The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សោ ចាន់ដេត ​ប្រកាស​ឈប់​ប្រើ​ឡាន​ស្លាក​លេខ​ព្រឹទ្ធសភា

សោ ចាន់ដេត ​ប្រកាស​ឈប់​ប្រើ​ឡាន​ស្លាក​លេខ​ព្រឹទ្ធសភា

លោក សោ ចាន់ដេត ​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​។
លោក សោ ចាន់ដេត ​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​។ រូបថត​ហ្វេសប៊ុក

សោ ចាន់ដេត ​ប្រកាស​ឈប់​ប្រើ​ឡាន​ស្លាក​លេខ​ព្រឹទ្ធសភា

ភ្នំពេញៈ លោក សោ ចាន់ដេត សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​នឹង​ចេញ​​សេចក្តី​ប្រកាស​ចំហ​មួយ​នៅ​ថ្ងៃ​នេះ​ថា​លោក​ឈប់​ប្រើ​រថយន្ត​ស្លាក​លេខ​ព្រឹទ្ធសភា​ទៀត​ហើយ​បន្ទាប់ពី​សមត្ថកិច្ច​ខេត្ត​ឧត្តរមានជ័យ​បាន​ឃាត់​រថយន្ត​របស់​លោកជិត​ ២ ម៉ោង​ដោយ​ពុំ​មាន​ហេតុផល​សមរម្យ​កាលពី​ថ្ងៃ​ទី ១០ ខែ​ឧសភា​។

ការ​ត្រួត​ពិនិត្យ​រថយន្ត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ដែល​មាន​អភ័យ​ឯកសិទ្ធិ​នេះ​ត្រូវ​បាន​អ្នក​វិភាគ​យល់​ថា​ជា​ផ្នែក​មួយ​នៃ​ការ​រើសអើង​គណបក្ស​នយោបាយ​។

លោក សោ ចាន់ដេត បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ដោយ​រៀបរាប់​ហេតុការណ៍​ថា​ កាលពី​ថ្ងៃ​ទី ១០ ខែ​ឧសភា ឆ្នាំ ២០១៦ វេលា​ម៉ោង ១០ ព្រឹក នៅ​ពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​គ្រួសារ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​គ្រាប់មីន​ក្នុង​សង្កាត់​បុសស្បូវ ក្រុង​សំរោង ស្រាប់​តែ​មាន​ក្រុម​ប្រដាប់​អាវុធ​ប្រមាណ​ ៣០ ​នាក់​​ដឹក​នាំ​ដោយ​លោក ធូ សុធា ប្រធាន​ការិយាល័យ​ចរាចរណ៍​ខេត្ត​បាន​ឃាត់​រូប​លោក​ក្រោម​លេស​ត្រួតពិនិត្យ និង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​។ «គេ​ឃាត់​​ឡាន​ខ្ញុំ​គេ​ថា​ត្រួត​ពិនិត្យ​កាំភ្លើង​អ៊ីចឹង​ខ្ញុំ​ក៏​បើក​ឡាន​ឱ្យ​មើល​ពេល​រក​អត់​ឃើញ​កាំភ្លើង​គេ​ក៏​ទៅ​កកាយ​គូទ​ឡាន​ខ្ញុំ​ហើយ​រក​ឃើញ​ស្លាក​លេខ​ស៊ីវិល​នៅ​ក្នុង​ហ្នឹង​ខ្ញុំ​បាន​ឆ្លើយ​ថា​ព្រោះ​ខ្ញុំ​ទិញ​ឡាន​ស៊ីវិល​តែ​គេ​ថា​ខុស​ច្បាប់​ក្លែងក្លាយ​ហើយ​ខ្ញុំ​​បង្ហាញ​កាត​អភ័យ​ឯកសិទ្ធិ​គេ​ក៏​យក​ទៅ​ថត​ចម្លង​ហើយ​តម្រូវ​ឱ្យ​ខ្ញុំ​ដោះ​ស្លាក​លេខ​ព្រឹទ្ធសភា​ចេញ​ដាក់​ស្លាក​លេខ​​ស៊ីវិល​វិញ​ដោយសារ​ប្រញាប់​ផង​ខ្ញុំ​ក៏​ព្រម​ដោះ​ស្លាក​លេខ​ព្រឹទ្ធសភា​ចេញ​ទើប​គេ​អនុញ្ញាត​ឱ្យ​ខ្ញុំ​ទៅ»។

