សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​រដ្ឋបាល​ក្រុង​សៀមរាប​បាន​ចុះ​រុះរើ​សំណង់​របស់​ពលរដ្ឋ​ឈ្មោះ​ ឃន់ សុខន ដោយ​និយាយ​ថា សំណង់​នេះ​បាន​សង់​ខុសច្បាប់ ដែល​ប៉ុនប៉ង​យក​ទី​បុរាណដ្ឋាន​ត្រពាំង​ហែ​ផ្កា​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​នៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ប៉ុន្ដែ​ម្ចាស់​សំណង់​អះអាង​ថា ជា​ដី​កេរដំណែល​ដូនតា​ខ្លួន​បន្សល់ទុក​ចែក​កូនចៅ​។

លោក​ ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ និង​ជា​មន្ត្រី​នាំពាក្យ​នៃ​អាជ្ញាធរ​ជាតិអប្សរា​ថ្លែង​ពី​ម្សិលមិញ​ថា អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​រដ្ឋបាល​ក្រុង​សៀមរាប និង​សាលា​ដំបូង​ខេត្តសៀមរាប​នៅ​ថ្ងៃទី​ ១ កញ្ញា បាន​ចុះ​អនុវត្ត​ការរុះរើ សំណង់​របស់​លោក​ ឃន់ សុខន មានដូចជា របង​ថ្ម បន្ទប់ទឹក រោងក្យូស​ និង​បំផ្លាញ​ដំណាំ​មួយចំនួន ព្រោះ​បុគ្គល​រូបនេះ​បាន​ធ្វើឡើង​ខុស​ច្បាប់​ហាក់​ដូចជា​ប៉ុនប៉ង​យក​ដី​ទី​បុរាណដ្ឋាន​ត្រពាំង​ហែផ្កា​ធ្វើជា​កម្មសិទ្ធិ​ឯកជន​។

លោក​ថា​ការចុះ​រុះរើ​សំណង់​ខុសច្បាប់​នេះ​ជា​លើក​ទី​ ២ ដើម្បី​ការពារ​ការប៉ុនប៉ង​យក​ដី​បុរាណដ្ឋាន​ត្រពាំង​ហែ​ផ្កា​ដោយ​ខុសច្បាប់​មក​ធ្វើជា​កម្មសិទ្ធិ​ឯកជន​របស់​ខ្លួន​។ ក្រុមការងារ​ចម្រុះ​បាន​រុះរើ​រាប​ដល់​ដី និង​ការយល់ព្រម​បញ្ឈប់​ការសាងសង់​ទាំងអស់​ពី​ម្ចាស់​សំណង់​ម្ដង​រួចមក​ហើយ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ ប៉ុន្ដែ​ពលរដ្ឋ​រូបនេះ​នៅតែ​បន្ត​សាងសង់​ម្ដងទៀត​។

មន្ត្រី​រូបនេះ​បញ្ជាក់ថា​៖ «​យើង​នៅតែ​បង្ហាញ​ជំហរ​ថា បើទោះបី​ជា​យ៉ាងណា​អាជ្ញាធរ​ត្រូវតែ​ប្រឆាំង ចំពោះ​អំពើ​រំលោភបំពាន​ប៉ុនប៉ង​យក​ទី​បុរាណដ្ឋាន​ដែល​ជា​ទ្រព្យសម្បតិ្ត​សាធារណៈ​របស់​រដ្ឋ​ដែល​ត្រូវការពារ​ជាដាច់ខាត ហើយ​អ្វីដែល​ឈ្មោះ​ ឃន់ សុខន បាន​ធ្វើ​ម្តង​ជា ២ ​ដង​នេះ​គឺ​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​មរតក​នៃ​បេតិកភណ្ឌ​ជាតិ​របស់​យើង​»​។

តំណាង​រដ្ឋបាល​ក្រុង​សៀមរាប​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិ​ការរុះរើ​សំណង់​នោះ លោក ​ហៃ យ៉ុង បាន​ថ្លែង​ពីថ្ងៃ​ទី​ ១ ខែ​កញ្ញា ថា អាជ្ញាធរ​ក្រុង​សៀមរាប​គ្រោង​អភិវឌ្ឍ​ទីតាំង​ដី​ត្រពាំង​ហែផ្កា និង​លើក​តម្លៃ​ទី​បុរាណដ្ឋាន​នេះ​ឡើងវិញ​នាពេល​ឆាប់ៗ​។ គម្រោង​នេះ​ធ្វើ​តាមរយៈ​ការស្តារ​ត្រពាំង​ហែផ្កា​ឲ្យ​ស្អាត ដើម្បី​ធ្វើជា​ប្រភព​ទឹក​សម្រាប់​អ្នកភូមិ​បាន​ប្រើប្រាស់ ដោយ​អាជ្ញាធរ​ក្រុង​បាន​ទទួល​ច្បាប់​អនុញ្ញាត​ជាគោលការណ៍​ពី​អាជ្ញាធរ​ជាតិ​អប្សរា​រួចរាល់​ហើយ​។

