The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សំណង់​សាង​សង់​ជិត​រួចរាល់​ ទើប​ទៅ​ប្រាប់​ឲ្យ​វាយ​ចោល

សំណង់​សាង​សង់​ជិត​រួចរាល់​ ទើប​ទៅ​ប្រាប់​ឲ្យ​វាយ​ចោល

Content image - Phnom Penh Post
សំណង់​ទំនើប​ដែល​សង់​លយ​ចូល​ទន្លេ​មេគង្គ​ដែល​អាជ្ញាធរ​ខណ្ឌ​បញ្ជា​ឲ្យ​វាយ​ចោល​។ ផា លីណា

សំណង់​សាង​សង់​ជិត​រួចរាល់​ ទើប​ទៅ​ប្រាប់​ឲ្យ​វាយ​ចោល

ភ្នំពេញៈ នៅ​សល់​ប្រហែល​តែ​មួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វារ នឹង​ចាត់​វិធានការ ចុះ​រុះរើ​សំណង់​អគារ​ទំនើប​មួយ​កន្លែង ដែល​សង់​លយ​ចូល​ទៅ​ក្នុង​ទន្លេ​មេគង្គ នៅ​ផ្លូវ​កែវ​ចិន្តា ភូមិ ៣ សង្កាត់​ជ្រោយ​ចង្វារ​បើ​សិន​ម្ចាស់​សំណង់ មិន​ព្រម​រើ​ចេញ​ដោយ​ខ្លួន​ឯង ដោយ​អាជ្ញាធរ​សំអាង​ថា ការ​សាង​សង់​នេះ​ពុំ​មាន​ច្បាប់​អនុញ្ញាត បើ​ទោះ​បី​ជា​សំណង់​ទំនើប​មាន​កម្ពស់​រហូត​ដល់​ប្រមាណ ៥​ជាន់​នេះ ត្រូវបាន​សង់​រួចរាល់​ប្រមាណ​ជា​៨០​ភាគរយ​រួច​ហើយ​ក៏​ដោយ​។

ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ​កន្លង​មក​នេះ​អ្នក​លេង​ហ្វេស​ប៊ុក​ជាច្រើន បាន​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​វិធានការ​របស់​អាជ្ញាធរ ដោយ​ចោទ​សួរ​ថា បើ​សំណង់​នេះ​ពុំមាន​ច្បាប់ ហេតុ​អ្វី​ក៏​មិន​ព្រម​ធ្វើ​ការ​ហាម​ឃាត់​តាំងពី​ដំបូង​? ហេតុអ្វី​បាន​ជា​ទុក​បណ្តោយ​ឲ្យ​សាង​សង់​រហូត​ដល់​ជិត​រួចរាល់​ទៅ​ហើយ ទើប​ទៅ​ហាម​ឃាត់ បញ្ជា​ឲ្យ​រុះរើ វ៉ៃ​កម្ទេច​ចោល​?

លិខិត​ជូន​ដំណឹង​មួយ​ច្បាប់ ចុះ​ហត្ថលេខា​ដោយ​អភិបាល​ខណ្ឌ​ជ្រោយ​ចង្វារ លោក ឃ្លាំង ហួត​ចុះ​ថ្ងៃទី​៧ ខែ​វិច្ឆិកា ឆ្នាំ ២០១៦​បាន​ស្នើ​ឱ្យ​ម្ចាស់​សំណង់​រើ​ចេញ ក្នុង​រយៈពេល ៣០ ថ្ងៃ ចាប់​ពីថ្ងៃ​ជូន​ដំណឹង​នេះ​ទៅ បើ​ពុំ​នោះ​ទេ​រដ្ឋបាល​ខណ្ឌ​នឹង​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់​។

ក្នុង​លិខិត​បញ្ជាក់​ថា​៖«​ជម្រាប​ជូន​លោក អ៊ុយ វាំង​សង់ ម្ចាស់​សំណង់​អគារ​ថា ការ​សាងសង់​សំណង់​អគារ​អំពី​បេតុង​ទំហំ ៨ គុណ និង​១៧​ម៉ែត្រ របស់​លោក ដោយ​ពុំមាន​លិខិត​អនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​នោះ​ទេ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចំណី​ទន្លេ​ដី​ចំណី​ផ្លូវ​និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សោភ័ណ​សុវត្ថិភាព​សណ្តាប់​ធ្នាប់ ព្រម​ទាំង​សុខដុម​នីយកម្ម​អ្នក​ជិត​ខាង​»​។

