កំពង់ចាមៈ ស្ថិតក្នុងសម្លៀកបំពាក់រយ៉េរយ៉ៃ ផាត សុខលាង អង្គុយនៅកូនខ្ទមតូចមួយជើងជាប់ច្រវាក់ស្ថិតនៅក្នុងភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមនាងត្រូវបានគ្រួសារសម្រេចដាក់ច្រវាក់ជើងដោយសារតែមានបញ្ហាសុខភាពតែងតែដោះសម្លៀកបំពាក់ចោលរត់ចោលផ្ទះ និងប្រើហិង្សាទៅលើសមាជិកគ្រួសារបន្ទាប់ពីបានចាកចេញពីប្រទេសកម្ពុជាទៅធ្វើការជាស្ត្រីបម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ីបានចំនួន ២ ខែ។
ផាត សុខហៀង ជាកូនទី ២ ក្នុងចំណោមកូន ៧ នាក់នៅក្នុងគ្រួសារក្រីក្រមួយបានសម្រេចចិត្តយួរវ៉ាលិសជាមួយនឹងលិខិតឆ្លងដែនចេញពីប្រទេសកម្ពុជាទៅធ្វើការនៅប្រទេសម៉ាឡេស៊ីនៅក្នុងឆ្នាំ ២០០៤ ដោយសង្ឃឹមថានឹងសន្សំប្រាក់កាក់ដើម្បីជួយទ្រទ្រង់គ្រួសារឲ្យមានជីវភាពធូរធារប៉ុន្តែការរំពឹងរបស់នាង និងគ្រួសាររបស់នាងមិនបានដូចការគិតទុកដោយសារតែនាងបានធ្លាក់ខ្លួនឈឺធ្ងន់ភ្លេចការចងចាំក្រោយពីបានទៅធ្វើការនៅទីនោះបានរយៈពេល ២ ខែ។
អង្គុយនៅក្រោមផ្ទះធ្វើអំពីឈើលោក សាន វ៉ាត អាយុ ៥៥ ឆ្នាំដែលបានមើលថែកូនស្រីអស់រយៈពេលជាច្រើនឆ្នាំបានថ្លែងថា សុខលាង រៀនបានត្រឹមថ្នាក់ទី ៤ ប៉ុណ្ណោះហើយមុននឹងទៅធ្វើការនៅប្រទេសម៉ាឡេស៊ីនាងបានធ្វើការនៅតាមផ្ទះគេនៅឯទីរួមខេត្តកំពង់ចាម។ ដោយសារតែបញ្ហាជីវភាព និងមានមិត្តភក្តិជាច្រើនបានបបួលទៅធ្វើការនៅប្រទេសម៉ាឡេស៊ីនៅឆ្នាំ ២០០៤ នាងក៏បានសម្រេចចិត្តបោះបង់ការងារនៅក្នុងស្រុកចោលហើយចាប់ផ្តើមឡើងមកភ្នំពេញដើម្បីរៀនរយៈពេលបីខែមុននឹងបញ្ជូនទៅធ្វើការនៅម៉ាឡេស៊ី។
ក្រោយពីដោះច្រវាក់ចេញពីជើងកូនស្រីបន្ទាប់ពីនាងមានអាការធូរស្រាលបន្តិចលោកក៏បានពន្យល់ពីមូលហេតុដែលកូនស្រីរបស់លោកដឹងថាមានការងារនៅប្រទេសម៉ាឡេស៊ីថា មិត្តភកិ្តនៅក្បែរភូមិគេមកបបួលហើយកាលនោះលោកមិនចង់ឲ្យទៅទេប៉ុន្តែដោយសារតែមានអ្នកភូមិទៅច្រើនលោកក៏សម្រេចចិត្តឲ្យកូនទៅធ្វើការនឹងគេហើយសង្ឃឹមថាបានប្រាក់ខ្លះដើម្បីជួយគ្រួសារតែមិនត្រឹមតែមិនបានជួយគ្រួសារនោះទេគឺធ្វើឲ្យគ្រួសារកាន់តែលំបាកជាងមុនដោយសារត្រូវការថវិកាក្នុងការព្យាបាលជំងឺរបស់គេ។