លោក​បន្តថា ដី​ត្រពាំង​ហែផ្កា​មាន​បណ្តោយ​ ៣៥០ ​ម៉ែត្រ ទទឹង​ ១៧០ ​ម៉ែត្រ មាន​ខ្នង​ទំនប់​ពី ៤០ ទៅ​ ៦០ ​ម៉ែត្រ​។ ត្រពាំង​នេះ​មាន​តាំងពី​សម័យអង្គរ​ជា​សហគមន៍​មនុស្ស​រស់នៅ ព្រោះ​មាន​បំណែក​កុលាភាជន៍​បុរាណ​នៅ​រាយប៉ាយ​ពេញ​បុរាណដ្ឋាន​នេះ​។ នៅ​ខាងត្បូង​ត្រពាំង​ក៏មាន​ប្រាសាទ​ហែផ្កា ១ ​ដែរ​ដែល​ធ្វើ​ពី​ឥដ្ឋ​ និង​ជាទីគោរព​បូជា​នៃ​មនុស្ស​សម័យ​នោះ​។

លោក​ថា​៖ «​អំពើ​រំលោភបំពាន​បុរាណដ្ឋាន​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន គឺ​បុគ្គល​នោះ​ត្រូវ​ទទួល​ខុសត្រូវ ចំពោះ​មុខ​ច្បាប់​ទៅ​តាម​ស្ថានភាព​នៃ​ការបំផ្លាញ​ដែល​ប៉ះពាល់​ដល់​សម្បត្តិ​វប្បធម៌​ទាំងនោះ​»​។

លោក​ ឃន់ សុខន ជា​ម្ចាស់​សំណង់​ដែល​សាងសង់​នៅលើ​ដី​ត្រពាំង​ហែផ្កា​នេះ​ថ្លែង​ពី​ម្សិលមិញ ថា​ដី​ទួលត្រពាំង​ហែផ្កា​នេះ​ជា​ដី​របស់​ដូនតា​លោក​បន្សល់ទុក​ឲ្យ​តាំងពី​ដើម​រហូតមក​។ ប៉ុន្ដែ​នៅ​ឆ្នាំ​ ២០១៦ អាជ្ញាធរ​ជាតិ​អប្សរា​អះអាងថា ជា​ដី​ស្ថិត​ក្នុង​តំបន់​អង្គរវត្ត និង​ជា​កន្លែង​អភិរក្ស​បេតិកភណ្ឌ ហើយ​តម្រូវ​ឲ្យ​លោក​ប្រគល់​ដី​ជូនទៅ​អាជ្ញាធរ​ជាតិអប្សរា​អភិរក្ស​វិញ​។

លោក​ថា​កាលពី​ឆ្នាំ​ ២០១៩ លោក​បាន​យល់ព្រម​ប្រគល់​ដី​នេះ​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ហើយ​។ កាលនោះ​លោក​ក៏​យល់ព្រម​រុះរើ​សំណង់​របស់លោក​ទាំងអស់​ដោយ​ខ្លួនឯង​ឲ្យ​រួចរាល់​ត្រឹម​ថ្ងៃទី​ ៩ ខែកញ្ញា​ ខាងមុខនេះ​។ ប៉ុន្ដែ​មិនទាន់​ដល់​ថ្ងៃ​កំណត់​ផង​ស្រាប់តែ អាជ្ញាធរ​ជាតិ​អប្សរា​ដាក់​កម្លាំង​សមត្ថកិច្ច និង​យក​ត្រាក់ទ័រ​មក​កាយ​រុះរើ​បំផ្លាញ​រោង​ក្យូស និង​បន្ទប់ទឹក​របស់​លោក​។ លើស​ពី​នេះ អាជ្ញាធរ​បាន​បំផ្លាញ​ផលដំណាំ និង​ដើមឈើ​ហូប​ផ្លែ​របស់លោក​ជាច្រើន​ថែមទៀត​។

លោក​ សុខន ​ប្រាប់​ថា​៖ «​ហើយ ខ្ញុំ​ថា​ខ្ញុំ​នឹង​ដក​ដំណាំ ដើមឈើ​ហូប​ផ្លែ​របស់ខ្ញុំ​ដោយ​ខ្លួនឯង​ដែល​កំណត់​ថ្ងៃ​ត្រឹមត្រូវ តែ​អាជ្ញាធរ​បែរ​ជា​មក​កម្ទេច​ផលដំណាំ​ខ្ញុំ​ចោល​ទាំងអស់​បែបនេះ ពិតជា​អយុត្តិធម៌​ខ្លាំង​ណាស់​។ ខ្ញុំ​សូម​សំណូមពរ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​អនុវត្ត​ច្បាប់​ឲ្យ​ស្មើភាព ព្រោះ​តំបន់​នោះ​ក៏មាន​ពលរដ្ឋ​រាប់រយ​គ្រួសារ​ទៀត​ដែរ​។ អ៊ីចឹង​ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​ដូច​ខ្ញុំ​ដែរ ហេតុអ្វី​អនុវត្ត​ច្បាប់​តែ​មក​លើ​ខ្ញុំ​»៕