ក្នុង​លិខិត​បាន​ព្រមាន​ថា​៖«​ដូចនេះ​រដ្ឋបាល​ខណ្ឌ តម្រូវ​ឱ្យ​លោក​ធ្វើការ​រុះរើ​ដោយ​ខ្លួន​ឯង នូវ​សំណង់​អគារ​អត់​ច្បាប់​នេះ​ដោយ​កំណត់​ឱសាន​វាទ​រយៈពេល ៣០ ថ្ងៃ គិត​ពី​ថ្ងៃ​ចេញ​លិខិត​នេះ​។ ក្នុង​ករណី​មិន​ព្រម​រុះរើ​ទេ រដ្ឋបាល​នឹង​ចាត់​វិធានការ​ចុះ​រុះរើ​សំណង់​ចេញ​ដោយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូច​ខាត ឬ​បាត់​បង់​ទ្រព្យ​សម្បត្តិ​អ្វី​ទាំង​អស់​»​។

បើ​តាម​លិខិត​មួយ​ច្បាប់​ទៀត​របស់​លោក​ឃ្លាំង ហួត ចុះ​ថ្ងៃទី ១១ សីហា ដែល​បាន​ជម្រាប​ជូន​សាលា​រាជធានី​ស្តីពី​ការ​ដក​ហូត​សម្ភារ​សំណង់​អគារ នោះ បាន​ឱ្យ​ដឹង​ថា ខ្លួន​បាន​ធ្វើ​ការ​ឃាត់​បី​ដង​រួច​មក​ហើយ តែ​ម្ចាស់​សំណង់​មិន​ព្រមស្តាប់​និង​នៅតែ​បន្ត​សាង​សង់​។

លិខិត​បញ្ជាក់​ថា​៖«​រដ្ឋបាល​ខណ្ឌ​សហការ​ជាមួយ​ការិយាល័យ​ជំនាញ​ខណ្ឌ ចុះ​ឃាត់​ចំនួន ៣ លើក​រួច​មក​ហើយ ប៉ុន្តែ​ម្ចាស់​សំណង់ នៅ​តែ​បន្ត​លបលួច​សាងសង់​។ ថ្ងៃទី​២៨ ខែ​កក្កដា​ឆ្នាំ ២០១៦ រដ្ឋបាល​ខណ្ឌ ក៏​បាន​អនុវត្ត​ផែនការ​ចុះ​ដក​ហូត​យក​សម្ភារ​សំណង់​រួម​មាន​ស៊ីម៉ងត៍​ចំនួន ៣០ បាវ ដែក​ទំហំ ១២​លី ប្រវែង ១២​ម៉ែត្រ ចំនួន ៣០​ដើម យក​មក​រក្សា​នៅ​សាលា​ខណ្ឌ​»​។

ទាក់ទង​នឹង​ករណី​នេះ​ភ្នំពេញ​ប៉ុស្តិ៍​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​ម្ចាស់​សំណង់​លោក អ៊ុយ វាំង​សង់​បាន​នៅ​ឡើយ​ទេ​កាល​ពី​ម្សិលមិញ​។

ចំណែក​ប្រធាន​គ្រប់គ្រង​កម្មករ​សំណង់ ផ្នែក​លាប​ថ្នាំ លោក សូដា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ខណៈ​ដែល​កម្មករ​ជាច្រើន​កំពុង​តែ​លាប​ថ្នាំ​អគារ​នេះ​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​ថា លោក​មិន​ដឹង​ថា​សំណង់​នេះ​ស្រប​ច្បាប់​ឬ​មិន​ស្រប​ច្បាប់​នោះទេ​។

លោក​ថា​៖«​ខ្ញុំ​គ្រាន់​តែ​មក​មើល​កូន​ជាង​លាប​ថ្នាំ មិន​ដឹង​ថា​ស្រប​ច្បាប់ ឬ​មិន​ស្រប​ច្បាប់​ទេ ព្រោះ​យើង​ជាង គ្រាន់​តែ​ខ្ញុំ​សង្កេត​ឃើញ​ថា នៅ​តាម​បណ្តោយ​មាត់​ទន្លេ​ហ្នឹង មានផ្ទះ​ជាច្រើន​ដែល​បាន​សង់​បែប​នេះ ហើយ​ខ្លះ​សង់​វែង​ជាង​អគារ​នេះ​ទៀតផង​»​។

បើតាម​លោក សូ​ដា អគារ​នេះ​សាងសង់​បាន​ប្រមាណ​៨០ ភាគរយ​ហើយ គឺ​ធ្វើ​សម្រាប់​ជួល ខណៈ​ដែល​ពីមុន​មាន​កម្មករ​ប្រមាណ​៣០ នាក់​សម្រុក​ធ្វើ​តែ​បន្ទាប់​ពី​ឃើញ​លិខិត​នោះ​មាន​កម្មករ​ប្រមាណ ១០​នាក់​ប៉ុណ្ណោះ​នៅ​បន្ត​លាប​ថ្នាំ និង​ធ្វើជា​រៀង​រាល់​ថ្ងៃ​។​

