The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សេរីភាព​តាម​អីុនធឺណិត​នៅ​​ កម្ពុជា​ ត្រូវ​បាន​រកឃើញ​ធ្លាក់​ចុះ

សេរីភាព​តាម​អីុនធឺណិត​នៅ​​ កម្ពុជា​ ត្រូវ​បាន​រកឃើញ​ធ្លាក់​ចុះ

Content image - Phnom Penh Post
ការមើល​ហ្វេសប៊ុក​ធម្មតា​ដែល​មិន​មាន​សារ​រិះគន់​។ រូបថត សហការី

សេរីភាព​តាម​អីុនធឺណិត​នៅ​​ កម្ពុជា​ ត្រូវ​បាន​រកឃើញ​ធ្លាក់​ចុះ

ភ្នំពេញៈ អង្គការ Freedom House ដែល​ជា​អង្គការ​អន្តរជាតិ​ធ្វើការ​ផ្នែក​សិទ្ធិសេរីភាព​បាន​ដាក់​ពិន្ទុ​ឲ្យ​កម្ពុជា​ថា ជា​ប្រទេស​មាន​សេរីភាព​មិន​ទាន់​ពេញលេញ​នៅលើ​បណ្ដាញ​អ៊ីនធឺណិត​ដោយ​កម្ពុជា​បន្ត​កើន​ពិន្ទុ​សំដៅ​ឆ្ពោះ​ទៅ​រក​ភាព​មិន​មាន​សេរីភាព​នៅលើ​អនឡាញ​ជា​អ្វី​ដែល​មន្ត្រី​រដ្ឋាភិបាល​ថា ជា​ការ​វាយតម្លៃ​ដោយ​ផ្អែកលើ​ព័ត៌មាន​តែ​ម្ខាងៗ​។

យោងតាម​របាយការណ៍​ដែល​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន អង្គការ​ឃ្លាំមើល​សេរីភាព​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​មួយ​នេះ​បាន​រកឃើញ​ថា កម្ពុជា​ទទួល​បាន​ពិន្ទុ​ ៥៥ ​នៅ​លើ​​បន្ទាត់​កំណត់​សេរីភាព​មួយ​ពី​ ០ ​ពិន្ទុ​ (​សេរី​ខ្លាំង​) ​រហូត​ដល់​ ១០០ (​មិន​សេរី​)​។ ​ពិន្ទុ​ ៥៥ ​នេះ​បញ្ជាក់​​ថា កម្ពុជា​មាន​សេរីភាព​មិន​ពេញលេញ ប៉ុន្តែ​អាក្រក់​ជាង​ឆ្នាំ​មុនៗ​។

នៅ​ឆ្នាំ​ ២០១៣ និង​ ២០១៤ កម្ពុជា​មាន​ពិន្ទុ​ ៤៧ នៅ​ឆ្នាំ​ ២០១៥ កម្ពុជា​មាន​ពិន្ទុ​ ៤៨ ហើយ​នៅ​ឆ្នាំ​ ២០១៦ និង​ឆ្នាំ​ ២០១៧ កម្ពុជា​ទទួល​បាន​ ៥២ ​ពិន្ទុ​។ ​ការ​វាយតម្លៃ​លើ​សេរីភាព​នៅលើ​បណ្ដាញ​​អ៊ីនធឺណិត​នេះ​ធ្វើ​ឡើង​ទៅ​លើ​ប្រទេស​ចំនួន​ ៦៥ ​ដែល​មាន​អ្នកប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត​ស្មើ​នឹង​ ៨៧ ​ភាគរយ​នៃ​អ្នក​ប្រើ​អ៊ីនធឺណិត​នៅ​លើ​ពិភពលោក​។

ក្រៅពី​កម្ពុជា​មាន​ប្រទេស​ ២៥ ​ទៀត​ដែល​មាន​ការធ្លាក់​ចុះ​ផ្នែក​សេរីភាព​នៅលើ​បណ្ដាញ​អ៊ីនធឺណិត ខណៈ​ប្រទេស​ ១៩ ​មាន​ភាពប្រសើរ​ជាង​មុន​។ ទោះ​យ៉ាង​ណា​កម្រិត​សេរីភាព​លើ​បណ្ដាញ​អ៊ីនធឺណិត​នៅ​កម្ពុជា​នៅ​បន្ត​ល្អ​ជាង​ប្រទេស​ជិត​ខាង​រួមមាន​វៀតណាម​ដែល​មាន​ពិន្ទុ​ ៧៦ (​មិន​សេរី​) ​និង​ថៃ​ដែល​មាន​ពិន្ទ​ ៦៥ (​មិន​សេរី​)​។

