ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២៣ កញ្ញា បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ទណ្ឌិត​ឈ្មោះ​ សោម ឯក ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​ ១១ ​ឆ្នាំ និង​ឈ្មោះ​ ហូរ សម្បត្តិ ដាក់​ពន្ធនាគារ​កំណត់​ ១៣ ​ឆ្នាំ​ក្រោម​ការចោទប្រកាន់​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ «​មនុស្សឃាត​» ​ទាក់ទង​មរណភាព​ជនរងគ្រោះ​។

កាលពី​ថ្ងៃទី​ ១៨ ខែសីហា ឆ្នាំ​ ២០០០ ទណ្ឌិត​ឈ្មោះ​ សោម ឯក និង​បក្ខពួក​ឈ្មោះ​ ហូរ សម្បត្តិ បានរួម​គំនិត​គ្នា​ប្រព្រឹត្ត​បទល្មើស​ធ្វើ​មនុស្សឃាត​លើ​ជនរងគ្រោះ​ម្នាក់​ដោយ​ប្រើ​ដាវ​ចាក់​ពីក្រោយ​បណ្តាល​ឲ្យ​ស្លាប់​ជនរងគ្រោះ​ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។

នៅពេល​ទាក់ទង​សួរ​អំពី​ការអូសបន្លាយ​ច្រើន​ឆ្នាំ​រួចមក​ហើយ​ទើប​តែ​តុលាការ​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​បុគ្គល​ទាំង​​ ២ ​នេះ​កាលពី​ថ្ងៃទី​ ២៣ កញ្ញា​នោះ​។

លោក​ ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ និង​ លោក អ៊ី រិន្ទ ​អ្នកនាំពាក្យ​សាលាដំបូង រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​ការប្រកាស​សាលក្រម​ខាងលើនេះ​។

លោក​ សួស វិទ្យារ៉ាន់ឌី អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា លោក​ យិន សារឿន ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​ ២៣ ខែ​កញ្ញា ឆ្នាំ​ ២០១៩ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ទណ្ឌិត​ឈ្មោះ​ សោម ឯក ដាក់​ពន្ធនាគារ​កំណត់​ ១១ ​ឆ្នាំ​ក្រោម​ការចោទប្រកាន់​ពី​បទ​ «​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​»​។ ជាមួយគ្នា​នោះ​ទណ្ឌិត​ឈ្មោះ​ ហូរ សម្បត្តិ ត្រូវបាន​ផ្តន្ទាទោស​ ១៣ ​ឆ្នាំ​ក្នុង​បទល្មើស​ពាក់ព័ន្ធ​នឹង ​«​មនុស្សឃាត​»​។

ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​មូល​ហេតុដែល​តុលាការ​ទើប​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជន​ទាំង​ ២ ​នៅ​ថ្ងៃ​ខាងលើ​នោះទេ​។

លោក​ សោម ឯក ត្រូវបាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​​ ២៨ ​ឆ្នាំ​ទាក់ទង​ទៅនឹង​ការបណ្តុះបណ្តាល​ភេរវករ និង​បាន​បង្កៃ​គ្រាប់បែក​ ១ ​គ្រាប់​នៅមុខ​ក្រសួង​ការពារជាតិ និង​បង្កៃ​គ្រាប់បែក​ ២ ​គ្រាប់​ទៀត​នៅ​ជិត​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៣ ក្នុង​ឆ្នាំ ២០០៩​។ ជាង​នេះ​ទៀត​លោក​ត្រូវបាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​ ១៨ ​ឆ្នាំ​បន្ថែមទៀត​ទាក់ទង​ទៅនឹង​ការ​បង្កៃ​គ្រាប់បែក​ប៉ុនប៉ង​បំផ្លាញ​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម​ក្នុង​ឆ្នាំ​ ២០០០​។

គួរបញ្ជាក់​ទៀតថា​កាលពី​យប់​ថ្ងៃទី​ ៨ ខែ​តុលា ឆ្នាំ​ ២០១៦ ​ខណៈ​ពេល​ទណ្ឌិត​ឈ្មោះ​ សោម ឯក ទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-សូវៀត ពេល​នោះ​ទណ្ឌិត​ឈ្មោះ​ សោម ឯក បាន​ប្រព្រឹត្ត​បទល្មើស​មួយ​ទៀត គឺ​បុរស​រូបនេះ​លួច​រត់គេច​ខ្លួន​តែ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​មកវិញ​នៅ​ថ្ងៃទី​ ២៦ ខែ​តុលា ឆ្នាំ​ ២០១៦ នៅ​ខេត្ត​សៀមរាប​៕