សៀមរាបៈ សំណង់ភោជនីយដ្ឋាន តូបលក់ដូរ និងអាគារដ្ឋប្រមាណជា ១៥០ ខ្នង ត្រូវបានអាជ្ញាធរជាតិអប្សរាបានធ្វើការរុះរើរួចរាល់ជាស្ថាពរទាំងស្រុងនៅមុខបរិវេណខាងលិចប្រាសាទអង្គរវត្តទាំងផ្នែកខាងត្បូងផ្លូវចូល និងមាត់ត្រពាំងសេស និងចាប់ផ្តើមលក់នៅទីតាំងថ្មីនៅថ្ងៃចន្ទទី ១ ខែកញ្ញា នេះ។ ដោយប្តូរទៅទីតាំងថ្មីដែលមានចំងាយប្រមាណជាជាង ១០០ ម៉ែត្រពីទីតាំងចាស់។
លោក ឡុង កុសល អ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា កិច្ចការនេះបានដំណើរការកាលពីដើមឆ្នាំ ២០២០ ដោយមានការស្ម័គ្រចិត្តនិងឆន្ទៈរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍របស់ម្ចាស់សំណង់អាជីវកម្ម ក្រោមកិច្ចសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា ដើម្បីរួមគ្នាលើកតម្លៃរមណីយដ្ឋានអង្គរឱ្យសមជាបេតិកភណ្ឌពិភពលោក។
លោកបានមានប្រសាសន៍ថា៖ «ការរុះរើនេះជាការស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំទេ ហើយគោលការណ៍របស់អាជ្ញាធរ និងរាជរដ្ឋាភិបាល គឺមិនឱ្យមានការលក់ដូររញ៉េរញ៉ៃនៅទីតាំងនោះទៀតទេ ដោយយើងប្រែក្លាយកន្លែងនោះទៅជាកន្លែងមួយដ៏ស្អាតសម្រាប់ការទាក់ទាញទេសចរ ឱ្យក្លាយជាតំបន់ទេសចរណ៍បៃតង ដើម្បីទទួលយកទេសចរមកវិញ»។
ចំពោះអាជីវករដែលបានរុះរើតូបខ្លួនរួចរាល់ហើយនឹងចាប់ផ្តើមដំណើរការលក់ដូរឡើងវិញនៅកន្លែងថ្មីចាប់ពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២០ នេះតទៅ នៅក្នុងបរិវេណនៃបណ្តុំអាគារទីលានបដិសណ្ឋារកិច្ច ដែលជាសំណង់ថ្មី ស្អាត ងាយស្រួល ហើយមានអនាម័យជាងមុន។
លោក ឡុង កុសល បានបន្តថា អាជ្ញាធរនឹងចាប់ផ្តើមរៀបចំកែប្រែតំបន់អតីតសំណង់ដែលរុះរើនេះដោយរៀបចំឱ្យក្លាយជាផ្លូវថ្មើរជើង សួនឈើប្រណីត ឈើផ្កាព្រៃ រុក្ខជាតិលម្អដែលមានក្លិនពិដោរក្រអូបៗ មានភាពស្រស់បំព្រង មានពណ៌បៃតង បរិយាកាសល្អ និងសណ្តាប់ធ្នាប់កាន់តែប្រសើរឡើង។
ម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍ អ្នកស្រី ម៉ោញ រតនា បានយល់ព្រមរុះរើហាងរបស់គាត់ដែលបានធ្វើនិងលក់ដូរនៅទីតាំងចាស់នេះអស់រយៈពេលជិត២០ឆ្នាំមកហើយ។ លោកស្រីបានរុះរើហាងរបស់គាត់ចេញដោយសារការស្ម័គ្រចិត្ត និងការស្រឡាញ់ប្រាសាទបុរាណខ្មែរ ដែលលោកស្រីក៍ចង់ឱ្យអាជ្ញាធររៀបចំធ្វើជាទីលានបដិសណ្ឋារកិច្ច ធ្វើជាសួនច្បារ កែប្រែឱ្យមាន សោភ័ណភាព និងបរិស្ថានល្អព្រមទាំងរៀបចំសណ្ដាប់ធ្នាប់នៅមុខអង្គរវត្តឱ្យកាន់តែមានរបៀបរៀបរយ។
ចំណែកម្ចាស់ភោជនីយដ្ឋានអង្គររាជដែលបានដំណើរការអាជីវកម្មតាំងពីឆ្នាំ ១៩៩៥ មក និយាយសុំមិនបង្ហាញឈ្មោះបានប្រាប់ថា លោកស្រីមិនបានប្រឆាំងឬតវ៉ាក្នុងការរុះរើភោជនីយដ្ឋានរបស់លោកស្រីចេញពីទីតាំងចាស់នេះទេ ដោយសារលោកស្រីក៏ចង់ឃើញការកែប្រែបរិវេណប្រាសាទអង្គរវត្តសម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសកម្ពុជា និងប្រាសាទបុរាណខ្មែរឱ្យកាន់តែច្រើនផងដែរ។
លោកស្រីបានថ្លែងថា៖ «ខាងអាជ្ញាធរមិនបានបង្ខិតបង្ខំខ្ញុំឱ្យរុះរើទេ គឺខ្ញុំស្ម័គ្រចិត្តប្តូរទៅទីតាំងថ្មី ហើយណាមួយមិនមែនតែខ្ញុំទេដែលរុះរើ គឺគ្រប់អាជីវករទាំងអស់ត្រូវប្តូរទៅលក់កន្លែងថ្មី ហើយយើងដឹងតាំងពីយូរពីគម្រោងនៃការផ្លាស់ប្តូរនេះដោយសារអាជ្ញាធរនឹងរៀបចំទីតាំងនេះឱ្យមានសោភ័ណ្ឌភាពស្អាត ទាក់ទាញអ្នកទេសចរ»។
ម្ចាស់ភោជនីយដ្ឋានដដែលរូបនេះបានបន្តថា លោកស្រីមិនមានបញ្ហាអ្វីជាមួយនឹងអាជ្ញាធរទេហើយអាជ្ញាធរក៏បានរៀបចំកន្លែងថ្មីរួចរាល់ផងដែរសម្រាប់ចាប់ផ្តើមដំណើរការភោជនីយដ្ឋានឡើងវិញពីថ្ងៃទី ១ ខែកញ្ញា នេះ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ នេះ ចាប់ពីខែមករា ដល់ខែមិថុនា កន្លងមកនេះ ភ្ញៀវទេសចរជាតិបានទៅទស្សនាប្រាសាទអង្គរវត្ត ខេត្តសៀមរាបចំនួន១៦៧,០៦១ នាក់ និងភ្ញៀវអន្តរជាតិចំនួន ៣៨៧,៨៣៩ នាក់៕