លោកបន្តថា៖«កូនខ្ញុំទៅធ្វើការតែពីរខែសោះត្រូវបានក្លាយទៅជាមនុស្សបែបនេះខ្ញុំមិនដឹងថាតើដោយសារតែគេធ្វើបាប ឬក៏ដោយសារស្អីនោះទេ។ សព្វថ្ងៃនេះកូនខ្ញុំជាមនុស្សថ្មីសន្លាង។ ខ្ញុំអាណិតកូនណាស់កូនខ្ញុំមុននឹងទៅធ្វើការនៅម៉ាឡេស៊ីជាមនុស្សត្រឹមត្រូវសោះ»។

ហាក់ដូចជាមានការភ័យខ្លាចនៅពេលដែលមានមនុស្សចូលនៅក្នុងភូមិរបស់លោកហើយកូនស្រីជាប់ច្រវាក់នៅជើងនោះលោកបានឲ្យដឹងថាមូលហេតុដែលដាក់ច្រវាក់ដោយសារតែនៅពេលដែលគេធ្វើទុកប្រើហិង្សា និងរត់ទៅថ្នល់ជួនកាលហៅរថយន្តជិះទៅភ្នំពេញដែលគ្រាមួយនាងបានបីកូនដែលទើបតែកើតបានមួយខែឡើងទៅភ្នំពេញធ្វើឲ្យលោកពិបាកក្នុងការស្វែងរកនាងរហូតលោក ទូរស័ព្ទទៅវិទ្យុឲ្យគេជួយរក។
លោកថ្លែងថា៖ «នាងតែងតែធ្វើទុក ៣ ខែម្តងហើយធ្វើទុកម្តងៗប្រើហិង្សាគប់របស់របរដែលនៅក្បែរខ្លួនដូច្នេះមានតែដាក់ច្រវាក់ខ្ញុំដឹងថាដាក់ច្រវាក់វាខុសច្បាប់ប៉ុន្តែមិនដាក់មិនបានជាពិសេសនៅពេលយប់គឺត្រូវតែចាក់ច្រវាក់ពីព្រោះខ្លាចគេធ្វើទុករត់ទៅណាបាត់»។
អង្គុយនៅក្រោមផ្ទះដែល សុខលាង នៅអង្គុយជាមួយនោះលោកបានថ្លែងថាគេមួយថ្ងៃកាត់មួយថ្ងៃកោរ ប៉ុន្តែធូរស្រាលជាងមុនគាត់អាចនិយាយលេងបានខ្លះបើពីមុនធ្វើទុកដើរស្រាតខោអាវពេញតែផ្សារហើយអ្នកភូមិដែលគេស្គាល់គេដឹងក៏នាំមកផ្ទះវិញ។
លោកបានថ្លែងថា៖«សព្វថ្ងៃនេះពេលខ្លះយើងចាក់ច្រវាក់គាត់ចេញឲ្យដើរនៅក្នុងភូមិតែខ្ញុំ និងប្អូនរបស់គេលួចតាមមើលរហូតខ្លាចគាត់រត់នៅថ្នល់លើ»។
នៅពេលដែលនិយាយដល់ចំណុចនេះ សុខលាង ហាក់ដូចជានៅចងចាំខ្លះៗក៏បានតបជាសម្តីវិញថាមូលហេតុដែលខ្លួនចង់ទៅភ្នំពេញនោះគឺដោយសារតែអផ្សុកចង់ទៅមើលឃើញគេឯងឲ្យអារម្មណ៍សប្បាយ។
នាងថ្លែងថា៖ «ខ្ញុំចង់ទៅមើលគេហើយខ្ញុំចង់ស្លៀកពាក់ស្អាតៗចង់ធ្វើជាអ្នកសម្អាង កៀបសក់ឲ្យស្អាតតែខ្ញុំក្រ»។
