ភ្នំពេញ៖ មក​ដល់​ពេល​នេះ មាន​សេវា​មន្ទីរពេទ្យ​ឯកជន​ចំនួន ២៣ កន្លែង​ហើយ ដែល​ត្រូវ​បាន​ក្រសួង​សុខាភិបាល​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​សេវា​ធ្វើ​តេស្ត​រហ័ស​រក​មេរោគ​កូវីដ ១៩ និង​ព្យាបាល ខណៈ​ដែល​មាន​មន្ទីរ​ពេទ្យ​ឯកជន​ធំៗ​ចំនួន ២ ទៀត បាន​ស្នើសុំ​បើក​ព្យាបាល​អ្នក​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​នេះ។

លោក ហុក គឹមចេង អគ្គនាយក​បច្ចេកទេស​សុខាភិបាល​នៃ​ក្រសួង​សុខាភិបាល បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ការ​ផ្សាយផ្ទាល់​វេទិកា​ពិសេស​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី០៤ ខែ​ឧសភា​នេះ​ថា ក្រសួង​បាន​សម្រេច​ដាក់​ឱ្យ​សេវា​មន្ទីរ​ពេទ្យឯកជន ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស​នេះ តាមរយៈ​ការ​ស្នើសុំ​ពី​បណ្តា​សេវា​ឯកជន​នេះ ដើម្បី​ចូលរួម​ចំណែក ក្នុង​ការ​ស្រាវជ្រាវ​រក​ករណី​ដែល​អាច​មាន​ការ​ឆ្លង នៅ​ក្នុង​ចំណោម​ប្រជាជន​ដែល​ទៅ​ទទួល​សេវា​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ឯកជន​ទាំង​នោះ។

លោក​បាន​ថ្លែង​ថា៖ «សេវា​មន្ទីរពេទ្យ​ឯកជន​ចំនួន ២៣ កន្លែង អាច​ប្រើប្រាស់​តេស្ត​រហ័ស​ស្រាវជ្រាវ​រក​អង់ទីហ្សែន​កូវីដ ១៩ នេះ ហើយ​ជាមួយ​គ្នា​នេះ​ដែរ មាន​មន្ទីរពេទ្យ​ឯកជន ២ ផ្សេង​ទៀត គឺ​មន្ទីរពេទ្យ​ជោរៃ​ភ្នំពេញ និង​មន្ទីរ​ពេទ្យ​វិសាលសុខ បាន​កំពុង​ដាក់​ពាក្យ​ស្នើសុំ​បើក​ជា​កន្លែង​ព្យាបាល​អ្នក​ជំងឺ​កូវីដ ១៩»។

លោក ហុក គឹមចេង បាន​បញ្ជាក់​ថា ក្រុម​ការងារ​នៃ​ក្រសួង​សុខាភិបាល​បាន​និង​កំពុង​ពិនិត្យ​លើ​ឯកសារ​ស្នើសុំ​នេះ ហើយ​ក្រុម​ការងារ​ក៏​បង្ក​លក្ខណៈ​ងាយស្រួល​ជួយ​ធ្វើ​ការ​វាយ​តម្លៃ​ដោយ​ធ្វើ​យ៉ាង​ណា ឱ្យ​វិស័យ​ឯកជន​នេះ បាន​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ ១៩ នេះ​ផង​ដែរ។

ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា នៅ​ពេល​ដែល​មន្ទីរពេទ្យ​ឯកជន​បាន​បើក​ដំណើរការ​ព្យាបាល​ជំងឺ​កូវីដ ១៩ នេះ​ហើយ អ្នក​មាន​លទ្ធភាព​គួរ​តែ​ទៅ​ទទួល​សេវា​ព្យាបាល​ជាមួយ​នឹង​សេវា​ឯកជន ក៏​ជា​ការ​ជួយ​សម្រាល​បន្ទុក​របស់​មន្ទីរពេទ្យ​រដ្ឋ​ផង​ដែរ។

មន្រ្តី​នៃ​មន្ទីរពេទ្យ​ជោរៃ​ភ្នំពេញ​បាន​ប្រាប់​កាសែត ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃ​អង្គារ ទី ០៤ ខែ​ឧសភា​នេះ​ថា ក្រសួង​សុខាភិបាល​បាន​អនុញ្ញាត​ឱ្យ​មន្ទីរពេទ្យ​ជោរៃ​ភ្នំពេញ អាច​ធ្វើ​តេស្ត​រក​វីរុស​កូវីដ ១៩ បាន​ហើយ ហើយ​មន្ទីរពេទ្យ​នេះ ក៏​កំពុង​តែ​ធ្វើ​ការ​ត្រៀម​ ដើម្បី​ធ្វើ​ការ​បណ្តុះបណ្តាល​ទាក់ទង​នឹង​ការ​ធ្វើ​តេស្ត​នេះ​ដែរ។

មន្រ្តី​ដដែល​នេះ​បាន​បញ្ជាក់​ថា៖ «ខាង​មន្ទីរពេទ្យ​របស់​យើង កំពុង​រៀបចំ​ក្នុង​ការ​ឱ្យ​ក្រសួង​សុខាភិបាល ចុះ​មក​ធ្វើ​ការ​បណ្តុះបណ្តាល​ទាក់ទង​នឹង​របៀប​នៃ​ការ​ធ្វើ​តេស្ត​រក​វីរុស​កូវីដ ១៩ នេះ។ ប៉ុន្តែ​ចំពោះ​ការ​ទទួល​ការ​ព្យាបាល ខាង​មន្ទីរ​ពេទ្យ​យើង មិន​ទាន់​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​នៅ​ឡើយ​ទេ»។

ដោយ​ឡែក ទាក់ទង​នឹង​ចំនួន​នៃ​អ្នក​ចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ ១៩ នៅ​ក្នុង​តំបន់​ក្រហម​ក្នុង​រយៈពេល ៣ ថ្ងៃ​កន្លង​មក​នេះ ក្រុម​ការងារ​ចាក់​វ៉ាក់សាំង​នៃ​ក្រសួង​ការពារជាតិ​បាន​ចាក់​ប្រជាពលរដ្ឋ​ និង​កម្មករ​សរុប​ចំនួន ១០០ ៣៥៧ នាក់ ក្នុង​នោះស្រី​ចំនួន ៥២ ៣០០ នាក់។

ក្នុង​នោះ​ដែរ លោក ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ ដែល​រស់នៅ​ក្នុង​តំបន់​ក្រហម​នៃ​ខណ្ឌ​ចំនួន ៤ រួមមាន ខណ្ឌ​ដង្កោ ខណ្ឌ​មានជ័យ ខណ្ឌ​ពោធិ៍សែនជ័យ និង​ខណ្ឌ​កំបូល មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ទៅ​តាម​កាល​កំណត់​របស់​អាជ្ញាធរ ដើម្បី​ចៀសវាង​នូវ​ភាព​កកកុញ និង​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​នូវ​វិធានការ «៣ ការពារ ៣ កុំ»។

គិត​ត្រឹម​ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០២១ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ការពារ​មេរោគ​កូវីដ ១៩ ដល់​ប្រជាពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​ទូទាំង​ប្រទេស​សរុប​បាន​ចំនួន ១ ៤៦៥ ៩៨៥ នាក់​ហើយ៕