
សំណង់បុរាណក្នុងវត្តលង្កាដែលកំពុងត្រូវបានជួសជុលពីថ្ងៃ ១០ មីនា ២០២១ ។ ហ៊ាន រង្សី
ភ្នំពេញៈ សំណង់ស្ថាបត្យកម្មបុរាណខ្មែរបែបព្រះពុទ្ធសាសនាចំនួន ២ នៅវត្តលង្កាក្នុងខណ្ឌដូនពេញត្រូវបានជួសជុលឡើងវិញដោយត្រូវរក្សាតាមលំនាំដើម ខណៈគិតចាប់តាំងពីឆ្នាំ ២០១៩ មក ក្រុមអ្នកជំនាញបានស្រង់ចំនួនសំណង់បុរាណដើម្បីធ្វើការជួសជុល និងអភិរក្សបានចំនួន ៩១ វត្តហើយ។
ព្រះតេជគុណ ហួរ សារិទ្ធ មេកុដិវត្តលង្កាមានថេរដីកាថា កុដិដែលកំពុងធ្វើការជួសជុលនៅវត្តលង្កាមានចំនួន ២ ដែលកុដិនោះមានចំនួនទទឹង ៦ ម៉ែត្រ បណ្តោយ ១២ ម៉ែត្រ និងកម្ពស់ ៧ ម៉ែត្រនេះ គឺមាន ២ ជាន់។ ជាន់ក្រោមធ្វើពីថ្ម ផ្នែកខាងលើធ្វើពីឈើ។ កុដិនេះចាប់ផ្តើមកសាងដោយព្រះមហាបណ្ឌិត ឈឹម ទូច ដែលលោកជាធម្មកធិក និងជាបញ្ញវន្តខ្មែរ ១ អង្គក្នុងព្រះពុទ្ធសាសនា។
ព្រះអង្គបញ្ជាក់ថា កុដិទាំង ២ នេះត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ១៩៣១ ដែលគិតរហូតមកដល់បច្ចុប្បន្ននេះមានអាយុកាល ៩០ ឆ្នាំហើយ។ សម្រាប់ការជួសជុលឡើងវិញនេះ គឺនៅតែរក្សាបាននូវទម្រង់ក្បាច់រចនាដើម ដែលបង្ហាញពីវប្បធម៌ និងអារ្យធម៌ខ្មែរមិនឱ្យបាត់បង់នោះទេ។
ព្រះតេជគុណបន្តថា៖ «លក្ខណពិសេសរបស់កុដិនេះគឺ ១ បាំងខាងមុខធ្វើពីបេតុង ខាងក្រោយធ្វើពីឈើ ១ កំណាត់ខាងក្រោម បាយអនៅពីខាង លើគឺផ្ទះឈើ។ ឯលក្ខណពិសេសគឺក្បាច់ដែលនៅខាងមុខ ហ្នឹងឯងគឺមាននិមិត្តសញ្ញាមួយដែលប្រតិស្ឋាននៅនឹងកុដិហ្នឹងគេហៅថា ព្រះកាល។ អ៊ីចឹង វាមានរចនាប័ទ្មមួយប្លែកជាងរចនាប័ទ្មនៃសំណង់បុរាណផ្សេងៗទៀត»។
បើតាមព្រះតេជគុណ ហួរ សារិទ្ធ វត្តលង្កាជាទិសដៅទេសចរណ៍មួយនៅក្នុងទិសដៅផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ ដែលមានការគាំទ្រច្រើនពីជនបរទេស។ ព្រះអង្គលើកឡើងថា៖ «បរទេសភាគច្រើនដែលគេចូលមកវត្តលង្កាក្រៅអំពីមើលរចនាប័ទ្មព្រះវិហារ ក៏ភ្ញៀវទេសចរមកទស្សនាកុដិហ្នឹងហើយថតរូបទុកជាអនុស្សាវរីយ៍។ ដល់ឥឡូវហ្នឹងបានអ្នកសប្បុរសជន ឧបត្ថម្ភ និងជួសជុលកែលម្អទៅរឹតតែស្អាតថែមទៀត។ អាត្មាគិតថា ក្រោយជួសជុលហើយ កុដិនេះអាចតាំងនៅបន្តបាន ១០ ទៅ ២០ ឆ្នាំទៀត»។
លោក អ៊ិន សុវណ្ណ អនុប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណនៃក្រសួងវប្បធម៌បានសម្តែងការគាំទ្រចំពោះចៅអធិការវត្តលង្កាដែលអនុញ្ញាតឱ្យមានការជួសជុលឡើងវិញនូវសំណង់បុរាណដោយរក្សាបាននូវទ្រង់ទ្រាយដើម។
លោកថា៖ «យើងសំណូមពរទៅកាន់វត្តនៅទូទាំងប្រទេស បើសិនជាត្រូវការជួសជុលក្នុងទ្រង់ទ្រាយតូច ឬធំក៏ដោយត្រូវដាក់ពាក្យស្នើសុំទៅខាងក្រសួងជំនាញ ឬមន្ទីរជំនាញតាមខេត្ត ដើម្បីមានលទ្ធភាពពិនិត្យវាយតម្លៃបានត្រឹមត្រូវ»។
បើតាមលោក សុវណ្ណ គិតចាប់ពីឆ្នាំ ២០១៧ មកដល់ឆ្នាំ ២០២១ នេះ មន្ត្រីជំនាញបានចុះទៅធ្វើបញ្ជីសារពើភណ្ឌកំណត់ទីតាំងវត្តដែលត្រូវធ្វើការអភិរក្សបានចំនួន ៩១ វត្ត ហើយនៅចុងឆ្នាំ ២០២១ នេះគ្រោងនឹងដាក់បញ្ចូលវត្តចំនួន ១៥ ថែមទៀតក្នុងបញ្ជីអភិរក្ស និងជួសជុលសំណង់បុរាណ។
លោកថ្លែងថា៖ «សម្រាប់ ៩១ វត្តដែលបានបញ្ចូលក្នុងបញ្ជីសារពើភណ្ឌអភិរក្សសំណង់បុរាណហ្នឹងមាននៅខេត្តកណ្តាលចំនួន ២៥ ខេត្តបាត់ដំបង ១៨ តាកែវ ១៤ កំពង់ចាម ៨ រាជធានីភ្នំពេញ ៦ កំពង់ធំ ៦ កំពត ៣ បន្ទាយមានជ័យ ២ ត្បូងឃ្មុំ ២ ព្រៃវែង ២ កំពង់ឆ្នាំង ២ ពោធិ៍សាត់ ១ និងខេត្តក្រចេះ ១»។
បើតាមលោក សុវណ្ណ ការកំណត់យកសំណង់បុរាណ ដើម្បីរៀបចំជួសជុល និងអភិរក្សត្រូវពិនិត្យទៅលើសំណង់ដែលសង់តាមស្ថាបត្យកម្មនៅតាមតំបន់ ក្នុងនោះក៏មើលទៅលើក្បាច់ចម្លាក់ក្បាច់លម្អ និងស្ថានភាពទូទៅពីសំណង់អគារទាំងនោះ។ «យើងពិនិត្យមើលថាតើ អគារហ្នឹង វាចាស់ទ្រុឌទ្រោមពេកមិនអាចជួសជុលបានឬយ៉ាងណា? ប៉ុន្តែបើអគារហ្នឹងវាមានលទ្ធភាពក្នុងការជួសជុលបន្តទៅទៀត យើងនឹងរកថវិកាដើម្បីធ្វើការជួសជុលតែម្តង»៕