ព្រះសីហនុៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកាលពីថ្ងៃសុក្រចេញសេចក្ដីប្រកាសព័ត៌មានមួយបានឲ្យដឹងថា ក្រុមហ៊ុន ជុងយៀន ប្លាស្ទិកមេនូហ្វេកឈ័រ ដែលម្ចាស់ឈ្មោះ សួន ឡុក ជនជាតិខ្មែរបាននាំត្រឡប់នូវកុងតឺន័រដឹកសំរាមចំនួន ១៤ ទូ ទៅប្រទេសដើមវិញ និងបានបង់ប្រាក់ពិន័យដល់រាជរដ្ឋាភិបាលរួចរាល់ហើយជាមួយគ្នានេះដែរក្រុមហ៊ុនក៏បានសុំពន្យារពេលក្នុងការដឹកកុងតឺន័រដែលនៅសេសសល់រហូតដល់ខែតុលា។
សេចក្តីប្រកាសនោះបានបញ្ជាក់ថា គិតមកដល់ថ្ងៃ ២៣ សីហា ក្រុមហ៊ុន ជុងយៀន ដែលនាំចូលសំរាមចំនួន ៨៣ ទូកុងតឺន័រ បានបង់ប្រាក់ពិន័យចូលថវិកាជាតិគ្រប់ចំនួនព្រមទាំងបានបង់ថ្លៃចំណតផែ និងថ្លៃកប៉ាល់មួយចំនួន។ ជាមួយនឹងការបង់ប្រាក់ពិន័យនេះក្រុមហ៊ុនមួយនេះក៏បានដឹកជញ្ចូនកាកសំណល់ប្លាស្ទិកទាំងនេះចេញពីកម្ពុជាចំនួន ១៤ កុងតឺន័រ កាលពីថ្ងៃទី ២០ សីហាកន្លងទៅ។
អគ្គនាយកដ្ឋានគយបានបញ្ជាក់ថា៖ «ក្រុមហ៊ុនកប៉ាល់ដឹកជញ្ចូនតាមផ្លូវសមុទ្របានជួបបញ្ហាមួយចំនួនរួមមាន អាកាសធាតុ មិនអំណោយផលធ្វើឲ្យខកខានជើងកប៉ាល់ និងទំនិញ កកស្ទះជាច្រើនដែលទទួលកក់ពីអតិថិជនផ្សេងៗទៀត។ ដូច្នេះទើបក្រុមហ៊ុន ជុងយៀន ប្លាស្ទិក មេនូហ្វេកឈ័រ បានស្នើសុំពន្យារពេលការដឹកជញ្ជូនកាកសំណល់ប្លាស្ទិកដែលនៅសល់ចំនួន ៦៩ កុងតឺន័រទៀតតាមតារាងពេលវេលាដែលក្រុមហ៊ុនកប៉ាល់បានផ្តល់ជូនគិតចាប់ពីថ្ងៃទី ២៤ ខែសីហាដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៩»។
កាលពីចុងខែកក្កដា រដ្ឋាភិបាលបានដាក់កំហិតឲ្យក្រុមហ៊ុននេះត្រូវដឹកសំរាមទាំង ៨៣ កុងតឺន័រទៅសហរដ្ឋអាមេរិក និងកាណាដាវិញឲ្យអស់ឲ្យបានមុនថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៩ ព្រមទាំងតម្រូវឲ្យបង់ប្រាក់ពិន័យចូលថវិកាជាតិជាង ១ ពាន់លានរៀល បន្ទាប់ពីក្រុមហ៊ុននេះបាននាំចូលកាកសំណល់ប្លាស្ទិកដែលមានទម្ងន់ ១ ៥៦២ តោនមកកម្ពុជាសរុបចំនួន ២៧ លើកចាប់ពីខែកញ្ញា ឆ្នាំ ២០១៨ និងខែមករា ឆ្នាំ ២០១៩។
ក្នុងនោះមានទូកុងតឺន័រចំនួន ៧០ ទូទម្ងន់ ១ ៣២២ តោនត្រូវបាននាំចូលពី សហរដ្ឋអាមេរិក និងកុងតឺន័រ ១៣ ទូផ្សេងទៀតទម្ងន់ ២៧០ តោននាំចូលពី កាណាដា។ មុននឹងនាំចូលមកដល់កម្ពុជា កុងតឺន័រទាំងនោះត្រូវបានឆ្លងកាត់កំពង់ផែសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់ភ្នំពេញប៉ុស្តិ៍តាមប្រព័ន្ធតេឡេក្រាមកាលពីម្សិលមិញថា យោងតាមបញ្ញត្តិច្បាប់ជាធរមាន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចាត់វិធានការដាក់បន្ទុកចំពោះក្រុមហ៊ុននេះចំនួន ៣ ចំណុចដូចជាបញ្ចូនត្រឡប់នូវសំរាមប្លាស្ទិក ការរងពិន័យរដ្ឋបាល និងត្រូវធ្វើឱ្យបានចប់សព្វគ្រប់ត្រឹមថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៩ ជាកំហិត។
លោកបញ្ជាក់បន្តថា៖ «ក្នុងករណីក្រុមហ៊ុនខកខានមិនបានអនុវត្តនូវចំណុចទាំង ៣ ខាងលើអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានឹងបន្តចាត់វិធានការតាមផ្លូវតុលាការស្របតាមច្បាប់ជាធរមាន»។
លោក នេត្រ ភក្ត្រា មិនអាចឆ្លើយតបបានទេចំពោះការបញ្ចូនត្រឡប់នូវទូកុងតឺន័រមួយចំនួននោះ ថាបានបញ្ចូលទៅប្រទេសដើមណាខ្លះ ខណៈបានបង្វែរសំណួរទៅកាន់អគ្គនាយកដ្ឋានគយ។
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងលោកស្រីJenn Gearey អ្នកនាំពាក្យក្រសួងបរិស្ថាន និងប្រែប្រួលអាកាសធាតុនៃប្រទេសកាណាដាមិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេកាលពីម្សិលមិញ។
លោកស្រី Zeeberg Emily អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាកាលពីម្សិលមិញបានឆ្លើយតបតាមអ៊ីមែលដោយអះអាងថា ស្ថានទូតគួរតែមិនអត្ថាធិប្បាយទៅលើព័ត៌មានទាំងនេះទេ ។
លោកស្រី Emily បានឲ្យដឹងថា៖ «ប៉ុន្តែខ្ញុំនឹងស្វែងរកហើយខ្ញុំនឹងជូនដំណឹង បើសិនយើងធ្វើការលើរឿងនេះ»។
កាលពីរសៀលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ សមត្ថកិច្ចពាក់ព័ន្ធបានសម្រេចគាស់ទូកុងតឺន័រចំនួន ៨៣ ដែលគេដាក់តម្រៀបនៅក្នុងកំពង់ផែក្រុងព្រះសីហនុ ដើម្បីពិនិត្យជាក់ស្ដែង។ នៅពេលធ្វើការពិនិត្យទូកុងតឺន័រទាំងនោះក៏រកឃើញសុទ្ធតែសំរាមដែលមានទម្ងន់ប្រមាណជិត ១ ៦០០ តោន៕