នៅពេលដែលនឹកឃើញរឿងរ៉ាវខ្លះៗនោះ សុខលាង បានពន្យល់ពីការងារនៅប្រទេសម៉ាឡេស៊ីថាការងារដែលធ្វើនៅទីនោះគឺគេឲ្យមើលផ្ទះ ជូតផ្ទះ បោកខោអាវ និងធ្វើម្ហូប ប៉ុន្តែធ្វើការងារតាំងពីព្រឹកព្រលឹមរហូតដល់ម៉ោង ១ យប់នាងមិនហ៊ានឈប់សម្រាកទេដោយសារតែខ្លាចម្ចាស់ផ្ទះស្តីបន្ទោស។ នាងបានថ្លែងតាមដែលនាងចាំតិចៗថា៖ «ខ្ញុំធ្វើការហត់តែអត់មានបាយញ៉ាំទេគឺញ៉ាំតែនំប៉័ងតែគេមិនធ្វើបាបខ្ញុំទេ»។
ក្រោយពីបានធូរស្បើយបានមួយរយៈ សុខលាង ត្រូវបានឪពុកម្តាយរបស់នាងរៀបចំឲ្យមានប្តីហើយចំណងអាពាហិ៍ពិពាហិ៍ដ៏ខ្លីនោះបានបន្សល់នូវកូនស្រីមួយដែលបច្ចុប្បន្នមានអាយុ ៥ ឆ្នាំក្រោយមកក៏ត្រូវបានយកមករស់នៅជាមួយឪពុកម្តាយរបស់នាងវិញដោយសារតែជំងឺបានរើឡើងវិញ។
លោកបានថ្លែងថា៖ «ការហើយក៏ស្រាប់តែជំងឺរើឡើងវិញហើយគ្រួសារខាងប្តីមិនទទួលខុសត្រូវខ្ញុំក៏យកកូនខ្ញុំមកមើលថែវិញជាមួយនឹងចៅស្រីរហូតដល់សព្វថ្ងៃនេះ»។
លោកបានថ្លែងឲ្យដឹងបន្តទៀតថាកូនរបស់ សុខលាង ត្រូវបានលោក និងកូនៗរបស់លោកជាអ្នកមើលថែហើយនៅពេលដែលម្តាយរបស់គេធូរស្រាលពួកគេក៏អង្គុយជំនុំគ្នាលេងតាមធម្មតាតែលោកមិនអាចឲ្យកូនរបស់ សុខលាង គេងជាមួយម្តាយទេខ្លាចមានប្រការអ្វីមួយកើតឡើង។
លោកថា៖ «ខ្ញុំយកកូនរបស់គេគេងជាមួយពួកខ្ញុំហើយខ្ញុំ និងប្អូនៗរបស់ សុខលាង នៅពេលយប់ដេកនៅក្រោមផ្ទះដើម្បីជួយមើលថែគេ»។
លោកបានរំឭកឡើងថាមុននឹងចេញដំណើរទៅម៉ាឡេស៊ីលោកបានលួចកត់លេខទូរស័ព្ទមិត្តភក្តិលោកនៅក្នុងវ៉ាលិសខោអាវរបស់កូនដើម្បីឲ្យកូនទាក់ទងមកនៅពេលដែលមានបញ្ហាអ្វីមួយកើតឡើងហើយអ្វីៗដូចការគិតរបស់លោកគឺកូនស្រីធ្វើការបានត្រឹមតែ ២ ខែក៏ទូរស័ព្ទមកផ្ទះប្រាប់ថានៅទៀតមិនបានទេរូចក៏ដាច់ទំនាក់ទំនងគ្នាហើយប៉ុន្មានថ្ងៃក្រោយមកប្រហែលជាកូនរបស់លោកធ្វើទុក្ខខ្លាំងត្រូវបានម្ចាស់ផ្ទះបញ្ជូនមកស្ថានទូតខ្មែរប្រចាំនៅប្រទេសគេនោះហើយស្ថានទូតក៏បានទាក់ទងមកលោកដើម្បីយកកូនមកវិញដោយទាមទារឲ្យលោកបង់ប្រាក់ ៥០០ ដុល្លារ។
លោកបានបន្តថា៖ «ខ្ញុំបានប្រាប់គេថាបើខ្ញុំមានប្រាក់ ៥០០ ដុល្លារមិនចាច់ឲ្យកូនទៅធ្វើការនោះទេ។ ក្រោយមកប្រហែលជាកូនខ្ញុំធ្វើទុក្ខខ្លាំងទើបស្ថានទូតបញ្ជូនកូនខ្ញុំមកវិញ»។
