សៀមរាបៈ អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុលសំណង់ទ្វារទឹកទំនប់បារាំង បន្ទាប់ពីរងការខូចខាត និងចាស់ទ្រុឌទ្រោមជាខ្លាំងដោយគ្រោងនឹងបញ្ចប់ឱ្យបានរួចរាល់នៅមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខដើម្បី ស្តុកទឹកទុកសម្រាប់ប្រើប្រាស់នៅរដូវប្រាំងក្នុងតំបន់រមណីយដ្ឋានអង្គរ។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ក្នុងហ្វេសប៊ុកពីថ្ងៃទី ២០ ខែមីនា ថា៖ «អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបញ្ចប់គម្រោងជួសជុលសំណង់ទ្វារទឹកទំនប់បារាំងដែលស្ថិតនៅដងស្ទឹងសៀមរាបខាងជើងប្រាសាទតានៃ»។
អាជ្ញាធរអប្សរាបញ្ជាក់បន្ថែមថា៖ «សំណង់ទ្វារទឹកទំនប់បារាំងជាកន្លែងស្តុកទឹកដ៏សំខាន់នៅក្នុងរមណីយដ្ឋានអង្គរ ដើម្បីទុកទឹកប្រើប្រាស់នារដូវប្រាំង មិនឱ្យខ្វះខាតដោយការប្រមូលប្រភពទឹកមកពីភ្នំគូលែន និងបន្តចែកចាយទៅកាន់ស្ទឹងសៀមរាប បារាយណ៍ កសិន្ធុក្នុងតំបន់អង្គរ និងប្រព័ន្ធស្រោចស្រពនៅក្រោមបារាយណ៍ទាំងអស់។ ពិសេសជារបាំងទប់ទឹក កុំឱ្យមានទឹកជំនន់លិចក្រុងសៀមរាបនារដូវវស្សាផងដែរ»។
លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរាមិនអាចទាក់ទងដើម្បីសុំការបញ្ជាក់បន្ថែមបានទេកាលពីថ្ងៃអាទិត្យ។
លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាត្រូវបានដកស្រង់សម្ដីដោយអាជ្ញាធរអប្សរាកាលពីថ្ងៃទី ១៩ ខែមីនា ថា បច្ចុប្បន្នប្រព័ន្ធស្តុកទឹកនេះបានរងនូវការខូចខាត និងចាស់ទ្រុឌទ្រោមផ្នែកខាងក្រោមជាខ្លាំងដោយសារអាយុកាលរបស់សំណង់ និងអាកាសធាតុ។
លោកថា បញ្ហានេះធ្វើឱ្យវត្ថុធាតុដើមនៃសំណង់ និងគ្រឹះសំណង់បាក់ ពុកផុយ និងបាត់បង់គុណភាព និងបណ្តាលឱ្យទឹកហូរច្រោះដែលមិនអាចរក្សាទឹកបានច្រើននៅរដូវប្រាំង។ លោកថ្លែងថា៖ «ដូច្នេះហើយកាលពីថ្ងៃទី ២០ ខែកុម្ភៈ ក្រុមការងារក៏បានជួសជុលគ្រឹះក្រោមជាថ្មីដោយការចាក់បេតុងដើម្បីបង្កើនភាពរឹងមាំ និងជួសជុលទ្វារទឹកការពារទឹកច្រោះនៅរដូវប្រាំង ដើម្បីសន្សំទឹក។ គម្រោងនេះនឹងបញ្ចប់ជាស្ថាពរនៅដំណាច់ខែមីនា ឆ្នាំ ២០២០ ខាងមុខ»។
លោក ភឿន សុឃីម បញ្ជាក់ថា ទ្វារទឹកនេះត្រូវបានកសាងឡើងក្នុងសម័យអាណានិគមបារាំងនៅចន្លោះឆ្នាំ ១៩៣០។ នៅដំណាក់កាលដំបូងបារាំងបានចាក់បេតុងធ្វើជាទ្វារទឹក បន្ទាប់មកក្នុងទសវត្សរ៍ទី ៦០ អាមេរិកកាំងបានដាក់ទ្វារដែកសម្រាប់បិទបើកតាមកម្លាំងទឹកដោយស្វ័យប្រវត្តិ និងសម្រាប់បង្វែរមុខទឹកបញ្ចូលទៅបារាយណ៍ខាងលិចតាមរយៈប្រឡាយទឹកដែលជីកដោយអាមេរិកកាំង (កាណាល់ A)។
លោកបន្តថា ការជួសជុលនៅឆ្នាំនេះគឺជាការជួសជុលគ្រឹះដោយបេតុងថ្មីជំនួសគ្រឹះដែលសាងសង់ឡើងតាំងពីសម័យអាណានិគមបារាំង។
កាលពីថ្ងៃទី ២០ ខែមីនា អាជ្ញាធរអប្សរាក៏បានចាប់ផ្តើមជួសជុលប្រាសាទកណ្តាលស្រះស្រង់ ដើម្បីអភិរក្ស និងលើកតម្លៃមរតកដូនតាផងដែរ។ បើតាមអាជ្ញាធរអប្សរាប្រាសាទនេះត្រូវបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៧ ក្នុងសតវត្សរ៍ទី ១២ ដែលតំណាងឱ្យភ្នំព្រះសុមេរុ។ ប្រាសាទនេះគឺជាកន្លែងដែលបានចារិកអំពីព្រះរាជសកម្មភាពរបស់ព្រះបាទជ័យវរ្ម័នទី ៧ នៅពេលដែលព្រះអង្គយាងមកកាន់កន្លែងនេះ៕