​ ៣ រួមមាន​ការកែសម្រួល​បទប្បញ្ញតិ​ពាក់ព័ន្ធ​នឹង​វេន​ការងារ ការពង្រឹង​វិសាលភាព​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល និង​ទិដ្ឋភាព​ទាក់ទាញ​ និង​ប្រកួតប្រជែង​។ ការកែប្រែ​ទាំងនេះ​គឺ​ដើម្បី​ឱ្យ​ច្បាប់​កម្ពុជា​មាន​លក្ខណៈ​ប្រដំប្រសង​ជាមួយ​ប្រទេស​ក្នុង​តំបន់​ក្នុង​ការកែលម្អ​បរិយាកាស​ការងារ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​សរសេរ​ថា​៖ «​កែសម្រួល​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​​វេន​ការងារ ដើម្បី​បង្កើន​ភាពទាក់ទាញ​ឧស្សាហកម្ម​ទំនើប​ដូចជា​រោងចក្រ​ផលិត​បរិក្ខារ​អគ្គិសនី គ្រឿង​អេឡិចត្រូនិក និង​ការកែច្នៃ​ម្ហូបអាហារ​ជាដើម និង​បង្កើន​ការងារ​ជូន​ប្រជាពលរដ្ឋ​។ ​ពង្រីក​វិសាលភាព​សេវាកម្ម​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ក្នុង​ការដោះស្រាយ​វិវាទ​ការងារ​បុគ្គល​សំដៅ​ពង្រឹង​ប្រសិទ្ធភាព​នៃ​យន្តការ​ដោះស្រាយ​វិវាទ​ការងារ ឱ្យ​កាន់​តែ​ធានា​បាន​នូវ​សុខុដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តថា សេចក្ដី​ព្រាង​ច្បាប់​នេះ​ក៏​ធ្វើឡើង​ដើម្បី​គិតគូរ​ទិដ្ឋភាព​ផ្សេងៗ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការវិវឌ្ឍ​ផ្នែក​សង្គម​សេដ្ឋកិច្ច​កម្ពុជា ដើម្បី​លើកកម្ពស់​ផលិតភាព​ការងារ និង ពង្រឹង​ភាពប្រកួត​ប្រជែង​សេដ្ឋកិច្ចកម្ពុជា​ទាំង​ក្នុង​តំបន់ និង​សកលលោក​។

នេះ​ជា​លើក​ទី​ ៣ ​ហើយ​ដែល​ប្រទេស​កម្ពុជា ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ បន្ទាប់ពី​ច្បាប់​នេះ​ត្រូវ​បាន​ប្រកាស​ឱ្យប្រើ​កាលពី​ឆ្នាំ​ ១៩៩៧​។ ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ត្រូវ​បាន​ធ្វើ​នៅ​ឆ្នាំ​ ២០០៧ និង​លើក​ទី​ ២ នៅ​ឆ្នាំ​ ២០១៨។

កាលពី​កន្លងទៅ​មន្ត្រី​សហជីព​ការងារ​បាន​បញ្ជាក់ថា ការធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​នេះ​នឹង​ធ្វើ​ឱ្យ​កម្មករ​កម្មការិនី​ដែល​ធ្វើការ​វេន​យប់​ត្រូវ​បាន​បន្ថយ​អត្ថប្រយោជន៍​ពី​ ១៣០ ​ភាគរយ មក​ ១០០ ​ភាគរយ​ដូច​វេន​ពេល​ថ្ងៃ​។ ក្រៅពីនេះ ថ្ងៃ​ឈប់​សម្រាក​ថ្ងៃបុណ្យ​ដែល​ចំ​ថ្ងៃ​ឈប់សម្រាក​ស្រាប់ នឹង​មិន​មាន​ការលើក​ទៅ​ថ្ងៃ​បន្ទាប់​ទៀត​ទេ​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បញ្ជាក់ថា​លោក​ អូន ព័ន្ធមុនីរ័ត្ន បាន​ណែនាំ​ឱ្យ​ក្រុម​ការងារ​ធ្វើការ​កែសម្រួល​ឯកសារ​នេះ​ស្របតាម​ស្មារតី​នៃ​កិច្ចប្រជុំ​ដើម្បី​បន្ត​នីតិវិធី​គោរព​ស្នើសុំ​ការអនុម័ត​ពី​រាជរដ្ឋាភិបាល​។ លោក​ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះដែរ បាន​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​៖ «​ជា​លទ្ធផល អង្គប្រជុំ​បាន​ឯកភាព​លើ​សេចក្ដី​ព្រាង​ច្បាប់​ដើម្បី​ដាក់​ជូន​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​សម្រេច​»​។

