ភ្នំពេញៈ កាកសំណល់​ប្លាស្ទិក​ចំនួន​ ៨៣ ​កុងតឺន័រ​លួច​នាំចូល​ប្រទេស​កម្ពុជា​ខុសច្បាប់​ដោយ​ក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE ត្រូវបាន​នាំ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​អស់ហើយ​កាលពី​ថ្ងៃទី​ ១៥ ខែ​កញ្ញា ក្រោយពី​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​កាលពី​ខែកក្កដា​នោះ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​គយ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​ ១៦ ខែ​កញ្ញា បាន​ឲ្យ​ដឹងថា ក្រោយពី​រកឃើញ​សំណល់​ប្លាស្ទិក​នាំចូល​ខុសច្បាប់​កាលពី​ថ្ងៃទី​ ១៦ ខែ​កក្កដា សមត្ថកិច្ច​បាន​សម្រេច​ដាក់បន្ទុក​លើ​ក្រុមហ៊ុន​ដែល​ប្រព្រឹត្ដ​ល្មើស​ដោយ​តម្រូវ​ឲ្យ​បង់ពិន័យ​ជា​ប្រាក់​ចូល​ថវិកាជាតិ និង​តម្រូវ​ឲ្យ​នាំចេញ​កាកសំណល់​ប្លាស្ទិក​ទាំងអស់​ទៅ​ប្រទេស​ដើម​វិញ​។ ក្នុង​នោះ​សាមី​ក្រុមហ៊ុន​ក៏បាន​បំពេញ​កាតព្វកិច្ច និង​លក្ខខណ្ឌ​ជូន​សមត្ថកិច្ច​ចប់សព្វគ្រប់​ផងដែរ​។

អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បញ្ជាក់​ថា​៖ «​ក្រុមហ៊ុន​បាន​បង់ប្រាក់​ពិន័យ​ចូល​ថវិកាជាតិ​គ្រប់​ចំនួន និង​បាន​ដឹកជញ្ជូន​សំណល់​ប្លាស្ទិក​ចេញពី​កម្ពុជា​ចំនួន​ ១៤ ​កុងតឺន័រ​នៅ​ថ្ងៃទី​ ២០ ខែ​សីហា ឆ្នាំ​ ២០១៩ និង​កាលពី​ថ្ងៃទី​ ១៥ ខែ​កញ្ញា​ឆ្នាំ ២០១៩ ក្រុមហ៊ុន​បាន​បន្ដ​ដឹក​សំណល់​ប្លាស្ទិក​សេសសល់​ចេញ​ពី​កម្ពុជា​ចំនួន​ ៦៩ ​កុងតឺន័រ​ទៀត​។ ដូច្នេះ​ក្រុមហ៊ុន​បាន​បំពេញ​តាម​លក្ខខណ្ឌ​ទាំងអស់​ដែល​បាន​សម្រេច​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចប់សព្វគ្រប់​»​។

លោក​ គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​មិន​អាច​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ការនាំ​សំណល់​ប្លាស្ទិក​នេះ​ទៅ​កាន់​ប្រទេស​ដើម​វិញ​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រសួងបរិស្ថាន​ស្វាគមន៍​ចំពោះ​ការដឹក​សំណល់​ប្លាស្ទិក​ទាំង​ ៨៣ ​កុងតឺន័រ​ទៅ​កាន់​ប្រទេស​ដើម​វិញ ហើយ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​បាន​បង់ប្រាក់​ពិន័យ និង​អនុវត្តតាម​ការកំណត់​។

លោក​ថ្លែងថា​៖ «​ក្រសួង​បរិស្ថាន​ក៏​សូម​អរគុណ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​បង្ក្រាប​លើ​ការ​នាំចូល​សំណល់​ប្លាស្ទិក​ពី​បរទេស​មក​ចូល​ប្រទេស​កម្ពុជា​នៅពេល​នេះ និង​បានបញ្ជាក់​ពី​ការអនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះមុខ​ទំនិញ​ដែល​ហាមឃាត់ និង​ជា​ប្រភេទ​សំណល់​»​។