របាយការណ៍​របស់ Freedom House សរសេរ​ថា​ប្រទេស​កម្ពុជា​បន្ថែម​ការ​បង្ក្រាប​លើ​អ្នក​ប្រឆាំង​លើ​អនឡាញ​ដោយ​មាន​ការចាប់​ខ្លួន​អ្នក​អត្ថាធិប្បាយ​នយោបាយ​នៅលើ​បណ្ដាញ​សង្គម ឬ​នៅ​លើ​បណ្ដាញ​ព័ត៌មាន​អនឡាញ​។

តាម​របាយការណ៍​នេះ​ថា​ «​ការរឹតត្បិត​ដោយ​ខ្លួនឯង​កើនឡើង​នៅពេល​សកម្មជន​ក៏​ដូចជា​អ្នក​ប្រើប្រាស់​ធម្មតា​មាន​ការ​ភ័យខ្លាច​ការ​វាយបក ខណៈ​ពេល​មាន​ការ​បង្ក្រាប និង​ការឃ្លាំមើល​ដោយ​រដ្ឋាភិបាល​មាន​ភាព​ទូលំ​ទូលាយ​។ នៅ​មុន​ការបោះឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា​ ២០១៨ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើឲ្យ​ប្រាកដ​ថា ធ្វើ​យ៉ាង​ណា​ត្រូវ​តែ​ទទួល​បាន​ជោគជ័យ​ដោយ​មាន​ការគំរាមកំហែង​ចាប់​ខ្លួន​អ្នក​នយោបាយ​ប្រឆាំង និង​រឹតត្បិត​សកម្មភាព​នៅលើ​បណ្ដាញ​សង្គម​»​។

របាយការណ៍​ដដែល​បាន​លើក​​ឡើង​នូវ​អំណះអំណាង​ជាច្រើន​មក​គាំទ្រ​លើ​ការអះអាង​របស់​ខ្លួន​ដែល​រួមមាន​ទាំង​ការប្រើ​ច្បាប់​ប្រឆាំង​ការប្រមាថ​លើ​អង្គ​ព្រះមហាក្សត្រ ការចេញ​ក្រម​សីលធម៌​សម្រាប់​អ្នក​សារព័ត៌មាន​ដោយ គ.ជ.ប សេចក្តី​ប្រកាស​អន្តរក្រសួង​ក្នុង​ការបង្កើត​ក្រុម​ការងារ​ត្រួតពិនិត្យ​ព័ត៌មាន​អនឡាញ ការបិទ​ការិយាល័យ​របស់​វិទ្យុ​អាស៊ីសេរី ការបិទ​កាសែត​ខាំបូឌាដេលី​ក្នុង​​ចំណោម​ករណី​ជាច្រើន​ទៀត​។

ឆ្លើយតប​នឹង​របាយការណ៍​ខាង​លើ​លោក ជិន ម៉ាលីន សមាជិក​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​ថា លោក​មិន​បានដឹង​ពី​វិធីសាស្ត្រ​នៃ​ការស្រាវជ្រាវ​របស់​អង្គការ Freedom House ទេ ហើយ​ការវាយតម្លៃ​នេះ​ទំនង​ជា​ផ្អែក​លើ​ព័ត៌មាន​តែ​ម្ខាង ដោយ​មិន​បាន​ជួប​គ្រប់ភាគី​ពាក់ព័ន្ធ​។ លោក​ថា ស្ថានភាព​ជាក់ស្ដែង​នៅ​កម្ពុជា​មិន​អាក្រក់​ដូច​របាយការណ៍​រកឃើញ​ឡើយ​។

លោក​ថា​៖ «​វា​មិន​អាក្រក់​ដល់​ថ្នាក់​នោះ​ទេ វា​មិន​បង្ហាញ​ពី​ការពិត​ទេ​។ ទោះបី​ជា​សេរីភាព​យើង​មិន​ទាន់​ល្អ​ឥតខ្ចោះ ប៉ុន្តែ​យើង​ប្រសើរ​ជាង​គេ​ឆ្ងាយ​ក្នុង​ចំណោម​ប្រទេស​ផ្សេងៗ​នៅក្នុង​តំបន់ និង​ប្រទេស​ខ្លះ​នៅ​លើ​សកលលោក​។ យើង​មិន​បាច់​មើល​អី​ទេ​គ្រាន់តែ​មើល​ចំនួន​ស្ថាប័ន​សារព័ត៌មាន ចំនួន​អ្នកកាសែត​ទំនាក់ទំនង​រដ្ឋាភិបាល​នឹង​អ្នកកាសែត និង​របៀប​ដែល​រដ្ឋាភិបាល​ពិនិត្យ​លើ​ខ្លឹមសារ​ព័ត៌មាន​»​។