កាលពី​ខែកញ្ញា លោក​ អ៊ិត សំហេង បាន​បញ្ជាក់ថា ការកែសម្រួល​អត្រា​ប្រាក់​ឈ្នួល​ការងារ​ពេលយប់ គឺ​ដើម្បី​បង្កើត និង​បង្កើន​ឱកាស​ការងារ​កាន់តែ​សម្បូរបែប​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​។

លោក​ថា ចំណុច​នៃ​វិសោធនកម្ម​នេះ​មិន​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​កម្មករ និយោជិត ដែល​កំពុង​បម្រើ​ការងារ​ជា​ការងារ​ពេលយប់​ម្តងម្កាល ឬ​ឆ្លាស់​វេន​គ្នា​នោះទេ ដោយសារ​ចំណុច​នេះ​អនុវត្ត​ចំពោះតែ​កម្មករនិយោជិត​ដែល​បំពេញ​ការងារ​ពេលយប់​ជា​ប្រចាំ​តែ​ប៉ុណ្ណោះ​។

ទោះយ៉ាងណា​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​លោក​ ប៉ាវ ស៊ីណា ថ្លែងថា សហជីព​ដែលជា​តំណាង​កម្មករ​មិន​យល់​ស្រប​គំនិត​ផ្ដួចផ្ដើម​របស់​ក្រសួង​ការងារ​ក្នុង​ការធ្វើ​វិសោធនកម្ម​ចំណុច​ទាំងនេះ​ទេ​។ កន្លងមក​ក្រុម​សហជីព​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ​ដើម្បី​ជំទាស់​នឹង​សេចក្ដី​ព្រាង​ច្បាប់​នេះ និង​ស្នើសុំ​ឱ្យ​រក្សា​ច្បាប់​ការងារ​ដូចដើម​។ ក្រសួង​បាន​កាត់បន្ថយ​ថ្ងៃបុណ្យ​ និង​កាត់បន្ថយ​អត្ថប្រយោជន៍​ជាច្រើន​ហើយ​ក្នុង​អំឡុង​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​ភាពទាក់ទាញ​សម្រាប់​អ្នកវិនិយោគ​មិនមែន​សំដៅលើ​តែ​ផលប្រយោជន៍​ទាប​ [​សម្រាប់​កម្មករ​] ទើប​ធ្វើឱ្យ​អ្នកវិនិយោគ​គេ​ចង់​មក​រកស៊ី​ទេ​។ ភាព​ទាក់ទាញ​អាស្រ័យ​លើ​កត្តានយោបាយ ស្ថិរភាព​ក្នុងប្រទេស និង​កត្តា​តំបន់​ភូមិសាស្ត្រ រួមទាំង​កម្លាំង​ពលកម្ម​នៅ​ខ្មែរ​យើង និង​ជំនាញ​។ បងប្អូន​យើង​ដែល​គាត់​ធ្វើការ​រាប់​ឆ្នាំ​ហើយ មាន​សមត្ថភាព​គ្រប់គ្រាន់ ហើយ​គាត់​អាចធ្វើ​បាន​តាម​តម្រូវការ​ដែល​ប្រទេស​ជិតខាង និង​អ្នកជំនួញ​មើលឃើញ​ថា កម្មករ ខ្មែរ​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​»​។

លោក​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បានជា​ប្រទេស​ផ្សេង​ដែលមាន​ប្រាក់​ឈ្នួល​ច្រើនជាង​កម្ពុជា គេ​នៅ​តែ​អាច​ទាក់ទាញ​អ្នកវិនិយោគ​បាន​។ ការទាក់ទាញ​វិនិយោគ​មិនគួរ​ធ្វើឡើង​តាមរយៈ​ការកាត់បន្ថយ​ផលប្រយោជន៍​កម្មករ​ជា​បន្តបន្ទាប់​នោះទេ ហើយ​ការកាត់បន្ថយ​ផលប្រយោជន៍​របស់​កម្មករ ផ្ទុយ​ទៅវិញ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលិតភាព​របស់​កម្មករ-កម្មការិនី​៕