មិនខុសពីស្ថានភាពរបស់ សុខលាង អ្នកស្រី វិច ក្រួច អាយុ ៤៥ ឆ្នាំដែលរស់នៅក្នុងភូមិស្តុកឃ្លោក ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ឯនោះវិញក្មួយស្រីរបស់អ្នកស្រីឈ្មោះ ងឹម អៀប អាយុ ៣៣ ឆ្នាំក៏បានទទួលរងនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបណ្តាលឲ្យគាត់និយាយមិនបាន និងតែងតែរត់ពួននៅពេលដែលឃើញមនុស្សប្រុស។
អ្នកស្រីថ្លែងថា៖ «ខ្ញុំមិនដឹងថាគេធ្វើអ្វីលើក្មួយខ្ញុំនោះទេឲ្យតែឃើញមនុស្សប្រុសរត់ពួនហើយភ័យរន្ធត់»។
អង្គុយនៅក្នុងកូនផ្ទះតូចមួយខណៈក្មួយស្រីដេកយោលអង្រឹងបានថ្លែងថាឥឡូវគេរាងធូរស្រាលបន្តិចមិនសូវខ្លាចមនុស្សដូចមុនក្រោយពីគាត់បានហូបថ្នាំ។ អ្នកស្រីថា៖ «ខ្ញុំអាណិតក្មួយណាស់ហេតុតែអត់ចង់រកការងារធ្វើដើម្បីបានលុយចិញ្ចឹមប្អូនៗបែរក្លាយទៅជាយ៉ាងនេះ។ មុនទៅធ្វើការនៅម៉ាឡេស៊ីគេជាមនុស្សធម្មតាដូចគេឯង»។
នៅពេលដែលនិយាយពីប្រទេសម៉ាឡេស៊ីនោះលោក សាន វ៉ាត បានថ្លែងថាលោកមិនចង់ឮឈ្មោះប្រទេសនោះទេហើយលោកក៏មិនគាំទ្រដែរចំពោះរដ្ឋាភិបាលប្រទេសកម្ពុជា និងរដ្ឋាភិបាលម៉ាឡេស៊ីនឹងចុះអនុស្សរណៈយោគយល់គ្នាដើម្បីឲ្យមានការបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសនោះវិញពីព្រោះពលករជាច្រើនដែលធ្វើការនៅប្រទេសនោះតែងតែមានបញ្ហាដូចកូនស្រីរបស់លោក។ លោកថា៖ «ខ្ញុំឮតែឈ្មោះប្រទេសម៉ាឡេស៊ីខ្ញុំស្អប់តែម្តង»។
គួរបញ្ជាក់ផងដែរថាកាលពីចុងឆ្នាំ ២០១១ កម្ពុជាបានប្រកាសផ្អាកការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ីដោយមិនកំណត់ពេលបន្ទាប់ពីមានពលករខ្មែរខ្លះត្រូវថៅកែម៉ាឡេស៊ីធ្វើទារុណកម្មលើរាងកាយរហូតស្លាប់ និងខ្លះទៀតរំលោភផ្លូវភេទជាដើម។
លោក ជួប ណារ៉ាត អគ្គនាយករងនៃនាយកដ្ឋានការងារនៃក្រសួងការងារថ្លែងថាដើម្បីការពារដល់ពលកររបស់យើងដែលធ្វើការនៅប្រទេសម៉ាឡេស៊ីនោះគឺកម្ពុជា និងម៉ាឡេស៊ីនឹងគ្រោងចុះ MoU នាចុងឆ្នាំនេះហើយ MoU រួមបញ្ចូលការការពារមួយចំនួនសម្រាប់ពលករកម្ពុជាដូចជាការធ្វើការងារ ៨ ម៉ោងក្នុងមួយថ្ងៃការទទួលបានប្រាក់ឈ្នួលនៅពេលថែមម៉ោង និងការទទួលបានការឈប់សម្រាកយ៉ាងហោចណាស់មួយថ្ងៃក្នុងមួយសប្តាហ៍។