​ទាក់ទង​នឹង​ករណី​នេះ​ដែរ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​គណនី​ឈ្មោះ Hou Borey បាន​បញ្ចេញ​មតិ​ថា​«​មិន​មែន​កាន់​ជើង​ម្ចាស់​សំណង់​ទេ តែ​ពេល​បុក​គ្រឹះ ម៉េច​មិន​ព្រម​បញ្ឈប់​ភ្លាមៗ​ទៅ​? មិន​ចាំបាច់​ដល់​ពេល​គ្នា​ធ្វើ​ជិត​រួច​បាន​ចេញ​វិធាន​ការ​ក្ដៅ ឲ្យ​គ្នា​រុះរើ ហើយ​បើ​រុះរើ​មាន​តែ​វាយ​កម្ទេច​ចោល ហើយ​អគារ​នោះ​តម្លៃ​មិន​មែន​តិច​ជាង ១០​ម៉ឺន​ដុល្លារ​ទេ​។ តែ​មើល​ទៅ​ដូច​រំលោភ​ទៅ​លើ​ចំណី​ទន្លេ​មែន តែបើ​អ៊ីចឹង​ទៅ​ហើយ គួរ​តែ​មាន​វិធី​ណា​មួយ​ដែល​ទទួល​យក​បាន​ទាំង​សង​ខាង ហើយ​ពេល​ក្រោយ​បើ​មាន ករណី​សំណង់​ណា​ខុស​ច្បាប់​ទៀត គួរ​តែ​ចាត់​ការ​ភ្លាមៗ​ទៅ​ពេល​ចាប់​ផ្ដើម​សាងសង់​»​។

អ្នក​លេង​ហ្វេស​ប៊ុក​ម្នាក់​ទៀត​ឈ្មោះ Rith Scorpio «​ស្ថានភាព​បែប​នេះ​ទោះ​ជា​ខុស​ច្បាប់​មែន ក៏​ត្រូវតែ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់​លើ​ដែរ ព្រោះ​ផ្ទះ​ធ្វើ​ជិត​ហើយ ទើប​សាលា​ខណ្ឌ​ថា​ខុស​ច្បាប់ ! សួរ​ថា ផ្ទះ​នឹង​ព្រះឥន្ទ​ជប់​មែន បាន​អាជ្ញាធរ​មូលដ្ឋាន​មិន​ដឹង​ពេល​ធ្វើ​ដំបូង​?»​។ ចំណែក​អ្នក​លេង​ហ្វេស​ប៊ុក​ម្នាក់​ទៀត​គណនី​ឈ្មោះ​សុផៃ យឿន​បាន​បញ្ចេញ​មតិ​បែប​ដាក់​បន្ទុក​ទៅ​លើ​ម្ចាស់​អគារ​ថា​«​ជួយ​អបអរ​សាទរ​ដែល​រុះរើ​កុំ​ឲ្យ​ថ្ងៃ​ក្រោយ​ចេះតែ​ហ៊ាន​បំពាន​ធម្មជាតិ​..​ពេល​ធ្វើ​អាង​ខ្នង​ហើយ​មើល​ទៅ​!»​។​

អ្នក​លេង​ហ្វេស​ប៊ុក​ជាច្រើន​ទៀត ក៏បាន​បញ្ចេញ​មតិ​ដោយ​ចោទ​សួរ​ផង​ដែរ​ថា បច្ចុប្បន្ន​នៅ​ភ្នំពេញ សូម្បី​តែ​ចាក់​ខ្សាច់​ឬ​ដាក់​ឥដ្ឋ ពីរ បី​រ៉ឺម៉ក​មុខ​ផ្ទះ​ដើម្បី​ជួស​ជុល​ផ្ទះ​បន្តិច​បន្តួច ​ក៏​មាន​មន្ត្រី​ជំនាញ​ជាច្រើន​ក្រុម​ទៅ​តាម​សួរ​ជំរិត​ទារ​លុយ​ដែរ រឿង​អី​ដែល​សំណង់​ទំនើប​ខ្ពស់​ស្កឹមស្កៃ សាង​សង់​ជិត​រួចរាល់​ទៅ​ហើយ​អាជ្ញាធរ​មិន​ដឹង​?៕

អត្ថបទគួរចាប់អារម្មណ៍