លោក​​ថា​ នៅ​ថ្ងៃ​ចន្ទ​នេះ លោក​នឹង​​ចេញ​លិខិត​ចំហ​មួយ​ប្រកាស​ថា​លោក​​ឈប់​ប្រើ​ស្លាក​លេខ​ព្រឹទ្ធសភា​ទៀត​ហើយ «ពីព្រោះ​វា​អត់​មាន​ន័យ​អី​ត្រូវ​ប្រើ​ស្លាក​លេខ​​នេះ​ទៀត​ទេ​គឺ​ត្រូវ​ប្រើ​ស្លាក​លេខ​ស៊ីវិល​វិញ​ល្គិក​ណា​អភ័យ​ឯកសិទ្ធិ​ត្រូវ​បាន​គេ​រំលោភ​ ...​»​​។

លោក​ពន្យល់​ថា​អ្នក​បើកបរ​ប្រើ​ស្លាក​លេខ​ព្រឹទ្ធសភា​គឺ​ដើម្បី​សម្គាល់​ទៅ​សមាជិក​​ព្រឹទ្ធសភា​ម្នាក់ៗ​ដើម្បី​ឱ្យ​​ពួកគាត់​មាន​ពេលវេលា​​គ្រប់គ្រាន់​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​នៅ​តាម​មូលដ្ឋាន​ឱ្យ​បាន​លឿន និង​ចៀសវាង​​ពី​ការ​រំលោភ ការ​គំរាម​កំហែង ឬ​ក្នុង​ករណី​រំខាន​ណា​មួយ​លើកលែង​តែ​រថយន្ត​នោះ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង។ ​

លោក ចាន់ដេត ក៏​បាន​បដិសេធ​ព័ត៌មាន​​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​​ចុះ​ផ្សាយ​ថា​លោក​បាន​យក​ស្លាក​លេខ​ព្រឹទ្ធសភា​ទៅ​បំពាក់​ឱ្យ​រថយន្ត​បី​គ្រឿង។

បន្ទាប់ពី​មាន​ហេតុការណ៍​នេះ​លោក សោ ចាន់ដេត បាន​សរសេរ​លិខិត​មួយ​ផ្ញើ​ជូន​ប្រធាន​ព្រឹទ្ធសភា​លោក សាយ ឈុំ ដោយ​ស្នើ​ឱ្យ​ចាត់​វិធានការ​លើ​សមត្ថកិច្ច​ដែល​បាន​ឃាត់​រថយន្ត​លោក​ទៅ​តាម​ច្បាប់។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​ ១៩ ខែ​ឧសភា សង្កត់​ធ្ងន់​ថា៖ «ទង្វើ​នេះ​គឺជា​​ការ​រំលោភ​អភ័យ​ឯកសិទ្ធិ​ព្រឹទ្ធសភា​យ៉ាង​ធ្ងន់ធ្ងរ​សូម​សម្តេច​ វិបុលសេនាភក្តី ចាត់​វិធានការ​ដើម្បី​ចៀសវាង​ព្រឹត្តិការណ៍​បែប​នេះ​កើត​មក​លើ​​រូប​ខ្ញុំ​ជាថ្មី​ទៀត និង​សមាជិក សមាជិកា​ព្រឹទ្ធសភា​ដទៃ​ទៀត»។

លោក ធូ សុធា ប្រធាន​ការិយាល័យ​ចរាចរណ៍​ខេត្ត​ឧត្តរមានជ័យ​បាន​ថ្លែង​​ពី​ម្សិលមិញ​ថា​ការ​ធ្វើ​បែប​នេះ​ដោយសារ​លោក​​​បាន​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​ឱ្យ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ជា​រៀងរាល់​ថ្ងៃ។

អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​លោក ម៉ម ប៊ុននាង ថ្លែង​ថា​នៅ​ថ្ងៃ​​កើត​ហេតុ​នោះ​លោក​ក៏​បាន​អន្តរាគមន៍​​ទៅ​សមត្ថកិច្ច​ដែរ​ដោយ​បញ្ជាក់​ថា​លោក ចាន់ដេត ពិត​ជា​សមាជិក​ព្រឹទ្ធសភា​ពិត​មែន។ តែ​លោក​ថា​ បើ​តាម​ការ​ស្តាប់​របាយការណ៍​ពី​ប៉ូលិស​ដោយសារ​ធ្លាប់​ឃើញ​ស្លាក​លេខ​ព្រឹទ្ធសភា​ម្តង​នៅ​រថយន្ត​នេះ​ម្តង​នៅ​រថយន្ត​នោះ​ទើប​ធ្វើ​ឱ្យ​សមត្ថកិច្ច​មាន​ការ​ពិបាក​ទើប​សម្រេច​ចិត្ត​ត្រួតពិនិត្យ។

លោក​ថា៖ «ហើយ​ការ​ឃាត់​គឺ​មិន​មែន​ឃាត់​សមាជិក​ព្រឹទ្ធសភា​ទេ​គឺ​ឃាត់​ឡាន​ដោយសារ​គាត់​ដូរ​ឡាន​អ៊ីចឹង​សមត្ថកិច្ច​គេ​ឃាត់​យោង​តាម​ច្បាប់​ចរាចរណ៍​ប៉ុន្តែ​ខ្ញុំ​បាន​និយាយ​ថា​គាត់​ជា​សមាជិក​ព្រឹទ្ធសភា​ត្រឹមត្រូវ​ខ្ញុំ​អ្នក​នាំ​ពាក្យ​អ្នក​អះអាង​បើ​មាន​ការ​ខុស​ឆ្គង​នោះ​គេ​ក៏​សម្រួល​ឱ្យ​ទៅ»។

អ្នក​វិភាគ​ឯករាជ្យ​លោក អ៊ូ វីរៈ យល់​ថា​បើ​សមត្ថកិច្ច​​អនុវត្ត​បែប​នេះ​លើ​បុគ្គល​គ្រប់​រូប​មិន​ប្រកាន់​បក្ខពួក​ជា​រឿង​ល្អ​ខណៈ​លោក​សង្កេត​ឃើញ​ថា​វិធានការ​បែប​នេះ​ភាគ​ច្រើន​អនុវត្ត​តែ​ទៅ​លើ​គណបក្ស​ប្រឆាំង​ប៉ុណ្ណោះ។

លោក​បន្ត​ថា​ បើ​ទោះ​ជា​សមាជិក​ព្រឹទ្ធសភា​បាន​ប្រើ​ប្រាស់​ស្លាក​លេខ​រថយន្ត​ប្តូរ​ពី​ឡាន​មួយ​ទៅ​ឡាន​មួយ​ក្តី​ប៉ូលិស​គួរ​តែ​ជូន​ដំណឹង​ទៅ​ព្រឹទ្ធសភា​ដើម្បី​ឱ្យ​មាន​ចំណាត់ការ​រដ្ឋបាល​ពោល​​គឺ​ពុំ​គួរ​​ឃាត់​សមាជិក​ព្រឹទ្ធសភា​យូរ​បែប​នេះ​ទេ។

លោក​បាន​បញ្ជាក់​បន្ត​ថា៖ «​ខ្ញុំ​មើល​ទៅ​រឿង​នេះ​បើ​​អនុវត្ត​ស្មើ​គ្នា​ក៏​មិន​សូវ​ជា​បញ្ហា​ដែរ​តែ​ខ្ញុំ​មើល​ទៅ​ការ​អនុវត្ត​ហាក់​ដូចជា​គាបសង្កត់​ទៅ​លើ​គណបក្ស​ប្រឆាំង​ហើយ​ជា​ការ​រើសអើង​នយោបាយ​បើ​សិន​ជា​​សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់​អំណាច​ប្រហែល​ជា​មិន​ងាយ​ជួប​បញ្ហា​នេះ​​ទេ»៕

អត្ថបទគួរចាប់អារម្មណ៍