លោកថា៖ «ពលករអាចទុកលិខិតឆ្លងដែនដោយខ្លួនឯងក្រុមហ៊ុនអាចយកលិខិតឆ្លងដែនពីកម្មករបានក្នុងលក្ខខណ្ឌយកទៅធ្វើសៀវភៅការងារ»។
ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម‑វប្បធម៌ អាស៊ានកាលពីខែតុលា ឆ្នាំ ២០១២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឲ្យមានការពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ការការពារជាក់ស្តែង និងការលើកកម្ពស់សិទ្ធិពលករចំណាកស្រុកខណៈដែលពលករចំណាកស្រុកប្រមាណ ២៨៥ លាននាក់នឹងមានការផ្លាស់ទីដោយសេរីបន្ទាប់ពីឆ្នាំ ២០១៥ ។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ឲ្យដឹងថាមូលហេតុដែលតែងតែមានការរំលោភបំពានមកលើពលករបម្រើការងារនៅតាមផ្ទះនោះគឺដោយសារតែរដ្ឋាភិបាលពុំបានធ្វើការតាមដានឲ្យបានត្រឹមត្រូវថាតើពលករខ្មែរបញ្ជូនទៅធ្វើការនៅខេត្តណាខ្លះ? ផ្ទះណាខ្លះ ? និងលក្ខខណ្ឌការងារយ៉ាងម៉េចនោះទេ។
លោកថា៖«បើទោះបីជារដ្ឋាភិបាលបានផ្អាកការនាំពលករទៅប្រទេសម៉ាឡេស៊ីនៅឆ្នាំ ២០១១ ប៉ុន្តែគេនៅតែមានមធ្យោបាយនាំពលករទៅដដែលតាមរូបភាពទេសចរណ៍ជាដើមដូច្នេះហើយបានជាធ្វើឲ្យភាគីខាងម៉ាឡេស៊ីមិនខ្វល់អំពីការស្នើសុំរបស់កម្ពុជាទាក់ទងទៅនឹងការចុះ MoU ពីព្រោះគេនៅតែមានពលករធ្វើការ»។
យោងតាមតួលេខដែលផ្តល់ដោយក្រសួងធនធានមនុស្សម៉ាឡេស៊ីបច្ចុប្បន្នពលករខ្មែរដែលបានសុំទិដ្ឋាការស្នាក់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ីសរុបចំនួន ១៣ ២៤៥ នាក់។ ក្នុងនោះកម្មករការងារផ្ទះ ៧ ៧៩៦ នាក់កម្មករសំណង់ចំនួន ២៨០ នាក់កម្មកររោងចក្រចំនួន ៣ ៨០៦ នាក់បុគ្គលិកសេវាកម្មចំនួន ៥៨៤ នាក់កម្មករកៅស៊ូចំនួន ៤២០ នាក់ និងកម្មករផ្នែកកសិកម្មចំនួន ៣៥៩ នាក់។
បើទោះបីជាខ្លួនមានសុខភាពមិនល្អក៏ដោយក៏នាងបានគិតថានាងចង់ឲ្យកូនស្រីរបស់នាងទៅរៀននៅសាលាដូចគេ។ នាងថ្លែងថា៖ «ខ្ញុំចង់ឲ្យកូនស្រីខ្ញុំនៅពេលដែលធំឡើងធ្វើការខាងសម្អាង»៕