លោក​បន្ត​ថា​៖ «​បើ​យើង​មើល​លើ​ការផ្សព្វផ្សាយ ការបញ្ចេញ​មតិ មិន​ទាមទារ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​លើ​ខ្លឹមសារ​លើ​សារព័ត៌មាន​ទេ​។ ប៉ុន្តែ​ការអនុវត្ត​សេរីភាព​សារព័ត៌មាន យើង​ឃើញ​មាន​អ្នក​សារព័ត៌មាន​ទទួល​រង​ចំណាត់ការ​ផ្លូវច្បាប់ អាហ្នឹង​ដោយសារ​គាត់​ប្រើ​សេរីភាព​ហួស​ព្រំដែន​កំណត់​ផ្លូវ​ច្បាប់ ដែល​យើង​ហៅថា ច្បាប់​ព្រហ្មទណ្ឌ​របស់​កម្ពុជា​»​។

លោក ស៊ឹង សែនករុណា មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដហុក​យល់ថា បើ​ក្រឡេក​ទៅ​មើល​លើ​ការប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត​ទូទៅ​របស់​ពលរដ្ឋ គេ​ឃើញ​​ថា សេរីភាព​នៅ​លើ​បណ្ដាញ​អនឡាញ​ហាក់​ដូចជា ល្អ ប៉ុន្តែ​វា​មាន​ភាព​ខុសគ្នា​នៅពេល​ភ្ជាប់​ទៅ​នឹង​នយោបាយ​ ឬ​ការទាមទារ​​ផលប្រយោជន៍​របស់​ពលរដ្ឋ​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​មើល​ឃើញ​ផ្នែក​នេះ​រង​ការ​រឹតត្បិត​មែន​។ យើង​ឃើញ​ហើយ​ថា​មាន​ការ​ប្រើប្រាស់​ក្រម​ព្រហ្មទណ្ឌ ការប្រមាថ​ព្រះមហាក្សត្រ បទ​ញុះញង់​អី​ជាដើម ហើយ​ថ្មីៗ​នេះ​យើង​ឃើញ​ក្រសួង​​ ៣​ បាន​រួម​គ្នា​ដើម្បី​ត្រួតពិនិត្យ​លើ​បណ្ដាញ​​អ៊ីនធឺណិត​ទៀត​។ ​ការត្រួតពិនិត្យ​​នេះ​យើង​ឃើញ​ហើយ​បាន​បិទ​ប្រព័ន្ធ​បណ្ដាញ​សង្គម​ណា​ដែល​មាន​ការរិះគន់​ជាដើម​។ ការបិទ​នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​មាន​ចេតនា​មិន​ចង់​ឲ្យ​មាន​ការ​បញ្ចេញ​​មតិ​ផ្នែក​នយោបាយ​ឲ្យ​បាន​ទូលំ​ទូលាយ​ទេ​»​។

លោក​ក៏​បាន​លើក​ជា​ឧទាហរណ៍​អំពី​ការ​រឹតត្បិត​ដោយ​ការបិទ​វេបសាយ​របស់​សារព័ត៌មាន​ឯករាជ្យ​ជាង​ ១០ ​នៅ​មុន​ការបោះឆ្នោត​ជាតិ​ខែ​កក្កដា ឆ្នាំ​ ២០១៨ ខណៈ​វេបសាយ​របស់​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​មិន​ត្រូវ​បាន​បិទ ហើយ​បន្ត​ផ្សាយ​ព័ត៌មាន​ឃោសនា​​អំពី​ការបោះឆ្នោត​។

លោក ករុណា ថ្លែង​ថា​៖ «​ទាំងអស់​នេះ​គេ​មិន​បាន​ផ្ដោត​ទៅ​លើ​ការលេង​បណ្ដាញ​សង្គម​បែប​ធម្មតា​ដូច​អ្វី​ដែល​ពលរដ្ឋ​លេង​​អំពី​ជីវភាព​ប្រចាំ​ថ្ងៃ​ទេ​។ ​ក្នុង​ន័យ​នេះ​គឺ​ប្រហែល​គាត់​ផ្ដោត​លើ​ការរំលោភ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ពាក់ព័ន្ធ​នឹង​ការទាមទារ​សិទ្ធិ​ និង​ផ្នែក​នយោបាយ​»៕

អត្ថបទគួរចាប់អារម្មណ៍