លោក​បន្ថែមថា ការបង្ក្រាប​បាន​ទាន់​ពេលវេលា​នូវ​ទំនិញ​សំណល់​ប្លាស្ទិក​នេះ​ក៏បាន​បង្ហាញ​ពី​កិច្ចសហការ​យ៉ាង​ស្អិតល្មួត​រវាង​ក្រសួងបរិស្ថាន​ និង​ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ និង​កំពង់ផែ​ស្វយ័ត​ក្នុងការ​ទប់ស្កាត់​ទំនិញ​ហាមឃាត់​មិន​ឱ្យ​ចូលមក​កម្ពុជា​បាន​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​គូសបញ្ជាក់​សាជាថ្មី​ថា​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​អនុវត្ត​វិធានការ​ច្បាប់​តឹងរ៉ឹង​ប្រឆាំង​នឹង​ការ​លួច​នាំចូល​ទំនិញ​ហាមឃាត់​គ្រប់​ប្រភេទ​។ កម្ពុជា​មិនមែន​ជា​ធុងសំរាម​សម្រាប់​ការបោះ​ចោល បច្ចេកវិទ្យា ហួស​សម័យ​នោះ​ទេ ហើយ​កម្ពុជា​តែងតែ​ជំទាស់​ជានិច្ច​នឹង​ការ​នាំចូល​សំណល់​ប្លាស្ទិក និង​ប្រេងម៉ាស៊ីន​មក​កែច្នៃ​នៅ​កម្ពុជា​។ រាជរដ្ឋាភិបាល​កម្ពុជា​លើកទឹកចិត្ត​ចំពោះ​ការកែច្នៃ​សំណល់​ប្លាស្ទិក​ដែល​បាន​មកពី​វត្ថុធាតុដើម​ក្នុងស្រុក​ ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​នាំចូល​សំណល់​មក​ក្នុងប្រទេស​កម្ពុជា​ឡើយ​»​។

តាម​ឯកសារ​ដឹកជញ្ជូន សមត្ថកិច្ច​រកឃើញ​ថា​ទំនិញ​ជា​កាកសំណល់​ប្លាស្ទិក​បាន​នាំមក​ជាច្រើន​ជើង​តាម​នាវា​ដឹកជញ្ជូន​ (២៧ លើក​) មក​ដល់​ និង​សំចត​នៅ​ទីលាន​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ដែល​លើក​ទី​ ១ នា​ខែ​កញ្ញា ឆ្នាំ​ ២០១៨ និង​លើក​ចុងក្រោយ​នា​ខែ​ មករា ឆ្នាំ​ ២០១៩ សរុប​ទាំងអស់​ចំនួន ៨៣ ​កុងតឺន័រ​។

ឯកសារ​នេះ​បង្ហាញថា​ក្នុង​ចំណោម​កុងតឺន័រ​ផ្ទុក​កាកសំណល់​ទាំងអស់​មាន​កុងតឺន័រ​ចំនួន​ ៧០ (​មាន​ទម្ងន់​ ១ ៣២២ ​តោន​) បាន​នាំចេញ​មកពី​សហរដ្ឋ​អាមេរិក និង​កុងតឺន័រ​ចំនួន​ ១៣ (​មាន​ទម្ងន់​ ២៧០ ​តោន​) បាន​នាំ​ចេញពី​ប្រទេស​កាណាដា​។ កាកសំណល់​នេះ​មុន​នឹង​មក​ដល់​កម្ពុជា កុងតឺន័រ​ទាំង​ ៨៣ នោះបាន​ឆ្លងកាត់​កំពង់ផែ​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី និង វៀតណាម​។

គួរ​បញ្ជាក់​ថា កុងតឺន័រ​ផ្ទុក​សំណល់​ប្លាស្ទិក​ចំនួន​ ៨៣ ​ទូ​ មាន​ទម្ងន់​ជិត​ ១ ៦០០ ​តោន ​ដែល​មាន​ផ្ទុក​កាកសំណល់​សំរាម​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​ កាណាដា បាន​នាំ​ចូលមក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ បើក​ប្រតិបត្តិការ​ឆែកឆេរ​រក​ឃើញ​កាលពី​ថ្ងៃទី​ ១៦ កក្កដា​៕