The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សេចក្តី​ព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ត្រូវ​បញ្ចប់​ចុងខែ​នេះហើយ​ នឹងត្រូវ​បញ្ជូន​ទៅ​រដ្ឋសភា​នៅ​ដើម​ខែ​មីនា

សេចក្តី​ព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ត្រូវ​បញ្ចប់​ចុងខែ​នេះហើយ​ នឹងត្រូវ​បញ្ជូន​ទៅ​រដ្ឋសភា​នៅ​ដើម​ខែ​មីនា

Content image - Phnom Penh Post
លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​ព័ត៌មាន​ និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​។ រូបថត FN

សេចក្តី​ព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ត្រូវ​បញ្ចប់​ចុងខែ​នេះហើយ​ នឹងត្រូវ​បញ្ជូន​ទៅ​រដ្ឋសភា​នៅ​ដើម​ខែ​មីនា

ភ្នំពេញៈ ​ក្រុមការងារ​ក្រសួង​ព័ត៌មាន​បាន​បញ្ចប់​ការពិនិត្យ​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ត្រង់​ផ្នែក​ទោស​បញ្ញត្ដិ ជាមួយ​ក្រុមការងារ​ក្រសួង​យុត្ដិធម៌​ហើយ​កាលពី​ថ្ងៃ​ពុធ​នឹង​គ្រោង​បញ្ចប់​ឲ្យ​រួចរាល់​នៅក្នុង​ខែកុម្ភៈ​នេះ រួច​បញ្ជូន​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​នៅ​ដើមខែ​មីនា​ខាងមុខ ដើម្បី​សម្រេច​មុន​ដាក់​ទៅ​រដ្ឋសភា​អនុម័ត​។

លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​ព័ត៌មាន​ និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​យ៉ាងដូច្នេះ​នៅក្នុង​ពេល​បើក​សិក្ខាសាលា​ស្ដីពី «​ការផ្សាយ​ព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​» ជាមួយ​អ្នកសារព័ត៌មាន​ជិត ៣០០ ​នាក់​កាលពី​ថ្ងៃ​ពុធ​។

លោក​ថ្លែងថា​៖ «​សម្ដេច​ (​ហ៊ុន សែន​) ​លោក​បានប្រគល់​ដល់​ក្រសួង​ព័ត៌មាន​សំខាន់​នោះ​គឺ​ការពន្លឿន​ធ្វើ​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​។ ម្សិលមិញ (​ថ្ងៃ ទី​ ១១ កុម្ភៈ ) យើង​ឆ្លងទៅ​ក្រសួង​យុត្ដិធម៌​ហើយ ឃើញ​ពី​ចំណុច​វិជ្ជមាន​។ តាម​អ្នក​ដែល​ចូលរួម​ថា​អាច​នឹង​ចប់​នៅថ្ងៃនេះ (​ថ្ងៃ​ពុធ ទី​ ១២ កុម្ភៈ​) នៅ​ក្រសួង​យុត្ដិធម៌​»​។

លោក សុវណ្ណ បញ្ជាក់ថា​៖ «​នេះ​ជា​ដំណឹង​ល្អ​មួយ ប្រសិន​បើ​យើង​អាច​បញ្ចប់​ការពិនិត្យ​សេចក្ដី​ព្រាងច្បាប់​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នៅ​ក្រសួង​យុត្ដិធម៌​ក្នុងថ្ងៃនេះ ឬថា កុំ​ឲ្យ​និយាយ​លឿន​ពេក​គឺ​អាច​នឹង​បញ្ចប់​ក្នុង​ខែ​នេះ​រហូតដល់​ខែមីនា សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​អាច​បញ្ចូន​ទៅ​ដល់​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី គឺជា​ជំហាន​មួយ​ដែល​លឿន​»​។

លោក​បន្ថែម​ថា ​ប្រសិន​បើ​បាន​រួចរាល់​ការងារ​លើ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ មន្ដ្រី​ក្រសួង​ព័ត៌មាន​នឹង​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការរៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​របប​អ្នកសារព័ត៌មាន ព្រោះ​ច្បាប់​នេះ​មាន​វ័យ​ចំណាស់​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ ១៩៩៥​។

លោក ជិន ម៉ាលីន ​អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា ក្រុមការងារ​ក្រសួង​យុត្ដិធម៌​កំពុង​ធ្វើការងារ​ជាមួយ​ក្រុមការងារ​ក្រសួង​ព័ត៌មាន​។ លោក​ថ្លែងថា​៖ «​ក្រសួង​យុត្ដិធម៌​ពិនិត្យ​ទៅលើ​តែ​ផ្នែក​ដែល​ពាក់ព័ន្ធ​ទៅនឹង​ទោស​បញ្ញត្ដិ​។ អ៊ីចឹង​មើល​ទៅ​ដូចជា​មិន​មានអី​ត្រូវ​ចំណាយពេល​យូរ​ទេ ពាក់ព័ន្ធ​ទៅនឹង​ទោស​បញ្ញត្ដិ​នេះ​»​។ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ «​សិទ្ធិ​ទទួលបាន​ព័ត៌មាន​» មាន ៩ ជំពូក ៣៨ មាត្រា ត្រូវ​បាន​ដឹកនាំ​រៀបចំ​តាក់តែង​ដោយ​ក្រសួង​ព័ត៌មាន​ដោយ​មាន​ការចូលរួម​ពី​តំណាង​សង្គម​ស៊ីវិល អង្គការ​យូណេស្កូ ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា និង​ក្លិប​អ្នកកាសែត​កម្ពុជា​។ ការតាក់តែង​បាន​ចំណាយពេល​ច្រើន​ឆ្នាំ​មកហើយ ក្រោម​ការគាំទ្រ​ថវិកា​ពី​អង្គការ​យូណេស្កូ​។

រាជរដ្ឋាភិបាល​ប្រគល់​ភារកិច្ច​ឲ្យ​ក្រសួង​ព័ត៌មាន​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៣ ​ដើម្បី​ដឹកនាំ​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​អ្នកសារព័ត៌មាន អង្គការ​សង្គម​ស៊ីវិល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រៀបចំតាក់តែង​សេចក្តីព្រាង​ច្បាប់ ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​៕

អត្ថបទគួរចាប់អារម្មណ៍